Tuesday, January 06, 2015
វិចារណកថា ដោយ៖ ពង្ស សុក្រឹត្យ ទិវាជ័យជំនះ ៧ មករា ថិតនៅជាអមតៈ
ថ្វីត្បិតតែ មហាជ័យជំនះ ៧ មករា បានឈានមកដល់ខួបលើកទី៣៦ឆ្នាំ
សម្រាប់ឆ្នាំ២០១៥នេះក្តី ក៏ទំព័រប្រវត្តិសាស្ត្រនេះ
ថិតនៅដិតជាប់ដួងចិត្តប្រជាជនកម្ពុជាជានិច្ច ហើយព្រឹត្តិការណ៍នេះហាក់បីដូចជានៅថ្មីៗមិនអាចបំភ្លេចបានឡើយ។
ក្នុងកាលៈទេសៈ ដែលប្រទេសជាតិបានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍
ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩
គឺមានតែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងយុទ្ធមិត្តដ៏ស្មោះត្រង់របស់បក្សប៉ុណ្ណោះ
ដែលបានក្រោកឈរឡើងប្រយុទ្ធប្រកបដោយវីរៈភាពបំផុត
ដើម្បីផ្តួលរំលំរបបយង់ឃ្នងនេះឲ្យវិនាសសាបសូន្យ ហើយនាំមកនូវ
ឯករាជ្យ សេរីភាព សន្តិភាព និងការរស់ឡើងវិញដល់ប្រជាជនកម្ពុជា។
មហាជ័យជំនះ ៧ មករា ១៩៧៩
បានសង្គ្រោះជាតិឲ្យរស់ឡើងវិញទាន់ពេលវេលា បានដណ្តើម មកជូនប្រជាពលរដ្ឋវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង
ជាពិសេសសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ
និងបានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា។
ប្រជាពលរដ្ឋទាំងអស់នៅតែចងចាំជានិច្ចថា ថ្ងៃ ៧ មករា
គឺជាថ្ងៃកំណើតទី២ របស់ខ្លួន។
រយះពេល ៣៦ ឆ្នាំកន្លងមកនេះ ដោយផ្តើមចេញពីចំណុចសូន្យ
និងត្រូវរ៉ាប់រងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដោយសង្គ្រាមស៊ីវិល
និងរបបប្រល័យពូជសាសន៍បានបន្សល់ទុក ព្រមទាំងការប្រឈម នឹងវិបត្តិសេដ្ឋកិច្ចសកលលោក
រាជរដ្ឋាភិបាលអាណត្តិទី៥ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងជំនះនូវរាល់ឧបសគ្គ
ជ្រោងខ្ពស់នូវជំហរមហាសាមគ្គីជាតិ បង្រួបបង្រួមជាតិ
ឆ្លងកាត់ពីដំណាក់កាលរីកចម្រើនមួយ
ទៅដំណាក់កាលរីកចម្រើនមួយទៀតជាបន្តបន្ទាប់ ឈានទៅសម្រេចបាននូវស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ
មាតុភូមិ។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់យ៉ាង
រួមទាំងដំណើរការប្រជាធិបតេយ្យ
ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានកំណើនជារៀងរាល់ឆ្នាំ
ការគោរពសិទ្ធិមនុស្ស ជាពិសេសការធានាបាននូវស្ថេរភាពនយោបាយ
សន្តិសុខទូទាំងផ្ទៃប្រទេស ការផ្សះផ្សារបង្រួបបង្រួមជាតិ ឯកភាពទឹកដី
និងការរស់នៅក្រោមដំបូលនៃច្បាប់រដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រគ្រងរាជសម្បត្តិ។
ប្រជាពលរដ្ឋកម្ពុជា នៅតែចងចាំយ៉ាងច្បាស់ថា ៧ មករា គឺជាថ្ងៃដ៏វិសេសវិសាលមិនអាចបំភ្លេចបានឡើយ។
គ្មានថ្ងៃ ៧ មករា គឺគ្មានជីវិតមកដល់ពេលនេះ គ្មានថ្ងៃ ៧ មករា គឺគ្មានការបង្រួបបង្រួមជាតិ
គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣ តុលា ១៩៩១
គ្មានគណបក្សនយោបាយចូលរួមការប្រកួតប្រជែង
គ្មានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ
និងគ្មានការសម្តែងមតិដោយសេរី ដូចបច្ចុប្បន្នឡើយ។ មានន័យថា
គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការលើកកម្ពស់តម្លៃសិទ្ធិមនុស្ស
ផ្តល់សិទ្ធិពេញលេញជូនដល់ប្រជាពលរដ្ឋក្នុងការប្រកាន់យកនូវជំនឿសាសនា
ការគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
និងការបើកទូលាយនូវសិទ្ធិបញ្ចេញមតិ សិទ្ធិនយោបាយ ដោយផ្តល់អំណាចសម្រាប់ប្រជាពលរដ្ឋដោយផ្ទាល់ក្នុងការបោះឆ្នោតជ្រើសរើស
តំណាងរបស់ខ្លួន ដែលប្រព្រឹត្តិទៅរៀងរាល់៥ឆ្នាំម្តង ជាទៀងទាត់។
ប្រជាពលរដ្ឋគ្រប់រូបក៏មានសិទ្ធិដោយផ្ទាល់ និងដោយប្រយោល
ក្នុងការជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ និងក្រុមប្រឹក្សារាជធានី
ខេត្ត ក្រុង ខណ្ឌ ស្រុក ថែមទៀត។ ជាងនេះទៀត ថ្ងៃ ៧ មករា
បានផ្តល់ឱកាសដល់ រាជរដ្ឋាភិបាលក្នុងការផ្តល់សេរីភាពយ៉ាងទូលាយដល់សង្គមស៊ីវិលប្រមាណជាង៣ពាន់
បានធ្វើសកម្មភាព យ៉ាងសកម្មនៅក្នុងសង្គម។ ប្រជាពលរដ្ឋក៏ទទួលបាននូវសិទ្ធិទទួលព័ត៌មាន
តាមរយៈ វិទ្យុ ទូរទស្សន៍ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម( Face
Book You Tube Google Twitter ...etc. ) តាមបែបទំនើបទៀតផង។
បើគ្មានថ្ងៃ ៧ មករា ក៏គ្មានសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា
ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ នោះដែរ។ ក្នុងរយៈពេល
៣៦ ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋបានទទួលនូវជីវភាពសម្បូរសប្បាយ មានចំណីអាហារហូបចុកគ្រប់គ្រាន់
ទីជម្រកសមរម្យ និងការប្រកបរបរទទួលទានតាមបែបទីផ្សារសេរី ហើយជាពិសេសកម្ពុជាបានធ្វើសមាហរណកម្មទៅក្នុងតំបន់អាស៊ាន
និងសកលលោក ដែលធ្វើឲ្យកិត្យានុភាពរបស់កម្ពុជា
បានឈានដល់ភាពស្មើមុខមាត់គ្នា ទាំងសេដ្ឋកិច្ច និងនយោបាយ
លើឆាកអន្តរជាតិ និងក្នុងតំបន់។ ជាមួយគ្នានេះ កម្ពុជាក៏បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក
និងអង្គការអន្តរជាតិផ្សេងៗទៀត
និងបានចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសមួយចំនួនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ
។ លើសពីនេះទៀត អ្វីដែលជាមោទនៈភាពបំផុត សម្រាប់សងគុណដល់ថ្ងៃ ៧ មករា
គឺរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានធ្វើឱ្យសម្រេចបានការចុះបញ្ជីប្រាសាទអង្គរវត្ត
ប្រាសាទព្រះវិហារ និងសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិមួយចំនួនទៀតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ហើយកម្ពុជាក៏ត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១៣
ជាឆ្នាំដែលកម្ពុជាធ្វើជាប្រធាននៃគណៈកម្មាធិការនេះទៀតផង។ កន្លងទៅថ្មីៗនេះទៀត
ការបង្កើតបាននូវគណៈកម្មាធិការអន្តរជាតិ ដើម្បីការអភិរក្ស និងអភិវឌ្ឍ
តំបន់ប្រាសាទព្រះវិហារ
គឺជាជោគជ័យថ្មីមួយទៀតចំពោះការយកចិត្តទុកដាក់លើវិស័យវប្បធម៌របស់រាជរដ្ឋាភិបាល។
ជារួម បើទោះបីជាទិវាថ្ងៃមហាជ័យជំនះ ៧ មករា
បានកន្លងផុតទៅរយះពេល ៣៦ ឆ្នាំកន្លងទៅហើយក្តី ក៏ប្រជាពលរដ្ឋខ្មែរភាគច្រើននៅទូទាំងប្រទេស
នៅតែដឹងគុណជានិច្ចថា ជាថ្ងៃកំណើតទី២របស់ខ្លួន
និងនៅតែចងចាំក្នុងដួងចិត្តជាអមតៈ ព្រោះបើគ្មានថ្ងៃ ៧ មករា ១៩៧៩ ទេ
ពេលនោះជាតិខ្មែរពិតជាបាត់ឈ្មោះនៅក្នុងផែនទីពិភពលោកជាមិនខាន។
ដូច្នេះ ជនអគតិដែលរមិលគុណ មិនទទួលស្គាល់ថ្ងៃប្រវត្តិសាស្ត្រនេះ
ថាជាថ្ងៃនៃការរស់ឡើងវិញរបស់ខ្លួនទេនោះ គឺជាជំពូកមនុស្សដែលក្បត់នឹងមនៈសិកា
ជាជនដែលមិនទទួលស្គាល់នូវសច្ចៈភាពប្រវត្តិសាស្ត្រ។
អាចនិយាយបានម្យ៉ាងទៀតថា ដោយសារតែមហិច្ឆតាអំណាច និងនយោបាយ
ពួកគេថែមទាំងហ៊ាននិយាយបំភ្លៃ មួលបង្កាច់ និងចោទប្រកាន់
ថាជាថ្ងៃឈ្លានពានរបស់កងទ័ពវៀតណាមទៅវិញ បើទោះបីជាឪពុក ម្តាយ
បងប្អូន កូនក្មួយ មាមីង ជីដូន ជីតា និងញាតិមិត្ត
របស់ពួកគេត្រូវបានសម្លាប់យ៉ាងវេទនា ដោយការវាយនឹងត្បូងចប អារក
បាញ់សម្លាប់ ទម្លាក់ក្នុងរណ្តៅតែមួយ រាប់រយ រាប់ពាន់នាក់ក៏ដោយ។
ក្រុមមនុស្សដែលពុំបានរួមចំណែកក្នុងចលនារំដោះជាតិ រំដោះទឹកដី
មួយចំនួនតូចនោះ ពួកគេបែរជាឆ្លៀតយកឱកាសនេះធ្វើការរិៈគន់ ជេរប្រមាថ
ញុះញង់ បង្កអសន្តិសុខសង្គម យ៉ាងងងើល និងអសីលធម៌ទៅវិញ។
ពួកគេភ្លេចគិតថា ការដែលពួកគេបានធ្វើនយោបាយ និងធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលដោយសេរី
ក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារគុណថ្ងៃ ៧ មករា នោះឡើយ៕
បទអត្ថាធិប្បាយ ដោយ៖ រត្ន័ សណ្ដាប់ តើត្រូវចងចំា ឬត្រូវបំភ្លេចវិញ្ញាណក្ខ័ន្ធប្រជាពលរដ្ឋជាងពីរលាននាក់?
ថ្ងៃ៧មករា គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងប្រវត្ដិសាស្រ្ដកម្ពុជា នៃកាលបរិច្ឆេទរំដោះប្រជាជនកម្ពុជាឲ្យរួចពីរបបប្រល័យពូជសាសន៍ ដែលបានបង្កទ្បើងដោយពួកពេជ្ឈឃាតប៉ុល ពត គឺត្រឹមរយៈពេលជាងបីឆ្នាំប៉ុណ្ណោះ អាយុជីវិតប្រជាជនខ្មែរជាង២លាននាក់ និងសមិទ្ធផលជាតិត្រូវបានកាប់សម្លាប់ ត្រូវបានកំទេចចោលយ៉ាងព្រៃផ្សែបំផុត ។ បើហេតុនេះ តើគេអាចកសាងអនាគតដ៏ល្អប្រសើររបស់ប្រទេសមួយបានទេ បើគេពុំរំលឹកដល់មេរៀនប្រវត្ដិសាស្រ្ដនោះ? គេតែងនិយាយថា «អ្នកណាដែលបំភ្លេចមេរៀនប្រវត្ដិសាស្រ្ដ នឹងត្រូវផ្ដន្ទាឲ្យរស់នៅក្នុងប្រវត្ដិសាស្រ្ដដដែលទ្បើងវិញ» ។
ជាទូទៅ ប្រទេសនីមួយៗ ប្រជាជាតិនីមួយៗ អ្នកប្រវត្តិសាស្ត្រគេតែងកត់ត្រានូវការអាប់ឱននិងភាពរុងរឿងនៃប្រវត្ដិរាប់ពាន់ឆ្នាំរបស់គេ ដើម្បីជៀសវាងមិនឲ្យការរស់នៅក្នុងភាពឈឺចាប់ និងលំបាកវេទនាមានជីវិតរស់ទ្បើងវិញ។ ជាភស្តុតាង កាលពីក្នុងយុគ្គសម័យដ៏ខ្មៅងងឹតរបស់កម្ពុជា ហើយដែលប្រជាជនខ្មែរនៅតែដក់ជាប់ក្នុងសន្ដានចិត្ដ និងដក់ជាប់ក្នុងអារម្មណ៍របស់យើងគ្រប់ៗគ្នានោះ គឺរបបវាលពិឃាត ដែលសង្គមជាតិទំាងមូលត្រូវ ក្រទ្បាប់ចាក់ លង់លិចយ៉ាងជ្រៅក្នុងអន្លង់ជ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលជាសម័យកាលដ៏សោកសៅ នឹងខ្មៅងងឹតបំផុតក្នុងប្រវត្ដិប្រទេសកម្ពុជា។
តាមកាលវិភាគ នៃអង្គសន្និបាតនាថ្ងៃ២០ ខែឧសភា ឆ្នំា១៩៧៥ របស់ពួកខ្មែរក្រហម ក្នុងការដាក់ចេញគោលការណ៍ ៨ចំណុច ក្នុងនោះរួមមាន ការបណ្ដេញប្រជាជនចេញពីភ្នំពេញ និងទីប្រជុំជនខេត្ដនានា បោសសំអាតពួកជាប់និន្នាការសក្ដិភូមិ និងរបបលន់នល់ ប្រកាសបិទផ្សារលុបបំបាត់ប្រាក់កាស បិទសាលារៀន បំបិទជំនឿសាសនា ចាត់តាំងសហករហូបបាយរួម បណ្ដោញអាណិកជនវៀតណាមទៅមាតុប្រទេសវិញ និងប្រមូលផ្ដុំកងទ័ពនៅព្រំដែនកម្ពុជា-វៀតណាម គឺជាការអនុវត្ដគោលការណ៍ប្រល័យពូជសាសន៍។
រយៈកាល៣ឆ្នាំ៨ខែ និង២០ថ្ងៃ មាតុភូមិអង្គរបានក្លាយជាគុតឥតជញ្ជាំងយ៉ាងធំធេង តំាងពីទីក្រុង រហូតដល់ជនបទដាច់ស្រយាល នៅតាមវាលរាប ក៏ដូចតំបន់ព្រៃភ្នំ តំាងពីដងស្ទឹង ទន្លេ រហូតដល់សមុទ្រ និងកោះដាច់ស្រយាល។ ទីណាក៏ដូចទីណា ឃើញតែឧក្រិដ្ឋកម្ម សោកនាកម្ម និងវិនាសកម្ម។ ក្នុងចំណោមប្រជាជនកម្ពុជាម្នាក់ៗ និងគ្រប់គ្រួសារខ្មែរទាំងអស់ គ្មាននរណាម្នាក់ ឬគ្រួសារណាមួយដែលមានឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ សាច់ញាតិ មិត្ដភក្ដិរបស់ខ្លួន បានជៀសផុតពីការកាប់សម្លាប់យ៉ាងព្រៃផ្សៃនេះបានទេ។ នេះហើយ ជារយៈពេលមួយដ៏ព្រឺព្រួច ដែលយើងរាល់គ្នាស្គាល់តែការឈឺចាប់ ស្គាល់តែទុក្ខវេទនាខ្លោចផ្សា និងស្គាល់តែឈាម និងទឹកភ្នែក។
អារ្យធម៌សង្គមកម្ពុជា ដែលធ្លាប់ជាសង្គមមួយដែលមានអារិយធម៌យ៉ាងឧត្តុង្គឧត្តម ត្រូវបានបំផ្លាញរហូតដល់ឬសគល់ដោយសាររបបខ្មៅងងឹត។ ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋដែលជាខឿនសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ វត្ដអារាម ។ល។ ត្រូវរលាយសាបសូន្យ។ ស្រុក ឃុំ ភូមិ ទូទំាងប្រទេស ត្រូវប្រែក្លាយទៅជាជំរុំឃុំឃាំង។ ប្រជាជនរាប់លាននាក់ ត្រូវបង្ខំឲ្យធ្វើពលកម្មដ៏ធ្ងន់ធ្ងរ ទាំងថ្ងៃទាំងយប់ អត់អាហារ ខ្វះសម្លៀកបំពាក់ ខ្វះថ្នាំសង្កូវ ព្រាត់ប្រាស់ពីក្រុមគ្រួសារបងប្អូន កូនចៅរស់ដូចសត្វធាតុ ក្រៀមក្រំភិតភ័យគ្មានទីសង្ឃឹម។ ទឹកដីទំាងមូលស្ទើរតែជោគជាំទៅដោយឈាម និងទឹកភ្នែក ក្រាលទៅដោយឆ្អឹង និងគំនរផេះ។ យើងយល់ថា ទំហំ និងទម្ងន់នៃបទឧក្រិដ្ឋនេះធំធេងណាស់ ដែលពិភពលោកទាំងមូល គេទទួលមិនបាន។
ចំពោះមុខសភាពការណ៍ដ៏រន្ធត់បែបនេះ ប្រជាជនខ្មែរគ្រប់រូបនាពេលនោះ បាននឹកបន់ស្រន់អំពាវនាវ ដង្ហោយហៅ សុំឲ្យអ្នកមានបុណ្យ អ្នកមានមហិទ្ធិឫទ្ធិ ពូកែសក្ដិសិទ្ធិណាមួយរូប អាចមកជួយរំដោះអាយុជីវិតពួកគេ ឲ្យបានរួចផុតពីក្រញុំាបីសាចនេះ។
ការទទួលបាននូវជ័យជំនះ នាថ្ងៃ៧ មករា ១៩៧៩ សម្រាប់កម្ពុជា គឺជាការបើកទំព័រប្រវត្ដិសាស្រ្ដថ្មីគឺជាការរស់ទ្បើងវិញទាំងជីវិត ទាំងគ្រប់វិស័យ ដែលបច្ចុប្បន្ននេះកម្ពុជាកំពុងទទួលបាននូវក្លិនពិដោរដ៏ឈ្ងុយឈ្ងប់ មានឈ្មោះបោះសម្លេងគ្រប់ទិសទី ទាំងនៅក្នុងតំបន់ និងលើឆាកអន្ដរជាតិ។ ជាក់ស្ដែង ការទទួលបាននូវជោគជ័យនៃសាលាក្ដីខ្មែរក្រហម ដឹកនំា រួមដោយអង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រកម្ពុជា ក្រោមការឧបត្ថម្ភរបស់ប្រទេសជាច្រើនដែលស្រទ្បាញ់សន្ដិភាព និងយុត្ដិធម៌ ដែលបានធ្វើការកាត់ក្ដីមេដឹកនំាកំពូលៗរបស់ខ្មែរក្រហម ហើយមតិអន្ដរជាតិគេយល់ថា ជាការផ្ដល់យុត្ដិធម៌ដល់ជនរងគ្រោះជាង២លាននាក់ និងរាប់លាននាក់ទៀត ដែលបច្ចុប្បន្នកំពុងនៅមានស្លាកស្នាមនៃការឈឺចាប់ និងការព្រាត់ប្រាស់ក្រុមគ្រួសាររបស់ពួកគេ។
ជាការពិតណាស់ យើងក៏យល់ដែរថា អ្នកដែលបានរស់រានមានជីវិតរួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហម តែងតែមានអារម្មណ៍ មានកំហឹង ការមិនទុកចិត្តគ្នា ពិសេសក្នុងចំណោមអ្នកនយោបាយ តែទោះជាយ៉ាងណាក៏ដោយ ក្នុងបរិការនេះ យើងសូមឧទ្ធិសថ្ងៃ៧មករានេះ ជាថ្ងៃដែលយើងមិនត្រូវបំភ្លេចនូវប្រវត្ដិសាស្រ្ដដ៏ឈឺចាប់ ជាថ្ងៃដែលយើងត្រូវរំលឹកនូវការប្រល័យពូជសាសន៍ខ្មែរដោយខ្មែរគ្នាឯង ជាថ្ងៃដែលខ្មែរគ្រប់រូបត្រូវមានបេះដូងទទួលស្គាល់នូវគុណធម៌ មិនត្រូវបំភ្លេចអ្នកដែលមានគុណលើខ្លួន ពេលដែលខ្លួន និងឪពុកម្ដាយខ្លួន បានរួចផុតពីជ្រោះមរណៈ ហើយដែលបច្ចុប្បន្នយើងទំាងអស់គ្នាកំពុងរស់នៅក្នុងប្រទេសមួយ និងសង្គមមួយដែលកំពុងស្ថិតក្នុងទីសុខសាន្ដនោះទ្បើយ។
Subscribe to:
Posts (Atom)