យោងតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនពីខេត្តព្រះសីហនុរបស់
សម្តេច ហ៊ុន សែន ដែលបានសរសេរបង្ហោះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ
មានខ្លឹមសារដូចតទៅ ៖«ខ្ញុំបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ផ្អាកនៅដំណើរការនេះ
ដើម្បីប្រជុំជាមួយស្ថាប័នពាក់ព័ន្ធរកដំណោះស្រាយសមស្របជូនប្រជាជនយើង។
ខ្ញុំក៏បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យពិភាក្សាជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធ
ដើម្បីបញ្ចុះតម្លៃ និងលុបចោលការចំណាយរបស់ប្រជាជនដែលនាំឲ្យខាតបង់ប្រាក់កាសរបស់ប្រជាជន»។
សម្តេចតេជោ
នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនទៀតថា
សម្តេចនឹងតាមដាន ពិនិត្យរឿងនេះបន្តទៀត មុននឹងដាក់ឲ្យអនុវត្តន៍សារជាថ្មី។ សម្តេចតេជោ
សង្ឃឹមថា ការបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរនេះនឹងជួយកាត់បន្ថយការចំណាយបានមួយកម្រិតធំរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនដែលត្រូវការប័ណ្ណបើកបរចាំបាច់
ជាមួយនឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មី នៅដើមឆ្នាំ២០១៦។
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
សាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ក៏បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយដោយប្រកាសផ្អាកធ្វើប័ណ្ណបើកបរនៅមន្ទីរសាធារណការ
និងដឹកជញ្ជូនរាជធានីភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥
តទៅរហូតដល់មានការជូនដំណឹងជាថ្មី។ ការផ្អាកសកម្មភាពធ្វើប័ណ្ណបើកបរនេះ គឺដើម្បីទុកពេលឲ្យរាជរដ្ឋាភិបាលកម្ពុជា
សិក្សាឡើងវិញ លើនីតិវិធី និងការយកកម្រៃលើសេវាធ្វើប័ណ្ណបើកបរ៕