Monday, October 05, 2015

វគ្គបណ្តុះ​ប​ណ្តាលជំ​នាញ​ចិញ្ចឹម​ជ្រូករយៈ​ពេលបី​ថ្ងៃនៅឃុំ​កុ​មារាជា ​

កាលពី​ព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០១៥ នៅក្នុងទីស្នាក់ការ​សម្ព័ន្ធយុវជន​កម្ពុជាភូមិ​ក្រាំងពង្រ ឃុំកុមាររា​ជា ស្រុកបាទី ខេត្តតាកែវ មានបើក​វគ្គបណ្តុះបណ្តាល​ជំនាញចិញ្ចឹម​ជ្រូកជូន​ប្រជាសហគមន៍ចិញ្ចឹមជ្រូកចំ​នួន៤៦ នាក់។ វគ្គ​បណ្តុះ​បណ្តាល​នេះ​មាន​រយៈ​ពេល​៣​ថ្ងៃ គឺចាប់ផ្តើម​ពី​ថ្ងៃ​ទី​០២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ ។
 វគ្គបណ្តុះបណ្តាលនេះ​កើតឡើងក្រោម​គំនិតផ្តួច​ផ្តើម និងឧបត្ថម្ភគាំ​ទ្ររបស់ឯក​ឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋ​មន្រ្តី និងជាអ្នក​តំណាងរាស្រ្តមណ្ឌល​តាកែវ ​សហការជា​មួយមន្ទីក​សិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទខេត្ត​តាកែវ ​និងការិយាល័យផ​លិតកម្ម និងបសុព្យា​បាល។
​នៅក្នុងវគ្គប​ណ្តុះបណ្តាលនេះ​មាន​បង្រៀនបច្ចេកទេស​លម្អិតអំពី ពូជជ្រូក និងការជ្រើស​រើសពូជជ្រូក ការសាងសង់ទ្រុងសត្វ ការផ្តល់​ជំណី និងទឹក ការបង្កាត់ពូជ ការថែទាំមេជ្រូក និងកូន ​ ការធ្វើអនាម័យ រួមជាមួយការប​ង្រៀនពីវិធីបង្ការ និងព្យាបាលជំងឺដែល​តែងតែកើតមានលើជ្រូក​នៅក្នុង​មូលដ្ឋាន។ ​
ក្រោយពី​បញ្ចប់វគ្គបណ្តុះ​បណ្តាលអស់រយៈ​ពេល៣ថ្ងៃរួចមក ថ្លែងក្នុងពីធីបិទ​វគ្គ និងចែក​វិញ្ញាបនប័ត្រជូន​សិក្ខាកាម​ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ តំណាងឯក​ឧត្តម ស្វាយ ស៊ីថា ប្រធានក្រុម​ការងារចុះជួយឃុំកុមារា​ជា បានចែករំលែក​បទពិសោធន៍ និងផ្តាំផ្ញើជូន​សិក្ខាកាមទាំងអ​ស់ថាវគ្គបណ្តុះ​បណ្តាលជំនាញបែបនេះគឺ​មានសំខាន់ណា​ស់សម្រាប់ជីវភាពប្រ​ចាំថ្ងៃរបស់ប្រជាសហ​គមន៍ ជាងនេះទៅទៀតឯកឧត្តម បានបន្តរថា ប្រជាកសិករ​ដែលនៅមូលដ្ឋានទាំ​ងអស់​គួរស្វែងរកចំ​ណូលគ្រួសារ​ក្នុងភាពជាសហគ្រិនតាមរយៈ​ការចិញ្ចឹមសត្វ ដាំបន្លែបង្កា ជាជាងការដែ​លខិតខំរកមធ្យោបាយ​ទៅធ្វើការឲ្យគេនៅក្រៅ​ប្រទេស ទាំងស្រប​ច្បាប់ក្តី ទាំងខុសច្បា​ប់ក្តីព្រោះតាមរយៈ​បទពិសោធន៍​កន្លងមក ការធ្វើចំណាកស្រុកបែប​នេះប្រឈមនឹងគ្រោះថ្នាក់ជា​ច្រើន  ហើយឃ្លាតឆ្ងាយ​គ្រួសារ កូនចៅមិនមាន​អនាគតល្អព្រោះគ្មាន​អ្នកអបរំ និងមើលថែបាន​ដិតដល់ នឹងអាចឈា​នដល់ការក្លាយជា​ជនរងគ្រោះ​ដោយសារគ្រឿងញៀននៅថ្ងៃខាងមុខជាក់ជាមិនខាន។
បន្ទាប់ពីមានកា​រផ្តាំផ្ញើបែប​នេះរួចមក ឯកឧត្ត​មស្វាយ សុវណ្ណរិទ្ធ ប្រគល់វិញ្ញាបន​ប័ត្រជូនសិក្ខាកាមទាំង៤៦នាក់​ដោយក្តីរីករា​យ។

សម្តេច​តេជោ​ ហ៊ុន សែន ​ជួបសំណេះ​សំណាល​ ពិភាក្សាការងា​រជាមួយស​មាជិកសភា​ជប៉ុន​

សម្តេចអគ្គមហា​សេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បាន​ថ្លែងអំណរគុណ​ដល់ប្រទេស​ជប៉ុន ​ដែលសន្យា​ជួយដល់​ការកែទម្រង់​ការបោះឆ្នោតនៅកម្ពុជា​ រួមទាំងជំនួយ​ផ្សេងៗ​ទៀតជាច្រើន​ដែលជប៉ុន​បាននិង​កំពុងជួយ​ដល់កម្ពុជា ​។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​ហ៊ុនសែន ​ បានបង្ហាញ​សេចក្តីអំណរ​គុណដល់​រដ្ឋាភិបាល​និងប្រជាជន​ជប៉ុនជា​ថ្មីម្តងទៀតនេះ ​ក្នុងខណៈដែ​លសម្តេច ​បានអនុញ្ញាតឱ្យ​ ឯកឧត្តម​ កាហ្ស៊ុយុគី ​ណាកាណេ ​(Kazuyoki Nakane) សមា​ជិកសភា ​និងជាអនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ចូល​ជួបសំដែង​ការគួរសម ​នៅវិមាន​សន្តិភាព​ នារសៀល​ថ្ងៃទី២ ​ខែតុលា ឆ្នាំ​២០១៥។

ឯកឧត្តម ​អ៊ាង សុផល្លែត ​ជំនួយការ​សម្តេចតេ​ជោនាយក​រដ្ឋមន្ត្រី ​បានឱ្យដឹងថា៖​ នៅក្នុងជំនួបនេះ ​ ឯកឧត្តម​ កាហ្ស៊ុយុគី ​ណាកាណេ ​បានជំរាបជូន​សម្តេចតេជោថា ជា​រៀងដរាបមក ​ឯកឧត្តម​ បានប្រឹង​ប្រែង ដើម្បី​ពង្រឹង ​និងពង្រីក​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ កម្ពុជា និង​ជប៉ុន ។ ​នោះសោតគឺ​ឯកឧត្តមបាន​ជួបជាមួយ​នឹងថ្នាក់​ដឹកនាំកម្ពុជា​ជាប្រចាំ ដើ​ម្បីជាការស្វែង​យល់ពីទំនាក់​ទំនង ​ការងារផ្សេងៗ។​   លើសពីនេះ​ទៀត ឯក​ឧត្តម ​បានថ្លែងអំណ​រគុណ​យ៉ាងជ្រាល​ជ្រៅចំពោះ ស​ម្តេចតេជោ ​នាយករដ្ឋមន្ត្រី​ ដែលតែង​តែគាំទ្រ​ចំពោះនាវាយុវជន ​ជប៉ុន​-អាស៊ាន ​ក៏ដូចជាគាំទ្រ​ទៅលើគម្រោង​ផ្សេងៗ ​ដែលជប៉ុន​បានជួយនៅ​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា ​ដូចជាគម្រោងប្រព័ន្ធ​លូទឹកនៅ​ទីក្រុងភ្នំពេញ ​គម្រោងចំណងមិត្ត​ភាពកម្ពុជា-​ជប៉ុនទីក្រុង​ភ្នំពេញ និ​ងទីក្រុងគីតា ​ប្រទេសជប៉ុន​ ក៏ដូចជាគម្រោង​ផ្សេងៗទៀត រួមមាន​គម្រោងអភិវឌ្ឍន៍​ធនធាន​មនុស្ស ដែ​លជប៉ុន បាន​និងកំពុង​ជួយដល់កម្ពុជា ​ដើម្បីធ្វើការបណ្តុះ​បណ្តាលលើវិស័យ​វិស្វកម្ម ​វិស័យឧស្សាហកម្ម ​ធ្វើយ៉ាង​ណាឧបត្តម្ភ​ចូលរួមចំណែក ​ទៅដល់គោល​នយោបាយ ​ឧស្សាហកម្ម ​កម្ពុជា។

ឯកឧត្តម​ ក៏បានជ​ម្រាបជូន​សម្តេចតេជោ​ផងដែរថា ​នឹងមានការបើក​ការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្បៈមួយ​ នៅកម្ពុជា ​ដោយបាននឹង​កំពុងប្រឹងប្រែង ​ក្នុងការ​សហការ ​ជាមួយក្រសួង​អប់រំ យុវជន ​និងកីឡា ​និងក្រសួង​វប្បធម៌ ​និងវិចិត្រ​សិល្បៈ ​សំដៅធ្វើយ៉ាង​ណាជម្រុញ ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរ​ និងបាន​ជំរាបជូនថា ​ជប៉ុននឹង​បន្តជួយ​ដល់ការកែ​ទម្រង់ការ​បោះឆ្នោត ​ដោយធ្វើយ៉ាងណា ​ឲ្យការបោះឆ្នោត​នោះ​មានដំណើរបា​នល្អ យុត្តិធម៌ និង​អាចទទួល ​យកបានដោយ​ប្រជាជនទូទៅ។​

ជាការ​ឆ្លើយតប​ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​បានថ្លែង​អំណរគុណ​ចំពោះកិច្ចខិត​ខំប្រឹង​ប្រែង ​ក្នុងការពង្រឹង​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ ហើយសម្តេច​បានឯកភាព​ចំពោះការលើក​ឡើង របស់​ឯកឧត្តម ​ណាកាណេ ដែ​លលើកឡើង​ពីការបើក​ការិយាល័យ​វប្បធម៌ ​និងវិចិត្រសិល្បៈ ​និងគាំទ្រទៅ​សកម្មភាពនាវា​យុវជនជប៉ុន​-អាស៊ាន ​ដែលជាការចូល​រួមចំណែក​លើក​ស្ទួយ ទំនាក់​ទំនងរវាង​ប្រទេសទាំងពី​រ។ចំពោះជំនួយដ​ល់ការ​កែទម្រង់​ការបោះឆ្នោតនោះ​សម្តេចក៏បាន​ថ្លែងអំណរ​គុណចំពោះជប៉ុន ​ដោយសម្តេចមាន​ប្រសាសន៍ថា សម្តេច​បានជំនឿ​លើបច្ចេក​វិទ្យាថ្មី ​សម្ភារៈថ្មី ​ដែលជប៉ុន ​នឹងជួយ​ដល់កម្ពុជា៕​





ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មួយគ្រួសារ នៅខេត្តព្រះវិហារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

យោងតាម ​Page សម្តេច​គតិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន ​ប្រធានកាក​បាទក្រហម​កម្ពុជាបាន​ឲ្យដឹងថា ​កាលពីព្រឹក​ថ្ងៃទី០៤​ ខែតុលា ​ឆ្នាំ២០១៥​ សាខាកាក​បាទក្រហមកម្ពុជា ​ខេត្តព្រះវិហារ​ បានផ្តល់អំណោយ​មនុស្សធម៌ ជូ​នគ្រួសារលោក ​ឃឹម ផិត​ អាយុ ២៤ ​ឆ្នាំ ដែលរងគ្រោះដោយ​រថយន្តបុក​បាក់ជើងម្ខាង​ និងកូនប្រុស​របួសក្បាល ​កាលពីល្ងាច​ថ្ងៃទី០៣​ ខែតុលា ​ឆ្នាំ ២០១៥​ និងកំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក ​៦មករា ​ខេត្តព្រះវិហារ។​


អំណោយ​សប្បុរសធម៌​ដែលត្រូវ​ប្រគល់ជូន​តំណាងគ្រួសារ ​ដែលទទួលរង​គ្រោះដោយគ្រោះថ្នាក់​ចរាចរណ៍​នាពេលនោះរួម​មាន៖ អង្ករ​១២គីឡូក្រាម ​មី១កេស ​ត្រីខ១យួរ​ ទឹកស៊ីអ៊ីវ១​យួរ និង​ថវិកា១០០.​០០០រៀល ​(ដប់ម៉ឺនរៀល)​៕