Thursday, October 12, 2023

សំណង់ព្រះវិហារដ៏ចំណាស់ និងស្ថាបត្យកម្មល្អឯក នៅវត្តល្អក់ ឬអារញ្ញរង្សី ត្រូវបានអភិរក្ស



វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។


ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់អំពីឥដ្ឋ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វាចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែនៃជហ្វា បានឆ្នៃឆ្លាក់ជារូបមុខមនុស្ស។ 


ចំពោះហោជាងសងខាងនៃព្រះវិហារ ត្រូវបានសាងអំពីឈើ នៅហោជាងខាងកើតមានឆ្លាក់រូបព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស គឺឋានសួគ៌ជាន់ទី២ ដែលតម្កល់នូវព្រះកេសាព្រមទាំងស្នៀតព្រះកេស និងព្រះចង្កូមកែវខាងស្តាំ នៃព្រះសក្សមុនីសម្មាសម្ពុទ្ធ។


បច្ចុប្បន្នព្រះវិហារកំពុងធ្វើការជួសជុល និងអភិរក្សឡើងវិញ ដើម្បីរក្សានូវស្នាដៃ ដែលជាកេរដំណែលដ៏ពិសិដ្ឋ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្ម និងជាមរតករបស់បុព្វការីជនយើង ឱ្យនៅគង់វង្សជាបន្តទៅទៀត៕


















អត្ថបទនិងរូបភាព៖ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ

No comments:

Post a Comment