Tuesday, February 11, 2020

ប្រសាសន៍ដើមទាំងស្រុង សម្តេច​តេជោ ហ៊ុន សែន ពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២

ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សរុបប្រវែង៧២,១៧គ.ម ចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់-អង្គតាសោម ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធរណរដ្ឋកូរ៉េ
ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០

#ហ៊ុនសែន #កម្ពុជា #កូរ៉េ #អរគុណសន្តិភាព

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២

(ភ្នំពេញ)៖ បន្ទាប់ពីការទន្ទឹងរង់ចាំអស់ជាយូរខែថ្ងៃផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ត្រូវបានចាប់ផ្តើមបើកការដ្ឋានស្តារ និងសាងសង់ឡើងវិញហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល។

ពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវទាំងពីរខ្សែនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលតែងតែបានផ្តល់ជំនួយ និងប្រាក់កម្ចី សម្រាប់កសាងផ្លូវនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយក្នុងការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមិនដែលផ្លាស់ប្តូរនោះឡើយ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចបានប្រកាសដាក់ចេញវិស័យអាទិភាព៤ ដែលត្រូវអភិវឌ្ឍន៍រួមមាន៖ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្សកាលពី ៣៣ឆ្នាំមុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអាទិភាពទាំង៤នេះ វានៅតែបន្តយកចិត្តទុកដាក់សម្រាប់ពេល៣៥ឆ្នាំទៅមុខ ឬ១០០ឆ្នាំទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវមិនត្រឹមតែតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជានោះទេ តែបានតភ្ជាប់ទៅកាន់ប្រទេសជិតខាងផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺជាការបែងចែកផលបានពីសេដ្ឋកិច្ចប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាប្រមាណ ៥៦លានដុល្លារសម្រាប់សាងសង់ផ្លូវជាតិលេខ២ និងលេខ២២ កម្ពុជាចេញប្រាក់បដិភាគជាង ១១លានដុល្លារសម្រាប់ដោះស្រាយផលប៉ះពាល់ ក្រៅពីនោះជាប្រាក់កម្ចីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២នេះ រង់ចាំយូរបន្តិច ព្រោះត្រូវសិក្សាគម្រោងបន្ថែម និងត្រូវរកថវិកាបន្ថែមពីរដ្ឋាភិបាលកូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ២ និងលេខ២២ មានកៅស៊ូកម្រាស់ជាង១តឹក ដែលធ្វើឱ្យផ្លូវនេះងាយស្រួលធ្វើដំណើរ និងជាប់បានយូរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានដែលសម្តេចស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងជួយសាងសង់ឆ្លងទន្លេនោះ គឺគ្រោងនឹងធ្វើភ្ជាប់ពីជ្រោយចង្វារទៅស្វាយជ្រុំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់អរិយក្សត្រជាតំបន់ទីក្រុងរណប និងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពាននេះឆ្លងតំបន់អរិយក្សត្រ តាមការសិក្សាចំណាយថវិកាចន្លោះពី ៤០ ទៅ ៥០លានដុល្លារប៉ុណ្ណោះ។ ជាចំនួនមួយតិចតួចបើធៀបនឹងគម្រោងថវិកាដែលកូរ៉េផ្តល់កម្ចីដល់កម្ពុជាចន្លោះឆ្នាំ២០១៩-២០២៣ ដែលមានចំនួនរហូតដល់៧០០លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ទៅលើសន្តិភាព និងការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅខែមីនា ខាងមុខនេះ សម្តេចនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ពីប៉ោយប៉ែត ទៅឧត្តរមានជ័យ និងដាក់ឱ្យប្រើប្រាស់ផ្លូវលេខ៥៥ ភ្ជាប់ពីពោធិ៍សាត់ ទៅតំបន់ព្រំដែនជាមួយថៃ និងបើកការដ្ឋានសាង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងសាធារណការ, ក្រសួងសេដ្ឋកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលបានប្រឹងប្រែងរួមគ្នាឈានដល់ការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២។
* សម្តេចតេជោ ហ៊ុន សែន បានសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ដែលនឹងរងការរំខាន់ និងផលប៉ះពាល់ពីដំណើរការសាងសង់ផ្លូវទាំងពីរខ្សែនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជំទាស់ចំពោះការយកដីរដ្ឋ ដីប្រឡាយ ដីបឹង ដីសមុទ្រ តែមិនជំទាស់ការលក់ដីរបស់ប្រជាពលរដ្ឋនោះទេ។
* សម្តេចតេជោ ហ៊ុន សែន អរគុណ និងកោតសរសើរដល់ក្រសួងសុខាភិបាល ដែលបានប្រឹងប្រែងទប់ស្កាត់ចំពោះជំងឺកូរ៉ូណាថ្មី, ទូរទស្សន៍ព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយដែលឃើញប្រជាពលរដ្ឋចូលរួមក្នុងពិធីនៅថ្ងៃនេះមិនមានពាក់ម៉ាស់។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជំងឺកូរ៉ូណានៅកម្ពុជា ត្រូវបានបិទបញ្ចប់ បន្ទាប់ពីជនជាតិចិនម្នាក់ត្រូវបានព្យាបាលជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមិនមានជំងឺកូរ៉ូណា តែប្រជាពលរដ្ឋក៏ត្រូវតែនាំគ្នារក្សាអនាម័យ ព្រោះជំងឺផ្តាសាយ និងជំងឺផ្សេងៗក៏ឆ្លងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចនៅចិនមានរយៈពេលខ្លី តែបានពិភាក្សាច្រើនលើជំងឺកូរ៉ូណា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូរ៉ូណា នៅប្រទេសចិន ជារឿងតិចតួច តែរឿងធំ គឺការរើសអើង និងការភ័យខ្លាច សម្រាប់ប្រទេសដទៃ។
* សម្តេចតេជោ បានថ្លែងថា ប្រជាពលរដ្ឋនៅទីក្រុងវូហាន ត្រូវបានគ្រប់គ្រងហើយ មិនអនុញ្ញាតឱ្យចេញទៅខាងក្រៅនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានអរគុណសម្តេច ដែលសម្តេចចាប់ដៃដោយមិនខ្លាចឆ្លងពេលទស្សនកិច្ចនៅចិន។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិន ជាបន្ទាន់ ដើម្បីឆ្លើយតបនឹងជំងឺកូរ៉ូណា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសគាំទ្រឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ចិន ពិភាក្សាលើការបញ្ហាជំងឺកូរ៉ូណា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសគាំទ្រដល់កិច្ចប្រជុំអន្តរជាតិផ្សេងៗទៀត ដើម្បីពិភាក្សាដោះស្រាយលើជំងឺកូរ៉ូណានេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូរ៉ូណា មិនមែនជាបញ្ហាដាច់ដោយឡែករបស់ចិនទៀតនោះឡើយ គឺជាបញ្ហារបស់ពិភពលោកទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិន បានដើរតួនាទីយ៉ាងសំខាន់ជួយស្រោចស្រង់វិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ១៩៩៧ និងវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០០៨។ តែបញ្ហាកូរ៉ូណា នៅចិន កំពុងធ្វើឱ្យជួបបញ្ហាសេដ្ឋកិច្ចសកល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទរោងចក្រមួយចំនួននៅកម្ពុជានាពេលខាងមុខ មិនមែនដោយសាររឿង EBA នោះទេ គឺជាការរងឥទ្ធិពលពីកូរ៉ូណា ដែលធ្វើឱ្យរោងចក្រនោះមិនអាចនាំមកនូវវត្ថុធាតុដើមពីចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហា EBA នេះ សម្តេចមិនស្នើឱ្យគេទុក ឬដកនោះទេ។ តែសម្តេចនៅតែរក្សាជំហរមិនយកអធិបតេយ្យជាតិ និងឯករាជ្យទៅដោះដូរនឹងអ្នកណានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលកម្ពុជា ដែលកម្ពុជាត្រូវយកចិត្តទុកដាក់នាពេលនេះ គឺសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ត្រូវតែអនុវត្តន៍ច្បាប់របស់កម្ពុជា ជនគ្រប់រូបត្រូវតែស្ថិតក្រោមច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយដោយសារតែការជ្រែតជ្រែកអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ពីប្រទេសដទៃ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យក្រោកឈរឡើងការពារអធិបតេយ្យ និងឯករាជ្យជាតិ ដោយមិនត្រូវឱ្យនរណាមកឈ្លានអធិបតេយ្យជាតិបាននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១២ ខែមីនា ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅកាន់អាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ហើយអាចមានលទ្ធភាពវាយកូនហ្គោលនៅឡាវេហ្គាសផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិកនេះ សម្តេចនឹងជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះសម្តេចមានចៅទី២២ ហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសអ៉ីតាលី និងអេស្បាញ ព្រោះតែលក់អង្ករមិនដាច់ បានឱ្យគណៈកម្មការពាណិជ្ជកម្មអឺរ៉ុបរករឿងអង្កររបស់កម្ពុជា និងទាមទារឱ្យកម្ពុជាបង់ពន្ធ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានការបង់ពន្ធក៏អង្ករកម្ពុជា នៅតែអាចនាំទៅកាន់ទីផ្សាររបស់អឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនី សុំកុំមានភាពតក់ស្លុតចំពោះបញ្ហាដែលអាចកើតមាននាពេលខាងមុខ ព្រោះរាជរដ្ឋាភិបាលត្រៀមលក្ខណៈដោះស្រាយហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្លើយតបបញ្ហាចំពោះមុខបច្ចុប្បន្ន គឺការរកជំថ្នាំព្យាបាលជំងឺកូរ៉ូណា និងថ្នាំព្យាបាលជំងឺភ័យខ្លាច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រតិបត្តិករលើវិស័យទេសចរណ៍ ដែលមិនបានរើសអើងចំពោះអ្នកទេសចរចិន។
* សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកមរណទុក្ខជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ចំពោះពលរដ្ឋចិនជាង ១ពាន់នាក់ ដែលទទួលមរណភាព និងចូលរួមអបអរសម្រាប់អ្នកដែលបានព្យាបាលជា។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់អាណាព្យាបាលនិស្សិតខ្មែរកំពុងព្យាបាលនៅវូហាន កុំមានការព្រួយបារម្ភពីសុវត្ថិភាពរបស់កូន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់និស្សិតនៅវូហាន ដែលបារម្ភពីសុវត្ថិភាពសុខភាពរបស់សម្តេច និងស្នើមិនឱ្យសម្តេចធ្វើដំណើរទៅកាន់ទីក្រុងវូហាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន មិនត្រឹមតែយកចិត្តទុកដាក់ចំពោះពលរដ្ឋរបស់ខ្លួននោះទេ តែបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដទៃនៅក្នុងប្រទេសចិន រួមទាំងនិស្សិតកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនចាំបាច់ឆ្លើយតបជាមួយក្រុមប្រឆាំងនោះទេ ទោះបីខំចាក់សម្តេចក៏ដោយនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបង្ហោះបំពុលព័ត៌មានរឿងកូរ៉ូណា ត្រូវតែចាត់វិធានការច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជំងឺកូរ៉ូណា កំពុងផ្ទុះឡើងតែមិនមានអតិផរណានៅលើទីផ្សារនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖៥៦នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០៕






សាលាស្រុករមាសហែកមានរៀបចំពិធីប្រកាសដាក់ឲ្យដំណើររចនាសម្ពន្ធ័ថ្មី នៃរដ្ឋបាលស្រុករមាសហែក

នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ នៅសាលាស្រុករមាសហែកមានរៀបចំពិធីប្រកាសដាក់ឲ្យដំណើររចនាសម្ពន្ធ័ថ្មី នៃរដ្ឋបាលស្រុករមាសហែកក្រោមអធិបតីភាព លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងតំណាង លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត។
អញ្ជើញចូលរួមក្នុងពិធីនេះមាន លោក លោកស្រីនាយក នាយករង ទីចាត់ការសាលាខេត្ត លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញសាលាខេត្ត លោកប្រធាន ក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណៈអភិបាលស្រុក តំណាងកងកំលាំងទាំងបី លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុក លោកនាយក នាយករង រដ្ឋបាលសាលាស្រុក លោក លោកស្រីជាមេឃុំទាំង 16 លោកលោកស្រីស្មៀនឃុំទាំង 16 លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិល លោក លោកស្រីតំណាងគ្រឹះស្ថានធនាគារ លោក លោកស្រី ជាប្រធានអនុប្រធានសមាជិកសមាជិកា នៃការិយាល័យដែលត្រូវធ្វើសមាហរណកម្មសរុបវត្តមានចំនួន១៣៥នាក់។
លោកអភិបាលរងខេត្តបានមានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានចាប់ផ្តើមអនុវត្តនៅថ្នាក់ ឃុំ សង្កាត់ តាមរយះការបោះឆ្នោតជ្រើសរើសក្រុុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ ដោយផ្អែកលើបទពិសោធ និងលទ្ធផលវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត ពង្រីកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស តាមរយះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាល តាមអាណត្តិដែលបានកំណត់រៀងរាល់៥ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៩មកដល់បច្ចុប្បន្ន។
លោកអភិបាលរងខេត្តបន្តថា គិតរហូតមកដល់ពេលនេះយើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិអស់រយះពេល៩ឆ្នាំហើយ ដែលសម្រេចបានសមិទ្ធផលធំៗគួឲ្យកត់សម្គាល់រួមមានជាអាទិ៍៖
១- ការរៀបចំរដ្ឋបាលថ្នាក់ក្រោមជាតិ។
២- ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
៣-ការបង្កើតមូលនិធិឃុំ សង្កាត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ។
៤- ការរៀបចំប្រព័ន្ធកសាងផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ ។
៥- ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់ថា ចំពោះមុខអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវប្រមូលផ្តុំធ្វើការបូកសរុបដំណើរការ នៃការធ្វើសមាហរណកម្ម និងការចាប់ផ្តើមដំណើរការនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង ក្រុង ស្រុក ខណ្ឌ ដើម្បីរាយការណ៍ នឹងពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់ខ្លួន សំដៅអោយមានការឯកភាពស្រុះស្រួលគ្នាក្នុងការអនុវត្ត ឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឃើញស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅលើទឹកដីកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សាធារណរដ្ឋកូរ៉េ លោកបានជួបជាមួយប្រធានាធិបតីមូន ចេអ៊ីន និងបានសំណូមពរឱ្យភាគីកូរ៉េជួយកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្តារនិងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនោះនឹងត្រូវតភ្ជាប់តាមជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ ដែលភាគីកូរ៉េកំពុងសិក្សាទៅលើគម្រោងនេះ។ បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ពាននោះនឹងចូលរួមចំណែកយ៉ាងច្រើនទៅដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រជាពលរដ្ឋរបស់យើង ហើយដែលត្រើយនៅខាងអរិយក្សត្រក៏ជាតំបន់ដែលកំពុងមានការអភិវឌ្ឍឥតឈប់ឈរទៅជាក្រុងរណបផងដែរ៕



នៅពាក់កណ្តាលខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១២ ដល់១៦ ខែមីនា ឆ្នាំ២០២០ ខាងមុខ លោកនឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ាន អាមេរិក នៅឡាសវ៉េហ្គាល សហរដ្ឋអាមរិក ដែលក្នុងឱកាសនោះដែរលោកនឹងជួបប្រជុំជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្តារនិងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោកនឹងចេញដំណើរទៅសហរដ្ឋអាមេរិក ថ្ងៃទី១៣ អាចនឹងវាយកូនហ្គោលនៅអាមេរិក ថ្ងៃទី១៤ ចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក ថ្ងៃទី១៥ ជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅអាមេរិក និងថ្ងៃទី១៦ ខែមីនា លោកនឹងចាកចេញមកកាន់ប្រទេសកម្ពុជាវិញ៕