Sunday, August 15, 2021

លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន»

 (ភ្នំពេញ)៖ ក្រោយលើកទ័ពចូលលុកលុយ និងកាន់កាប់អស់រយៈពេល២០ឆ្នាំក្រោមលេសធ្វើ សង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្កានីស្ថានវិញដោយទុកឲ្យប្រជាជននៃ ប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន។ ក្រុមតាលីបង់ដែលអាមេរិកបានធ្វើសង្គ្រាមប្រឆាំងអស់រយៈពេលពីរទសវត្សរ៍ ក៏បានវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗមកវិញ ហើយកំពុងរុលចូលទៅកាន់ទីក្រុងកាប៊ុលដែលជារដ្ឋធានីរបស់អាហ្វហ្កានីស្ថាន។ រូបភាពដែលផ្សាយដោយសារព័ត៌មានបរទេស បានបង្ហាញឲ្យឃើញអំពីការរត់គេចពីសង្គ្រាមរបស់ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងប្រសេចប្រសាចក្រោម ស្នូរគ្រាប់កាំភ្លើងលាន់លឺកងរំពង និងក្រោមការគំរាមកំហែងរបស់កងទ័ពតាលីបង់។


អ្វីដែលគួរឲ្យអណោចអធមបំផុតនោះ គឺស្ត្រីនិងកុមារដែលរត់ភៀសខ្លួនពីគ្រាប់កាំភ្លើង។ ជីវិតរស់នៅក្រោមដំបូលតង់, រូបភាពមនុស្សឈរតម្រង់ជួរគ្នាដើម្បីទទួលបានទឹក និង

ចំណីអាហារ, រូបភាពអាគារបាក់បែកដោយសារសង្គ្រាម, រូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលបង្កឡើងដោយសង្គ្រាម, រូបភាពមនុស្សរងរបួសនិងស្លាប់ បាននិងកំពុងបង្ហាញឡើងនៅក្នុងប្រទេសដែលបានចាត់ទុកអាមេរិកជាទីពឹងអស់រយៈពេល២០ឆ្នាំ។ សម្រាប់ប្រជាជនកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ស្ថានភាពដូចគ្នាកាលពីអតីតកាល និងធ្លាប់ភ្លក់រសជាតិសង្គ្រាមកាប់សម្លាប់យ៉ាងឆ្អែតឆ្អន់ទៅហើយនោះ ប្រាកដជាគ្មានអ្វីក្រៅពីក្តីរន្ធត់ តក់ស្លុត និងការសោកស្តាយ អាណិតអាសូរចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះឡើយ។

សោកនាដកម្មដែល កំពុងកើតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលនេះ មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែ «វាគឺជាការដើរជាន់ដានចាស់របសសហរដ្ឋអាមេរិក»តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម ក៏ដូចជាមនុស្សជាច្រើនទៀតនៅក្នុងពិភពលោក ពិតជានៅចងចាំបាននូវ «ព្រឹត្តិការណ៍ដែលបានកើតឡើងនៅកម្ពុជា និងវៀតណាម កាលពីកន្លះសតវត្សរ៍កន្លងទៅ»។ កាលណោះ សហរដ្ឋអាមេរិកដែលនៅពីក្រោយរបបសាធារណរដ្ឋខ្មែរដឹកនាំដោយ សេនាប្រមុខ លន់ នល់ បានជួយឲ្យរបបនេះបានកាន់អំណាចក្រោយពីធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃ១៨ មីនា ១៩៧០ ។ ប៉ុន្តែ៥ឆ្នាំក្រោយមក ស្រាប់តែអាមេរិកបានដោះដៃចេញពីកម្ពុជាដោយទុកឲ្យរបបខ្មែរក្រហមវាយដណ្តើមយកជ័យជំនៈលើរបប លន់ នល់ ហើយបានចូលកាន់កាប់អំណាចនៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥។ រូបភាពប្រទេសកម្ពុជា នៅពេលនោះគឺដូចគ្នាបេះបិតនឹងអ្វីដែលបាន និងកំពុងកើតមាននៅអាហ្វហ្គានីស្ថាននាពេលនេះដែរ។ ពួក ប៉ុល ពត បានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាងពីរលាននាក់ក្រោមក្រសែភ្នែកមិនអើពើរបស់សហគមន៍អន្តរជាតិ។ ជាភ័ព្វសំណាង ប្រជាពលរដ្ឋខ្មែរបានរួចរស់ជីវិត និងបានស្គាល់សុខសន្តិភាពដូចបច្ចុប្បន្ន ដោយសារចលនារណសិរ្ស ២ធ្នូ ១៩៧៨ និងជ័យជំនៈ ៧ មករា ១៩៧៩ កុំអីខ្មែរ ប្រហែលជាដាច់ពូជពីភពផែនដីបាត់ទៅ ហើយ។

ឥឡូវនេះ កន្លះសតវត្សរ៍ក្រោយមក រូបភាពដូចគ្នានេះក៏បាន និងកំពុងកើតឡើងវីញជាថ្មីនៅលើទឹកដីអាហ្វហ្គានីស្ថាន។ ក្រោមហេតុផលនៃការតាមប្រម៉ាញ់បណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ សហរដ្ឋអាមេរិកក៏បានលើកទ័ពធ្វើសង្គ្រាមចូលលុកលុយប្រទេសអាហ្គានីស្ថាន កាលពីឆ្នាំ២០០១ ដោយបានផ្តួលរំលំរបបតាលីបង់ ហើយបានបង្កើតរបបដឹកនាំថ្មីមួយដែលខ្លួនគិតថាមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ប៉ុន្តែ រយៈពេល២០ឆ្នាំនៃការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិក មិនបានកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនប្រទេសនេះដូចដែលខ្លួនបានអះអាងនោះឡើយ។ សូម្បីតែការអភិវឌ្ឍន៍ប្រទេសនេះក៏អាមេរិកមិនបានអើពើដែរ។ ២០ ឆ្នាំក្រោយមក ដោយយល់ឃើញថា ខ្លួនគ្មានលុយសម្រាប់ចំណាយទៅលើសង្គ្រាមនេះទៀតទេ និងដោយយល់ឃើញថា ប្រទេសនេះគ្មានប្រយោជន៍ទៀតឡើយ អាមេរិកក៏បានដោះដៃចោលអាហ្វហ្គានីស្ថានដោយទុកឲ្យពួកសកម្មប្រយុទ្ធតាលីបង់ វាយលុកចូលកាន់កាប់ជាថ្មី ហើយប្រហែលជាមិនយូរប៉ុន្មានទៀតទេ រដ្ឋាភិបាលទីក្រុងកាប៊ុលដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកនឹងដួលរលំ។

តើប្រជាជនអាហ្វហ្គានីស្ថានបានទទួលអ្វីខ្លះពីរដ្ឋាភិបាលដែលបន្តុបឡើងដោយសហរដ្ឋអាមេរិក? តើឯណាទៅប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថាន

បន្ទាប់ពីស្ថិតក្នុងកណ្តាប់ដៃអាមេរិកអស់រយៈពេល ២០ ឆ្នាំ?

ទាំងនេះគឺជាសំណួរដែល ពិពភលោកទាំងមូលកំពុងចោទសួរ។ សំណួរនេះពិតជាមានអត្ថន័យណាស់សម្រាប់មនុស្សជាតិ នៅលើភពផែនដី ជាពិសេសនៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយរបស់មហាអំណាចដែលបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែងតែត្រូវបានគេលើកមកធ្វើជាលេសសម្រាប់ធ្វើបាបប្រទេសទន់ខ្សោយ។ ម្យ៉ាងវិញទៀត ប្រសិនបើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ពិតជាតម្លៃស្នូលរបស់សហរដ្ធអាមេរីកដូចការពើងទ្រូងអះអាងមែននោះ គឺអាមេរីកពិតជាមិនដកទ័ព និងបោះបង់ប្រជាជនអាហ្វហ្កានីស្ថានចោលនោះទេ។ ប៉ុន្តែ ការដកទ័ពចេញពីអាហ្គានីស្ថាននេះ គឺអាចថាអាមេរិកកំពុងប្រើយុទ្ធសាស្ត្រ «ព្រួញមួយបាញ់យកចាប៣» ពោលគឺ អាមេរិកកំពុងបង្វែរសមរភូមិទៅទប់ជាមួយរុស្ស៊ីផង ទប់ជាមួយចិនផង និងបំពេញចិត្តពួកអឺរ៉ុបផង។

ទី១៖ អាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន ហើយយកទៅពង្រាយនៅជិតតំបន់ Crimée/Crimea ដើម្បីគំរាម និងទប់រុស្ស៊ីក្នុងករណីរុស្សីវ៉ៃយកប្រទេស

៣ នៅតំបន់បាល់ទីក ដែលជាអតីតរដ្ឋចំណុះ អតីតសហភាពសូវៀត ហើយដែលបានផ្តាច់ខ្លួនចេញទាមទារឯករាជ្យមុនគេហើយ

ទី២៖ ការដាក់ពង្រាយទ័ពនៅជិតតំបន់ Crimée/Crimea នេះ ក៏អាចនឹងទទួល បាននូវសមានចិត្តខ្លះពីពួកអឺរ៉ុបផងដែរ ពីព្រោះពួកអឺរ៉ុបបារម្ភខ្លាចសង្គ្រាមផ្ទុះម្តងទៀត ចេញពីទឹកដីរបស់ខ្លួន។

ទី៣៖ ការដកទ័ពចេញពីអាហ្វហ្កានីស្ថាន គឺអាមេរិកបានដឹងច្បាស់ណាស់ថា ខ្លួនពិតជាមិនអាចយកឈ្នះសង្គ្រាមលើពួកតាលីបង់នេះបានទេ ហើយម៉្យាងវិញទៀត ពួកតាលីបង់នេះ ក៏ជាអ្នកគាំទ្រពួក Uighur នៅតំបន់ស៊ីនជាំងដែលអាមេរិកកំពុងប្រើប្រាស់ជាលេសដើម្បីចោទប្រកាន់និងប្រឆាំងទីក្រុងប៉េកាំងដែរ។

ដូច្នេះ ជោគវាសនារបស់ប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាប្រទេសផ្សេងៗទៀតដែរ មិនមែនជារឿងធំដុំនោះឡើយសម្រាប់សហរដ្ឋ អាមេរិក។

កម្ពុជា និងវៀតណាមកាលពីអតីតកាល និងអាហ្វហ្គានីស្ថាននាពេលនេះ មិនមែនជាប្រទេសតែ៣គត់ដែលបានទទួលមេរៀនដ៏ជូរចត់បែបនេះនោះទេ។ នៅមាន ប្រទេសជាច្រើនទៀត ដែលបានភ្លក់រសជាតិ នៃការលើកទ័ពវាយលុកចូលពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្រោមហេតុផលផ្តួលរំលំរបបផ្តាច់ការ ហើយនាំមកនូវប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនដល់ប្រទេសទាំងនោះ។ ប្រទេសទុយនេហ្ស៊ី, អ៉ីរ៉ាក់, លីប៊ី, ស៊ីរី និងអេហ្សីបសុទ្ធសឹងជាឧទាហរណ៍យ៉ាងជាក់ស្តែងបំផុត ដែលទទួលរងគ្រោះនារយៈពេលចុងក្រោយនេះ។

ក្រោយការលើកទ័ពឈ្លានពានដោយ ត្រង់ៗ ឬក្រោមការគាំទ្រចលនាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំ រដ្ឋាភិបាលចាស់ហើយលើកបន្តុបរដ្ឋាភិបាលថ្មី បណ្តាប្រទេសទាំងនោះ

បានធ្លាក់ចូលក្នុងសភាពយ៉ាប់យឺន និងខ្ទេចខ្ទាំលើសដើម។ វាមិនខុសអ្វីពីសុភាសិតចាស់បូរាណថា «ប្រាក់ក៏បង់ថង់ក៏ដាច់» នោះឡើយ មានន័យថា «ប្រទេសក៏ខ្ទេចខ្ទី រីឯ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏គ្មាន» ដែរ។

ពេលនេះ សំណួរដែលគេផ្តោតការយកចិត្តទុកដាក់បំផុតនោះគឺ តើប្រជាជនអាហ្វហ្គានីស្ថាននឹងមានជោគវាសនាទៅជាយ៉ាងណា? ហើយតើអ្នកណាជាអ្នក ទទួលខុសត្រូវចំពោះ

សោកនាដកម្មនេះ? ដោយផ្អែកលើ បទពិសោធន៍ប្រវត្តិសាស្ត្រ ប្រជាជនអាហ្វហ្គានីស្ថាននឹងធ្លាក់ក្នុងសភាពរងទុក្ខវេទនាគ្មានទីបញ្ចប់ ហើយក៏គ្មានអ្នកណា ទទួលខុសត្រូវដែរ។ សហគមន៍អន្តរជាតិបានត្រឹមតែសោកស្តាយ និងបានត្រឹមនិយាយតែមាត់ ប៉ុន្តែក៏មិនអាចជួយអ្វីដល់ប្រជាជន និងប្រទេសអាហ្វហ្គានីស្ថានបានឡើយ។ មានតែប្រជាជនអាហ្វហ្គានីស្ថានខ្លួនឯងប៉ុណ្ណោះដែលជាអ្នកកំណត់ជោគវាសនាខ្លួនដោយខ្លួនឯង។

តាមរយៈបទពិសោធន៍កាលពីអតីតកាល និងក៏ដូចជាអ្វីដែល ប្រទេសអាហ្វហ្គានីស្ថានកំពុងជួបប្រទះនាពេលនេះ គេអាចទាញ សេចក្តីសន្និដ្ឋានបានយ៉ាងច្បាស់លាស់ថា «អ្នកនយោបាយ និងប្រជាពលរដ្ឋនៃប្រទេសនីមួយៗត្រូវរួមគ្នា ដើម្បីកំណត់ជោគវាសនារបស់ខ្លួនដោយមិនត្រូវធ្វើនយោបាយពឹងផ្អែកលើបរទេស នោះឡើយ»។ «អ្នកនយោបាយ និងមេដឹកនាំដែលឆ្លាតគឺជាអ្នកដែលចេះកសាងមិត្តជាមួយបរទេសគ្រប់ទិសទី ហើយចេះទាញយកប្រយោជន៍ពីបរទេសដើម្បីមកបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិរបស់ខ្លួនតែមិនធ្វើជារណប រឺជាអាយ៉ង កូនអុកបរទេសឡើយ»។ «រីឯអ្នកនយោបាយណាដែលស្ថិតក្រោមខ្សែញាក់របស់បរទេស ហើយតែងតែ ពឹងបរទេសឲ្យជួយផ្តួលរំលំរដ្ឋាភិបាល បច្ចុប្បន្នដើម្បីលើកបន្តុបខ្លួនជាមេដឹកនាំក្រោមលេស «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» គឺជាអ្នកនយោបាយដែលអន់បំផុត, ល្ងង់បំផុតនិងមិនបានរៀនសូត្រអ្វីសោះពីប្រវត្តិសាស្ត្រ»។

នេះជាអ្វីដែលប្រជាពលរដ្ឋខ្មែរត្រូវចងចាំទុកជាមេរៀនប្រវត្តិសាស្ត្រជានិច្ច និងមិនត្រូវភ្លេចខ្លួនឡើយ៕

ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យកំពង់ចាម









សហរដ្ឋអាមេរិក មានផែនការជម្លៀសមន្ត្រីស្ថានទូតរបស់ខ្លួនទាំងអស់ ចេញពីអាហ្វហ្កានីស្ថាន ក្នុងពេល ៧២ម៉ោង, នេះបើតាម CNN

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមានផែនការដកបុគ្គលិកទូតស្ថានទូតទាំងអស់ ក្នុងនោះរួមមានទាំងមន្ត្រីការទូតកំពូលរបស់ខ្លួនប្រចាំទីក្រុងកាប៊ុល ចេញពី ប្រទេសអាហ្វហ្កានីស្ថាន ក្នុងរយៈពេល ៧២ម៉ោងខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។


សារព័ត៌មាន CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាការបង្កើនលឿនដកមន្ត្រីទូតអាមេរិកនេះ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ហើយស្ថានភាពនេះទៀតសោតក៏ត្រូវបានក្រុមមន្ត្រីសន្តិសុខនៃក្រសួងការបរទេសអាមេរិក រំពឹងទុកជាមុនថានឹងកើតឡើងផងដែរ បន្ទាប់ពី

ក្រុមតាលីបង់វាយដណ្ដើមកាន់កាប់ទឹកដីកាន់តែច្រើនកាលពីប៉ុន្មានថ្ងៃមុននេះ។

បើតាមប្រភពដដែល មន្ត្រីទូតអាមេរិកភាគច្រើននឹងត្រូវធ្វើដំណើរទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុល ដើម្បីជិះយន្ដហោះធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកវិញ រីឯមន្ត្រីទូតសំខាន់ៗមួយចំនួនតូច ក្នុងនោះរួមមានមន្ត្រីទូតកំពូលអាមេរិកប្រចាំប្រទេសអាហ្វហ្កានីស្ថាន នឹងបន្តស្ថិតនៅឯអាកាសយានដ្ឋានទីក្រុងកាប៊ុល ចាប់ពីពេលនេះតទៅ ជាការត្រៀមលក្ខណៈចាកចេញ។ នេះមានន័យថាស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ុលអាចនឹងត្រូវបានបិទទ្វារ យ៉ាងយូរនៅថ្ងៃអង្គារសប្ដាហ៍ ក្រោយនេះ។ នេះបើតាមប្រភពដែលប្រាប់ CNN។

គួរបញ្ជាក់ថា ខាងក្រសួងការបរទេសអាមេរិក មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ប៉ុន្តែមន្ត្រីការទូតជាន់ខ្ពស់អាមេរិកកាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគ្មានផែនការបិទស្ថានទូតក្នុងទីក្រុងកាប៊ុលឡើយ៕ ដោយ Freshnews