Thursday, October 12, 2023

បុណ្យភ្ជុំបិណ្ឌ


ចុចស្តាប់សំឡេង ប្រវត្តបុណ្យភ្ជុំបិណ្ឌ 🔊

បុណ្យ​កាន់​បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ ១ រោច ខែ​ភទ្របទ ដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក ។ ពិធី​នោះ​ត្រូវ​ធ្វើ​អស់​កាល​កន្លះ​ខែ​គត់ ។ នៅ​ខែ​ភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹក ចំនែក​ខាង​រនោច ព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​​យប់ ក៏​កាន់​តែ​ហោច​ទៅ ៗ ធ្វើ​ឲ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្តិច​ម្ដង ៗ ។

នៅ​ពេល​នោះ​ហើយ ដែល​យមរាជ (ស្ដេច​មច្ចុរាជ) ដោះ​លែង​ពួក​សត្វ​នរក​ទាំង​ឡាយ ក្នុង​ ១ ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅ​រក​បង​ប្អូន កូន​ចៅ ដើម្បី​នឹង​ទទួល​កុសល​ផល​បុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ ។ ដោយ​សត្វ​នរក ជា​អ្នក​ខ្លាច​ពន្លឺ ទើប​អ្នក​ស្រុក​និយម​ធ្វើ​បុណ្យ​ឲ្យ​អ្នក​ទាំង​នោះ​នៅ​ខែ​ងងឹត ។ អ្នក​ខ្លះ​និយាយ​ថា តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះ​លែង​មក​ ខំ​ដើរ​រក​បង​ប្អូន​កូន​ចៅ​គ្រប់ ៧ វត្ត បើ​មិន​ឃើញ​អ្នក​ណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើត​ក្ដី​ស្រេក​ឃ្លាន​ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ញាតិ​មិត្ត​មិន​លែង​ឡើយ ។ ការ​ដែល​គេ​ធ្វើ​បុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែ​ភទ្របទ​នោះ គេ​ហៅ​ថា “ ​កាន់​បិណ្ឌ​” ។ ពាក្យ​ថា​បិណ្ឌ មក​ពី​ពាក្យ​បាលី​ថា “ បិណ្ឌៈ​” មាន​ន័យ​ថា “ ​ដុំ​បាយ​” ។

ក្នុង​សិលា​ចរឹក​របស់​ព្រះ​បាទ​យសោវរ្ម័ន ដែល​ទ្រង់​សោយ​រាជ​សម្បត្តិ​ក្នុង​រវាង គ.ស. ៨៨៩ ដល់ ៩១០ យើង​ដឹង​ថា នៅ​ក្នុង​អា​វាស​ជា​ច្រើន​ដែល​ព្រះ​អង្គ​ទ្រង់​បាន​កសាង គេ​តែង​ធ្វើ​ពិធី​បូជា​បាយ​បិណ្ឌ ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ​អ្នក​ស្លាប់​ក្នុង​ចំបាំង​រាំង​ជល់ និង ចំពោះ​ខ្មោច​ដែល​គ្មាន​បង​ប្អូន​​ជា​ទី​ពឹង​ទាំង​ឡាយ​ជា​រៀង​រាល់​ខែ ។

សម័យ​សព្វ​ថ្ងៃ​បុណ្ឌ​ជា​ដុំបាយ​ដំណើប ដែល​​គេ​ចំអិន​ដោយ​ខ្ទិះ​ដូង ហើយ​លាយ ឬ បុក​ជា​មួយ​គ្រឿង​ផ្សំ​ឯ​ទៀត តាម​​ទម្លាប់​ស្រុក ។ គេ​រៀប​បាយ​បិណ្ឌ នៅ​ជុំវិញ​បាយ​បត្ត​បូរ​ បាយ​បត្ត​បូរ​ ក៏​ធ្វើ​ដូច​ជា​បាយ​បិណ្ឌ​ដែរ គ្រាន់​តែ​ពូត ​ជា​ពំនូត​ធំ ៗ មាន​កំពូល​ស្រួច​ហើយ​គ្រប​ដោយ​សាជី​ស្លឹក​ចេក និង មាន​ដោត​ទៀត​ធូប​ភ្ញី​ផ្កា​ជា​លំអ​ផង ។ តាម​ទម្លាប់​នៅ​ថ្ងស​កាន់​បិណ្ឌ​ទី ១ គេ​ដាក់​បាយ​បិណ្ឌ​តែ ១ ពំនូត​ទេ ។

ហើយ​គេ​ចេះ​តែ​ថែម ១ ថ្ងៃ ១ ដុំ លុះ​ត្រា​តែ​គ្រប់ ១៥ ដុំ ។ ប៉ុន្តែ​មាន​ស្រុក​ខ្លះ មាន​ទំនៀម​ធ្វើ​ប្លែក​ពី​នេះ ភូមិ​ខ្លះ គេ​ធ្វើ​បាយ​ធ្វើ​បាយ​បិណ្ឌ​តែ ៥ ទេ ដេល​គេ​ទុក​ជា​និមិត្ត​រូប​ព្រះ​ពុទ្ធ ទាំង ៥ ព្រះ​អង្គ​ប្រចាំ​កប្ប​យើង​នេះ ។ នៅ​ភូមិ​ខ្លះ​ទៀត, ជុំ​វិញ​ជើង​បាយ​បត្ត​បូរ ​មាន​ដាក​បាយ​កន្ទោង ៨ ផង ហើយ​កន្ទោង​និមួយ ៗ មាន​តាំង​ពី​បាយ ១ ដុំ ដល់​ ១៥ ដុំ ។ កន្ទោង​បាយ​ទាំង ៨ នោះ គេ​ទុក​បម្រុង យក​ទៅ​ដាក់​ជុំវិញ ព្រះ​វិហារ​គ្រប់​ទិស​ទាំង​ប្រាំបី ។

តាម​ទម្លាប់ ជា​ធម្មតា គេ​ត្រូវ​ទុក​បាយ​បត្តបូរ​នៅ​ទី​វត្ត​, ឯ​បាយ​បិណ្ឌ គេ​ត្រូវ​នាំ​យក​ទៅ ផ្ទះ ដើម្បី​នឹង​ប្រើ​ការ​នៅ​ពេល​ដែល​គេ​បញ្ចប់​បុណ្យ​នេះ ។ ក្រៅ​ពី​បាយ​បិណ្ឌ និង បាយ​បត្ត​បូរ គេ​មាន​ធ្វើ​ផ្កា​បិណ្ឌ ដែល​មាន​បាច់​ផ្កា ១ រាង​ដូច​សាជី​ជ្រុង ថែម​ទៀត ។ ផ្កា​បិណ្ឌ​មាន​ឆ្អឹង កណ្ដាល​ធ្វើ​អំពី​ឫស្សី កំពស់​ប្រហែល​ជា ១​ម. មាន​ស៊ក​កង់​ឈើ​មូល ៗ ជា​ថ្នាក់​រាង​ធំ​ក្រោម រៀវ​តូច​ទៅ​លើ ។

នៅ​កន្លែង​កង់​ជា​ថ្នាក់ ៗ នោះ​មាន​ដោត​ផ្កា​ញ័រ ធ្វើ​ដោយ​ស្ពាន់​ក្រាប​នឹង​ក្រដាស​គ្រប់​ពណ៌ ដោយ​នៅ​ចុង​ទង់ ធ្វើ​ដោយ​ខ្សែ​លួស តែ​កាល​ណា​មាន​ខ្យល់​បក់​មក សូម្បី​​តិច​យ៉ាង​ណា ក៏​អាច​ធ្វើ​ផ្កា​ទាំង​នោះ ឲ្យ​រញ្ជួយ​ញ័រ​ ៗ ដែរ នៅ​កំពូល​ស៊ុម ផ្កា​នោះ​មាន​រូប​ហ្ស​តូច​មួយ​ធ្វើ​ដោយ​ឈើ នៅ​លើ​ខ្នង​ហង្ស​មាន​ដោយ​ទៀន ១ ផង ។ នៅ​វត្ត​ខ្លះ ពួក​ទាយក ទាយិកា នាំ​គ្នា​ផ្លាស់​ទៀន​នេះ រាល់​យប់ ។គេ​ធ្វើ​ផ្កា​បិណ្ឌ ដើម្បី​ឧទ្ទិស​បូជា​ដល់​ប្រះ​ចូឡា​មណី​ចេតិយ នៅ​ឯ​ឋាន​ត្រៃត្រឹង្ស ដែល​ជា​ទី​តម្កល់​ព្រះ​កេសា​នៃ​ព្រះ​បរម​សាស្ដា ​ដែល​ទ្រង់​បាន​កាត់​នៅ​ពេល​ដែល​ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស ។

ចាប់​តាំង​ពី​ថ្ងៃ​ពេញ​បូរមី ខែ​ភទ្របទ​មក ទាយក ទាយិកា នាំ​គ្នា​ទៅ​ប្រជុំ​នៅ​ទីសាលា​វត្ត ដែល​គេ​វាន​ចាត់​ចែង រៀប​ចំ​លំអរ ជា​ស្រេច​សម្រាប់​បុណ្យ ដើម្បី​ស្ដាប់​ព្រះ​សង្ឃ​សូត្រ​មន្ត និង សំដែង​ធម្មទេសនា ។ លុះ​ចប់​ធម៌​ទេសនា ហើយ​គេ​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទីលំនៅ​រៀង ៗ ខ្លួន​ដល់​ថ្ងៃ​បន្ទាប់​មក​ ទើប​នាំ​គ្នា​ក្រោកពី​យប់​ទី​ប្រជុំ​នៅ​ឯ​ទី​វត្ត​ទៀត ។អ្នក​ណា​ទៅ​ដល់​វត្ត​មុន​គេ អ្នក​នោះ ទូង​ស្គរ​ជា​សញ្ញា ដល់​​អ្នក​ជើង​វត្ត​ឯ​ទៀត ។

ពេល​ឮ​សញ្ញា​ស្គរ​វត្ត​ហើយ គេ​ប្រញាប់​ប្រញាល់​នាំ​បាយ​បិណ្ឌ បាយ​បត្ត​បូរ និង ម្ហូប​ចំណី​ផ្សេង ៗ ទៅ​កាន់​វត្ត​យ៉ាង​រួសរាន់ ។ ដល់​ហើយ​នាំ​គ្នា​ដើរ​ទក្ខិណាព័ត៌​ព្រះ​វិហារ ៣ ជុំ រួច​ទើប​នាំ​គ្នា​ចូល​ទៅ​ស្ដាប់​ព្រះសង្ឃ​​ស្វាធ្យាយ​ធម៌ ។ ធម៌​ដែល​ព្រះ​សង្ឃ​សូត្រ​នៅ​ពេល​នោះ​មាន ២ យ៉ាង, ធម៌​មួយ​យ៉ាង សម្រាប់​ឧទ្ទិស​គ្រៀង​សំណែន​ដល់​ខ្មោច ធម៌​មួយ​ទៀត សម្រាប់​តឿន​ព្រះ​អាទិត្យ​ឲ្យ​រះ​ឆាប់​ឡើង ។ព្រលឹមឡើង អ្នក​វេន​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់​ស្រូប​ហើយ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ យក​ទាំង​បាយ​បិណ្ឌ​ទៅ​ផង ។ ដល់​ថ្ងៃ​ជិត​ត្រង់ ទើប​នាំ​គ្នា​យក​ចង្ហាន់ ទៅ​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់​ម្ដង​ទៀត ។ គេ​ធ្វើ​ដូច្នេះ​រហូត​ដល់​គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃ​ទី ១៥ នេះ​ហើយ​ដែល​ជា​ថ្ងៃ​សំខាន់​ជាង​គេ ។


ពិធី​ក្នុង​ព្រះ​បរម​រាជវាំងៈ

នៅ​ព្រះ​បរម​រាជវាំង ព្រះ​មហាក្សត្រ​ខ្មែរ​តែង​ធ្វើ​ព្រះ​រាជកុសល​កាន់​បិណ្ឌ​ជា​ទម្លាប់​មក ចាប់​តាំង​ពី​ថ្ងៃ ១១ រោច ។ នៅ​ពេល​នេះ យើង​សូម​ជូន​អំពី​ ព្រះរាជ​ពីធី​យ៉ាង​សង្ខេប, ព្រោះ​ថា​ក្រៅ​អំពី​ការរុងរឿង អធិកអធម​ក្នុង​ការ​រៀប​ចំ​ពិធី ពុំ​មាន​ទំនៀម​ប្លែក​ប៉ុន្មាន​អំពី​ទំនៀម​រាស្ត្រ​ឡើយ ។ ខាង​ទំនៀម​ព្រះ​មហាក្សត្រ ធ្វើ​ផ្កា​បិណ្ឌ​ច្រើន​ជាំង​នៅ​ទី​ដទៃ ព្រោះ​គេ​ធ្វើ​ជំនួស​បាយ បត្តបូរ​យើង​ធម្មតា ។

ផ្កា​បិណ្ឌ​ដែល​ប្រើ​ក្នុង​ព្រះ​រាជ​ពីធី ក៏​មាន​រាង​ធំ​ក្រោម​ ស្រួច​លើ​ដែរ ប៉ុន្តែ​នៅ​ចន្លោះ​ផ្កា​ញ័រ​ មាន​ដោត​ក្បាច់​កញចាំង​ឆ្លាក់​ភ្ជាប់ នឹង​សាច់​អំពៅ​ព្រោះ​តែ​ម្ដង ហើយ​នៅ​ថ្នាក់​ក្រោម​បង្អស់​មាន​ដោត​ទង់​រូប​ក្រពើ និង ទង់​រូប​នាគ​ធ្វើ​ដោយ​ស្ពាន់​ក្រាប ។ ព្រះ​រាជ​ពិធី​តែង​ធ្វើ​នៅ​ក្នុង​ព្រះ​ទេវា​វិនិច្ឆ័យ, នៅ​លើ​តុ​​មួយ​គេ​តំកល់​ប្រះ​ពុទ្ធ​រូប ១ អង្គ​ដែល​គេ​បាន​អភិសេក​ពី​ឆ្នាំ​មុន​រួច​ហើយ ដល់​ថ្ងៃ​បង្ហើយ​បុណ្យ គេ​ត្រូវ​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ថ្មី​ទៀត ។

នៅ​ថ្ងៃ​ ១១ រោច ដែល​ជា​ថ្ងៃ​ផ្ដើម​បុណ្យ ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត​នៅ​ក្នុង​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ ។ ស្អែក​ឡើង​គឺ​ថ្ងៃ​ ១២ រោច ព្រះ​សង្ឃ​ត្រូវ​និមន្ត​តាំង​ពី​ម៉ោង ៤ ភ្លឺ​ដើម្បី​ស្វាធ្យាយ ធម៌​រហូត​ដល់​ម៉ោង ១០ ទើប​ក្រុម​សង្ឃ​ការី រៀប​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​ការី​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆាន់ ។ វេលា​រសៀល ថ្ងៃ​ដដែល ត្រូវ​វេន​ព្រះ​សង្ឃ​ដ៏​ទៃ​ទៀត ទៅ​បំពេញ​កិច្ច​ដូច​ថ្ងៃទី ១ ដែល​យើង​បាន​ពោល​រួច​មក​ហើយ ។

ថ្ងៃ ១៣ រោច ពិធី​ដែល​ធ្វើ​តាំង​ពី​រសៀល​ថ្ងៃ​នេះ ទៅ​ទល់​នឹង​ព្រឹក​ថ្ងៃ​ស្អេក​ទៀត ជា​ពីធី​ថ្វាយ​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​អតីត​មហាក្សត្រ​ទាំង​ឡាយ ជា​ពិសេស​គឺ​ប្រះ​រាជា ៥ ព្រះអង្គ​ដែល​ទ្រង់​សោយ​ទីវង្គត​ក្រោយ​គេ គឺ​ព្រះ​ករុណា ព្រះ​អង្គឌួង ព្រះ​ករុណា​ព្រះ​នរោត្ដម ព្រះ​ករុណា​ព្រះ​ស៊ីសុវត្ថិ ព្រះ​ករុណា​ព្រះ​មុនីវង្ស និង ព្រះ​ករុណា​ព្រះ​សុរាម្រិត ។

នៅ​ថ្ងៃ ១៤ រោច ព្រះ​ករុណា, ព្រះ​រាជវង្សានុវង្ស ស្ដេច​ចេញ​ជា​ព្រះ​រាជា​ធិបតី​ជា​មួយ នឹង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ។ បន្ទាប់​មក គេ​និមន្ត​ព្រះសង្ឃ​បង្សុកូល គឺ​ជា​ការ​ពិចារណា​ដល់​ភាព​ឥត​ខ្លឹម​សារ​នៃ​មនុស្ស​ជាតិ និង ជា​កិច្ច​​បញ្ជូន​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ឲ្យ​បាន​រំដោះ​ផុត​ពី​ទុក្ខ​វេទនា ។ នៅ​វេលា​លោក​សង្ឃ​កំពុង​សូត្រ​គេ​យក​អំបោះ​ឆៅ​ប្រគេន​ព្រះសង្ឃ​គ្រប់​អង្គ​កាន់ ហើយ​យក​ចុង​សរសៃ​អំពោះ​ម្ខាង​ដាក់​ទៅ​ក្នុង​ផ្តិល​ទឹក​មន្ត​មួយ ។ ដែល​តម្កល់​នៅ​មុខ​ព្រះសង្ឃ​នាយក ហើយ​ចុង​ម្ខាង​ទៀត យក​ទៅ​ដាក់​ព័ទ្ធ​​ជុំវិញ​ហោព្រះ​អដ្ឋិ​ឯ​ណោះ ។ អំពោះ​នៅ​ជា​និមិត្ត​រូប​នៃ​ការ​ចម្លង​កម្លាំង​ធម៌ ខាង​សាសនា​ពី​អ្នក​រស់​នៅ​ទៅ​កាន់​អ្នក​ស្លាប់ ។

រួច​ពី​នោះ​មក ព្រះ​ករុណា​ទ្រង់​យក​បាច់​ផ្កា​ទៅ​ថ្វាយ​ចំពោះ​ព្រះ​បរម​រូប រូប​ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ​ចូល​ថ្វាយ​ផ្កា និង ថ្វាយ​បង្គំ​ព្រះ​បរម​រូប ជា​បន្ទាប់​ក្រោយ​ព្រះ​អង្គ ។

ត​មក​ទៀត ក្រុម​បារគូ​ចូល​ទៅ​​សូត្រ​ប្រសិទ្ធិពរ​ថ្វាយ​ព្រះ​បរម​រូប រូប​ចាង​ហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ ថ្វាយ​​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​បរម​រូប​ទៀត ដើម្បី​សូម​ព្រះ​អង្គ​បាន​ប្រកប​ដោយ​ព្រះ​សុភមង្គល​គ្រប់​យ៉ាង​ក្នុង​បរលោក ។ នៅ​ម៉ោង ៩ យប់ ព្រះ​ករុណា​ទ្រង់​យាង​មក​ជួប​ជុំ​ និង ព្រះ​រាជ​វង្សានុវង្ស ចៅ​ជិត​ចៅ​ចម ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ម្ដង​ទៀត​ដើម្បី​ធ្វើ​ពិធី​ “ ​ប្រជុំ​បិណ្ឌ​” ។ នៅ​ឱកាស​នោះ ព្រះ​ខ័ន​ស្ដេច​ត្រាញ់​ទាំង ៤ ក៏​ត្រូវ​អញ្ជើញ​មក​តម្កល់​ក្នុង​ពិធី​នោះ​ដែរ ។

សម័យ​បុរាណ តែ​កាល​ណា​ព្រះ​រាជ​អាណាចក្រ​ត្រូវ​បាន​រីក​ធំ​ឡើង ព្រះ​ករុណា​ទ្រង់​ជ្រើស​តាំង ព្រះ​រាជ​វង្សា​នុវង្ស ១ អង្គ ជា​ស្ដេច​ត្រាញ់​ដើម្បី​គ្រប់​គ្រង​តំបន់​ដែល​នៅ​ជិត​ព្រំ​ប្រទល់ ។ កាល​នោះ មាន​តែ​ស្ដេច​ត្រាញ់​បួន​ទេ ប្រចាំ​ទិស​ទាំង​ ៤ នៃ​ព្រះ​នគរ ។ ព្រះ​អង្គ​ទ្រង់​ព្រះរាជទាន ​មកុដ ១ ព្រះ​ខ័ន ១ និង ត្រា ១ ដល់​ស្ដេច​ត្រាញ់​ទាំង​នោះ មួយ​គ្រឿង ៗ មួយ​អង្គ ។


ប៉ុន្តែ​មកុដ និង ត្រា​បាត់​បង់​អស់​ទៅ​ហើយ នៅ​សល់​តែ​ព្រះ​ខ័ន ដែល​មាន​ពួក​បាគូ​មួយ​ក្រុម នៅ​វត្ត​បារាយណ៍​ក្នុង​ខេត្ត​កំពង់​ធំ នៅ​រក្សា​ដល់​សព្វ​ថ្ងៃ​នេះ ។ ព្រះ​ខ័ន ទាំង​បួន​មាន​សភាព​ដូច​គ្នា នៅ​លើ​មុខ​ព្រះខ័ន មាន​ឆ្លាក់​មន្ត​អាគម​ផង ហើយ​នៅ​លើ​ដង​មាន​ឆ្លាក់​​រូប​សត្វ​ ៤ បែប ។ សត្វ​ទាំង​ ៤ បែប​នោះ ទំនង​ជា​តំណាង​ចតុ​ទិស​នោះ​ឯង ។

ដោយ​ហេតុ​ថា​សម័យ​មុន ពួ​ស្ដេច​ត្រាញ់​ទាំង ៤ ត្រូវ​ចូល​ខ្លួន​ទៅ រាជ​ធានី ដើម្បី​គោរព​បូជា​ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​បុព្វបុរស របស់​ខ្លួន ទើប​ព្រះ​ខ័ន ទាំង​បួន ដែល​ជា​តំនាង​ស្ដេច​ត្រាញ់ ក៏​ត្រូវ​យក​មក​តម្កល់ ក្នុង​រាជ​ពិធី​ថ្វាយ​ព្រះ​រាជ​កុសល​នោះ​ដែរ ។

ក្រៅ​ពី​នោះ មាន​តុ​ពីរ​ទៀត នៅ​ចំ​ពី​មុខ​កន្លែង តម្កល់​ព្រះ​បរម​រូប ។ តុ​មួយ​មាន​គ្រឿង​ប្រដាប់​សុទ្ធ​សឹង​មាស គឺ​ជា​ដង្វាយ​ថ្វាយ ព្រះ​បិតរ​ចំពោះ​ព្រះ​សព​នៃ​ព្រះ​មហាក្សត្រ ទ្រង់​រាជ្យ ។ តុ ១ ទៀត​មាន​សុទ្ធ​តែ​គ្រឿង​ប្រាក់ ជា​ដង្វាយ​សម្រាប់​ថ្វាយ​ព្រះ​បិតរ ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​ព្រះ​រាជ​វង្សា​នុវង្ស ។ នៅ​ជិត​តុ​នោះ មាន​តុ​មួយ​តូច​មួយ​ទៀត តម្កល់​កែវ​ទឹក​ដូង ។

កាល​ព្រះ​ករុណា​ទ្រង់​យាង ដល់​ទី​ប្រជុំ​ហើយ ព្រះ​អង្គ​ទ្រង់​ព្រះ​រាជ​ទាន​ភ្លើង​អុជ​ទៀន គោល​ទាំង​គូ ដែល​ដាក់​នៅ​ចំពោះ​ព្រះ​ភក្ត្រ ព្រះ​បរម​រូប ។ បារ​គូ ៩ នាក់ សូត្រ​ថ្វាយ​ជ័យ​រួច​ចាក់​ទឹក​ស័ង្ខ​លើ​បាត​ព្រះ​ហស្ថ​ព្រះ​រាជា ហើយ​ថ្វាយ​ស័ង្ខ រួច​ថ្វាយ​ស្លឹក​ព្នៅ​ខ្ចី ១ សន្លឹក ដែល​ព្រះ​រាជា​ទ្រង់​ទទួល​សៀត​នៅ​ព្រះ​កាណ៌​ឆ្វេង ដើម្បី​សិរី​សួស្ដី ។

បន្ទាប់​មក​ទៀត ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ សូត្រ​បួងសួង​ព្រះ​បិតរ សូម​ឲ្យ​លោក​ទ្រទ្រង់​ព្រះ​មហា​ក្សត្រ និង រាស្ត្រ​ប្រជា​ ធំ​-តូច មាន​-ក្រ ដែល​រស់​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទាំង​មូល ទោះ​ជា​ជាតិ​សាស្ត្រ​ណា​ក៏​ដោយ សូម​ឲ្យ​បាន​សេចក្ដី​សុខ ចម្រើន​ទាំង​អស់ ។ លុះ​ចប់​កិច្ច​បួងសួង​ហើយ ព្រះ​ករុណា​ទ្រង់​យាង​ថ្វាយ​បង្គំ​ព្រះ​បរម​រូប​រួច​ទើប​ទ្រង់​យាង​ចាក់​ដូង​ជា​ក្រោយ ។ ត​មក​តៀត ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ចូល​ម្ដង ៤ នាក់ ៗ ដូច​មុន​ដែរ ។

បន្ទាប់​មក​ទៀត, ព្រះ​មហាក្សត្រីយានី​យាង​ចាក់​ទឹក​ដូង​តែ​មួយ​ព្រះ​អង្គ​ឯង រួច​ទើប​ក្រុម​ក្សត្រី ចៅ​ជិត ចៅ​ចម និង ភរិយា​​នាម៉ឺន​សព្វ​មុខ​មន្ត្រី ចូល​ចាក់​ទឹក​ដូង ម្ដង ៤ នាក់ ៗ ជា​លំដាប់​ ។ លុះ​ចប់​ពិធី​ចាក់​ទឹក​ដូង​ហើយ គេ​និមន្ត​ព្រះ​សង្ឃ​ទេសនា រឿង​ពុទ្ធ​ប្រវត្តិ រួច​រៀប​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ នៅ​ក្នុង​យប់​ជា​មួយ​គ្នា​នោះ ។ នៅ​ទី​វត្ត​ទាំង​ឡាយ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក៏​មាន​ធ្វើ​ពិធី​ដូច​គ្នា​នេះ​ដែរ ដែល​យើង​នឹង​ជូន​សេចក្ដី​អធិប្បាយ​ទៅ​ខាង​មុខ ។

ប៉ុន្តែ សូម​កត់​សម្គាល់​ថា ពិធី​ចាក់​ទឹក​ដូង និង បិធី​អភិសេក​ព្រះ​ពុធ្ធ​រូប តែង​ធ្វើ​នៅ​ព្រះ​បរម​រាជ​វាំង ២៤ ម៉ោង មុន​ទំនៀម​រាស្ត្រ​ក្នុង​ព្រះ​នគរ​ជា​ដរាប ។ ព្រះ​សង្ឃ​សូត្រ​ពុទ្ធា​ភិសេក​ទល់​ភ្លឺ ។ លុះ​ភ្លឺ​ស្រាង ៗ ហើយ ពួក​ភ្នាក់​ងារ​យក​គ្រឿង​ផ្ទុក​ក្នុង​សង្ឃឹក​ឈើ​មួយ​តូច ដែល​មាន​ភាព​ដូច​ជា​តំណាក់​ផែ រួច​សែង​យក​ទៅ​ឯង​កំពង់​ផែ ទៅ​ដល់​គេ​ផ្ទេរ​គ្រឿង​ទាំង​នោះ​ដាក់​ទៅ​ក្នុង​ក្បូន​ដើម​ចេក ។ គេ​យក​ទូក ១ មក​សណ្ដោង​អូស​រហូត​ដល់​កណ្ដល់​ទន្លេ ៤ មុខ ទើប​លែង​ក្បូន​ឲ្យ​អណ្ដែត​ទៅ​តាម​ខ្សែ​ទឹក បញ្ជូន​ទាំង​វិញ្ញាណ​ក្ខ័ន្ធ ព្រះ​បិតរ​ទៅ​ស្រុក​ទេស​វិញ​ផង ។

លុះ​ត្រឡប់​មក​វិញ ពួក​ភ្នាក់ងារ​រៀប​ធ្វើ​ពិធី​បង្សុកូល និង ប្រគេន​ចង្ហាន់​សង្ឃ​ជា​ការ​ស្រេច ។ ក្នុង​ពេល​ជា​មួយ​នឹង​ព្រះ​រាជ​ពិធី​កាន់​បិណ្ឌ​ និង ភ្ជុំ​បិណ្ឌ ក្រុម​បារគូ​ក៏​ធ្វើ​ពិធី​បូជា​ចំពោះ​ទេវរូប​នៅ​នា​យោ​ព្រះ​បញ្ចក្សេត្រ​ដែរ ។ គេ​ធ្វើ​ពិធី​អញ្ជើញ​ទេវរូប​ទាំង​នោះ​ឲ្យ​ចេញ​វស្សា​ជា​មួយ​ផង ។


ទំនៀម​រាស្ត្រៈ

ថ្ងៃ​ខែ​ដាច់​ខែ​ភទ្របទ ជា​ថ្ងៃ​សំខាន់​ជាង​​គេ​ក្នុង​រដូវ​បិណ្ឌ គឺ​ជា​ថ្ងៃ​ “ ​ប្រជុំ​បិណ្ឌ​” ឬ “ ​ភ្ជុំ​បិណ្ឌ​” ។ មុន​ថ្ងៃ​ភ្ជុំ​ ជា​ថ្ងៃ​ភ្ជុំ​ធំ, នៅ​គ្រប់​គ្រួសារ​ខ្មែរ​គេ​នាំ​គ្នា​ធ្វើ​នំ​អន្សម នំ​គម ដើម្បី​យក​ទៅ​វត្ត​អារម ចែក​ញាតិ​មិត្ត​ជិត​ឆ្ងាយ និង សែន​ជីដូន​ជីតា ដែល​ធ្វើ​មរណ​កាល​ទៅ​ហើយ​នោះ ។ ចំនែក​នៅ​ឯ​វត្ត គេ​រៀប​ចំ​បោស​សំអាត​តុប​តែង​សាលា​បុណ្យ​ឲ្យ​សរម្យ តាម​របៀប ព្រោះ​នៅ​វេលា​យប់​ ១៤ រោច​នោះ ព្រះ​សង្ឃ​ត្រូវ​និមន្ត​ស្វាធ្យាយ​ធម៌ និង ទេសនា​ទល់​ភ្លឺ ហើយ​គេ​មាន​ធ្វើ​ពិធី​បង្សុកូល និង អភិសេក​ព្រះ​ពុទ្ធ​រូប ដូច​ជា​យើង​បាន​ពោល​មក​ហើយ​ក្នុង​ព្រះរាជ​ពិធី ។

មាន​រឿង​ដំណាល​ថា កាល​នោះ ព្រះ​បរម​ពោធិសត្វ​ទ្រង់​មាន​សេក្ដី​តក់​ស្លុត នឹង​ជរា​ព្យាធិ និង មរណៈជា​ពន់​ពេក ទ្រង់​យាង​ចាក​ភេទ​ជា​ក្សត្រ ដើម្បី​ទៅ​ស្វែង​រក​ព្រះ​និព្វាន​ជា​ឋាន​បរម​សុខ ។ ព្រះ​អង្គ​ទ្រង់​ធ្វើ​ទុក្ខ​កិរិយា​អស់​រយៈ​កាល ៦​ ឆ្នាំ ទាល់​តែ​មាន​ប្រះ កាយ​ស្គាំង​ស្គម​យ៉ាង​ខ្លាំង ប៉ុន្តែ​ក្រោយ​បន្តិច​មក ប្រះ​អង្គ​ទ្រង់​ពិចារណា​ឃើញ​ថា ការ​ដេល​ទ្រង់​ប្រព្រឹត្ត​នេះ មិន​អាច​ធ្វើ​ឲ្យ​សម្រេច​មគ្គ​ផល​បាន​ទែ ទើប​ព្រះ​អង្គ​ចាប់​ឆាន់​ចង្ហាន់​ឡើង​វិញ ។ ត​ពី​នោះ​មក ប្រះ​អង្គ​ក៏​ព្រម​ទទួល​ចង្ហាន់​ដែល​នាង​សុជាតា​បាន​ធ្វើ​​ដោយ​ផ្ចិត​ផ្ចង់​អស់​ពី​ចិត្ត​ថ្វាយ​ព្រះ​អង្គ ។

ព្រះ​អង្គ​ទ្រង់​បាន​សម្រេច​ព្រះ​សម្ពោធិញ្ញាណ នៅ​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​គង្គ​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​មួយ ប៉ុន្តែ​មុន​នឹង​ទ្រង់​បាន​ត្រាស់​ដឹង មារា​ធិរាជ​ដែល​ជា​សត្រូវ តាម​ព្យាបាទ​ព្រះ​អង្គ​ជា​យូរ​ណាស់​មក​ហើយ ហើយ​ដោយ​សេចក្ដី​ក្ដៅ​ក្រហាយ​នឹង​បំបែរ​ព្រះ​ទ័យ​ព្រះ​អង្គ​ឲ្យ​ចុះ​អំ​ពី​រតន​បល្ល័ង្ក ។ ព្រះ​បរម​សា​ស្ដា​ទ្រង់​អាង​ដល់​នាង​គង្ហីង​ព្រះ​ធរណី ជា​កស្សិណ នាង​គង្ហីង​ចាង់​ផ្នួង​សក់​ច្បូត​ចេញ​ជា​ទឹក​លិចលង់​ពល​មារ​បរា​ជ័យ​ក្នុង​ពេល​នោះ​ហោង ។ ឯ​ទំ​នៀម​ធ្វើ​បុណ្យ អភិសេក​ព្រះ​ពុទ្ធ​រូប ជា​ទំនៀម​រំឭក​ដល់​​រឿង​ពុទ្ធ​ប្រវត្តិ ត្រង់​ដែល​ព្រះ​អង្គ​ផ្ចាញ់​មារាធិរាជ​នេះ​ឯង ។

ហេតុ​នេះ​ហើយ បាន​ជា​ក្នុង​ពិធី​ពុទ្ធា​ពិសេក​មាន​ក្មេង​ព្រហ្មចារី អង្គុយ​បក​ស្រូ​វ​ភោជសាលី និង ចំអិន​មធុបាយាស ដោយ​ទឹក​ដុង និង ភ្លើង​ទៀន​ជា​តំណាង​នាង​សុជាតា ។ ដល់​ពេល​ទៀប​ភ្លឺ មាន​យវជន​ជា​ច្រើន​រូប​តំណាង​ពល​មារ ចូល​ទៅ​ធ្វើ​អាការ​ហាក់​ជា​កំហែង​ព្រះ​អង្គ ពេល​នោះ​ពួក​កុមារី​បាន​ព្រាច​នូវ​ស្រទាប់​ផ្កា​ឈូក ជា​ការ​រំឭក​ដល់​កាល​ដែល​នាង​គង្ហីង​ធរណី​ច្បូត​សក់​បង្ហូរ​ទឹក​ឲ្យ​លិច​លង់​ពល​មារ ។

ពេល​ភ្លឺ​ស្រាង ៗ ទាយក​ទាយិកា នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​រៀង ៗ ខ្លួន ទៅ​សំរាក​បន្តិច ដើម្បី​នឹង​ត្រឡប់​មក​កាន់​វត្ត​វិញ នៅ​ពេល​ថ្ងៃ​ជិត​ត្រង់ ។ ជិត​ដល់​ពេល​ហើយ អ្នក​ស្រុក​ជើង​វត្ត​នាំ​គ្នា​ទូល​បាយ​បត្តបូរ បាយ​បិណ្ឌ​ម្ហូប​ចំណី​ផ្សេង ៗ ដែល​ធ្វើ​ដោយ​ផ្ចិត​ផ្ចង់​ទៅ​ប្រគេន​ព្រះ​សង្ឃ ដើម្បី​ឲ្យ​បាន​ផល​ដល់​ខ្មោច​ជីដូន​ជីតា ដែល​គេ​លែង​ឲ្យ​មក​ជួប​ជុះ​ក្នុង​ពេល​នោះ ។ នៅ​ស្រុក​ខ្លះ គេ​បង្វិល​ពពិល​បំបួស ដូន​ជី​មួយ​ផង នៅ​ឱកាស​នោះ ។

ពេល​ព្រលប់​ថ្ងៃ​ដដែល អ្នក​ស្រុក​ប្រមូល​ក្រុម​ញាតិ​នៅ​ផ្ទះ​រៀង​ខ្លួន ដើម្បី​សែន​ជីដូន​ជីតា ។ គេ​ក្រាល់​កន្ទេល ១ ដាក់​សំពត់​ស​ក្រាល​ពី​លើ មាន​ខ្នើយ ១ ផង នៅ​អម​កន្ទេល​ទាំង​សង្ខាង មាន​ថាស​ចំអាប បង្អែម បាយ​បិណ្ឌ និង បាយ​បត្តបូរ ។ លុះ​រៀប​ចំ​ស្រេច​កាល​នា មនុស្ស​ចាស់​ម្នាក់​ក្នុង​គ្រួសារ អុច​ធូប​ទៀន សំបូង​សំរូង អញ្ជើញ​ជីដូន​ជីតា ញាតិ​មិត្ត ដែល​បាន​ធ្វើ​មរណ​កាល​ទៅ​នោះ ឲ្យ​អញ្ជើញ​មក​សេព​សោយ អាហារ​ភោជន​ដែល​គេ​រៀប​ជូន និង ឲ្យ​សព្ទ​សាធុការ​ពរ ដល់​កូន​ចៅ​ញាតិ​សន្ដាន​ផង ។

ថ្ងៃ​ជា​បន្ទាប់​មក គឺ​ថ្ងៃ ១ កើត​ខែ​អស្សុជ គេ​ក្រោក​តាំង​ពី​យប់​នាំ​យក​ក្បូន​ដើម​ចេក ផ្ទុក​ដោយ​ស្បៀង​អាហារ ស្រូវ​អង្ករ នំ​នែក​គ្រប់​យ៉ាង យក​ទៅ​បណ្ដែត​ឲ្យ​រសាត់​តាម​ខ្សែ​ទឹក​ហូរ ហើយ​និយាយ​ថា សូម​ឲ្យ​ជីដូន​ជីតា​អញ្ជើញ​ត្រឡប់​ទៅ​ស្រុក​ដើម​វិញ​ចុះ ។

ក្នុង​ភូមិ​ខ្លះ​នៅ​ក្បែរ​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ដដែល​នោះ គេ​មាន​ថ្វើ​ពីធី​សេន ឬ​ ថ្វាយ​ព្រះ​ភូមិ​ផង ។ គេ​រៀប​ចំ​កន្ទេល​ខ្នើយ បាយ​ទឹក និង សំណែន​ផ្សេង ៗ ដូច​ជា​សែន​ដូនតា​ពី​ល្ងាច​ដែរ រួច​គេ​អញ្ជើញ​ព្រះភូមិ ព្រះ​ធរណី ឲ្យ​មក​សេព​សោយ​ព្រម​ទាំង​សុំ​ឲ្យ​កើត​ផល្លា​នុផល​បរិបូរ​ផង ។ ជួន​កាល បន្ទាប់​ពី​ការ​សែន​ព្រេន​ និង បួសងួង​នោះ​មក កូន​ក្មេង​ដែល​នៅ​ចាំ​ក្រោម​ផ្ទះ នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ វាយ​សរសរ​ផ្ទះ​ក្ដុងក្ដាំង បណ្ដើរ​ថា “ ​ឱ ! ព្រះ​ភូមិ​ករ ព្រះ​ធរណី យាង​មក​ឲ្យ​យើង​សុខ​សប្បាយ​ហើយ​” រួច​នាំ​គ្នា​សើច​លាន់​យ៉ាង​សប្បាយ​ទៅ ។

បន្ទាប់​មក​ទៀត កេ​យក​អំពោះ​ឆៅ​ទៅ​ចង​ដៃ​ម្ចាស់​ផ្ទះ​ប្រុស​ស្រី ចង់​សរសរ​កន្ទោង ចង​ស្នែង​គោ​ក្របី នង្គ័ល និង រនាស់ ។ អំបោះ​នេះ ជា​និមិត្ត​រូប​នៃ​សម្ពន្ឌ​មួយ​យ៉ាង​តឹង​រ៉ឹង រវាង​ភ្ញៀវ​ចូល​មក​ជួប​ជុំ និង អ្នក​ផ្ទះ ។ គេ​យក​ប្រេង ម្សៅ​ទៅ​លាប​ស្នែង​សត្វ​ពាហនៈ​ទាំង​នោះ ហើយ​សុំ​ខមា​ទោស កុំ​ឲ្យ​មាន​កម្មពៀរ ដោយ​បាន​ប្រើ និង វាយ​ដំ​សត្វ​នោះ ក្នុង​ការ​ធ្វើ​ស្រែ​ចំការ ។ រួច​អ្នក​ស្រែ​ចំការ​ នាំ​គ្នា​យក​ច្រម​ទៅ​ដោត​មួយ ៗ គ្រប់​រែស ។ ច្រម​នោះ​ធ្វើ​អំពី​ដើម​ឫស្សី​មួយ​កំណាត់ គេ​ច្រៀក​ចុង​ម្ខាង​ជា​បន្ទះ​ស្ដើង ៗ ហើយ​យក​វល្លិ៍​ក្រង​ឲ្យ​មាន​រាង​រីក​ចុង​រួម​គល់ ដូច​ជីវ​ឡាវ មាន​ដាក់​បាយ​ នំ ចំណី និង ចង​ស្លាប​មាន់​ខ្មៅ ១ នៅ​មាត់​ច្រក​នោះ​ផង ។ អ្នក​ស្រែ​យក​ច្រម​នោះ​ទៅ​ដោត​នៅ​ទិស​ឥសាន​ស្រែ ហើយ​ថយ​មក​អង្គុយ បួង​សួង​មួយ​សន្ទុះ សុំ​ឲ្យ​ធ្វើ​ស្រែ​បាន​ផល​ច្រើន ។ នៅ​កន្លែង​ខ្លះ​ទៀត គេ​យក​បាយ​បិណ្ឌ​ទៅ​ចោល​ក្នុង​ស្រែ​ដើម្បី​ឲ្យ​បាន​ផល​ច្រើន ។ ដោយ៥០០០ឆ្នាំ



បុណ្យ​ស្រដៀង​គ្នា​នេះ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅ​តៃវ៉ាន់ផងដែរ (ដែល​វា​ទាក់​ទង​ទៅ​នឹង​ការ​បើក​ទ្វានរក​ យមរាជ ជាដើម)។














ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​


ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។

បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង។


រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ

អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :

គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ

គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង

គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម…។

បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ​ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ​មាននូវ ផ្កាឈូក​រត័្ន​មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា​ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ​ត្រជាក់ស្រួល មិន​បណ្តាល​ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។

រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួកសត្វនរកទាំង នោះមាន​ការកោត​ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់​ព្រះអង្គ លោក​ក៏បាន ពន្យល់ សមែ្តង​ធម៌‌ទេសនា​អោយពួកសត្វ​នរកទាំងនោះស្តាប់ ក្រោយ​មកលោក ក៏​បានលាត្រឡប់ មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា : “ទូល​ព្រះបង្គំ​ទាំង​អស់គ្នាសព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើងនរក ណា​អត់អាហារ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក អាហារភោជន ឬ បច្ច័យបួន​មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន​នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់​ក៏មានច្រើនដែរ អ៊ី​ចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច​ហើយ ផ្សព្វផ្សាយ​ពរសព្វសាធុការផល្លានិសង្ឃ បុណ្យ​ដាក់បិណ្ឌ​ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ​បានផលជួបឧបត្ថម្ភឲ្យ បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​តទៅ”។

ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ​ព្រះពរ​ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី​ឲ្យប្រ ជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង​ពីពេលនោះ​រហូត​មក​ដល់​សព្វ​ថៃ្ងនេះ​។


មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជា ទៅចាប់កំណើតនៅ លោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :

ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)

ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។

ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាម ញ្ញសម្រាប់ប្រជា រាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។


ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បាន​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ខែ្មរ​យើង ហើយ​នោះ​ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។

លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស “ជ័យវរ្ម័ន” ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃ​ដែល​បួសក្នុង ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​បច័្ចយ​បួន មានចង្អាន់​បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​ឈេ្វង​យល់ថា​នៅ​រដូវវស្សា​ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​ នោះ​ជួបប្រទះ​នូវការលំបាក ខ្លាំងណាស់​ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោក​ដែល បណ្តាល​ឲ្យព្រះសង្ឃអង្គខ្លះ ត្រូវ​ដួល​លើភក់​ជ្រាំនោះ ក៏​នាំ​ឲ្យ​ព្រះ​អង្គ​​កើត ព្រះទ័យ​សងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយ​កុំនិមន្ត​ចេញ បិណ្ឌ​បាត្រ​ឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជ​ប្រកាស​ផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយ​ឧបត្ថម្ភ​បច្ច័យ​បួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។

ការអនុវត្តន៍បែបនេះ ចេះតែក្លាយ​បន្តិចម្តងៗ ប្រជារាស្រ្ត​ក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់​ថៃ្ង​ពេញ​បូរមី​ខែ​អស្សុជ​មិន​ឲ្យ​ព្រះសង្ឃ​ទៅណា​ទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗ​មកក៏សល់​រយៈពេលតិចទៅៗ រហូត​មកដល់សព្វ​ថៃ្ងនេះ អាស្រ័យ​ដោយ​កត្តា​ជីវភាព​រស់​នៅ​ក្នុងសង្គម​មានកា​រ​ប្រែប្រួល)។


រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ចាប់​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា​ ព្រោះ​នៅ​ក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ ចំណី​អាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​វស្សានរដូវ​ អាហារ​របស់​ពួក​ប្រេត​ ដូចជា​ភក់​ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាកសំណល់​អសោចិ៍​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។​ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ ពេល​១៥​ថ្ងៃ​នេះ​ មាន​ពពួក​បេតជន​ (ពួក​ប្រេត)​ សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​ ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​អនុញ្ញាត​ឲ្យ​មក​ស្វែង​រក​សាច់ញាតិ​នៅ​ តាម​វត្តអារាម​ផ្សេងៗ​ ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន។​ ម្យ៉ាង​វិញ​ទៀត​ បើ​តាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ បើ​ពពួក​បេតជន​ទាំងអស់​នោះ​ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​ នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ​នឹង​ស្រែក​យំ​ទន្ទ្រាំ​ជើង​ ព្រោះ​តែ​ការ​ខក​បំណង​ និង​ភាព​ស្រេក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត។​ ជា​ពិសេស​ពពួក​បេតជន​ទាំងអស់​នោះ​ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ​ កូន​ចៅ​ជា​មិន​ខាន។


ការ​ប្រារព្ធ​ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ

ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ បុរាណាចារ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំ​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់​បេតជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ។

នៅ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ នៃ​ការ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ​នេះ​ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​ជា ​ក្រុម​ដោយ​លោក​តា​អាចារ្យ​ចាត់ចែង​នោះ​ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ​ ដើម្បី​រៀបចំ​ធ្វើ​យាគូ​ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ ស្មើ​នឹង​៣​ទៅ​៤​មុខ​ម្ហូប។​ ពេល​ទូង​ស្គរ​ចំណាំ​វស្សា​ អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ​ បាយ​បត្តបូរ។​ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយ​បង្គំ​ធម៌​ សុខោ​ និង​ធម៌បរាភវសូត្រ។​ ចំណែក​ឯ​កូន​ចៅ​ដែល​នៅ​ផ្ទះ​ ត្រូវ​នាំ​គ្នា​ខិត​ខំ​ដុត​ដៃ​ដុត​ជើង​បបរ​ឬ​ស្លស្លុក​តាម​មុខ​ម្ហូប​នីមួយៗ ​ដោយ​ឡែក​ពី​គ្នា។​ លុះ​ដល់​ពេល​ព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន​ កណ្ដៀត​ យួរ​ កាន់​ ទូល​ រែក​ចង្ហាន់​ទៅ​វត្ត។

នៅ​ក្នុង​វត្ត​ លោក​តា​អាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា។​ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន​ ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរ​បាយ​បត្តបូរ។ល។​ លុះ​ដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគាថា​ចប់​ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូប​អាហារ​ ចំណី​ចូល​គំនាប់​ជូន​លោក​តា​អាចារ្យ​វត្ត​ ព្រម​ទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅ​ក្នុង​ថ្ងៃ​ វេន​របស់​ខ្លួន​នោះ​ផង​ដែរ។

ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲ​ទៅ​ជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឪកាសរួចផុតពីការជាប់​ទារុណកម្ម​នៅ​នរក ខណៈ​ដែលខ្លះទៀតត្រូវបានគេ​ដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវ​ត្រឡប់​ទៅទទួលទុក្ខ​វេទនា​នៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិស​ក្នុង​ពិធី​បុណ្យនេះផងដែរ។

សូម​បញ្ជាក់​ដែរ​ថា​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​ (ស៊ង)​ ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ។​ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម​ នំ​គម​ និង​បាយ​បត្តបូរ​ឲ្យ​ទៅ​សិស្ស​គណទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​ សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។​ ម្យ៉ាង​វិញ​ទៀត​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ កាល​ពី​សម័យ​បុរាណ​មាន​លេង​ល្បែង​ប្រណាំង​ក្របី​ សេះ​ ចាប់​ពី​២-៣​គូ​ ទៅ​តាម​តំបន់​រៀងៗ​ខ្លួន[ត្រូវការអំណះអំណាង]​ ដើម្បី​អបអរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។​ លើស​ពី​នេះ​ទៅ​ទៀត​ក្របី​ សេះ​ និង​របស់​ដែល​ត្រូវ​ប្រកួត​ គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​ លាប​ពណ៌​រលើបរលោង​ មាន​ពាក់​ប្រឡៅ​ កណ្ដឹង​ត្រដោក​ ឬ​ចង្ក្រង​ជាដើម។[ត្រូវការអំណះអំណាង]​ ​ កន្លែង​ខ្លះ​ទៀត​មាន​លេង​ល្បែង​ផ្សេងៗ​ខុស​ពី​នេះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទំនៀមទម្លាប់​នេះ​ចេះ​តែ​បាត់ៗ​ រួញ​ថយ​បន្តិច​ម្ដងៗ​ សាសនា​កាន់​តែ​កន្លង​វែង​ទៅ​ នាំ​ឲ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែ​បាត់បង់​ច្រើន​ណាស់​ដែរ៕


បរាភវសូត្រ

បរាភវសូត្រ​ (អាន​ថា​ ប៉ៈ រ៉ា​ ភៈ​ វៈ​) តែង​​ត្រូវ​​បាន​ព្រះសង្ឃ​សូត្រ​នៅ​ក្នុង​ព្រះវិហារ​​ជា​រៀងរាល់​ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ​ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​កាន់​បិណ្ឌ។ នៅ​ក្នុង​បរាភវសូត្រ​នេះ​​ជា​រឿយៗ​គេ​ឮ​ឃ្លា​មួយ​ដែល​ថា​ នាំ​ឲ្យ​វិនាស។ ឃ្លា​នេះ​ជា​ហេតុ​នាំ​​ឲ្យ​អ្នក​ខ្លះ​មាន​ទស្សនៈ​ថា​ ពួក​គេ​មិន​ហ៊ាន​ស្ដាប់​ធម៌​​បរាភវសូត្រ​ទេ​ ព្រោះ​ខ្លាច​វិនាស។

តាម​ពិត​បរាភវសូត្រ​មាន​ន័យ​ថា «មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​​ ឬ​ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស»។ សូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ខុទ្ទកនិកាយ​​ សុត្តនិបាត​ តតិយភាគ​ទី​៥៤​ ទំព័រ​ទី​៣៦។ ធម៌​នេះ​យើង​អាច​អះអាង​ថា​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាស​ ហើយ​ឲ្យ​គេ​ជៀសវាង​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​​វិនាស​ហើយ​ ប្រសិន​បើ​គេ​មិន​បាន​ស្ដាប់​ធម៌​នេះ​ គេ​អាច​​នឹង​មិន​ដឹង​ពី​ហេតុ​​ដែល​នាំ​ឲ្យ​វិនាស​​ហេតុ​នេះ​អាច​នឹង​ប្រព្រឹត្ត​ខុស​ជា​​ហេតុ​នាំ​ឲ្យ​វិនាស​ទៅ​វិញ​ទេ។ ក្នុង​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុ​ផល​សាមញ្ញៗ​ និង​ជាក់ស្ដែង​​ដូចជា​ថា​ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក​ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី​ភាព​ជា​បុគ្គល​អកត្ដញ្ញូ​ មិន​ដឹង​គុណ​ឪពុកម្ដាយ​ អ្នក​លេង​ល្បែង​ ៣​ប្រការ​ គឺ​​ល្បែង​ស្រី​ ល្បែង​ស្រា​ និង​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​ ភាព​ជា​អ្នក​ខ្ជិល​ច្រអូស​ជា​ដើម​ថា​ហេតុ​នាំ​មក​នូវ​ក្ដី​វិនាស។


ការ​បោះបាយ​បិណ្ឌ

នៅ​ព្រលឹម​ម៉ោង​៤ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ដើរ​ទៅវត្ដ​អារ៉ាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះរបស់​ខ្លួន ជាមួយ​នឹងនំចំណី​ដែល​ធ្វើរួច​ជាស្រេច​ដាក់ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅវត្ដ។ ការ​បោះបាយ​បិណ្ឌ​ជាជំនឿ​អរូបិយ​មួយ​ផងដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក ដើម្បី​បញ្ជូន​ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​សន្ដាន​សាច់​សាលោ​ហិតដែល បាន​ចែកឋាន​ទៅ​បរលោក។

ការ​បោះ​បាយ​បិណ្ឌ (ការ​បោះ​ដុំ​បាយ) ជា​សកម្មភាព​មួយ​ដែល​មិន​​ទាន់​មាន​ឯកភាព​​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅ​ឡើយ​ ដោយ​អ្នក​ខ្លះ​បាន​ចាត់​ទុក​​ការ​បោះ​បិណ្ឌ​​​ជា​កិច្ច​​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ​ ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង​ និង​រិះគន់​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ ជា​ភាព​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជា​ដើម។ អ្នក​ដែល​​ជឿ​ថា​ បោះ​បាយ​បិណ្ឌ​​មាន​ប្រយោជន៍​គិត​ថា​ បោះ​បាយ​បិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត​ (ហេតុ​នេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយ​បិណ្ឌ​ទេ​ តែ​ហៅ​ថា​បាយ​ប្រេត)។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ការ​​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ។

ប្រវត្តិពួកប្រេត និងជំនឿលើការបោះបាយបិណ្ឌ


ការ​ពូនភ្នំ​ខ្សាច់​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ទាក់ទិន​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើកឡើង​អំពី​ការពូន​ភ្នំខ្សាច់ នៅអំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌ​នេះ វាជា​ជំនឿ​មួយដែល​ខ្មែរយើង​ទូទៅ​យល់ថា វាល្អ​ហើយ​មាន​ប្រយោជន៍​ទើប​ពួកគាត់​ធ្វើ។ ហើយ​បានដាក់​លុយ​ទៅតាម​ភ្នំខ្សាច់​នីមួយៗ ព្រមទាំង​អុជធូប​ស្មាលា កំហុស​បាប​មួយ​ចំនួន​ដែលខ្លួន​បានសាង​ឡើង ដោយ​មិនបាន​ចាប់អារម្មណ៍​កន្លង​មក។ ការ​ពូនភ្នំ​ខ្សាច់នេះ​ក៏ជាការ​ឧទ្ទិសកុសល​មួយ​ជូនដល់​ឧបការីជន​ទាំងឡាយ​ដែលបាន​លាចាក​លោក​ផងដែរ។


ប្រេត

អត្ថបទ​លម្អិត៖ ប្រេត

បើតាម​គម្ពី​ព្រះពុទ្ធ​សាសនា​បាន​ចែងថា មនុស្ស​ដែលស្លាប់​ទៅតែង​ទៅកើត​ទីផ្សេងៗ​តាម​កម្ម​របស់ខ្លួន។ មនុស្ស​ចិត្ដអាក្រក់ ដែលបាន​ធ្វើបាប​កម្ម​ផ្សេងៗ លុះស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​៤ប្រភេទ គឺប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយខ្ទុះ​ឈាម ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែលភ្លើង​ឆេះ​ជានិច្ច និងប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឱ្យ។ គេ​តែង​និយម​ជ្រើសរើស​ចំថ្ងៃ​រនោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះចន្ទ​ពុំសូវ​មាន​ពន្លឺ ហើយ​ចេះតែ​ង​ងឹត​ទៅៗ ព្រោះ​ឱកាស​នោះហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។ ប្រសិន​បើ​រយៈពេល​១៥ថ្ងៃ ពួកប្រេត​ដើរ​រកគ្រប់វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណាធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅឱ្យ​ទេ ពួកគេ​នឹងអត់​បាយ​អត់ទឹក​ស្រេកឃ្លាន​រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ​ផៅទាំង​ប្រាំពីរ​សន្ដាន។  ប្រភព៖ សាវតាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ



បុណ្យ​ស្រដៀង​គ្នា​នេះ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅ​តៃវ៉ាន់ផងដែរ (ដែល​វា​ទាក់​ទង​ទៅ​នឹង​ការ​បើក​ទ្វានរក​ យមរាជ ជាដើម)។




សំណង់ព្រះវិហារដ៏ចំណាស់ និងស្ថាបត្យកម្មល្អឯក នៅវត្តល្អក់ ឬអារញ្ញរង្សី ត្រូវបានអភិរក្ស



វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។


ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់អំពីឥដ្ឋ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វាចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែនៃជហ្វា បានឆ្នៃឆ្លាក់ជារូបមុខមនុស្ស។ 


ចំពោះហោជាងសងខាងនៃព្រះវិហារ ត្រូវបានសាងអំពីឈើ នៅហោជាងខាងកើតមានឆ្លាក់រូបព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស គឺឋានសួគ៌ជាន់ទី២ ដែលតម្កល់នូវព្រះកេសាព្រមទាំងស្នៀតព្រះកេស និងព្រះចង្កូមកែវខាងស្តាំ នៃព្រះសក្សមុនីសម្មាសម្ពុទ្ធ។


បច្ចុប្បន្នព្រះវិហារកំពុងធ្វើការជួសជុល និងអភិរក្សឡើងវិញ ដើម្បីរក្សានូវស្នាដៃ ដែលជាកេរដំណែលដ៏ពិសិដ្ឋ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្ម និងជាមរតករបស់បុព្វការីជនយើង ឱ្យនៅគង់វង្សជាបន្តទៅទៀត៕


















អត្ថបទនិងរូបភាព៖ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ

សិទ្ធិមនុស្សជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ


(ហ្សឺណែវ)៖ គណៈប្រតិភូសរុបចំនួន៣២ប្រទេស បានចូលរួម កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុម ប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឮយ៉ាងកងរំពងនូវការសម្ដែងការកោតសរសើរនិងទទួលស្គាល់ជាទូទៅ របស់គណប្រតិភូលើសមិទ្ធផលសម្រេចបាន គួរឱ្យកត់សម្គាល់ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាច្រើន រួមទាំងការអនុញ្ញាតឱ្យមានទស្សនកិច្ចដោយគ្មានការរារាំង ការធ្វើការជាមួយ និងការ បន្តអាណត្តិអ្នករាយការណ៍ពិសេសនៅកម្ពុជា។

គណៈប្រតិភូចំនួន២៣ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធិផល ដែល កម្ពុជាសម្រេចបានក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍជាតិលើទិដ្ឋភាពជាច្រើន ព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកវិធីសាស្ត្រការងារប្រកបដោយ តុល្យភាពនិងស្ថាបនា ដោយពិចារណាផងដែរចំពោះទស្សនទានរបស់រដ្ឋាភិបាល និងកាលៈទេសៈ របស់ប្រទេស។ កម្ពុជាទទួលបានការកោតសរសើរលើភាពជោគជ័យនៃការបោះឆ្នោតសកលឆ្នាំ ២០២៣ ដោយវត្តមានអ្នកទៅបោះឆ្នោតខ្ពស់រហូតដល់ជាង ៨៤.៥៩ % ដើម្បីជ្រើសរើសគណ បក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១៨ ប្រព្រឹត្តទៅក្នុងបរិយាកាស សេរី ត្រឹមត្រូវ មានតម្លាភាព គួរជាទីជឿទុកចិត្ត និងយុត្តិធម៌។

គណប្រតិភូបានថ្លែងកោតសរសើរ ក្នុងនោះរួមមាន ការឆ្លើយតបដោយជោគជ័យទៅនឹងជំងឺរាតត្បាត កូវីដ-១៩ ការងើបឡើងនូវសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ការផ្ដួចផ្ដើមកម្មវិធីគាំពារសង្គមជាច្រើន រួម ។ ទាំងកិច្ចដំណើការមូលនិធិជាតិជំនួយសង្គម ជួយដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ សិទ្ធិជនជាតិភាគតិច និងជនមានពិការភាព សេរីភាពសាសនា កំណើនអត្រាអក្ខរកម្ម កំណើនវិភាជថវិកាលើ វិស័យសង្គមកិច្ច និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កិច្ចខិតខំប្រឹងប្រែងនិងការ ប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីសក៏ត្រូវ បានទទួលស្គាល់ផងដែរ។ គណប្រតិភូខ្លះបានទទួលស្គាល់វឌ្ឍនភាពនិងសមិទ្ធិផលសម្រេចបាន របស់កម្ពុជាលើការលើកកម្ពស់តួនាទីស្ត្រីក្នុងកិច្ចការមុខងារសារធារណៈ សន្តិភាពនិងសន្តិសុខ ការដោះមីន និងសហគ្រិនភាព ព្រមទាំងស្វាគមន៍វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ គណប្រតិភូខ្លះបានកត់សម្គាល់នូវភាពរស់រវើកនិងចំនួនដ៏ច្រើននៃអង្គភាពសារព័ត៌មាន អង្គការ សង្គមស៊ីវិល និងសហជីព នៅកម្ពុជា។

ដោយឡែក គណៈប្រតិភូចំនួន ៩ ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សាខាងលើដោយបញ្ចេញ មតិទិតៀន អំពាវនាវឱ្យកម្ពុជាលើកកម្ពស់លំហពលរដ្ឋនិងនយោបាយ រួមទាំងការគោរពបន្ថែម ទៀតនូវសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្តុំដោយសន្តិវិធី ព្រមទាំង ឯករាជ្យភាពប្រព័ន្ធតុលាការ។ ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរទាំងអស់បានស្វាគមន៍ កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងវឌ្ឍនភាពសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេស កំណើនវិភាជថវិកាសម្រាប់វិស័យសង្គម និងអប់រំ និងសុខាភិបាល។ គណៈប្រតិភូទាំងនោះក៏បានកត់សម្គាល់ជាវិជ្ជមាននូវកិច្ចខិតខំប្រឹង ប្រែងក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ៖





Press Release: Permanent Mission of the Kingdom of Cambodia to the UN; “Cambodia’s Various Rights Praised at the United Nation Debate in Geneva “ 








សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញកាន់បិណ្ឌវេនទី១៣ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ



សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តប្រកបដោយទឹកចិត្តជ្រះថ្លាបំផុតចំពោះពិធីបុណ្យប្រពៃណីជាតិដ៏មានសារៈសំខាន់មួយនេះ ដោយនៅក្នុងឱកាសនោះ មុន នឹងអញ្ជើញចូលរួមក្នុងពីធីបុណ្យកាន់បិណ្ឌ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រារព្ធពិធីបង្សុកូលនៅមុខ ចេតិយអ្នកមានគុណស្ថិតនៅក្នុងបរិវេណវត្តគីរីសុវណ្ណរាមដើម្បីជាកិច្ចឧទ្ទិសកុសលដល់បុព្វការីជន មាតាបិតា ជីដូន ជីតា និងញាតិការ៧សណ្តានក្នុងឱកាសរដូវបុណ្យ ភ្ជុំបិណ្ឌ។

ក្នុងឱកាសនេះ បន្ទាប់ពីពិធីបង្សុកូលនៅចេតិយរួចរាល់មក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំងបុត្រ ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ រួមនិងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ជាមួយនិងបងប្អូនប្រជាពុទ្ធបរិស័ទនៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ។

វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ជាវត្តមានវ័យចំណាស់មួយក្នុង តំបន់នេះ ហើយបច្ចុប្បន្នទីអារាមវត្តទាំងមូលមានការរីកចំរើន យ៉ាងខ្លាំងអាស្រ័យដោយទទួលបានការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រី។ វត្តនេះ មានសមិទ្ធផលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការខាងវិស័យព្រះពុទ្ធសាសនា ។ទន្ទឹមនិងនេះ ព្រះសង្ឃ គណៈកម្មការវត្តគីរីសុវណ្ណារាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ដែលសម្តេចទាំងទ្វេរ បានជួយកសាងសមិទ្ធិផលជាច្រើនបំរើអោយវិស័យពុទ្ធចក្រ ហើយសម្តេចតែងតែអញ្ជើញមកចូលរួមក្នុងពិធី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្យ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវនេះជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។

បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀតដែលប្រជាជនកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយប្រារព្ធធ្វើក្នុងរយះពេល១៥ថ្ងៃចាប់ពីថ្ងៃ១រោចខែភទ្របទរហូតដក់ថ្ងៃ១៥រោចខែភទ្របទ។រៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសណ្តានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

នៅក្នុងឱកាសនេះ បន្ទាប់ពីពិធីនមស្សការព្រះរតនត្រ័យ សមាទានសីលចប់សព្វគ្រប់រួចមក សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បានអញ្ជើញរាប់បាត ប្រគេនភត្តហារ បវរណាចតុបច្ឆ័យប្រគេនព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានប្រារព្ធធ្វើនាពេលនេះជូនចំពោះដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមអោយ មកទទួលនូវផល្លាអានិសង្ឃដ៏ជ្រះថ្លាដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា បានឧទ្ទិសជូនតាមរយៈព្រះសង្ឃក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ និងសូមអោយអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់អោយវិញ្ញាណក្ខ័ន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តានរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។