(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម បានសម្រេចទាមទារតម្លើងសំណងពីលោក សម រង្ស៊ី ពី ២៥ម៉ឺនឡើងដល់ ៥០ម៉ឺនដុល្លារ។ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់នៅព្រឹកថ្ងៃនេះយ៉ាងដូច្នេះថា «ការប្តឹងទាមទារសំណងនេះបានផ្លាស់ប្តូរហើយ គឺពី២៥ម៉ឺន ដល់៥០ម៉ឺនដុល្លារ ដោយក្នុងពាក្យបណ្តឹងដាក់ទាមទារ២០០លានរៀល, នៅពេលនេះការបំភ្លឺនៅអយ្យការបានចប់រួចរាល់ហើយ»។
សូមជំរាបថា កញ្ញា ធី សុវណ្ណថា បានប្តឹងលោក សម រង្ស៊ី ដោយភ្ជាប់យកករណីដែលលោក សម រង្ស៊ី ចោទប្រកាន់លោកនាយករដ្ឋមន្ត្រីថា បានសូកប្រាក់ កញ្ញា ធី សុវណ្ណថា ចំនួន១លានដុល្លារអាមេរិក ឱ្យរូបនាងធ្វើសកម្មភាព ប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។ ដើម្បីបង្ហាញភាពស្អាតស្អំ ទើបកញ្ញា ធី សុវណ្ណថា បានប្តឹងទៅតុលាការឱ្យជួយរកយុត្តិធម៌ និងផ្តន្ទាទោសលោក សម រង្ស៊ី តាមច្បាប់។
កន្លងមក កញ្ញា ធី សុវណ្ណថា បញ្ជាក់ថា ក្នុងឱកាសជំនួបសំណេះសំណាលជាមួយសកម្មជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ លោក សម រង្ស៊ី បាននិយាយថា លោក ហ៊ុន សែន បានសូកប្រាក់ កញ្ញា ធី សុវណ្ណថា ចំនួន១លានដុល្លារអាមេរិក….។ កញ្ញា ធី សុវណ្ណថា ចាត់ទុកថា ការលើកឡើងគ្មានមូលដ្ឋានច្បាស់លាស់នេះ គឺជាការចោទប្រកាន់មួលបង្កាច់ ជាការអះអាងដោយបំផ្លើសនិងជាការទម្លាក់កំហុសដោយទុច្ចរិត ហើយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់ កញ្ញា ធី សុវណ្ណថា។
គួររំលឹកផងដែរថា លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ញុះញង់វាយប្រហារ លើលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ថា ជាមេគុកបឹងត្របែក ហើយប្រធានបក្សប្រឆាំងរូបនេះ ក៏ត្រូវបានតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារ៥ឆ្នាំថែមទៀត កាលពីចុងខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម។ ក្រៅពីនោះ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងបណ្តឹង នៅតុលាការច្រើនថែមទៀត ដែលមិនទាន់ កាត់ទោស ដែលភាគច្រើនជាបណ្តឹង បរិហារកេរ្តិ៍ជាសាធារណៈ៕
No comments:
Post a Comment