Wednesday, May 04, 2016

អាជ្ញាធរជាតិអប្សរាស្តារត្រពាំងបឹងជូនប្រជាពលរដ្ឋនៅភូមិគោកស្រុក

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានិងជាប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យការស្តារត្រពាំងបុរាណប្រវែងបណ្តោយ១៣០ម៉ែត្រ ទទឹង៧០ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ការស្តារត្រពាំងជូនប្រជាពលរដ្ឋនៅពេលនេះ គឺស្របពេលប្រជាពលរដ្ឋកំពុងជួបប្រទះការរីងស្រះ អណ្តូង និងប្រភពទឹកផ្សេងៗក្នុងភូមិដោយសារអាកាសធាតុក្តៅហួតហែងនៅតែអូសបន្លាយ ហើយក៏ស្រប តាមអនុសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងកាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ នៅវិមានសន្តិភាពថា ឆ្នាំនេះគឺជាឆ្នាំដែលមានគ្រោះមហន្តរាយធំ ដែលក្នុងរង្វង់១០០ឆ្នាំមកនេះ គឺមិនទាន់មានគ្រោះមហន្តរាយបែបនេះកើតឡើង ហើយគ្រោះរាំងស្ងួតនៅឆ្នាំ២០១៦នេះក៏តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវជីកអណ្តូងនិងស្រះទឹកឱ្យជ្រៅជាងដង្ហើមទឹកឆ្នាំនេះផងដែរ។

ឯកឧត្តម សុខ លក្ខិណា មានប្រសាសន៍ថា  មុននឹងធ្វើការស្តារត្រពាំងបឹងនេះ អាជ្ញាធរជាតិអប្សរាបានធ្វើការសិក្សាតាមលក្ខណៈបច្ចេកទេស ឃើញថាមិនមានផលប៉ះពាល់អ្វីដល់រចនាសម្ពន្ធត្រពាំងបុរាណនេះឡើយ ហើយចំពោះអាចមន៍ដីដែលស្តារត្រពាំង អាជ្ញាធរជាតិអប្សរាសម្រេចប្រគល់ជូនដាក់តាមកន្លែងសាធារណៈដូចជា មន្ទីរពេទ្យ សាលារៀន សាលាឃុំ ប៉ុស្តិ៍នគរបាល សាលាស្រុកជាដើម លើសពីនេះទៀតនោះ អាជ្ញាធរជាតិអប្សរាក៏បានប្រគល់ជូនប្រជាពលរដ្ឋណាដែលមានសេចក្តីត្រូវការផងដែរ។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតដែរពីភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ដែលមិនមែនមានតួនាទីត្រឹមតែថែទាំ ជួសជុល អភិរក្សប្រាសាទប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាជននៅក្នុងតំបន់អង្គរទាំងមូលផងដែរ ដូចជាចូលរួមចំណែកក្នុងជួសជុល សាងសង់ហេដ្ឋារចនាសម្ពន្ធ សាលារៀន មន្ទីរពេទ្យ។ល។ ដើម្បីបម្រើសេចក្តីត្រូវការប្រជាពលរដ្ឋ។ ចុងក្រោយឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យប្រជាពល រដ្ឋរួមគ្នាជួយថែរក្សាត្រពាំងនេះ ព្រមទាំងឱ្យប្រុងប្រយ័ត្នចំពោះកូនចៅកុំឱ្យមានគ្រោះថ្នាក់ដោយសារទឹកត្រពាំងនេះផង ព្រោះវាមានជម្រៅជ្រៅ។ 


អ្នកស្រី ជា រី ដែលជាប្រជាពលរដ្ឋនៅក្នុងភូមិគោកស្រុក បានរៀបរាប់ពីត្រពាំងនេះថា តាំងពីអ្នកស្រីកើតមករហូតដល់ដឹងក្តី អ្នកស្រីមិនដែលឃើញត្រពាំងនេះខះរីងស្ងួត ដូចពេលឥឡូវនេះទេ ហើយពីមុនអ្នកស្រីក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ គឺអាស្រ័យទឹកក្នុងត្រពាំង ដើម្បីស្រោចស្រពដំណាំដាំដុះជាលក្ខណៈគ្រួសារ។ លើសពីនេះទៀតនោះ ត្រពាំងនេះមិនដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិខ្វះម្ហូបរហូតខួបប្រាំងខួបវស្សា ព្រោះត្រពាំងបឹងនេះសម្បូរណាស់ត្រី។ អ្នកស្រីបានបន្តថា អ្នកស្រីសូមថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានយកចិត្តទុកដាក់និងសាងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋក្នុងភូមិដោយការស្តារត្រពាំងបុរាណនេះឱ្យមានទឹកឡើងវិញ៕





អាកាសយានដ្ឋានអន្ដរជាតិទាំ៣ទីតាំងរបស់កម្ពុជា បានត្រៀមលក្ខណៈលើផ្នែកសន្ដិសុខនិង សុវត្តិភាពមុននឹងអង្គការអាកាសចរណ៍អន្ដរជាតិមកធ្វើសវនៈកម្ម

បញ្ហា​រសន្ដិសុខ និងសុវត្តិភា​ពអាកាស​យានដ្ឋាន​ គឺជាកក្ក​តា​ដ៍សំខាន់ ដែល​បណ្ដា​ប្រទេស ជាស​មាជិក​ នៃអង្គ​ការអា​កាសចរណ៍​អន្ដរជាតិ ត្រូវបង្កើនការ​យកចិត្ត​ទុកដាក់ខ្ពស់ ដើម្បី​រក្សា បាននូវស​ណ្ដា​ប់​ធ្នាប់ សន្ដិសុខ សុវត្តិ​ភាព និងបញ្ជៀស​បានរាល់ហា​នីភ័យ ដែលកើត​ឡើង ដោយ​ប្រការផ្សេងៗ។

ក្នុង​ន័យនេះដែរ រដ្ឋលេខាធិកា​រដ្ឋានអាកាស​ចរណ៍ស៊ីវិលកម្ពុជា បានអញ្ជើញ​អ្នកជំនាញ​បច្ចេកទេសផ្នែក​សន្ដិសុខ សុវត្តិភាពអាកាស​យានដ្ឋាន​អន្ដរជាតិ​អូស្រ្ដាលីមួយក្រុ​មដឹកនាំ​ដោយ​ លោក  HONDO GRATTON ​ដើម្បីមកពិ​និត្យវាយ​តម្លៃ ជាក់ស្ដែង​រាល់ចំណុច​ខ្វះខាត អាកា​ស យានដ្ឋាន​អន្ដរ​ជាតិទាំង៣​ទីតាំងរបស់​កម្ពុជា មុនពេល​ដែលអង្គការ​អាកាសចរណ៍​អន្ដជាតិ មកធ្វើ សវនកម្ម ​ក្នុងអំឡុង ​ខែតុលា ឆ្នាំ២០១៦ខាង​មុខនេះ។ នេះបើយោង​តាមប្រភព​ពីលោកប្រធាន​អាកាសយាន​ដ្ឋានអន្ដរ​ជាតិភ្នំពេញ និងជាប្រធាន​សន្ដិសុខ អាកាស​យានដ្ឋាន​កម្ពុជា បានថ្លែង​ប្រាប់ដល់​បណ្ដាញសារពត៌មាន​ បន្ទាប់ពី​បញ្ចប់កិច្ច​ប្រជុំពិភាក្សា​ជាមួយ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយ​ករដ្ឋមន្រ្ដី​ រដ្ឋមន្រ្ដីទទួ​លបន្ទុក​ទីស្ដីការគណៈ​រដ្ឋមន្រ្ដី ដែលបាន​ធ្វើឡើងនៅ​អាគារមិត្ដភាព នា​ព្រឹកថ្ងៃទី៣ ខែ​ ឧសភា ឆ្នាំ២០១៦។

លោ​កប្រធានអាកាស​យានដ្ឋានអន្ដរ​ជាតិភ្នំពេញបា​នឲ្យដឹងទៀតថា៖​ បន្ទាប់ពីគណប្រ​តិភូ ​ជំនាញបច្ចេក​ទេ​ស អា​កាសចរស៊ីវិលអូស្រ្ដា​លី បានចុះ​ទៅពិនិត្យ បច្ចេកទេ​សតាមបណ្ដាចំ​ណតអា​កាសយានដ្ឋា​ន ទាំង៣ទី​តាំងឃើញថា​ នៅមានចំ​នុចកង្វះខាត​តិចតួចដូចជា​ បញ្ហារបង​សន្ដិសុខ ជ​ញ្ជាំង​កញ្ចក់​ និងរបាំ​ងការពារក​ញ្ចក់ ហើ​យបញ្ហារនេះ​ត្រូវបាន ​ឯក​ឧត្តមប​ណ្ឌិត​សភាចា​រ្យ សុខ​ អាន ជំរុញ​ដល់​មន្រ្ដីជំនា​ញ និងអង្គភា​ពពាក់ព័ន្ធ​ ធ្វើការកែ​លំអរឡើងវិ​ញឲ្យបានឆា​ប់ ដើម្បីជា​ឆ្លើយ​ទៅនឹងត​ម្រូវកា​រចាំបា​ច់ នៃ​ការ​កើនឡើ​ងនូវចំនួន​អ្នក ដំណើរ​ជាតិ និងអន្ដ​រជាតិ ដូ​ច្នេះក​ម្ពុជាត្រូ​វការបង្កើន​និ​ងពង្រឹង លើ​សកម្ម​ភាពការងា​រការហោះ​ហើ​រពង្រឹង​ ការផ្នែក​សុវត្តិភាព ​សន្ដិសុខ សណ្ដា​ប់ធ្លាប់​បន្ថែ​មទៀត ពិសេ​សក្នុងកា​រឆ្លើយ​តបទៅនឹងសន្ធិ​សញ្ញា ឈីកាហ្គោ​ឆ្នាំ១៩៤៤ ដោ​យផ្តោតសំខា​ន់លើ​កាងា​រ​សន្ដិសុខ កា​រគ្រប់គ្រ​ងអាកាស​ចរណ៍ស៊ី​វិល និងការគ្រ​ប់គ្រងអា​កាស​យាន​ដ្ឋាន​អន្ដរជាតិ នៅតាម​បណ្ដា​ប្រទេ​សនិ​មួយៗ៕







សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបន្តយុទ្ធនាការចែកចាយទឹកទូទាំងប្រទេស រួមទាំងការ ជីកស្រះ និងអណ្តូងឲ្យបានច្រើនថែមទៀត

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងផេក
របស់សម្តេច ដែលមានឈ្មោះថា   Samdech  Hun Sen ,  Cambodian Prime Minister   ដោយ
សម្តេចបានអំពាវនាវ និងបញ្ជាក់បន្ថែមអំពីដំណើរការក្តៅគគុកនៃយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋ  ​ដែលកំពុងខ្វះទឹកទទួលទាន  ​គឺត្រូវបន្តធ្វើនៅទូទាំងប្រទេស ​​ រួមទាំងការ
ជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងជីកប្រឡាយថ្មី ស្តារប្រឡាយចាស់ ដើម្បីប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់រដូវកាល។ ចំពោះទីតាំងដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ គឺយកទីតាំងនោះសម្រាប់ចែកចាយបន្តទៅតាមផ្ទះឬទីកន្លែងណាដែលខ្វះទឹកប្រើប្រាស់ដូចជាសាលារៀនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះការជីកអណ្តូង និងស្រះគឺជីកអោយជ្រៅជាងដង្ហើមទឹក ហើយសូមបន្តជីកស្រះ និងអណ្តូងអោយបានច្រើនថែមទៀត។ បើមានប្រជាពលរដ្ឋបាក់រលំផ្ទះគឺត្រូវដោះស្រាយ ជួយជួសជុលសាងសង់ឡើងវិញអោយបានលឿនជាបន្ទាន់ ដើម្បីបងប្អូនមានជម្រកស្នាក់នៅឡើងវិញ។ ការផ្លាស់ប្តូរបម្រែបម្រួលធាតុអាកាសពិភពលោក គឺធ្វើអោយមានគ្រោះធម្មជាតិកើតឡើងលើពិភពលោក។ នេះជាគ្រោះធម្មជាតិដែលមិនធ្លាប់កើតឡើងជាង១០០ ឆ្នាំមកនេះ មិនថាតែកម្ពុជាទេ គឺកើតឡើងនៅលើពិភពលោកតែម្តងដែលយើងត្រូវរួមគ្នាដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមបញ្ជាក់បន្ថែមសារជាថ្មីដោយសូមឲ្យក្រសួងផ្អាកការប្រជុំនៅភ្នំពេញ គឺត្រូវចុះទៅតាមខេត្តដើម្បីជួយប្រជាពលរដ្ឋកំពុងត្រូវការទឹក ជាពិសេសអភិបាលខេត្តត្រូវតែស្ថិតប្រចាំការនៅក្នុងខេត្ត។ តែបើមានកិច្ចប្រជុំចាំបាច់គឺអភិបាលរងឬក្រុមប្រឹក្សាខេត្តអាចមកចូលរួមប្រជុំនៅភ្នំពេញបាន។ បញ្ហាអត់ទឹកនេះគឺមិនមែនតូចតាចធម្មតានោះទេ តែវាជាគ្រោះមហន្តរាយដ៏ធំមួយដែលត្រូវប្រមូលផ្តុំកម្លាំងដើម្បីដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណសារជាថ្មីដល់ក្រុមហ៊ុនឯកជន សប្បុរសជនទាំងឡាយ និងអាជ្ញាធរ កាកបាទក្រហម ព្រមទាំងយុវជនស្ម័គ្រចិត្តដែលបាន និងកំពុងយកចិត្តទុកដាក់ជួយផ្តល់ទឹក   ​​ ជីកនិងស្តារស្រះ   ​​​ ​អណ្តូង ​​  ​​ ​​និងជួសជុលផ្ទះសម្បែងជូន

ប្រជាពលរដ្ឋ៕





NGO Forum ស្នើសុំឲ្យមានកិច្ចសហការល្អជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ របស់រដ្ឋសភា លើការងារថវិកាជាតិ

អង្គការវេទិកានៃអង្គ​ការមិនមែនរដ្ឋា​ភិបាល​ស្ដីពី​កម្ពុជា ហៅកាត់ថា NGO Forum បានស្នើសុំឲ្យមានកិច្ចសហការល្អ រវាងអង្គការខ្លួន ជាមួយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ របស់រដ្ឋសភា ដោយក្នុងនោះ NGO Forum បានស្នើសុំឲ្យមានការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក​ជុំវិញបញ្ហា​សេដ្ឋកិច្ច ហិរញ្ញវត្ថុរបស់ជាតិ។ ការ​ស្នើសុំបានធ្វើឡើងនៅ​ពេលដែល ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនា​គារ និងសវនកម្មនៃរដ្ឋសភា អនុញ្ញាតឲ្យក្រុមការងារថវិកា របស់ NGO Forum ដឹកនាំដោយលោក តឹក     វណ្ណា​រ៉ា ជួប​ពិភាក្សាការងារ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
នៅក្នុងកិច្ចប្រជុំនេះ លោក តឹក វណ្ណារ៉ា ដែលជានាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងនូវសំណើចំនួនបួន ដល់គណៈកម្មការ។ សំណើទំាងនោះរួមមាន សុំឲ្យមានផ្លាស់ប្តូរព័ត៌មានគ្នា រវាង​អង្គការសង្គមស៊ីវិល​ជាមួយ​គណៈកម្មការជំនាញរដ្ឋសភា។ សុំឲ្យ គណៈកម្មការ​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ របស់អង្គការសង្គម​ស៊ីវិលដែលរៀបចំឡើង ហើយសុំ​ជួបប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ជា​ទៀង ទាត់​អោយបាន២ដង​ក្នុង១ឆ្នាំ និង​​ស្នើសុំអោយមានការចូលរួមពី អង្គការសង្គមស៊ីវិលសម្រាប់​​​​កិច្ច​ប្រជុំធំៗ ​របស់​គណៈកម្មការ​រៀបចំឡើង ដែលពាក់ព័ន្ធ ទៅនឹងច្បាប់ថវិកាជាតិ។
លោក តឹក វណ្ណារ៉ា បានគូសបញ្ជាក់ថា ​ក្រុមការងារថវិកា របស់អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ​បានរៀបចំឡើង​តាំងពី​ឆ្នាំ២០០៦ មកម្ល៉េះ។ គម្រោងនេះបានធ្វើការងារផ្តោតលើកិច្ចការមួយចំនួន ដូចជាការកសាងសមត្ថភាពអង្គការ​សង្គម​ស៊ីវិលដែលពាក់ព័ន្ធទៅនឹង​ថវិកា និង​ចំណូល​​រវាងរដ្ឋាភិបាល និងអង្គការជាដៃ​គូ​។ ការងារទាក់ទងទៅនឹងគោលនយោបាយ​ថវិកា​ជាមួយ​ក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និង​ការរួមចំណែកទាក់ទងទៅនឹងច្បាប់ថវិកា ជាពិសេសច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗ​ របស់រាជរដ្ឋាភិបាល។
លោក តឹក វណ្ណារ៉ា បានមានប្រសាសន៍បន្តថា ក្រុមការងារថវិកា របស់ NGO Forum  មាន​សមាជិក ជាអង្គការជាតិ ​និងអន្តរជាតិ ចំនួន៨។ ក្រុមការងារ នេះ បានធ្វើការរួមគ្នាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​កម្ពុជា ក្នុងការធ្វើឲ្យមានតម្លាភាព​ថវិកា​រដ្ឋ។
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានឯកភាពទៅនឹងសំណើដែលបានលើកឡើង ព្រមទំាង​បានថ្លែងកោតសរ​សើរនិងវាយតំលៃខ្ពស់ ​ចំពោះអង្គ​ការ​មិនមែនរដ្ឋាភិបាល ​ដែលរយៈពេលកន្លងមកបាន​សំដែង​នូវការជឿ​ជាក់​ និង​ទុកចិត្ត​ទៅ​លើ​ស្ថាប័ននីតិប្បញ្ញត្តិ ​ក៏​ដូចជានីតិប្រតិបត្តិ។ ឯកឧត្តមបណ្ឌិតរដ្ឋ បានលើកឡើងថា ការចូលរួមរបស់​អង្គការមិនមែនរដ្ឋាភិបាល គឺជាផ្នែកមួយ​យ៉ាង​សំខាន់ ដែលបានជួយដល់រាជរដ្ឋា​ភិបាល   ​កម្ពុជា ​ក៏ដូច​ជា​ស្ថាប័ននីតិប្បញ្ញត្តិ​ ផងដែរ។

ទាក់ទងនឹងបញ្ហាថវិកាជាតិ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប បានគូសបញ្ជាក់ថា នៅថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ ​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នឹងធ្វើសិក្ខាសាលាថ្នាក់ជាតិ​ ស្តីអំពី​ការកសាង​ក្របខ័ណ្ឌម៉ាក្រូ​សេដ្ឋកិច្ច ដើម្បីប្រមូលព័ត៌មាន សម្រាប់រៀបចំ ផែនការថវិកា​សម្រាប់​ឆ្នាំ​២០១៧ និងដើម្បីសិក្សាស្រាវជ្រាវទៅលើការងារ​ទាំងឡាយ ​ដែល​រាជរដ្ឋាភិបាលកម្ពុជា​កំពុង​រៀបចំក្របខ័ណ្ឌកសាងម៉ាក្រូ សេដ្ឋកិច្ចរបស់ជាតិ ក្នុងការរៀបចំ​កសាងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់​គ្រប់គ្រងឆ្នាំ២០១៧។ ឯកឧត្តមបណ្ឌិតរដ្ឋ​ ក៏បានអញ្ជើញ​អង្គការ ​NGO Forum និងសមាជិកទាំងអស់​ចូលរួម​ក្នុងកម្មវិធីសិក្ខាសាលា នោះដែរ ៕






កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ព្រឹកថ្ងៃទី៤ ឧសភា បានពិនិត្យនិងអនុម័ត របៀបវារៈចំនួនបី

សម្ដេច​អគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៅព្រឹកថ្ងៃ​ពុធទី០៤ ខែឧសភា ឆ្នាំ​២​០១​៦ នេះ បាន​ដឹកនាំកិច្ច​ប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា ដោយបាន​ពិភាក្សានិងអនុម័ត​រ​បៀបវារៈ​ចំនួន​បី​។
របៀបវារៈ​ទំាងបី ដែលកិច្ចប្រជុំ​គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភា បានអនុម័តរួម​មាន ​អនុម័ត​​យល់​ព្រម លើសំ​ណើជ្រើសតំាង​សមាជិកព្រឹទ្ធសភា នីតិកាល ទី៣ ចំនួន​០១រូប ជំនួស សម្តេច​រាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី  ដែលបានសុំ​លាលែង ដោយប្រគល់ភារៈ​កិច្ចជូន អគ្គលេខា​ធិការដ្ឋាន រដ្ឋសភា ប្រកាស​ជ្រើស​​រើសបេក្ខជន។

អង្គប្រជុំ​បានអនុម័តប្រគល់ សេចក្តីព្រាង​ច្បាប់ស្តីពី ការអនុម័តយល់​ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះ​រាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល ហុងគ្រី ស្តីពីការជំរុញ និងការការពារ​ទៅវិញ ទៅមកនៃវិនិ​យោគ ជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃរដ្ឋសភា ពិនិត្យនិង​សិក្សា ដោយសហកា​រជាមួយគណៈកម្មការ​កិច្ចការបរ​ទេស​សហប្រ​តិប​ការ  អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន  និងបានប្រគល់ សេចក្តីព្រាង​ច្បាប់ ស្តីពីយុត្តិធ​ម៌អនីតិជន ជូន​គណៈកម្មការ នីតិ​កម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យនិង​សិក្សា ដោយសហ​ការជាមួយ​គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ​សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ៕