(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរថា តើហេតុអ្វីបានកញ្ញា ធី សុវណ្ណថា សម្រេចប្តឹងលោក សម រង្ស៊ី ទាមទារសំណងឡើងដល់៥០ម៉ឺនដុល្លារ ត្រូវបានកញ្ញាអះអាង បញ្ជាក់ថា ដោយសារលោក សម រង្ស៊ី ឌឺពេកហើយ ព្រោះលោក សម រង្ស៊ី បាននិយាយនៅក្នុងវិទ្យុអាស៊ីសេរី ដែលជាវិទ្យុគាំទ្របក្សប្រឆាំងថា មានបណ្តឹងកាន់តែច្រើនកាន់តែល្អ។
កញ្ញាបាននិយាយយ៉ាងដូច្នេះថា «ការតម្លើងថ្លៃទាមទារសំណងនេះ ដោយសារលោក សម រង្ស៊ី ឌឺពេកហើយ,ព្រោះក្រោយពីប្រកាសដាក់ពាក្យប្តឹង លោក សម រង្ស៊ី បានលើកឡើងតាមប្រព័ន្ធផ្សព្វផ្សាយថា ប្តឹងកាន់តែច្រើនកាន់តែល្អ ហើយអ្វីដែលខ្ញុំប្តឹងទារឡើងសំណងនេះ ដើម្បីបំពេញបំណងលោក សម រង្ស៊ី តែប៉ុណ្ណោះ»។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម អមដំណើរដោយលោកមេធាវី លី ច័ន្ទតុលា បានចូលទៅបំភ្លឺអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ, ក្រោយពីបញ្ចប់ការបំភ្លឺកញ្ញា ធី សុវណ្ណថា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការប្តឹងលោក សម រង្ស៊ី ទាមទារសំណងត្រូវបានផ្លាស់ប្តូរពី ២៥ម៉ឺនឡើងដល់ ៥០ម៉ឺនដុល្លារ។ ប្រសិនបើបានសម្រេចនេះកញ្ញានឹងយកទៅអភិវឌ្ឍន៍តំបន់អារ៉ែង។
នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈដដែលនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបកស្រាយអំពីភាពខុសគ្នារវាង បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ដែលពលរដ្ឋខ្មែរភាគច្រើនពុំបានយល់ច្បាស់អំពីបញ្ហានេះ។ បណ្តឹងអាជ្ញា៖ បើតុលាការស្វែងរកឃើញថា ជនល្មើសមានពិរុទ្ធភាពគ្រប់គ្រាន់នោះ នឹងនាំអោយមានការផ្តន្ទាទោសជននេះ តាមច្បាប់កំណត់ ដែលអាចសម្រេច អំពីទោសដាក់ពន្ធនាគារ និងទោសពិន័យ ដែលមានកំណត់ច្បាស់លាស់ ក្នុងក្រមព្រហ្មទណ្ឌតាមប្រភេទបទល្មើសនីមួយៗ ដែលក្នុងន័យនេះប្រាក់ពិន័យ នៃអំពើល្មើសនីមួយៗត្រូវបង់ចូលថវិការដ្ឋ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនោះបានថ្លែងឲ្យដឹងថា ចំណែកនៅក្នុងបណ្តឹងរដ្ឋប្បវេណីវិញ ចំនួនទឹកប្រាក់នៃការប្តឹងទាមទារសំណងជម្ងឺចិត្ត ពុំមានកំណត់ក្នុងច្បាប់ឡើយ គឺជាសិទ្ធិសេរីភាពនៃការប្តឹងទាមទាររបស់ជនរងគ្រោះ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី រីឯការពិចារណា សម្រេចគឺជាអំណាចរបស់តុលាការ៕
(ប្រភព៖ Fresh News)