Thursday, December 29, 2022

វិភាគអន្តរជាតិ៖ ហេតុអ្វីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រុកបញ្ជាទិញនាវាមុជទឹក?


(ហុងកុង)៖ បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាន់តែច្រើនឡើងនាំគ្នាមើលឃើញថាការអភិវឌ្ឍនាវាមុជទឹក ឬមាននាវាមុជទឹកនៅក្នុងដៃ គឺជាភាពចាំបាច់សម្រាប់សន្តិសុខរបស់ ពួកគេ ក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយទាំងនៅក្នុងតំបន់ និងសកលលោក។ ប៉ុន្តែ ខណៈអ្នកវិភាគខ្លះយល់ថាវាជារឿងសមហេតុផល និងចាំបាច់ អ្នកខ្លះទៀតនៅតែបន្ត ចោទសួរពីគុណសម្បត្តិរបស់នាវាមុជទឹក ដោយសារតែតម្លៃខ្ពស់កប់ពពក និងទីតាំងភូមិសាស្ត្រជាក់ស្ដែងនៃប្រទេសនីមួយៗ។

បច្ចុប្បន្ន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងមីយ៉ាន់ម៉ាសុទ្ធតែមាននាវាមុជទឹក រីឯថៃ និងហ្វីលីពីនកំពុងស្ថិតនៅក្នុងដំណាក់កាលបញ្ជាទិញ។ កាលពីដើម ខែធ្នូនេះ សិង្ហបុរីបានចាប់ផ្ដើមដំណាក់កាលបន្ទាប់ក្នុងការអភិវឌ្ឍនាវាមុជទឹកដោយផ្ដោតលើប្រភេទនាវាមុជទឹក Invincible-class ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយនាយករដ្ឋមន្ត្រី សិង្ហបុរី លោក លី សៀនឡុងផ្ទាល់ក៏ធ្លាប់បានលើកឡើងដែរថាដោយសារតែសិង្ហបុរីហ៊ុមព័ទ្ធដោយសមុទ្រ ដូច្នេះកងទ័ពជើងទឹកមានបេសកកម្មដ៏សំខាន់ដើម្បីធានាការពារសន្តិសុខ និងរក្សាការបើកចំហបណ្ដាញទំនាក់ទំនងតាមផ្លូវសមុទ្រ។

បើតាមលោក អារីស្ទីយ៉ូ ដាម៉ាវ៉ាន់ (Aristyo Darmawan) ជាសាស្ត្រាចារ្យផ្នែកច្បាប់អន្តរជាតិម្នាក់ មកពីសាកលវិទ្យាល័យ University of Indonesia កត្តាដែលជំរុញឱ្យបណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រុកបញ្ជាទិញនាវាមុជទឹក នោះគឺដោយសារតែការប្រជែងដណ្ដើមឥទ្ធិពល និងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់រវាងសហរដ្ឋអាមេរិក និងចិន។ អង្គការ Nuclear Threat Initiative បានឱ្យដឹងថាសហរដ្ឋអាមេរិកមាននាវាមុជទឹក ៦៦គ្រឿង ក្នុងនោះមានជាង៥០គ្រឿងជានាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរ។ ចំណែកឯ ចិន វិញមាននាវាមុជទឹកប្រដាប់ដោយមីស៉ីលបាលិស្ទីគដើរដោយថាមពលនុយក្លេអ៊ែរ ៦គ្រឿង, នាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរ ៦គ្រឿង និងនាវាមុជទឹកប្រយុទ្ធធម្មតា ៤៦គ្រឿង។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក កាលពីឆ្នាំ២០២១។

ដោយរំឮកឡើងវិញពីភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង លោក ដាម៉ាវ៉ាន់ បានគូសបញ្ជាក់ថាវាជារឿងសមហេតុផល និងចាំបាច់ដែលបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បញ្ជាទិញ នាវាមុជទឹក ខណៈតំបន់ទាំងមូលតភ្ជាប់ទៅដោយផ្លូវសមុទ្រយុទ្ធសាស្ត្រដ៏មមាញឹក។ មិនតែប៉ុណ្ណោះ វាក៏ចាំបាច់ដែរដែលប្រទេសទាំងនេះត្រូវបន្តតាមដានការវិវត្តស្ថានការណ៍នៅក្នុងតំបន់ តួយ៉ាងដូចជាវត្តមាន Drone ​មុជ​ទឹក​​គ្មាន​មនុស្សបើក (UUV) ដែលត្រូវបានគេប្រទះឃើញជាញឹកញាប់នៅក្នុងតំបន់ដែនទឹកដែលចិន និងសហរដ្ឋអាមេរិក កំពុងឈរជើង។ Drone ​មុជ ទឹកគ្មាន​មនុស្សបើកអាចធ្វើប្រតិបត្តិការយ៉ាងទូលំទូលាយមានទាំងការរុករកខាងវិទ្យាសាស្ត្រ និងការប្រមូលទិន្នន័យសម្ងាត់។ នៅក្នុងករណីឥណ្ឌូណេស៊ី លោក ដាម៉ាវ៉ាន់ បានបន្ថែមទៀត ថាការទិញនាវាមុជទឹកគឺតែងតែជាសំណុំរឿងដ៏សំខាន់ ជាពិសេសបន្ទាប់ពីការលិចនាវាមុជទឹក KRI Nanggala-402 នៅតំបន់ឆ្នេរនៃកោះបាលី កាលពីខែមេសា ឆ្នាំ២០២១។ ឧទ្ទវហេតុលិចនាវាមុជទឹកនេះបាននាំឱ្យការចោទសួរពីស្ថានភាពយោធានៃប្រទេស និងការត្រៀមលក្ខណៈធ្វើប្រតិបត្តិការ។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយបារាំង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការសាងសង់នាវាមុជទឹកស្ក័រពែន (Scorpène) ២គ្រឿង។ យាននៅក្រោមបាតសមុទ្រមានលទ្ធភាពខ្ពស់ អាចគេចផុតពីការតាមដាន និងមានសមត្ថភាពដឹកនាំបេសកកម្មដូចប្រឆាំងនាវាចម្បាំងនៅលើផ្ទៃទឹក និងអាចវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ក៏បាន។ លោក អ៉ីយ៉ាន ស្ទ័ររី (Ian Storey) ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បាននិយាយថាលក្ខខណ្ឌយុទ្ធសាស្រ្ត តម្រូវឱ្យ ប្រទេសក្នុងតំបន់មួយចំនួនមាននាវាមុជទឹក ដូចជាវៀតណាមជាដើមដែលមានជម្លោះដែនទឹកយូរអង្វែរជាមួយចិន។ លោក ស្ទ័ររី បន្តថានាវាមុជទឹក ៦គ្រឿងរបស់វៀតណាម អាចធ្វើឱ្យចិន គិតយ៉ាងតិច២ដង មុននឹងព្យាយាមគ្រប់គ្រងទាំងស្រុងលើតំបន់ដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ហើយប្រសិនបើជម្លោះផ្ទុះឡើង នាវាមុជទឹកទាំងនេះក៏អាចត្រូវបានប្រើរារាំង និងវាយប្រហារពន្លិចនាវាចម្បាំងចិនបានដែរ។

ក្នុងឆ្នាំ២០០៩ វៀតណាម បានទិញនាវាមុជទឹកប្រភេទ Kilo-class ៦គ្រឿង ក្នុងតម្លៃ២ពាន់លានដុល្លារអាមេរិកពីប្រទេសរុស្ស៉ី ដែលនេះធ្វើឱ្យវៀតណាមក្លាយជាប្រទេសមានកងនាវាមុជទឹក ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែ ករណីប្រទេសថៃ លោក ស្ទ័ររី យល់ថាមិនមែនជាលក្ខខណ្ឌយុទ្ធសាស្ត្រតម្រូវឱ្យមាននាវាមុជទឹកនោះទេ តែគ្រាន់តែថៃចង់តាមឱ្យទាន់ប្រទេស ជិតខាង ឬអាចនិយាយឱ្យងាយស្ដាប់ ប្រទេសជិតខាងមាននាវាមុជទឹក ថៃក៏ត្រូវមាននាវាមុជទឹកដែរ។ កាលពីឆ្នាំ២០១៧ ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិន ដើម្បីទិញ នាវាមុជទឹកប្រភេទ Yuan-class ៣គ្រឿង។ ប៉ុន្តែការបញ្ជាទិញនេះនៅជាប់គាំងនៅឡើយ ដោយក្រុមហ៊ុនរដ្ឋចិនទទួលបន្ទុកសាងសង់នាវាមុជទឹកនេះ មិនអាចទទួលបានម៉ាស៊ីនដ៏សំខាន់ សម្រាប់នាវាមុជទឹក Yuan-class ពីប្រទេសអាល្លឺម៉ង់នោះទេ ដោយសារតែទណ្ឌកម្មនាំចេញអាវុធរបស់សហភាពអឺរ៉ុបលើទីក្រុងប៉េកាំង ខណៈមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា កងទ័ពជើងទឹកថៃកំពុងពិភាក្សាជាមួយចិន ពីលទ្ធភាពយកម៉ូទ័រជំនួសម៉ាស៊ីននេះវិញ ហើយព្រមពេលជាមួយគ្នាក៏មានការលើកឡើងដែរថាកិច្ចព្រមព្រៀងនេះអាចនឹងត្រូវបានលុបចោល។

បើតាមលោក ស្ទ័ររី កងទ័ពជើងទឹកភាគច្រើននៅជុំវិញពិភពលោក ចង់ទិញនាវាមុជទឹក នៅក្រោមហេតុផលដ៏សាមញ្ញមួយ នោះគឺពួកគេយល់ថាខ្លួនមិនស័ក្តិសមធ្វើជាកងទ័ពជើងទឹកឡើយ ប្រសិនបើគ្មាននាវាមុជទឹកប្រើ។ តែនាវាមុជទឹកជាប្រភេទសព្វាវុធមានតម្លៃថ្លៃកប់ពពក និងស្មុគស្មាញក្នុងការប្រើប្រាស់ដែលនេះមានន័យថាពេលខ្លះ នាវិកមួយចំនួនមិនអាចប្រើប្រាស់ពួកវា ដោយមានប្រសិទ្ធភាពនោះទេ ឬអាចត្រឹមតែជានិមិត្តរូបនៃអំណាចតែប៉ុណ្ណោះ។ មួយវិញទៀត វាក៏អាស្រ័យទៅលើទីតាំងភូមិសាស្ត្រនៃប្រទេសនីមួយផងដែរ ដោយប្រទេសខ្លះដែលមាន តំបន់ទឹកមិនសូវជ្រៅ គឺជាបញ្ហាប្រឈមមួយនៅក្នុងការធ្វើប្រតិបត្តិការរបស់នាវាមុជទឹក៕