Thursday, October 12, 2023

សិទ្ធិមនុស្សជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ


(ហ្សឺណែវ)៖ គណៈប្រតិភូសរុបចំនួន៣២ប្រទេស បានចូលរួម កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុម ប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឮយ៉ាងកងរំពងនូវការសម្ដែងការកោតសរសើរនិងទទួលស្គាល់ជាទូទៅ របស់គណប្រតិភូលើសមិទ្ធផលសម្រេចបាន គួរឱ្យកត់សម្គាល់ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាច្រើន រួមទាំងការអនុញ្ញាតឱ្យមានទស្សនកិច្ចដោយគ្មានការរារាំង ការធ្វើការជាមួយ និងការ បន្តអាណត្តិអ្នករាយការណ៍ពិសេសនៅកម្ពុជា។

គណៈប្រតិភូចំនួន២៣ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធិផល ដែល កម្ពុជាសម្រេចបានក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍជាតិលើទិដ្ឋភាពជាច្រើន ព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកវិធីសាស្ត្រការងារប្រកបដោយ តុល្យភាពនិងស្ថាបនា ដោយពិចារណាផងដែរចំពោះទស្សនទានរបស់រដ្ឋាភិបាល និងកាលៈទេសៈ របស់ប្រទេស។ កម្ពុជាទទួលបានការកោតសរសើរលើភាពជោគជ័យនៃការបោះឆ្នោតសកលឆ្នាំ ២០២៣ ដោយវត្តមានអ្នកទៅបោះឆ្នោតខ្ពស់រហូតដល់ជាង ៨៤.៥៩ % ដើម្បីជ្រើសរើសគណ បក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១៨ ប្រព្រឹត្តទៅក្នុងបរិយាកាស សេរី ត្រឹមត្រូវ មានតម្លាភាព គួរជាទីជឿទុកចិត្ត និងយុត្តិធម៌។

គណប្រតិភូបានថ្លែងកោតសរសើរ ក្នុងនោះរួមមាន ការឆ្លើយតបដោយជោគជ័យទៅនឹងជំងឺរាតត្បាត កូវីដ-១៩ ការងើបឡើងនូវសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ការផ្ដួចផ្ដើមកម្មវិធីគាំពារសង្គមជាច្រើន រួម ។ ទាំងកិច្ចដំណើការមូលនិធិជាតិជំនួយសង្គម ជួយដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ សិទ្ធិជនជាតិភាគតិច និងជនមានពិការភាព សេរីភាពសាសនា កំណើនអត្រាអក្ខរកម្ម កំណើនវិភាជថវិកាលើ វិស័យសង្គមកិច្ច និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កិច្ចខិតខំប្រឹងប្រែងនិងការ ប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីសក៏ត្រូវ បានទទួលស្គាល់ផងដែរ។ គណប្រតិភូខ្លះបានទទួលស្គាល់វឌ្ឍនភាពនិងសមិទ្ធិផលសម្រេចបាន របស់កម្ពុជាលើការលើកកម្ពស់តួនាទីស្ត្រីក្នុងកិច្ចការមុខងារសារធារណៈ សន្តិភាពនិងសន្តិសុខ ការដោះមីន និងសហគ្រិនភាព ព្រមទាំងស្វាគមន៍វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ គណប្រតិភូខ្លះបានកត់សម្គាល់នូវភាពរស់រវើកនិងចំនួនដ៏ច្រើននៃអង្គភាពសារព័ត៌មាន អង្គការ សង្គមស៊ីវិល និងសហជីព នៅកម្ពុជា។

ដោយឡែក គណៈប្រតិភូចំនួន ៩ ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សាខាងលើដោយបញ្ចេញ មតិទិតៀន អំពាវនាវឱ្យកម្ពុជាលើកកម្ពស់លំហពលរដ្ឋនិងនយោបាយ រួមទាំងការគោរពបន្ថែម ទៀតនូវសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្តុំដោយសន្តិវិធី ព្រមទាំង ឯករាជ្យភាពប្រព័ន្ធតុលាការ។ ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរទាំងអស់បានស្វាគមន៍ កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងវឌ្ឍនភាពសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេស កំណើនវិភាជថវិកាសម្រាប់វិស័យសង្គម និងអប់រំ និងសុខាភិបាល។ គណៈប្រតិភូទាំងនោះក៏បានកត់សម្គាល់ជាវិជ្ជមាននូវកិច្ចខិតខំប្រឹង ប្រែងក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ៖





Press Release: Permanent Mission of the Kingdom of Cambodia to the UN; “Cambodia’s Various Rights Praised at the United Nation Debate in Geneva “ 








No comments:

Post a Comment