កិច្ចប្រជុំបច្ចេកទេសលើកទី២២ របស់ គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) ត្រូវបានប្រារព្វធ្វើឡើងនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី០៣ធ្នូ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តទទួលបន្ទុកទីស្ដីការគណៈរដ្ឋន្រ្តីនិងជាប្រធានអាជ្ញាធរអប្សរា ឯកឧត្ដម Yoshihiro Higuchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង ឯកឧត្ដម ROman Louvet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាជាសហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) ព្រមទាំងមានវត្តមានលោកស្រី ANNE LEMAISTRE នាយិការអង្គការយូណេស្កូប្រចាំកម្ពុជាផងដែរ។
ឯកឧត្ដម សហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) បានលើកឡើង ពីកិច្ចការការពារ អភិរក្សតំបន់អង្គរដូចជាការថែរក្សាបរិស្ថាន បញ្ហាបំរែបំរួលអាកាសធាតុ ការរក្សាទឹក និងធនធានធម្មជាតិនៅភ្នំគូលេន និងផែនការការពារផលប៉ះពាល់ប្រាសាទដោយសារទឹកជំនន់និងកំណើនភ្ញៀវទេសចរនៅតំបន់ប្រាសាទអង្គរ ។ ក្នុងកិច្ចប្រជុំក៏មានការលើកឡើងនូវរបាយការណ៍របស់លោក Azedine BESCHAOUCH លេខាធិការទទួលបន្ទុកវិទ្យាសាស្រ្តរបស់ គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) ស្ដីពីកិច្ចអភិរក្សនៃការស្រាវជ្រាវបុរាណវិទ្យា ការអភិវឌ្ឍន៍ប្រកបដោយចីរភាព គម្រោងអភិវឌ្ឍន៍ប្រាសាទមេបុណ្យខាងលិច អនុសាសន៍របស់ គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) និងសេចក្ដីផ្សេងៗ និងសេចក្ដីរាយការណ៍របស់អាជ្ញាធរអប្សរាស្ដីពីបញ្ហាទឹកជំនន់កន្លងមកដែលធ្វើឡើងដោយលោកបណ្ឌិត ហង្ស ពៅ អគ្គនាយករងនៃអាជ្ញាធរអប្សរាស និងមានការធ្វើបទបង្ហាញរបស់ម្ចាស់គម្រោងលើការងារការពារនិងអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់ប្រាសាទអង្គរ និងគម្រោងនានាដែលនឹងត្រូវធ្វើបន្ត ។