(ប៉េកាំង, ចិន)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ប្រធានាធិបតីមហាយក្សចិន ក៏បានបង្ហាញជំនឿជាក់ថា កម្ពុជានឹងរីកចម្រើនកាន់តែខ្លាំងក្នុងរយៈពេល៦០ឆ្នាំទៅមុខក្នុងការធ្វើទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយប្រទេសចិន។
ការអះអាងរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងជំនួបពិភាក្សានោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ចាត់ទុកដំណើរទស្សនកិច្ចវផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកកាន់ប្រទេសចិន គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែខ្ពស់ត្រដែតថែមទៀត។ លោកប្រធានាធិបតីក៏បានគូសបញ្ជាក់ពីខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។
លោកប្រធានាធិបតីក៏បានបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខណ្ឌ ខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងនោះភាគីទាំងសងខាងនឹងបន្តយកចិត្តទុកដាក់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។
លោក ស៊ី ជីនពីង បានលើកឡើងថា «បច្ចុប្បន្ននេះទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈនេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត»។
លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា «កម្ពុជានឹងទទួលបាននូវភាពជោគជ័យថែមទៀត ក្នុងរយៈពេល៦០ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ ចិនសូមគាំទ្រចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ»។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា លោកពិតជាមានការរីករាយក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការសាជាថ្មីម្តងទៀត ក្នុងប្រទេសចិន។ លោកនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែទទួលនូវព្រះរាជបដិសណ្ឋារកិច្ចចំពោះព្រះវត្តមានព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ក៏ដូចជាយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី ក៏បានលើកពីបញ្ហាមួយចំនួនពាក់ព័ន្ធទំនាក់ទំនងនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីបានជំរាបប្រធានាធិបតីចិន អំពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ពិសេសស្ថានការណ៍ក្រោយការបោះឆ្នោតសកល រួមនឹងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោកនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានគណបក្សនយោបាយចូលរួមចំនួន១៩គណបក្ស។ ក្នុងជំនួបពិភាក្សានោះដែរ លោកនាយករដ្ឋមន្រ្តី បានស្នើប្រធានាធិបតីចិន ជំរុញអ្នកវិនិយោគចិនបន្តមកវិនិយោគ និងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការបង្កើតរោងចក្រថ្មីៗ ថែមទៀត។
ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន លោកនាយករដ្ឋមន្រ្តី ចង់ឃើញទំនាក់ទំនងជាប្រពៃណី និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះ បន្តថែទាំ និងរក្សាឲ្យកាន់តែរឹងមាំថែមទៀត។
លោកនាយករដ្ឋមន្រ្តី បានលើកឡើងថា ឆ្នាំ២០១៩ គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងជាឆ្នាំនៃការផ្លាស់ប្តូរទេសចរណ៍នៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តី បានស្នើលោក ស៊ី ជីនពីង ធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរអាចមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរី ព្រោះប្រទេសទាំងពីរមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតាំងពីរឆ្នាំ២០១០មកម្ល៉េះ។
លោកប្រធានាធិបតីចិន ក៏បានលើកឡើងដែរថា ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺមានលក្ខណៈពិសេសខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសផ្សេងៗទៀត ពោលគឺទំនាក់ទំនងនៃប្រទេសទាំងពីរមានលក្ខណៈសំខាន់បំផុត។
លោកប្រធានាធិបតីអះអាងថា ចិននិងកម្ពុជា នឹងបន្តរួមគ្នាជាសហគមន៍តែមួយ ដើម្បីរៀបចំផែនការធ្វើកិច្វសហការលើគ្រប់វិស័យទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជនិងប្រជាជន។ លោក ស៊ី ជីនពីង ក៏បានប្រកាសស្វាគមន៍ វត្តមានលោកនាយករដ្ឋមន្រ្តី ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី២ ស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅប្រទេសចិន នាខែមេសាខាងមុខនេះ៕