Thursday, May 20, 2021

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ២៦៥ គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងសិរីសោភ័ណ

 បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្ត និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តអញ្ជើញចុះចែកស្បៀងអាហារជាអំណោយដ៍ថ្លៃថ្លា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអំណោយឧបត្ថម្ភបន្ថែមពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត និង លោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្វះខាតជួបការលំបាកចំនួន ២៦៥គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងសិរីសោភ័ណ លើ៣ទីតាំង រៀបចំដោយគោរពតាមវិធានសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងបាញ់អាល់កុល ។ អំណោយរួមមាន អង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកស៊ីអុីវ ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរ ។

លោក អ៊ុ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះដែរ លោក អ៊ុ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត គឺរក្សា និងធានានូវសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អ បង្ករការគ្រប់គ្រងប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវគ្រប់បែបយ៉ាង រួមទាំងស្បៀងអាហារជាដើម យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។

ជាមួយគ្នានោះ លោក សូមពុកម៉ែបងប្អូនទាំងអស់ចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕







No comments:

Post a Comment