Thursday, December 19, 2013
សម្តេចតេជោនាំមកពីប្រទេសជប៉ុននូវលទ្ធផលល្អសម្រាប់ការអភិវឌ្ឍន៍ជូនប្រទេសជាតិ
ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៣ ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅរាជាណាចក្រជប៉ុន ទទួលបានផលផ្លែផ្កាយ៉ាងត្រចះត្រចង់ ដោយរដ្ឋាភិបាលទាំងពីរកម្ពុជា-ជប៉ុន ឯកភាពក្នុងការតម្លើងឋានៈទំនាក់ទំនងទ្វេភាគីជាដៃគូយុទ្ធសាស្រ្ត។
នៅក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីការធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាពរបស់ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ពីប្រទេសជប៉ុន ឯកឧត្តម កៅ គឹមហួន បានមានប្រសាសន៍ឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានឯកភាពគ្នាក្នុងការកំណត់ភាពជាដៃគូយុទ្ធសាស្រ្ត និងបានជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យយោធា រវាងប្រទេសទាំងពីរ ដែលកិច្ចសហប្រតិបត្តិការទាំងពីរនេះមិនធ្លាប់មានពីមុនមកទេ។
ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ក៏បានឯកភាពតាមសំណើរបស់សម្តេចតេជោក្នុងការបញ្ជូនក្រុម ការងារបច្ចេកទេសជប៉ុនមក ដើម្បីសិក្សាក្នុងការជួយកែទម្រង់ប្រព័ន្ធបោះឆ្នោត និងបានឯក ភាពបន្តជួយដល់តុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម (អវតក) ផងដែរ។ រដ្ឋាភិបាលជប៉ុនក៏បានឯកភាពទៅដល់ការជួយបណ្តុះបណ្តាលកម្មករកម្ពុជាអាចធ្វើការងារផ្នែកផលិតកម្ម និងខាងធុរកិច្ចផងដែរ ដោយសារថា សព្វថ្ងៃនេះមានអ្នកវិនិយោគជប៉ុនជាច្រើន បាន និងកំពុងមកបណ្តាក់ទុនជាបន្តបន្ទាប់នៅកម្ពុជា ដែលបញ្ហានេះ បានធ្វើឡើងតាមសំណើរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុនមកកាន់កម្ពុជាកាលពីខែវិច្ឆិកា។
ឯកឧត្តម កៅ គឹម ហួន បានបញ្ជាក់ថា រដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាលើការសម្រួលទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ (ជប៉ុន-កម្ពុជា) ដើម្បីជំរុញធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅវិញទៅមក ជាពិសេសទេសចរជប៉ុនអាចមកកាន់កម្ពុជាកាន់តែច្រើនឡើង។ ចំពោះការហោះហើរវិញរដ្ឋាភិបាលជប៉ុន បានឯកភាពនៅក្នុងការធ្វើការចរចាទៅលើអាកាសចរណ៍ស៊ីវិលនេះ ក្នុងទិសដៅឲ្យមានការហោះហើរត្រង់ពីប្រទេសជប៉ុនមកកាន់កម្ពុជានៅពេលខាងមុខនេះ។ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរ ឬការពិគ្រោះយោបល់នេះ ភាគីទាំងពីរមានយន្តការរួចហើយ គឺកម្រិតឧត្តមមន្រ្តី ដែលនឹងធ្វើការជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ ដែលនឹងមានការប្រជុំជាទៀងទាត់។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា សម្តេចតេជោបានស្នើធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកម្ពុជា អាចទៅធ្វើការបាននៅប្រទេសជប៉ុន ដែលនេះជាសំណើមួយត្រូវបានភាគីជប៉ុនយកទៅពិចារណា។
ឯកឧត្តម កៅ គឹមហួន មានប្រសាសន៍ថា ក្នុងដំណើទស្សនកិច្ចនេះមានឯកសារសំខាន់ៗ ចំនួន៤ ត្រូវចុះហត្ថលេខា ក្នុងនោះទី ១ លិខិតប្តូរសារ ស្តីពីគម្រោងកែលម្អផ្លូវជាតិលេខ១ ទី ២ លិខិតប្តូរសារស្តីពីគម្រោងការធ្វើឲ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទី៣ លិខិតប្តូរសារស្តីពីគម្រោងកែលម្អសម្ភារសម្រាប់ការជួសជុលស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត ដែលចុះហត្ថលេខារវាងឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយ ឯកឧត្តម គូម៉ាម៉ារូ យូជី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងទី៤ អនុស្សរណៈស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធារវាងក្រសួងការពារជាតិជប៉ុន និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខារវាងឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯក ឧត្តម អីស៊ួណូរី អូណូដេរ៉ា (Itsunori ONODERA) រដ្ឋមន្រ្តីការពារជាតិជប៉ុន។
ឯកឧត្តម កៅ គឹមហួន បានឲ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុនបានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានជួយជំរុញធ្វើយ៉ាងណាឲ្យកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនលើកទី៤០ បានទទួលជោគជ័យ ហើយដោយសារកម្ពុជា ជាប្រទេសសម្របសម្រួលអាស៊ាន-ជប៉ុននោះ សម្តេចតេជោបានចាត់ទុកទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុននៅកម្ពុជា និងទស្សនកិច្ចរបស់សម្តេចនៅប្រទេសជប៉ុននេះ គឺបានបញ្ជាក់ អំពីការពង្រឹងនូវទំនាក់ទ្វេភាគីរវាងកម្ពុជា-ជប៉ុន ជាពិសេសដោយសារ ឆ្នាំនេះជាខួបទី៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងឱកាសអញ្ជើញទៅធ្វើទស្សនកិច្ច នៅខេត្តក្យូតូ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញឲ្យខេត្តនេះ ចងសម័្ពន្ធភាពជាមួយខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។ មូលហេតុត្រូវបានសម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា ខេត្តសៀមរាបក៏ជាអតីតរាជធានីរបស់កម្ពុជា រីឯខេត្តក្យូតូក៏ជាអតីតរាជធានីរបស់ជប៉ុន មិនតែប៉ុណ្ណោះខេត្តសៀមរាបមានបេតិកភណ្ឌពិភពលោក ហើយខេត្តក្យូតូក៏ជាខេត្តដែលមានបេតិកភណ្ឌដែរ ដូច្នេះខេត្តទាំងពីរគួរតែអាចចងសម្ព័ន្ធភាពជាមួយគ្នាបាន។
ឯកឧត្តម កៅ គឹមហួន បានមានប្រសាសន៍ឲ្យដឹងថា សម្តេចតេជោបានឯកភាពជាមួយឧត្តមនាយករដ្ឋមន្រ្តីជប៉ុន អំពីការហោះហើរត្រង់ (ជប៉ុន-កម្ពុជា) ដែលតាមរយៈនៃការហោះហើរនេះវារឹតតែនឹងជំរុញការផ្លាស់ប្តូរវប្បធម៌ និងទេសចររវាងខេត្តសៀមរាប និងខេត្តក្យូតូបានល្អ៕
ទស្សនៈវិភាគ ដោយ ពង្ស សុក្រឹត្យ «ដើម្បីយុត្តិធម៌ជូនម្ចាស់ឆ្នោត ឬដើម្បីអំណាច»
ទស្សនៈវិភាគ៖
ដោយ ពង្ស សុក្រឹត្យ
ដើម្បីយុត្តិធម៌ជូនម្ចាស់ឆ្នោត
ឬដើម្បីអំណាច?
វាគឺជារឿងមួយដែលចម្លែក
ខុសពីប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនានា លើពិភពលោក
ដោយសារតែគណបក្សជំទាស់នៅកម្ពុជា លើកយកការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ
មកតវ៉ាជាប្រធានបទថ្មី នៅពេលដែលការបោះឆ្នោត និងលទ្ធផលឆ្នោត ត្រូវបានដោះស្រាយចប់សព្វគ្រប់ដោយស្ថាប័នជាតិកំពូលៗ
រួមមាន គណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត ( គ ជ ប ) និង
ក្រុមប្រឹក្សាធម្មនុញ្ញ រួចហើយក្តី។ បើគិតមកទល់ពេលនេះ គឺមានរយៈពេលជាង ៣ខែ ទៅហើយ
ក្រោយពីថ្ងៃប្រកាសលទ្ធផលផ្លូវការ ។ បញ្ហា គឺគណបក្សជំទាស់
មានជំហរ និងឆន្ទៈ មិនប្រាកដប្រជាទាល់តែសោះ ក្នុងការចរចា
ដើម្បីរកដំណោះស្រាយ បើទោះបីជាបក្សកាន់អំណាចបានបន្ទន់ឥរិយាបទ ក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោតសម្រាប់អាណត្តិខាងមុខហើយក៏ដោយ។
ចំណុចនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកតាមដានស្ថានការណ៍នយោបាយ
ដែលមានជំហរជាកណ្តាលនៅកម្ពុជា គិតឡើងវិលក្បុងតាមមិនទាន់។
ចំពោះបញ្ហានេះ
បើយើងក្រឡេកមើលអំពីប្រវត្តិ នៃចរឹតរបស់បក្សជំទាស់ កាលពីមុនបោះឆ្នោត
បានអះអាងថា នឹងមិនចូលរួមចុះឈ្មោះបោះឆ្នោតទេ បើ ស្ថាប័ន គ ជ ប
មិនមានការផ្លាស់ប្តូរ ឬបើមិនមានការចុះឈ្មោះបោះឆ្នោតឡើងវិញទេ។ ពេលនោះអ្នកវិភាគបានយល់ថា
វាជាការត្រឹមត្រូវដែលបក្សជំទាស់ធ្វើពហិកា បែបនេះ។ ប៉ុន្តែ
លុះដល់ថ្ងៃ ចុងក្រោយនៃការចុះឈ្មោះ
ក៏ស្រាប់តែមកចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតនឹងគេដែរ
ដែលធ្វើឲ្យចំនួនគណបក្សនយោបាយប្រកួតប្រជែង ឡើងដល់ចំនួន ៨ គណបក្សនយោបាយ។
ចំណុចនេះចង់បញ្ជាក់ថា រាល់គណបក្សនយោបាយ ដែលបានចុះបញ្ជីឈ្មោះ
ចូលរួមប្រកួតប្រជែងការបោះឆ្នោត គឺមានន័យថា ព្រមទទួលស្គាល់
ស្ថាប័នច្បាប់ ដែលមាន គ ជ ប និងក្រុមប្រឹក្សាធម្មនុញ្ញ ជាអាជ្ញាកណ្តាល
សម្រាប់ការប្រកួតរួចទៅហើយ ប៉ុន្តែក្រោយការប្រកាសលទ្ធផលឆ្នោត បក្សជំទាស់ដែលចាញ់ឆ្នោតបែរជាមិនទទួលស្គាល់លទ្ធផល
ហើយថែមទាំងចោទប្រកាន់ថា ស្ថាប័នអាជ្ញាកណ្តាលនេះ មិនអព្យាក្រឹត្យទៅវិញ។
អញ្ចឹង បើអ្នកដែលចាញ់ការបោះឆ្នោត មិនទទួលស្គាល់លទ្ធផល ពេលនោះ ជម្លោះនឹងគ្មានទីបញ្ចប់ឡើយ
ហើយអ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋ និងសង្គមខ្មែរ
នឹងក្លាយជាចំណាប់ខ្មាំង របស់បក្សនយោបាយដែលចាញ់ ហើយទីបំផុត សង្គម
និងសេដ្ឋកិច្ចរបស់ប្រទេស ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែក្រីក្រថែមទៀតជាមិនខាន។
ចំណុចមួយទៀត
គឺក្រោយពីមានជំនួបកំពូលរវាងអ្នកនយោបាយ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៣ បក្សជំទាស់បានព្រមព្រៀងគ្នាលើចំនុចអាទិភាព៣
សម្រាប់ដោះស្រាយបញ្ហារបស់ជាតិ ក្នុងនោះរួមមាន៖ ទី១ គណបក្សទាំងពីរប្តេជ្ញា
អនុវត្តដោយហ្មត់ចត់តាមព្រះរាជសាររបស់ព្រះមហាក្សត្រ
ដែលបានអំពាវនាវដល់ជនរួមជាតិទាំងមូលឲ្យមានការអត់ធ្មត់ជាអតិបរិមា
ដើម្បីបញ្ចៀសអស្ថិរភាពនៃជាតិ ព្រមទាំងរក្សាភាពថ្លៃថ្នូរ
និងភាពស្ងប់ស្ងៀម ដើម្បីទុកឱកាសរកដំណោះស្រាយបញ្ហាជាតិទាំងអស់គ្នា។
ទី២ បក្សទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរថា នឹងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។ ទី៣ គណបក្សនយោបាយទាំងពីរ នឹងបន្តជួបចរចាគ្នាតទៅទៀត តាមគ្រប់កម្រិតដើម្បីដោះស្រាយបញ្ហារបស់ជាតិ។
ប៉ុន្តែ រហូតមកដល់ពេលនេះ
បក្សជំទាស់មិនបានអនុវត្តតាមព្រះរាជតំរិៈព្រះមហាក្សត្រឡើយ។ ទី១
គឺមេបក្សបែរជាដឹកនាំធ្វើបាតុកម្ម ដោយហែរក្បួនយ៉ាងអាណាធិបតេយ្យក្នុងទីក្រុង
ទីប្រជុំជន និងនៅតាមបណ្តាខេត្តនានា បង្កចលាចលក្នុងសង្គម
ដែលផ្ទុយពីព្រះរាជសាររបស់ព្រះមហាក្សត្រទាំងស្រុង។
ទាក់ទងនឹងការកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ គណបក្សជំទាស់ បែរជាទាមទារឲ្យមានការបោះឆ្នោតឡើងវិញ
ហើយបែរជាស្រែកសុំឲ្យឆាចោលការបោះឆ្នោត របៀបដូចជាល្បែងស៊ីសងទៅវិញ។
នយោបាយដែលគ្មានគោលការណ៍ច្បាស់លាស់
ធ្វើតាមអារម្មណ៍រវើរវាយ ម្តងគិតឃើញចង់ធ្វើនេះ ម្តងគិតឃើញចង់ធ្វើនោះ
តាមតែអំពើចិត្តបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ
និងអ្នកតាមដានស្ថានការណ៍នយោបាយ ដែលមានជំហរជាកណ្តាលនៅកម្ពុជា បានរិះគន់ត្រង់ៗចំពោះមេដឹកនាំបក្សប្រឆាំងថា កំពុងលេងល្បែងនយោបាយប្រកបដោយគ្រោះថ្នាក់ចំពោះខ្លួនឯង។
គ្រោះថ្នាក់នោះ គឺការភ្លេចគិតអំពីផលវិបាកត្រឡប់មកពួកខ្លួនវិញ
ឬក៏អាចនឹងកើតមានឡើងនូវបញ្ហាធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលគាំទ្រខ្លួន
នៅពេលដែលសកម្មភាពនៃបាតុកម្មតវ៉ា
ឈានដល់បទល្មើសព្រហ្មទណ្ឌ បទល្មើសកុបកម្ម តាមរយៈអំពើញុះញង់ បះបោរ ចលាចល ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ
និងសន្តិសុខជាតិ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការច្បាប់។
ដូច្នេះ ការទាមទារ តាមអំពើចិត្ត របៀបឡាំប៉ា
ឲ្យមានការបោះឆ្នោតឡើងវិញបែបនេះ គឺមិនអាចធ្វើឲ្យជម្លោះនយោបាយបញ្ចប់បាននោះទេ។
ប្រការដែលគណបក្សទាំងពីរ ត្រូវគិត គឺផលប្រយោជន៍ជាតិជាធំ។
គឺមានតែការងាកមករកតុចរចាគ្នាតែប៉ុណ្ណោះ ទើបអាចរកដំណោះស្រាយ
និងរួបរួមគ្នា កសាងជាតិបាន។ ការទាមទារអំណាច
តាមបែបផ្តួលរំលំដោយការធ្វើបដិវត្តន៍ប្រជាជន គឺមិនអាចទៅរួចដូចបណ្តាប្រទេសនៅអារ៉ាប់ឡើយ
ពីព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នូវសង្គ្រាមវិនាសកម្ម
រាប់ទស្សវត្សកន្លងមកហើយ ។ យើងមិនចង់ឃើញប្រទេសយើង ជួបនូវវិបត្តិនោះសារជាថ្មីទៀតឡើយ៕
Subscribe to:
Posts (Atom)