Thursday, May 20, 2021
អភិបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ
សម្តេចតេជោ ហ៊ុន សែន៖ ការផ្អាក EBA ២០% មិនបានប៉ះពាល់អ្វីទាំងអស់ដល់សេដ្ឋកិច្ចកម្ពុជាអំឡុងពេលកូវីដ-១៩
ឆ្លើយតបទៅនឹងសំណួរនៅក្នុងអង្គសន្និសីទអន្តរជាតិលើកទៅ២៦តាមប្រព័ន្ធអនឡាញ ស្តីពី«អនាគតរបស់អាស៊ី» ក្រោមប្រធានបទ«ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្អាកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប (EBA) ដល់កម្ពុជា លែងមានឥទ្ធិពលអ្វីទាំងអស់ អំឡុងពេលដែលសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ពីការរាត្បាតនៃជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន នៅតែការពារខ្លួនថាការដក២០%នៃEBA ពីសហភាពអឺរ៉ុបគឺជារឿងដ៏អយុត្តិធម៌ដែលធ្វើឡើងមិនស្របតាមស្ថានភាពពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណា សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជានៅតែបន្តការនាំចូលអឺរ៉ុបដោយបង់ពន្ធ២០% និងរៀបចំយន្តការប្រជាធិបតេយ្យរបស់ខ្លួនដោយមានការរៀបចំការបោះឆ្នោតតាមកាលកំណត់នៅឆ្នាំ២០២១ និងឆ្នាំ២០២២ខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បើគ្មានការរាលដាលពីជំងឺកូវីដ-១៩ទេ ការផ្អាកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBA អាចជះឥទ្ធិពលអវិជ្ជមានបន្តិចបន្តួចដល់សេដ្ឋកិច្ចកម្ពុជា ឬបន្តិចបន្តួចនៃពាណិជ្ជកម្មកម្ពុជារវាងកម្ពុជាជាមួយនឹងសហភាពអឺរ៉ុប ក៏ប៉ុន្តែដោយសារតែកូវីដ-១៩ ការផ្អាកផ្នែកខ្លះនៃ EBA លែងមានឥទ្ធិពលអ្វីទាំងអស់ដោយសារការប៉ះពាល់ពីកូវីដ-១៩មកលើសេដ្ឋកិច្ចកម្ពុជាក៏ដូចជាសាកលលោកទាំងមូលវាមានទំហំធំមហាសាល»៕
លោក សាន វិសាល ដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំ ០១ ខ្សែ ប្រវែង ៦ ៥០០ ម នៅស្រុកបវេល
បាត់ដំបង÷នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ លោក សាន វិសាល រដ្ឋលេខាធិការ តំណាងលោក អ៊ុក រ៉ាប៊ុន និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំ ០១ ខ្សែ ប្រវែង ៦ ៥០០ ម ទទឹង ៧ ម កម្រាស់ ០,២ ម និងទទឹងដីស ០៨ ម ។ គម្រោងនេះក៏មានសាងសង់លូមូលមុខពីរ ០១ កន្លែង លូមូលមុខមួយ ០៥ កន្លែង និងផ្លាកឈ្មោះផ្លូវ ០២ កន្លែង ស្ថិតក្នុងភូមិមាក់ និងភូមិបឹងជំនៀង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ ប្រើប្រាស់ថវិកាជំពូក ២១ ។ ជាលទ្ធផល គណៈកម្មការអន្តរក្រសួងសម្រេចវាយតម្លៃ បញ្ចប់សុពលភាព លើគម្រោងនេះ៕
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបែងចែកភូមិសាស្ត្ររាជធានីភ្នំពេញជា២តំបន់ គឺ”តំបន់លឿងទុំ” និង “តំបន់លឿង”
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា ០២តំបន់ គឺ ”តំបន់លឿងទុំ” និង “តំបន់លឿង” ដោយ”តំបន់លឿងទុំ”សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និង “តំបន់លឿង” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។
សូមអានសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនៅខាងក្រោមដូចតទៅ៖
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ២៦៥ គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្ត និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តអញ្ជើញចុះចែកស្បៀងអាហារជាអំណោយដ៍ថ្លៃថ្លា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអំណោយឧបត្ថម្ភបន្ថែមពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត និង លោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្វះខាតជួបការលំបាកចំនួន ២៦៥គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងសិរីសោភ័ណ លើ៣ទីតាំង រៀបចំដោយគោរពតាមវិធានសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងបាញ់អាល់កុល ។ អំណោយរួមមាន អង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកស៊ីអុីវ ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរ ។
លោក អ៊ុ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះដែរ លោក អ៊ុ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត គឺរក្សា និងធានានូវសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អ បង្ករការគ្រប់គ្រងប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវគ្រប់បែបយ៉ាង រួមទាំងស្បៀងអាហារជាដើម យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។
ជាមួយគ្នានោះ លោក សូមពុកម៉ែបងប្អូនទាំងអស់ចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕
ក្នុងទិវាជាតិនៃការចងចាំ២០ឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សដើម្បីកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។