ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៦១៨នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕
Sunday, April 18, 2021
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៦១៨នាក់ ភាគច្រើនក្នុងរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦០នាក់ជាសះស្បើយ
ក្រសួងសុខាភិបាល ត្រៀមរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនពីរបន្ថែម នៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ
(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះបានបញ្ជាក់ថា អ្នកឧកញ៉ា ហុង ពីវ និងអ្នកឧកញ៉ា លី យ៉ុងផាត់ បានប្រគល់អគាររៀបមង្គលការ ដែលស្ថិតនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចាត់ចែងសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩។
លោកស្រី យក់ សម្បត្ដិ ថ្លែងបន្ដថា «អគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ អាចដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ បានចំនួន ពី ១០០០-១៥០០គ្រែ សម្រាប់អគារវិមានពិភពថ្មី សែនសុខ អាចបានចំនួនជាង៨០០គ្រែ»។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា នៅព្រឹកមិញនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំក្រុមការងារយើង ដើម្បីចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំ ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅអគារវិមានពិភពថ្មី សែនសុខ រួចរាល់ហើយ។ នៅពេលរសៀលនេះ នឹងបន្ដចុះពិនិត្យរៀបចំនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ។
លើសពីនោះ លោកស្រី យក់ សម្បត្ដិ បានថ្លែងទៀតថា គិតមកត្រឹមថ្ងៃនេះ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល មានចំនួន ៧ទីតាំងហើយ គឺមាននៅ វិទ្យាល័យជាស៊ីម សាមគ្គី ដាក់ព្យាបាលអ្នកជំងឺ ចំនួន ២៦០គ្រែ អគារម៉ូឌែន ដាក់អ្នកជំងឺជាង ២៣០គ្រែ អគារនៅពោធិ៍ចិនតុង ១៦០គ្រែ អគារការកោះពេជ្រ ដែលជាអំណោយរបស់ អ្នកឧកញ៉ា ពុង ឃាងសែ ចំនួន ៨០០គ្រែ វិទ្យាល័យជម្ពូវ័ន្ដ ជិត៧០គ្រែ អគារវិមានពិភពថ្មី សែនសុខ របស់អ្នកឧកញ៉ា ហុង ពីវ ចំនួនជាង៨០០គ្រែ និងនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ ចំនួន ពី ១០០០-១៥០០គ្រែ៕
៣ថ្ងៃ រថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ១៦៣បាវ និងមី ១១៣១កេស ជូនប្រជាពលរដ្ឋជាមួយតម្លៃទាបជាងទីផ្សារ
(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៥-១៦-១៧ ខែមេសា ឆ្នាំ២០២១ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន១៦៣បាវ និងមីជាតិចំនួន១១៣១កេស ស្របពេលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការលក់ចល័តនេះ នៅបន្តរហូតដល់ស្ថានការណ៍ ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ នៃស្ថានភាពកូវីដ-១៩។
លោក ប៉ែន សុវិជាតិ ក៏បានឲ្យដឹងផងដែរថា ក្រុមការងារក្រសួងពាណិជ្ជកម្ម បានចុះអង្កេតតាមដាន ស្ថិរភាពការផ្គត់ផ្គង់ និងទប់ស្កាត់ការឡើងថ្លៃទំនិញ តាមរយៈកិច្ចសហការ ជាមួយអាជ្ញាធរផ្សារ ដោយតាមដានជាប្រចាំ និងត្រៀមអន្តរាគមន៍ នៅពេលមានសភាពការណ៍ចាំបាច់។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមលក់ អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃទាបជាងទីផ្សារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយកំណត់ ក្នុងមួយគ្រួសារ ទិញបានអង្ករមួយបាវ និងមីមួយកេស។
ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ខណៈដែលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៕
អភិបាលរាជធានីភ្នំពេញ សម្រេចផ្អាកការលក់ដូរនៅផ្សារដើមគបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩ ជាបន្ដបន្ទាប់
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចផ្អាកការលក់ដូរនៅផ្សារដើមគបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដជាបន្ដបន្ទាប់ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋាន ផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩ជាបន្ដបន្ទាប់។
ក្នុងសេចក្ដីជូនដំណឹងនេះ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាស្រ័យដោយស្ថានភាព នៃការរីករាលជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគ ចំនួនប្រមាណ១០០នាក់ បានឆ្លងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។
ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទូលគោក និងខណ្ឌបឹងកេងកង សម្រាប់រយៈពេលពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ គិតចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក
ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ មានការយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕