Monday, October 21, 2019

កម្មវិធីចែកម៉ូតូថ្មី ២៤គ្រឿង ដល់មន្រ្តីនៃ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុ

ប៉ៃលិន៖ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តី ពីការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Aspire) នឹងប្រគល់ ម៉ូតូម៉ាក SUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព ដែលជាជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា មូលនីធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ កសិកម្ម (IFAD) ប្រគល់ជូនដល់មន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សំរាប់បំពេញបេសកម្មណែនាំពីបច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការប្រែប្រួលអាកាសធាតុពិតជាបង្កឡើងនូវផលប៉ះពាល់យ៉ាងច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ជាពិសេសកសិករផ្ទាល់តែម្តង រួមមាន ភាពរាំងស្ថួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះ បាញ់ និង របបខ្យល់ ការហូច្រោះដី សីតុណ្ហភាព ប្រែប្រួលខ្លាំង កំដៅកើនឡើងកើតមានជម្ងឺប្លែកៗ លើមនុស្ស។
ដូច្នេះហើយរាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ក្នុងការស្វែងរកដៃគូនានា ដើម្បីបង្កើននូវការទប់ស្កាត់ និងវិធីសាស្រ្តការពារ ក្នុងការណែនាំបច្ចេកទេសអោយបានត្រឹមត្រូវប្រកបដោយគុណភាព ប្រសិទ្ធិភាព បង្ករលក្ខណៈអោយបងប្អូនប្រជាពលរដ្ឋក្នុងការបង្ករបង្កើនផលទទួលបានទិន្និផលខ្ពស់។
ដូច្នេះលោកអភិបាលខេត្តសង្ឃឹមថា ការប្រគល់ម៉ូតូម៉ាក SUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព ដែលជាជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនីធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រគល់អោយនៅពេលនេះ នឹងយកទៅបំពេញបេសកម្មរបស់ខ្លួន និងអនុវត្តការងារអោយមានប្រសិទ្ធិភាពខ្ពស់ ដើម្បីចែកនូវចំណេះដឹង បច្ចេកទេស ជូនប្រជាពលរដ្ឋ និងកសិករ ខ្នាតតូច/ធំ ដែលមានដីតិច ច្រើន ឱ្យពួកគាត់ យល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការបង្កើត មុខរបរ អាជីវកម្មតាមបែបកសិកម្ម រួមមាន៖ មៀនប៉ៃលិន ស្វាយកែវរមៀត បន្លែ ពោតក្រហម ដំឡូងមី ចិញ្ចឹមមាន់ ទា ត្រី ជ្រូក គោ ជាដើម ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចគ្រួសារតាមរយៈវិស័យកសិកម្ម។
នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានមានប្រសាសន៍ជំរុញដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្តល់នូវកិច្ចសហការឱ្យបានល្អ ជាមួយក្រុមការងារផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការរួមចំណែកលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
បើតាមរបាយការណ៍លោក សាយ សុផាត ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់នឹង នេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ក្នុងខេត្តប៉ៃលិន មានថវិកាគាំទ្រ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សរុបចំនួន $409,191.50 និងបានចំណាយ សរុបចំនួន $54,047.53 ថវិកា៕




វីដេអូ៖ ចូលរួមអបអរសាទរទិវាអកអំបុក ៩ វិចិ្ឆកា ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីជូនដំណឹងស្ដីពីការរំលោភប្រើប្រាស់ចំណីផ្លូវសាធារណៈដោយខុសច្បាប់

កំពង់ឆ្នាំង៖ យោងលិខិតលេខ ៨៦៦៨ សហវ.សដជ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការពង្រឹងការគ្រប់គ្រងដីចំណីផ្លូវនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារណៈទាំងអស់ដែលបានស្ដារសាងសង់ថែទាំ ឬពង្រីករួចនាពេលកន្លងមក។
ដោយពិនិត្យឃើញថាទោះបីមានច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ស្ដីពីការគ្រប់គ្រងដីចំណីផ្លូវជាច្រើនទៀតដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់សំដៅពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងប្រើប្រាស់ចំណីផ្លូវឱ្យបានត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏នៅមានជនខិលខូចមួយចំនួនបាននឹងកំពុងឆ្លៀតឱកាសឥតឈប់ឈរបង្កនូវភាពអាណាធិបតេយ្យដោយទន្ទ្រានកាន់កាប់ដីចំណីផ្លូវដែលជាដីសាធារណៈរដ្ឋគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ហេតុដូច្នេះដើម្បីបង្ការ ទប់ស្កាត់ ឬបញ្ចៀសបញ្ហារាំងស្ទះដល់ការងារជួសជុលថែទាំ និងការអភិវឌ្ឍន៍ផ្លូវថ្នល់នៅថ្ងៃអនាគត និងដើម្បីសន្សំថវិកាជាតិ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ស្នើសុំដល់៖
១. លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ ដែលបង្កឲ្យមានសកម្មភាពអនាធិបតេយ្យលើបញ្ហាទន្ទ្រានកាន់កាប់ដីចំណីផ្លូវដោយផ្ទាល់ ឬដោយប្រយោលក្តីត្រូវបញ្ឈប់នូវសកម្មភាពល្មើសច្បាប់ទាំងនេះជាបន្ទាន់ ។
២. អាជ្ញាធរមូលដ្ឋាននៅកន្លែងដែរមានករណីទន្ទ្រានកាន់កាប់ដីចំណីផ្លូវត្រូវធ្វើការណែនាំ និងត្រូវជួយជំរុញបុគ្គលទាំងនោះ ឲ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ ហើយតម្រូវឲ្យធ្វើស្វ័យរុះរើសំណង់អនាធិបតេយ្យដែលបានសាងសង់រួចតាមកំណត់ដោយគ្មានលក្ខខណ្ឌ ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងទៅកាន់ប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមពិធីរាជាភិសេក ព្រះចៅអធិរាជថ្មី របស់ជប៉ុន គឺព្រះចៅ Naruhito។ នេះបើតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
គួរបញ្ជាក់ថា ព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការរបស់ព្រះចៅ អធិរាជថ្មីរបស់ជប៉ុន នឹងធ្វើឡើងតាមប្រពៃណី ជប៉ុននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្វាយព្រះពរសូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕