Friday, October 13, 2023

ក្រសួងមុខងារសាធារណៈ ណែនាំពីការបើកប្រាក់​បៀវត្ស​ជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា និងវិច្ឆិកា

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានណែនាំ​ទៅថ្នាក់​ដឹកនាំក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត រៀបចំបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដំណាលគ្នាជាមួយនឹងការបើកផ្តល់​ប្រាក់បៀវត្ស​ប្រចាំខែតុលាតែមួយ​លើកយ៉ាងយូរ​បំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ក្រសួងមុខងារសាធារណៈ បានណែនាំ រៀបចំការបើក​ផ្តល់ប្រាក់​បៀវត្សលើកទី១សម្រាប់ខែវិច្ឆិកា ឆ្នាំ​២០២៣ ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែធ្នូ ឆ្នាំ២០២៣ គឺអនុវត្តតាមនីតិវិធីដែល​បានកំណត់​ជាធរមាន។

ការណែនាំបែបនេះ ដើម្បីធានាថា មន្ត្រីរាជការ​ទទួល​បាន​ប្រាក់សម្រាប់​ចាយវាយក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ និងក្រោយពេលបុណ្យភ្ជុំរួច។ របៀបរបបនៃការបើកប្រាក់បៀវត្សបែបនេះ បានធ្វើច្រើន​អាណត្តិមកហើយ ហើយជាការ​ផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន។ នេះជាការស្តែងឱ្យឃើញនូវការគិតគូរខ្ពស់មួយរបស់រាជរដ្ឋាភិបាលលើជីវភាពរបស់មន្ត្រីរាជការ៕




ព្រះរាជក្រឹត្យ ស្តីពី គោរមងារឧកញ៉ា

 ព្រះរាជក្រឹត្យនេះកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា ជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍន៍ និង កសាងជាតិ ព្រមទាំងការគ្រប់គ្រងនិងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ ដោយពុះពារប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការឱ្យបានលើគ្រប់ទិដ្ឋភាព

 (ភ្នំពេញ)៖ តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់អាទិភាពខ្ពស់លើការ គ្រប់គ្រងគ្រោះមហន្តរាយ ដោយពុះពារប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការឱ្យបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈនៃហេតុការណ៍គ្រោះមហន្តរាយ ដោយផ្សារភ្ជាប់ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍនៅមូលដ្ឋាន ធ្វើយ៉ាងណាធានាជំរុញលំហូរធនធាន ឱ្យបានកាន់តែរលូនដល់ការគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្នាក់ក្រោមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រធានបទ «វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍» ដែលត្រូវបានលើកយកមកប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាពេលនេះ ពិតជាមានខ្លឹមសារសំខាន់ និងស័ក្តិសមបំផុតក្នុងការឆ្លើយតបទៅនឹង ភាពចាំបាច់ និងតម្រូវការជាក់ស្តែងរបស់ស្ថាប័ន និងប្រជាជនកម្ពុជា ក្នុងការបន្តរក្សា និងបង្កើនភាពធន់ទៅ នឹងគ្រោះមហន្តរាយ ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព អភិវឌ្ឍន៍ជីវភាពរស់នៅ និងភាពសុខុដុមនៅក្នុងសហគមន៍។

ក្នុងសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការគ្រប់គ្រងគ្រោះមហន្តរាយ ការងារពហុវិស័យ ការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះមិនថាវិស័យណាមួយ ស្ថាប័នណាមួយ ឬផ្នែកណាមួយ ទាំងស្ថាប័នរដ្ឋ ឯកជន គិតទាំងបុគ្គលគ្រប់រូបសុទ្ធតែមានភារកិច្ច និងជាប់ពាក់ព័ន្ធរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវកតញ្ញុតាធម៌ជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានការពារយ៉ាងមោះមុតនូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន ដឹកនាំការគ្រប់គ្រងគ្រោះមហន្តរាយ ដោយប្រយុទ្ធ ទប់ស្កាត់ រក្សាការពារអាយុជីវិត និងជីវភាពប្រជាជន ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ ដោយមិនមានការទទួលខុសត្រូវឡើយ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ផ្នែកឯកជន សប្បុរសជន និងប្រទេសជាមិត្ត ដែលបានឧបត្ថម្ភគាំទ្រ និងបរិច្ចាគធនធាន សម្ភារ ថវិកា ជួយដល់ប្រជាជនកម្ពុជាទទួលរងនូវគ្រោះមហន្តរាយ ដែលកើតមានលើទឹកដីកម្ពុជាកន្លងមក៕








អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! »


នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វីដេអូផ្លូវការមួយមានរយៈពេលជាង៩នាទី ដែលសហការផលិតដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមចំណងជើងថា មេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់៖ សូមកុំមើលស្រាលសន្តិភាព! ត្រូវបានបញ្ចេញផ្សាយ ។

វីដេអូដែលរំលេចឱ្យឃើញនូវមេរៀនពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាមួយនឹងការបញ្ជាក់ថា  សូមកុំមើលស្រាលសន្តិភាព ក៏បានភ្ជាប់ខ្លឹមសារការក្រើនរំលឹកដល់ប្រជាជនក្នុងពិភពលោក និងជាពិសេស ប្រជាជនកម្ពុជា និងបានពិពណ៌នាថា សង្គ្រាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់នៅពេលថ្មីៗនេះ ពិតជាបានផ្តល់នូវមេរៀនដ៏ធំចម្បងមួយទៀតសម្រាប់ពិភពលោកបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន។  

ខ្លឹមសារនៃវីដេអូនេះ បានលើកឡើងថា សន្តិភាពអាចត្រូវបានអ្នកខ្លះមើលស្រាល ឬបំភ្លេចចោលគុណតម្លៃរបស់វានៅពេលដែលពួកគេស្កប់ស្កល់នឹងសន្តិភាព ប៉ុន្តែនៅពេលបាត់បង់សន្តិភាពចេញពីដៃ ហើយជំនួសវិញដោយសង្គ្រាម ពេលនោះទើបចាប់ផ្តើមភ្ញាក់រលឹក សោកស្តាយ និងដង្ហោយរកសន្តិភាព។ ប្រទេសមួយដែលមានសន្តិភាពអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមត្រឹមតែមួយពព្រិចភ្នែក ប៉ុន្តែការប្តូរពីសង្គ្រាមទៅសន្តិភាពវិញនោះ គឺពិតជាត្រូវការរយៈពេលយូរខ្លាំងណាស់ ហើយពេលខ្លះ គេក៍ត្រូវប្រើពេលតជំនាន់មនុស្សក៏មិនទាន់រកបានផង។  

សង្គ្រាមថ្មីនេះបានផ្ទុះឡើងខណៈ ដែលសង្គ្រាមនៅអ៊ុយក្រែនមិនទាន់រកទីបញ្ចប់ឃើញនៅឡើយផងនោះ។ អ្វីដែលបាននិងកំពុងបន្តកើតឡើងនៅក្នុង សង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានបង្កជាវិបត្តិថ្មីទៀតចំពោះសុខុមាលភាពរបស់មនុស្សជាតិនិងពិភពលោកទាំងមូល។ ដូច្នេះ ប្រជាជននៅទូទាំងពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជាយើងដែរ ត្រូវតែរំលឹកខ្លួនឯងជាប្រចាំថា «គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់»។ បទពិសោធន៍កម្ពុជាខ្លួនឯង និងសង្គ្រាមដែលបាននិងកំពុងកើតឡើងចំពោះមុខយើងនាពេលបច្ចុប្បន្ន គឺជាសូរជួងដែលបន្លឺឡើងដើម្បីដាស់អារម្មណ៍ប្រជាពលរដ្ឋខ្មែរថា «កុំឲ្យភ្លេចខ្លួន កុំភ្លេចគុណសន្តិភាព និងកុំភ្លេចគុណបិតាស្ថាបនិកសន្តិភាព»។

សារចុងក្រោយ៖ «សូមកុំមើលស្រាលសន្តិភាពឱ្យសោះ តែត្រូវអរគុណសន្តិភាព ជាពិសេសអរគុណបិតាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមគំនិតនិងដឹកនាំអនុវត្តដោយផ្ទាល់ដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងកំពុងបន្តដឹកនាំប្រទេសតាមគំរូវីរភាពដ៏អស្ចារ្យនេះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕

សូមទស្សនាវីដេអូ៖