បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ នៅ ទីក្រុងដាវ៉ូស ក្លូស្ទឺរ ប្រទេសស្វីស ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល ២ថ្ងៃ រួចមក នៅព្រឹកថ្ងៃទី២៤មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងដាវ៉ូស ក្លូស្ទឺរ ដែលជាទីកន្លែង នៃកិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ ក្នុងដំណើរមកកាន់ ទីក្រុងស៊ួរីក ប្រទេសស្វីស។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាមេដឹកនាំពិភពលោកចំនួន៤០រូប មកពី៤០ ប្រទេស និងបណ្តាវិជ្ជាករ សង្គមស៊ីវិល បណ្ឌិតសភា ជ័យលាភីរង្វាន់ណូប៊ែល ថ្នាក់ដឹកនាំវ័យក្មេង អ្នកសារព័ត៌មាន និងធុរៈជនសំខាន់ៗសរុបប្រមាណជាង ២ពាន់៥០០នាក់ មកពី១៤០ប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងដាវ៉ូស ក្លូស្ទឺរ ដែល ជា ទីក្រុងខ្ពស់រាប ក្នុងរដូវត្រជាក់ទឹកកកធ្លាក់តាមបែបធម្មជាតិរបស់ប្រទេសស្វីស។ រដូវត្រជាក់ ទឹកកកធ្លាក់នៅពេលនេះ គឺស្ថិតនៅក្រោមអាកាសធាតុដក១៦ក្រោមសូន្យអង្សារសេ ដែលជា អាកាសធាតុដ៏ត្រជាក់ របស់ប្រទេសស្វីស។
បន្ទាប់ពីអញ្ជើញដល់ទីក្រុងស៊ួរីក ពោល គឺនៅល្ងាចថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយ បងប្អូនជនរួមជាតិខ្មែរចំនួន៨៥នាក់ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិត នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានា ក្នុងប្រទេសស្វីស។
ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូតនិងជាតំណាងអចិន្រៃ្តយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា បងប្អូនជនរួមជាតិខ្មែររស់នៅប្រទេសស្វីសនៅពេលនេះ មានចំនួនសរុប ប្រមាណ ១ម៉ឺននាក់រួចមកហើយ ពោលគឺរស់នៅស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសស្វីស។ ឯកឧត្តមឯកអគ្គរដ្ឋទូត មានប្រសាសន៍បន្តថា បើទោះបីជាឃ្លាតឆ្ងាយពីស្រុកកំណើតមានរយៈពេលដ៏យូរក៏ពិតមែន ប៉ុន្តែបងប្អូនជនរួមជាតិទាំងអស់ នៅតែរក្សាការពារបាននូវទំនៀមទម្លាប់ប្រពៃណីជាតិយ៉ាងល្អផូរផង់ ពិសេសនៅប្រទេសស្វីស មានទីអារាមព្រះពុទ្ធសាសនាចំនួនពីរ ដែលបងប្អូនជនរួមជាតិយើងតែងតែនាំគ្នាទៅគោរពប្រតិបត្តិតាមជំនឿសាសនា ពោល គឺនៅរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ និងរដូវបុណ្យភ្ជុំបិណ្ឌ មានបងប្អូនជនរួមជាតិខ្មែរយើងទៅចូលរួមមិនដែលអាក់ខានម្តងណាឡើយ។
ឯកឧត្តមបន្តថា វត្តមានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូទាំងអស់ មកកាន់ប្រទេសស្វីសនៅពេលនេះ គឺបានបង្ហាញឲ្យ ឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិទាំងអស់ ដែលរស់នៅឃ្លាតចាកឆ្ងាយពីស្រុកកំណើតជាទីស្រឡាញ់របស់ខ្លួន។
មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនជនរួមជាតិខ្មែរ រស់នៅប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធី ដ៏កម្រនៅថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កម្ពុជាបានឆ្លងកាត់នូវសង្រ្គាម និងរបបប្រល័យពូជសាសន៍ដ៏ល្វីងជូរចត់បំផុត បើប្រៀបធៀបទៅនិងបណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត ព្រាត់ប្រាស់គ្នា ចាកចោលស្រុកកំណើនរបស់ខ្លួន មករស់នៅផុតពី សេចក្តីស្លាប់និងសង្រ្គាមនៅបរទេស។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍នៅចំពោះមុខ បងប្អូនជនរួមជាតិទាំងអស់នោះដែរថា ដោយសារតែប្រវត្តិសាស្រ្តដ៏ជួរចត់នោះហើយ គឺយើងពិតជាមិនចង់បាននូវប្រវត្តិសាស្រ្តច្រំដែលបែបនោះ កើតឡើងសារជាថ្មីនៅលើទឹកដីដ៏កំសត់របស់យើងតទៅមុខទៀតនោះទេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សម្តេច បានសិក្សាពីប្រវត្តិនៃសង្រ្គាមដែលបានកើតនៅលើបណ្តាប្រទេសមួយចំនួនលើពិភពលោក ពោល គឺយើងមិនអាចប្រើប្រាស់សង្រ្គាមដើម្បីបញ្ចប់សង្រ្គាម បាននោះទេ តាមរយៈនេះហើយបានជារូបសម្តេចផ្ទាល់បានចំណាយពេលវេលា ដ៏ច្រើនបំផុត ក្នុងការស្វែងរកការចរចារបញ្ចប់សង្រ្គាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរគ្នាឯង បើទោះបីជាដល់ទីកន្លែងណាក៏ដោយ ក្នុងពិភព លោកយើងនេះ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា បើទោះបីជារូបសម្តេចមិនពូកែពិសារម្ហូបបារាំង ឬការជិៈយន្តហោះផ្លូវឆ្ងាយជិតក៏ពិតមែន ប៉ុន្តែការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាម គឺរូប សម្តេចផ្ទាល់នឹងខិតខំពុះពារឲ្យខានតែបាន សំដៅធ្វើយ៉ាងណាបញ្ឈប់ការបង្ហូរឈាមខ្មែរគ្នាឯង។
សម្តេចតេជោមានប្រសាសន៍បន្តថា មកដល់ពេលនេះកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ក្រោមការដាក់ចេញនូវនយោបាយឈ្នះ‑ឈ្នះ កាលពីឆ្នាំ១៩៩៨។ នៅចំពោះមុនបងប្អូនជនរួមជាតិខ្មែរនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើការ ក្រើនរំលឹកដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ បឈ្ឈប់ការលាបពណ៌ដាក់គ្នាពោលគឺយើងកុំខ្វល់ពីអតីតកាលថាជាអ្វីនោះទេ ផ្ទុយទៅវិញគឺយើងទាំងអស់គ្នាជាជាតិសាសន៍ខ្មែរតែមួយ ហើយកាលដែលយើងមករស់នៅបែកឃ្លាតពីប្រទេស កំណើតគឺកើតឡើងដោយសារតែអ្នកនយោបាយមួយចំនួន ដែលបង្ខំឲ្យយើងទៅនៅទីនេះទៅនៅទីនោះ បែបនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះស្ថានភាពរបស់ប្រទេសកម្ពុជា មិនដូចពីពេលមុនតទៅទៀតទេ គឺកម្ពុជាកំពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់តាំងពីទីក្រុង រហូតដល់តំបន់ចុងកាត់មាត់ញក។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចមាន ប្រសាសន៍នៅចំពោះមុខបងប្អូនជនរួមជាតិខ្មែរនៅពេលនេះ គឺមិនមែននិយាយក្នុងនាមជាមេដឹកនាំគណបក្សនយោបាយនោះទេ ផ្ទុយទៅវិញគឺរូបសម្តេចនិយាយក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសមួយកំពុងដើរលើផ្លូវត្រូវ និងកំពុងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។
សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់នៅចំពោះមុខបងប្អូនទាំងនោះថា អ្វីដែលបងប្អូនបានឮនិងបានឃើញនៅ តាមបណ្តាញសារព័ត៌មានពីប្រទេសកំណើតរបស់ខ្លួន គឺវាមិនទាន់គ្រប់គ្រាន់នោះទេ ផ្ទុយទៅវិញគឺមានតែ បងប្អូនជនរួមជាតិទាំងអស់ ធ្វើដំណើរទៅលេងស្រុកកំណើតដោយផ្ទាល់ទេ ទើបអាចដឹងថា តើកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រទេសកម្ពុជា មិនមែនជាប្រទេសរបស់អ្នកកាន់អំណាយមួយក្រុមណាមួយនោះទេ ផ្ទុយទៅវិញប្រទេសកម្ពុជាគឺជាប្រទេសរបស់ប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលកំពុងមានវត្តមានរស់នៅក្រៅប្រទេសទាំងអស់ផងដែរ។ តាមរយៈពិធីសំណេះសំណាលក្នុងលក្ខណៈជាមហាគ្រួសារនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងនូវអំណរគុណជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះជា សក្ខីភាពស្រាប់៕