Thursday, August 08, 2024

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, សម្ពោធសាកលវិទ្យាល័យ De Montfort


 CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, សមាជិក សមាជិការដ្ឋសភា និង រាជរដ្ឋាភិបាល
ឯកឧត្តម ដូមីនីក វិលលៀមស៍ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា​
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ, បុគ្គលិកសិក្សា ​​និស្សិតទាំងអស់នៃសាកលវិទ្យាល័យ De Montfort cambodia​ អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួម ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (De Montfort University Cambodia) ។ នេះ គឺ​ជាសាកលវិទ្យាល័យ ទីមួយ ដែលមានស្តង់ដារប្រទេសអង់គ្លេស ដែល​បាន​បង្ហាញ​វត្តមាន​ជារូបវន្ត នៅក្នុងព្រះរាជាណា-ចក្រកម្ពុជា និង ជាសាខា ​របស់សាកលវិទ្យាល័យ​ De Montfort ដំបូង​ នៅតំបន់។

ខ្ញុំពិតជា​​មានមោទនភាពក្រៃលែង​ ដែល​សាកលវិទ្យាល័យ De Montfort បានសម្រេចជ្រើសរើស យកប្រទេសកម្ពុជា ជាទីតាំង​វិនិយោគរយៈពេលវែង ​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ។ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និង កីឡា, ស្ថាន​ទូត​ចក្រភព អង់គ្លេស ក្រោមការដឹកនាំរបស់ឯកឧត្តមឯកអគ្គរាជទូត Dominic Williams ក៏ដូចជា គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ​ ដែលបានខិតខំ​ធ្វើ​ការងារ​យ៉ាងច្រើន ទម្រំាឈានដល់​ការសម្ពោធជាផ្លូវការនៅថ្ងៃនេះ បន្ទាប់ពីទទួល​បាន​គោលការណ៍ឯកភាព​ពី សម្តេចអគ្គមហាសេនាបតី- តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការនាំមកនូវការអប់រំកម្រិតឧត្តមសិក្សា ដែល​មាន​ស្តង់ដារខ្ពស់មកកាន់​ប្រទេសកម្ពុជា ។​

ក្នុងនាម​ជាអតីតនិស្សិត ដែលបានសិក្សានៅចក្រភពអង់គ្លេស​​, ពេលវេលារបស់ខ្ញុំនៅប្រទេសអង់គ្លេស គឺជាអនុស្សាវរីយ៍មួយដ៏ល្អ និង ពេញចិត្តបំផុតមួយ​ នៅក្នុង​បទពិសោធសិក្សារៀនសូត្រ​របស់ខ្ញុំ​ ។ ដូច្នេះ, ខ្ញុំ​ពិតជាមានសេចក្តីរំភើប​ជាពិសេស ចំពោះវត្តមាន​នៃសាកលវិទ្យាល័យ De Montfort នៅកម្ពុជា។ ​ខ្ញុំអាចមើលឃើញ​នូវអត្ថន័យ ៤​ យ៉ាង, ពីការចាប់បដិសន្ធិ​នៃសាកលវិទ្យាល័យរបស់អង់គ្លេសនៅកម្ពុជា ។

ទី១- វត្តមាននេះ បង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ ព្រះរាជាណាចក្រកម្ពុជា និង សមត្ថភាព របស់​និស្សិតខ្មែរថា ​អាចចូលរៀនបាន,​ ​ទទួលយក​ការអប់រំកម្រិតខ្ពស់​ និង មានសមត្ថភាពប្រកួតប្រជែង ក្នុងបរិការណ៍នៃ​ស្តង់ដារអប់រំ​កម្រិត​​អន្តរជាតិ ។ សាកលវិទ្យាល័យ De Montfort បានសម្រេចជ្រើសរើស ប្រទេសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយ​សារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យ​អប់រំ តាំងពីកម្រិត​មូលដ្ឋាន រហូតដល់កម្រិត​ឧត្តមសិក្សា ។ សាកលវិទ្យាល័យ De Montfort បានមើលឃើញថា ការអប់រំកំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរ ក្នុងការពង្រឹងគុណភាព និង បង្កើនសក្តានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយ​​កម្ម ។ សាកលវិទ្យាល័យនេះ ក៏បានសម្លឹងឃើញថា ប្រទេសកម្ពុជាពោរពេញទៅដោយ យុវជន ដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាព- បុរេសកម្ម នៅក្នុង​ការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជា អភិវឌ្ឍ​សហគមន៍ដែលពួកគេរស់នៅ ព្រមទាំងសង្គមជាតិទាំងមូល ។

ទី២- នេះ ​គឺជា​ការ​ទទួលស្គាល់​ស្ថិរភាពនយោបាយ, ការ​រីកចម្រើន​សេដ្ឋកិច្ច និង សក្តានុពល​កំណើនតទៅអនាគតរបស់កម្ពុជា​, ជាពិសេស​​ គឺការវាយតម្លៃទៅលើ​អំណាច​​ចាយវាយ​ (consumption power) របស់ទីផ្សារ​​កម្ពុជា ដែល​មាន​បរិមាណ​កាន់តែរីកធំធាត់ឡើង​ ស្របតាម​ការអភិវឌ្ឍជឿនលឿន​នៃសេដ្ឋកិច្ចកម្ពុជា ។ ពិតណាស់ថា ការវិនិយោគលើសាកលវិទ្យាល័យ ត្រូវការទុនច្រើន, ជាពិសេស​ លើ​ការបំពាក់ហេដ្ឋារចនាសម្ព័ន្ធទន់ និង រឹង, ដូច្នេះ ការសម្រេចចិត្តវិនិយោគ គឺពិតជាត្រូវការការវាយតម្លៃ​ដោយ​ប្រាកដប្រជា និង ប្រកបដោយ​​ភាពប្រុងប្រយ័ត្នខ្ពស់បំផុត។ ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង, ប៉ុន្តែ ការពិនិត្យ​លើ​លទ្ធភាព​នៃ​ការ​បន្តឈរជើងឱ្យ​បាន​យូរអង្វែង និង ធានានិរន្តរភាព​គ្រប់គ្រង គឺជាបញ្ហា​ដែល​សាកលវិទ្យាល័យនីមួយៗ ត្រូវពិចារណា​ដោយ​ប្រយ័ត្នប្រយែង, ទម្រាំគេសុខចិត្ត​មក​បង្កើត​​សាខា ដែល​មានសំណង់អគារជារូបវន្តនៅក្រៅប្រទេស ។ ដូច្នេះ, ខ្ញុំ​គិតថា ការសម្រេច​ចិត្ត​របស់សាកលវិទ្យាល័យ ដោយជ្រើសរើសយក​ប្រទេសកម្ពុជា ជាទីតាំង​បង្កើតសាខាទីមួយ​របស់ខ្លួន​នៅ​តំបន់អាស៊ីអាគ្នេយ៍ គឺជាសក្ខីភាពបញ្ជាក់ពី​ទំនុកចិត្តដ៏រឹងមាំ​ចំពោះ​បរិយាកាសវិនិយោគ​ និង អំណាចទីផ្សាររបស់​ប្រទេសកម្ពុជា ។

ទី៣- វត្តមាន​របស់សាកលវិទ្យាល័យ​ De Montfort នឹង​ក្លាយ​ជា​កាតាលីករ​ជំរុញ​ការប្រកួតប្រជែង​គុណភាពអប់រំកម្រិត​ឧត្តមសិក្សានៅកម្ពុជា និង ជា​ការបង្កើន​ជម្រើស​កាន់តែសំបូរបែប ដល់ទីផ្សារអប់រំ​ និង និស្សិតកម្ពុជា ។ វត្តមាន​នៃ​សាកលវិទ្យាល័យ De Montfort គឺជា​ ការ​ផ្តល់​តម្លៃបន្ថែមដល់គ្រឹះស្ថាន-អប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ​ ត្រូវ​បានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយ​របស់អង្គការសហប្រជាជាតិ, ជា​ដៃគូ​សហការ​ជាមួយ​នឹង​មជ្ឈមណ្ឌលអប់រំនានា​របស់អង្គការសហប្រជាជាតិ និង ដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ, ការងារសហគមន៍ និង ឧត្តមភាពសិក្សា ។

ទី៤- សាកលវិទ្យាល័យ De Montfort អាចជួយកម្ពុជា ក្នុងការ​ការពាររំហូរចេញ​នៃ​ធនធាន ខួរក្បាល​ (brain drain) តាមរយៈ​ ការ​ផ្តល់នូវការអប់រំ និង ការបង្កើតការងារនៅនឹងកន្លែងពោល ​គឺនៅក្នុងប្រទេសកម្ពុជា​ផ្ទាល់តែម្តង ។ ខ្ញុំ​ជឿជាក់ថា នេះ គឺជា​កាលានុវត្តភាពថ្មី សម្រាប់​និស្សិតយើង ក្នុងការ​ទទួលបានអត្ថប្រយោជន៍​យ៉ាងច្រើន ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន ។ ខ្ញុំដឹងថា សាកលវិទ្យាល័យ De Montfort ក៏នឹងផ្តល់ ឱកាសដល់និស្សិតខ្មែរ ដែលមានបំណងចង់​ទទួលបានបទពិសោធសិក្សាថ្នាក់ឧត្តមសិក្សា ទាំងរយៈពេលខ្លី និង វែង នៅ​ចក្រភពអង់គ្លេស ឬ នៅប្រទេសផ្សេងទៀត, ប៉ុន្តែ យ៉ាងណាក្តី តាមរយៈការផ្សារភ្ជាប់វត្តមាន​ផ្ទាល់ នៅលើទឹកដីរបស់កម្ពុជា សាកលវិទ្យាល័យនេះ​ ក៏នឹងរួមចំណែក​បណ្តុះវប្បធម៌ និង​ ការយល់ដឹង​ពី​បរិការណ៍​អន្តរជាតិ ទន្ទឹមគ្នានឹង​បរិការណ៍​ដោយឡែកនៃ​គុណតម្លៃ និង ការវិវឌ្ឍនៃសង្គមកម្ពុជាផងដែរ ។ នេះ គឺជា​ការរួមចំណែក​ដល់​ការ​រក្សា​ទំនាក់ទំនង ជាមួយ​នឹងប្រទេសកំណើត​របស់ខ្លួន ទាំងនៅក្នុងអំឡុងពេលសិក្សា និង ក្រោយ​ពេលបញ្ចប់ការសិក្សា​ ។​

ឯកឧត្តម លោកជំទាវ, លោក លោកស្រី, ក្មួយៗនិសិ្សត និង អង្គពិធីទាំងមូល ជាទីមេត្រី!

រាជរដ្ឋាភិបាល​នីតិកាលទី ៧ នៃរដ្ឋសភា បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅ​ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាម​​ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ​។ យើង​មិន​អាច​ក្លាយជាប្រទេសអ្នកមាន​បានទេ ប្រសិន​បើ​ធនធានមនុស្សរបស់យើង ពុំ​មាន​ចំណេះដឹង និង សមត្ថភាព ជំនាញ​, ពុំ​អាចប្រកួតប្រជែងនៅលើ​ឆាកអន្តរជាតិ, ពុំ​មានសុខភាពល្អគ្រប់គ្រាន់​ និង ពុំ​មានសមត្ថភាពចូលរួម​កសាង​មូលដ្ឋាន​នៃសង្គម សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែល​ផ្អែកលើចំណេះដឹង ។ ដូច្នេះ​ហើយ, ​ នេះមិនមែនជាការចៃដន្យនោះទេ ​ដែល​ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ បានកំណត់យកអាទិភាព គន្លឹះ ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, បច្ចេកវិទ្យា» ពោល គឺយកកត្តា «មនុស្ស» ជាអាទិភាព​ខ្ពស់បំផុត ។

«មនុស្ស» គឺជាកត្តាស្នូល​នៃគោលនយោបាយរបស់យើង, ដូច្នេះ​ហើយ​ការអប់រំ និង ការ​បណ្តុះ-បណ្តាល​មូលធនមនុស្ស គឺជា​យុទ្ធសាស្ត្រ​វិនិយោគវែងឆ្ងាយរបស់​រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន ​សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែល​ផ្តោត​លើ​ជំនាញ និង ចំណេះដឹង, និង ដើម្បីធានា​ថា កម្ពុជា​នឹង​មិន​ធ្លាក់ចូលក្នុង​អន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរការដ៏​វែងឆ្ងាយរបស់យើង​ ឈាន​ឆ្ពោះទៅ​ឋានៈ​ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០​​ ។​

ដើម្បីឈានទៅដល់គោលដៅនេះ, ស្ថាប័នឧត្តមសិក្សា គឺជាដៃគូដ៏សំខាន់​មិន​អាចខ្វះបាន របស់រាជរដ្ឋាភិបាល បើ​និយាយជារួម; ហើយ​ស្ថាប័នឧត្តមសិក្សារបស់អង់គ្លេស ក៏មាន​តម្លៃបន្ថែមជាពិសេស​របស់ខ្លួន ទាក់ទងនឹង​ការ​ចូលរួម​ចែករំលែកបទពិសោធ​របស់អង់គ្លេស នៅក្នុងការកសាងសង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្មជឿនលឿន ដែល​ផ្អែកលើចំណេះដឹង និង ជំនាញ បើនិយាយដោយឡែក ។​

ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជា​ការ​ផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ដែល​មានលក្ខណៈយូរអង្វែង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ចក្រ​ភពអង់គ្លេស​​ ។ ខ្ញុំ​ចង់លើកទឹកចិត្ត​ឱ្យ​សាកលវិទ្យាល័យ De Montfort សហការឱ្យ​បានជិតស្និទ្ធ​ជាមួយនឹងបណ្តាញ​ធុរកិច្ច​របស់​ចក្រភព-អង់គ្លេស ដើម្បីជំរុញ​ការ​ផ្សារភ្ជាប់​ការអប់រំ ជាមួយនឹងទីផ្សារការងារ ។ ខ្ញុំ​ក៏លើក​ទឹកចិត្តឱ្យសាកលវិទ្យា-ល័យសហការជាមួយ​ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួល​បាន​ការគាំទ្រផ្សេងៗ ទាក់ទងនឹង​ការ- ​បណ្តុះសហគ្រិនភាព ដើម្បី​ចូលរួម​បង្កើតការងារ​ជាក់ស្តែងនៅកម្ពុជា ជាមួយ​នឹង​គំនិតនវានុវត្តន៍ ដែលនិស្សិតរបស់យើង​ នឹងទទួលបាន​ពីឧត្តមភាព​នៃការសិក្សាពីសាកលវិទ្យាល័យ De Montfort ។ នៅថ្ងៃអនាគត, ខ្ញុំចង់ឃើញ​សាកលវិទ្យាល័យ De Montfort ក្លាយជា​ទីប្រមូលផ្តុំ​ (hub) និង ជាដែកឆក់ (magnet) នៃការ​វិនិយោគមកពី​ចក្រភពអង់គ្លេស​ ដែល​ជួយ​ផ្សារភ្ជាប់ទំនាក់ទំនងរវាង​ធនធានមនុស្ស​ និង អនាគត​អ្នកដឹកនាំ​ ដែលសាកលវិទ្យាល័យ​បាន​ខិតខំបណ្តុះបណ្តាល ជាមួយនឹង​តួអង្គ​ទីផ្សារ វិនិយោគិន និង ឧស្សាហកម្ម​អនាគតរបស់​ចក្រភពអង់គ្លេស​ ។

ឯកឧត្តម លោកជំទាវ, លោក លោកស្រី, ក្មួយៗនិសិ្សត និង អង្គពិធីជាទីមេត្រី!

ព្រះរាជាណាចក្រកម្ពុជា និង ចក្រ​ភព​អង់គ្លេស មានទំនាក់ទំនងជា​ប្រពៃណីយូរអង្វែងផូរផង់ ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា និង ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងនៅ​ក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និង អន្តរជាតិ ។​ ការបើកសាខាសាកល វិទ្យាល័យ De Montfort នៅកម្ពុជា គឺ​ជា​ការ​​ចូល​រួមចំណែក​ប្រកបដោយ​អត្ថន័យខ្លឹមសារ ដល់​ការ​លើកស្ទួយ​ទំនាក់ទំនងនេះ ឱ្យ​កាន់តែ​ខ្ពស់ថែម​មួយ​​កម្រិត​ទៀត ។ ខ្ញុំទន្ទឹងរង់ចាំ ដោយសេច​ក្តីសោមនស្ស​ ចំពោះ​ការរីកចម្រើន និង ការអភិវឌ្ឍរបស់សាកលវិទ្យាល័យ De Montfort នៅកម្ពុជា ជាមួយនឹង​ផ្លែផ្កានៃការអភិវឌ្ឍរបស់សាកលវិទ្យាល័យ តាមរយៈ​ ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព, ទាំងចំណេះដឹងជំនាញ​ គុណធម៌ សីលធម៌ និង មនសិការ សេ្នហាជាតិ ជួយ​ចូលរួម​អភិវឌ្ឍសង្គមជាតិខ្មែរ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ថ្នាក់ដឹកនាំនៃសាកល វិទ្យាល័យ, គណៈ​គ្រប់​គ្រង, បុគ្គលិកសិក្សា, សាស្ត្រាចារ្យ និង និស្សិត, សូមមានសុខភាពល្អបរិបូណ៌ ជោគជ័យក្នុងគ្រប់ការងាររៀងៗខ្លួន និង បានប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។

សូមអរគុណ!

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទទួលជំនួបសំដែងការគួរសមរបស់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា





នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតចិន នៅភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនបន្ថែមទៀត។ ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មមាញឹកទទួលជួប និងពាក្យពេចន៍ដ៏កក់ក្តៅ។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលគ្របដណ្តប់ស្ទើរគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនពីន ក៏បានពិភាក្សាអំពីបន្តការពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវភាពជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការនាំមកនូវសមិទ្ធផលធំៗបន្ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-ចិន។ 


His Excellency the Deputy Prime Minister SOK Chenda Sophea receives a courtesy call by the People’s Republic of China’s new Ambassador to Cambodia 

---


On 08 August 2024, His Excellency SOK Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, received a courtesy call by His Excellency Wang Wenbin, Ambassador Extraordinary and Plenipotentiary of the People's Republic of China to the Kingdom of Cambodia, at the Ministry.


His Excellency the Deputy Prime Minister congratulated His Excellency Wang Wenbin on his appointment as the Chinese Ambassador to Cambodia and stated that the Ministry of Foreign Affairs and International Cooperation stands ready to work closely with him and Chinese Embassy in Phnom Penh to contribute to further promoting Cambodia-China bilateral relations. His Excellency Wang Wenbin expressed his sincere gratitude to His Excellency the Deputy Prime Minister for receiving the courtesy call and his warm words.


His Excellency the Deputy Prime Minister and His Excellency Ambassador highly appreciated the continuous development of the bilateral relations and comprehensive strategic partnership between Cambodia and China, which cover almost all areas. His Excellency the Deputy Prime Minister and His Excellency Wang Wenbin also discussed the further strengthening of the ironclad friendship and deepening of diamond cooperation to contribute to building a high-quality, high-level and high-standard Cambodia-China Community with a Shared Future.


His Excellency the Deputy Prime Minister expressed confidence that during his diplomatic mission in Cambodia, His Excellency Ambassador will actively contribute to bringing further significant achievements to Cambodia-China relations.







សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វត្តមានរបស់សាកលវិទ្យាល័យ ដឺ ម៉ុងហ្វត នឹងក្លាយជាកត្តាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំនៅកម្ពុជា




ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ «សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា - De Montfort University Cambodia» នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យ ដឺ ម៉ុងហ្វត នឹងក្លាយជាកត្តាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើសដ៏ច្រើនសម្បូរបែបសម្រាប់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វត្តមាននៃសាកលវិទ្យាល័យនេះ គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំ ឧត្តមសិក្សា ដោយហេតុថាសាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌល ជាសកលមួយរបស់អង្គការសហប្រជាជាតិ ជាដៃគូសហការជាមួយមជ្ឈមណ្ឌលអប់រំនានារបស់អង្គការសហប្រជាជាតិ និងជាដៃគូផ្សេងទៀតដើម្បីឆ្លើយតបគោលដៅអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមសិក្សា។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ ដឺ ម៉ុងហ្វត ក៏អាចជួយកម្ពុជាបំពេញលំហូរចេញនូវធនធានខួរក្បាល តាមរយៈការផ្តល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែងពោលគឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង៕





ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាបណ្ណសារ




(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាបណ្ណសារ ដើម្បីធ្វើការពិភាក្សា និងអនុម័តលើបទបញ្ជាផ្ទៃក្នុងនៃការប្រជុំរបស់ក្រុមប្រឹក្សាបណ្ណសារ និងពិភាក្សាលើការកំណត់ទិសដៅអាទិភាពការងារ ស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាមន្រ្តីជាន់ខ្ពស់តាមបណ្តាក្រសួង-ស្ថាប័ននានា និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធាន និងជាសមាជិក សមាជិកា នៃក្រុមប្រឹក្សាបណ្ណសារជាច្រើនរូប។ 

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកកិច្ចប្រជុំនេះ គឺជាជំហានដំបូងដ៏មានសារៈសំខាន់សម្រាប់ក្រុមប្រឹក្សាបណ្ណសារ ដើម្បីចាប់ផ្ដើមដំណើរការសកម្មភាពតួនាទីភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់ស្តីពីបណ្ណសារ និងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាបណ្ណសារ។ ក្រុមប្រឹក្សាបណ្ណសារ មានតួនាទីសំខាន់ៗមួយចំនួនដូចជាធ្វើសំណើអំពីគោលនយោបាយក្នុងការគ្រប់គ្រងបណ្ណសារ, កំណត់នូវគោលការណ៍ និងនីតិវិធីក្នុងការជ្រើសរើស វាយតម្លៃ និងការបំផ្លាញចោលអន្តរបណ្ណសារ, ការរក្សាទុកបណ្ណសារស្ថាពរ និងអំពីរយៈពេលកំណត់ក្នុងការប្រគល់នូវបណ្ណសារសាធារណៈ និងផ្ដល់យោបល់ទាក់ទងនឹងបណ្ណសារឯកជនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ឬបេតិកភណ្ឌជាតិ។ ដូចនេះ ក្រុមប្រឹក្សាបណ្ណសារត្រូវរៀបចំគោលការណ៍ និងនីតិវិធីផ្សេងៗក្នុងការគ្រប់គ្រងឯកសារ និងបណ្ណសារទូទាំងប្រទេសឱ្យមានការឯកភាពគ្នា ជាពិសេសរក្សាបាននូវបណ្ណសារដែលជាប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិសម្រាប់ការសិក្សាស្រាវជ្រាវ និងជាភស្តុតាងសម្រាប់មូលដ្ឋានឯកសារគតិយុត្តក៏ដូចជាការរៀបចំគោលនយោបាយសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា បណ្ណសារ គឺជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ ដែលផ្ទុកនូវព័ត៌មានពិតជាក់ស្ដែង ជាភស្ដុតាងប្រវត្តិសាស្ត្រ នៃការវិវត្តរបស់សង្គមជាតិ ជាប្រភពសម្រាប់ការសិក្សាស្រាវជ្រាវ និងជាបទពិសោធសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ដូច្នេះហើយបានជាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសបណ្តាប្រទេសអភិវឌ្ឍបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ការគ្រប់គ្រងថែរក្សាឯកសារនិងបណ្ណសារបានល្អត្រឹមត្រូវ ក៏ជាកត្តាមួយដ៏សំខាន់ក្នុងការប្រឆាំងព័ត៌មានមិនពិតផងដែរ។ មនុស្សអាចបាត់បងជីវិតទៅបាន ប៉ុន្តែបណ្ណសារដែលកត់ត្រាពីស្នាដៃ និងសកម្មភាពការងាររបស់មនុស្សមិនអាចបាត់បង់បានទេ ហេតុនេះត្រូវតែយកចិត្ត ទុកដាក់គ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារទាំងនោះឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យបណ្ណសារ ដោយបានបង្កើតឱ្យមាននាយកដ្ឋានតម្កល់ឯកសារជាតិ ដើម្បីប្រមូល ទទួល គ្រប់គ្រង ថែរក្សា សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយបណ្ណសារ

សាធារណៈដែលបន្សល់ទុកមកតាំងពីសម័យអាណាព្យាបាលបារាំងរហូតដល់បច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ការគ្រប់គ្រងបណ្ណសារ គឺជាកិច្ចការដ៏ធំ និងមានចរិតយុទ្ធសាស្រ្ត។ ក៏ប៉ុន្តែការគ្រប់គ្រង ការថែរក្សាទុក និងការអភិវឌ្ឍនៃវិស័យបណ្ណសារនៅកម្ពុជាយើង នៅមានកម្រិត និងមិនទាន់អាចឆ្លើយតបបានសមស្របនៅឡើយ ដោយសារយើងមិនទាន់មាននិហិតដ្ឋាន ឬឃ្លាំង និងប្រព័ន្ធគ្រប់គ្រងបណ្ណសារ ដែលមានលក្ខណៈស្តង់ដារួម ហើយបណ្ណសារភាគច្រើនមានសភាពពុកផុយ រីឯការជួសជុល និងការធ្វើជាទម្រង់ឌីជីថលបណ្ណសារសម្រេចបានតិចតួច ដោយសារខ្វះឧបករណ៍សម្ភារៈបច្ចេកទេស ជាពិសេសមន្ត្រី ទាំងចំនួនមន្រ្តី និងទាំងការយល់ដឹងរបស់មន្រ្តីពាក់ព័ន្ធនឹងការគ្រប់គ្រងបណ្ណសារ។ នេះមិនទាន់និយាយដល់ការធ្វើឌីជីថលភាវូបនីយកម្មនៃការគ្រប់ក្រងបណ្ណសារ ដែលជានិន្នាការ និងការប្រតិបត្តិនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ដោយមើលឃើញពីសារៈសំខាន់នៃវិស័យបណ្ណសារនេះ កន្លងមកទីស្តីការគណៈរដ្ឋមន្រ្តីបានបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីរៀបចំតាក់តែងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងផែនការសកម្មភាពនៃការងារបណ្ណសារ និងកិច្ចការរាជកិច្ច កាលពីខែតុលា ឆ្នាំ២០២៣ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចខាងលើដោយផ្ទាល់ និងបានអនុម័តលើសេចក្តីព្រាងឯកសារទស្សនាទានស្តីពីក្របខណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់ការងាររាជកិច្ច និងតម្កល់ឯកសារជាតិរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពចំនួន១០។

ទន្ទឹមនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់នូវអនុសាសន៍ជាការតម្រង់ទិសដៅការងារមួយចំនួន ដូចជា៖ (១).ការពិនិត្យលើសមាសភាពដែលត្រូវដាក់បន្ថែមជាសមាជិកក្រុមប្រឹក្សាបណ្ណសារគ្រប់ស្ថាប័នដែលចាំបាច់ ឱ្យគ្រប់ជ្រុងជ្រោយ  (២).ការរៀបចំក្រុមការងារចំពោះកិច្ចដើម្បីរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្ណសារថ្មី ឱ្យស្របទៅនឹងទិដ្ឋភាពបច្ចុប្បន្នរបស់កម្ពុជា ជាពិសេសការវិវត្តនៃវិស័យឌីជីថល (៣).ការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងថែរក្សាបណ្ណសារសាធារណៈ ដើម្បីពង្រឹងការគ្រប់គ្រងថែរក្សាបណ្ណសារចំពោះមុខ ជាពិសេសពាក់ព័ន្ធនឹងការរក្សាទុក ឬបំផ្លាញចោលបណ្ណសារ ក៏ដូចជាការរៀបចំអង្គភាពទទួលបន្ទុកការងារបណ្ណសារ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ (៤).ការរៀបចំក្របខណ្ឌផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព សម្រាប់រយៈពេលខ្លី មធ្យម និងវែង ដោយផ្តោតជាពិសេសលើការរក្សាទុកបណ្ណសារដែលមានស្រាប់ (៥).ការរៀបចំក្របខណ្ឌរួម និងកម្មវិធីបណ្តុះបណ្តាលរួមកម្រិតជាតិ  សម្រាប់ផ្តល់ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងបណ្ណសារដល់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសហការជាមួយដៃគូពាក់ព័ន្ធ និង (៦).បន្តកិច្ចសហការ ជាមួយដៃគូដើម្បីជួយជំរុញកិច្ចការបណ្ណសារបន្ថែមទៀត។

បន្ទាប់មក អង្គប្រជុំបានធ្វើការពិភាក្សា ផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុស និងបានអនុម័តលើបទបញ្ជាផ្ទៃក្នុងនៃការប្រជុំរបស់ក្រុមប្រឹក្សាបណ្ណសារ និងទិសដៅការងារ ដែលត្រូវអនុវត្តបន្ត។