Tuesday, June 02, 2020

ទស្សនៈវិភាគ៖ តើអ្វីដែលអាមេរិកកំពុងជួប ជាបាតុកម្ម ឬជាបាបកម្ម?

ស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៅទូទាំងសហរដ្ឋអាមេរិក គឺបាតុកម្មទាមទាររកយុត្តិធម៌ដល់បុរសជនជាតិស្បែកខ្មៅម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែមន្ត្រីប៉ូលីសសង្កត់ករហូតដាច់ខ្យល់នោះ គឺកំពុងតែកើតឡើង ស្របពេលដែលជំងឺកូវីដ១៩ ក៏កំពុងវាយលុកអាមេរិនៅមិនទាន់ថមថយនៅឡើយ។ នេះពិតជាគ្រោះលើគ្រោះហើយសម្រាប់អាមេរិក។ អ្វីដែលពិភពលោកកំពុងតែចាប់អារម្មណ៍ខ្លាំងនោះ គឺការបង្ក្រាបក្រុមបាតុករដែលអាជ្ញាធរអាមេរិកកំពុងតែធ្វើ គឺសាហាវព្រៃផ្សៃ និងយង់ឃ្នង ដែលធ្វើឱ្យក្រុមបាតុកររងបួស និងត្រូវបានចាប់ខ្លួន និងមានបាតុករម្នាក់ត្រូវបានគេឱ្យដឹងថា បានស្លាប់បាត់បង់ជីវិតដោយសារតែការបង្រ្កាបរបស់ប៉ូលីសផងដែរ។ កន្លងមកអាមេរិកតែងតែតាំងខ្លួនជាគ្រូបង្រៀនពីសិទ្ធិមនុស្ស ហើយដើរទូន្មានប្រៀនប្រដៅប្រទេសផ្សេងៗទៀត ឱ្យយកគំរូស្តង់ដារសិទ្ធិមនុស្សតាមខ្លួន ហើយប្រសិនបើប្រទេសណាមិនធ្វើតាម គេក៏ប្រើវិធីកៀបសង្កត់ និងដាក់ទណ្ឌកម្ម តាមវិធីសាស្ត្រផ្សេងៗ។ ប៉ុន្តែពេលនេះ អ្វីដែលអាក្រក់បំផុតនោះគឺគ្រូបង្រៀនសិទ្ធិមនុស្ស បានប្រព្រឹត្តទង្វើអមនុស្សធម៌ ទៅលើពលរដ្ឋអាមេរិកខ្លួនឯងទៅវិញ។ ប្រទេសមហាអំណាចមួយនេះកន្លងមក ត្រូវបានគេដឹងថា គឺជាអ្នកសាបព្រោះ មេរៀនបដិវត្តន៍ពណ៌ ផ្តួលរំលំរបបដឹកនាំនៅប្រទេសមួយចំនួន ដែលខ្លួនមានបំណងចង់កម្ទេច។
អាមេរិកត្រូវបានចាត់ទុកជាមេខ្លោងបំផ្លាញប្រទេសជាច្រើនរួចមកហើយ ដែលបណ្តាលឱ្យប្រទេសទាំងនោះរលាយក្លាយជាផេះផង់ ហើយប្រជាពលរដ្ឋរងទុក្ខវេទនា រហូតមកដល់ពេលនេះផងដែរ។ ពេលនេះខណៈដែលឃើញទិដ្ឋភាពបាតុកម្មនៅអាមេរិក មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ហើយបាននឹងកំពុងរាលដាលដល់ប្រទេសមួយចំនួនទៀតនោះ ខណៈដែលវិបត្តិជំងឺ COVID-19 នៅមិនទាន់គ្រប់គ្រងបានផងនោះ ធ្វើឱ្យគេគិតយល់ថា បញ្ហាដែលសហរដ្ឋអាមេរិកកំពុងតែជួបនៅពេលនេះ អាចជាបាបកម្ម ដែលជាលទ្ធផលនៃអំពើបាបដែលមេដឹកនាំប្រទេសមហាអំណាចមួយនេះបានបង្កឡើង។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅសហរដ្ឋអាមេរិក បានផ្ទុះឡើងក្រោយបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បានស្លាប់កំឡុងពេលប៉ូលិស៤នាក់ បានធ្វើការឃាត់ខ្លួននៅទីក្រុង Minneapolis នៃរដ្ឋ Minnesota ក្រោមការសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺចាយលុយ ក្លែងក្លាយចំនួន ២០ដុល្លាអាមេរិក។ ក្នុងចំណោមនោះប៉ូលិសម្នាក់ ឈ្មោះ Derek Chauvin បានយកជង្គង់សង្កត់កលោក Floyd រហូតទាល់តែលោកបាត់បង់ស្មារតីលែងកម្រើក ទោះបីជនរងគ្រោះសុំអង្វរកយ៉ាងណាក៏ដោយ។ តាមព័ត៌មានលោក Floyd ទំនងជាបានបាត់បង់ជីវិតភ្លាមៗ នាពេលនោះតែម្តង ខណៈអាជ្ញាធរបានប្រកាសថាគាត់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ រឿងនេះបានក្លាយជារងើកភ្លើង នៃបាតុកម្មដ៏ហិង្សាដែលកាន់តែរីកធំឡើងៗ នៅសហរដ្ឋអាមេរិក ហើយបាតុកម្មតវ៉ានេះ នៅតែបន្តកើតឡើងនៅក្នុងរដ្ឋជាច្រើននៃសហរដ្ឋអាមេរិក។ ចំណែកឯមនុស្សជិត ១,៤០០នាក់ ត្រូវបានឃាត់ខ្លួន នៅតាមទីក្រុងចំនួន១៧ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺសកម្មភាពបង្ក្រាបរបស់ប៉ូលីសទៅលើហ្វួងបាតុករ គឺមានរូបភាពហិង្សាខ្លាំង ដែលធ្វើឱ្យក្រុមបាតុករកាន់តែមានកំហឹងខ្លាំងឡើងៗ។ កំឡុងបាតុកម្មដ៏កក្រើកនេះ នៅសហរដ្ឋអាមេរិកគេសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួន ត្រូវបានឃាត់ខ្លួន និងរងការវាយប្រហារថែមទៀត។ ជាមួយគ្នានេះបណ្ដាទីក្រុងកាន់តែច្រើនឡើង នៅក្នុងសហរដ្ឋអាមេរិក ដែលទើបតែងើបចេញពីវិបត្តិ COVID-19 កំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញ ដោយអំពើហិង្សានៅក្នុងបាតុកម្ម រកយុត្តិធម៌ឲ្យ Floyd ។ គិតត្រឹមថ្ងៃអាទិត្យ ទី៣១ ឧសភានេះ នៅទូទាំងសហរដ្ឋអាមេរិក មានទីក្រុងយ៉ាងហោចណាស់ ៤០ បានចេញបំរាមគោចរ ខណៈកងកម្លាំងឆ្មាំជាតិត្រូវបានចល័តនៅតាមទីក្រុងចំនួន១៥ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីផង។
ប៉ុន្តែបើទោះបីជាមានបំរាមគោចរក៏ដោយ ក៏អំពើហិង្សារវាងប៉ូលិស និងបាតុករនៅតែបន្តកើតមាន រីឯការដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហាងទំនិញមានសភាពកាន់តែធ្ងន់ធ្ងរ ហើយសូម្បីតែអ្នកកាសែត និងជនស៊ីវិលមិនចូលរួមក្នុងបាតុកម្មតវ៉ាមួយចំនួន ក៏រងការវាយប្រហារផងដែរ។ សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច តែងលើកកម្តើង និងចាត់ទុកខ្លួនឯងជាបងធំ និងត្រូវបានប្រសិទ្ធនាមថាបិតាសិទ្ធិមនុស្ស និងជាអ្នកក្តោបក្តាប់សេដ្ឋកិច្ចពិភពលោកដ៏មានឥទ្ធិពលបំផុត។ ព្រោះតែឥទ្ធិពលនៃអំណាចមានដែនធំទូលាយ គ្របដណ្តប់ពេញពិភពលោកបានធ្វើឱ្យប្រទេសមហាអំណាចមួយនេះ ហាក់មានចរឹកក្អេងក្អាង និងតែងប្រើយុទ្ធវិធីរក្សាលំនឹងអំណាចរបស់ខ្លួន តាមរយៈការយកប្រទេសនានាធ្វើជាឧបករណ៍។ យុទ្ធវិធីរបស់អាមេរិកគឺមិនដែលខ្វល់ពីមហន្តរាយ ហានិភ័យ សោកនាដកម្ម វិនាសកម្ម និងទុក្ខវេទនាដែលប្រជាជនប្រទេសមួយចំនួន បានជួបតាមរយៈការប្រើប្រាស់ជាឧបករណ៍របស់ខ្លួនឡើយ។ និយាយឱ្យស្រួលស្តាប់ទៅគឺ «ងាប់អាណាងាប់ទៅ ឱ្យតែអញខ្លាំង! រលាយអាណា ក៏រលាយទៅ ឱ្យតែអញឈ្នះ»។ មានប្រទេសជាច្រើនហើយ ដែលរលាយសល់តែគំនរផេះផង់ដោយសារយុទ្ធសាស្ត្រនយោបាយដ៏ខ្មៅងងឹត និងខ្លាំងក្លារបស់ប្រទេសមួយនេះ។ដូច្នេះអ្វីដែលកំពុងកើតឡើងចំពោះសហរដ្ឋអាមេរិកនៅពេលនេះ ទាំងការរីករាលដាលដ៏អាក្រក់មិនអាចគ្រប់គ្រងបាននៃជំងឺ COVID-19 និងទាំងបាតុកម្មហិង្សាដែលកំពុងកើតឡើង គឺជាមហន្តរាយដែលកើតឡើងព្រោះតែទង្វើអាក្រក់ និងបាបកម្មរបស់ខ្លួន។ សហរដ្ឋអាមេរិកអាងខ្លួនជាប្រទេសមហាអំណាច ធំអស់គេឯង ប្រឹងតម្កើងខ្លួនជាគ្រូ និងតាមប្រដៅប្រទេសផ្សេងៗអំពីសិទ្ធិមនុស្ស ប៉ុន្តែបែរជាធ្វើឱ្យលៀនចេញនូវកន្ទុយកញ្ច្រោងដ៏គួរឱ្យអាម៉ាស់តាមរយៈព្រឹត្តិការណ៍បាតុកម្មដែលកំពុងកើតឡើង។ អ្វីដែលអាមេរិកកំពុងជួបពេលនេះ អាចថាប្រហែលជាដោយសារតែរវល់តែតាំងខ្លួនជាគ្រូ ដើរអប់រំ ទូន្មាន ប្រៀនប្រដៅប្រទេសផ្សេងៗពីសិទ្ធិមនុស្សខ្លាំងពេក ទើបភ្លេចអនុវត្តន៍ខ្លួនឯង បណ្តាលឱ្យលេចធ្លាយនូវរឿងព្រៃផ្សៃយ៉ង់ឃ្នង ដែលធ្វើឱ្យពលរដ្ឋខ្លួនទាំ្រលែងបាន បង្កើតជាព្រឹត្តិការណ៍បាតុកម្មកក្រើកពេញពិភពលោកដូចពេលនេះ។ តើសហរដ្ឋអាមេរិកនៅអាចអួតខ្លួនថាជាអ្នកប្រកាន់ខ្ជាប់ខ្ជួននៃសិទ្ធិមនុស្សទៀតដែរឬ ខណៈដែលរូបភាព និងវីដេអូក្រុមប៉ូលីសអាមេរិកបានប្រើអំពើហឹង្សាទាត់ធាក់លើក្រុមបាតុករយ៉ាងសាហាវនោះត្រូវបានចែកចាយពេញពិភពលោកទៅហើយនោះ។ បាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក ទំនងជាមិនងាយនឹងបញ្ចប់ឡើយ បើទោះបីជារដ្ឋបាលលោក ដូណាល់ ត្រាំ បង្គាប់ឲ្យអាជ្ញាធររដ្ឋនានាចាត់វិធានការក្តៅគគុក និងត្រៀមកម្លាំងយោធាដើម្បីបង្ក្រាបបាតុកម្មក៏ដោយ។ ក្រុមបាតុករបានអះអាងថា ពួកគេនឹងមិនបញ្ឈប់បាតុកម្មជាដាច់ខាត រហូតទាល់តែយុត្តិធម៌ត្រូវបានផ្តល់ដល់ជនជាតិស្បែកខ្មៅដែលត្រូវបានប៉ូលីសសម្លាប់។ មួយវិញទៀតជំងឺ COVID-19 ក៏កំពុងរាតត្បាតដែលមកដល់ពេលនេះ អាមេរិកមានករណីឆ្លងជិត២លាននាក់ និងស្លាប់ជាង១សែននាក់ទៅហើយ។ ទាំងអស់នេះ អាចជាបាបកម្មដែលកំពុងតាមស្នងប្រទេសមហាអំណាចមួយនេះបណ្តើរៗហើយ ដូចពាក្យចាស់មួយឃ្លារបានពោលថា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»៕
ដោយ៖ ស ជាតិ






លិខិតមិត្តអ្នកអាន៖ «ពេលវេលាដែលត្រូវបកស្បែក មុខអ្នកតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្ស!

វាពិតជាគ្មានអ្វីគួរឲ្យស្ស័យទៀតឡើយដែលថា ក្រុមមនុស្សដែលតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្សទាំងនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ, អង្គការអន្តរជាតិ និងក្រុមកូនជឹងដែលប្រមូលផ្តុំគ្នាក្នុងអង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុក ឬជាអ្នកតាំងខ្លួនឯងថា អ្នកវិភាគឯករាជ្យ ឬសារព័តមានឯករាជ្យ... តាមពិតទៅ គឺជាពពួកពាក់ស្រោមមុខក្លែងក្លាយតែប៉ុណ្ណោះ ពោលគឺមិនខុសអ្វីពី«សត្វខ្លាកំណាច ពាក់ស្បែក ចៀមនោះឡើយ»។
ជាក់ស្តែង ចាប់តាំងពីក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ១៩៩១មក ហើយជា ពិសេសគឺក្រោយស្រុកខ្មែរ យើងទទួលបានការឯកភាពទឹកដី និងសន្តិភាពពេញលេញទាំង
ស្រុងនៅថ្ងៃ ២៩ ធ្នូ ១៩៩៨មក ក្រុមនេះដែលតែងតែគោះជួង ទូងស្គរ តាមរយៈការចេញសេចក្តីថ្លែងការណ៍(ដោយឡេក ពីគ្នាក្តី ឬររួមគ្នាក្តី), ឬក៏ស្រែក
វ៉ោកវ៉ាកតាមបណ្តាញផ្សព្វផ្សាយបរទេសជាខេមរភាសាតាមរយៈកិច្ចសម្ភាសន៍, ឬកិច្ចពិភាក្សាតុមូល តុជ្រុង ឬបង្ហោះ
តាមហ្វេសប៊ុកព្រោងព្រាត ពាក់ព័ន្ធនឹងបញ្ហាកម្ពុជា ឥឡូវនេះស្រាប់តែបិទមាត់ដូចគេចុកនៅពេលដែលមានផ្ទុះបាតុកម្មហិង្សានិងការបង្ក្រាបយ៉ាងសាហាវរបស់ប៉ូលិសទៅលើក្រុមបាតុករនៅឯសហរដ្ឋអាមេរិក។
បើនៅកម្ពុជាវីញ សមត្ថកិច្ចឃាត់អ្នកលេងហ្វេសប៊ុកដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈដែលបំពានលើអ្នកដទៃ ឬគ្រាន់តែ រដ្ឋាភិបាលលោកហ៊ុន សែនចាត់វិធានការខ្លះដើម្បីទប់ស្កាត់ សកម្មភាពញុះញង់បង្កចលាចលសង្គមក្នុងក្របខណ្ឌនៃការបង្ការការឆ្លងរាលដាលកូវីដ១៩ ក្រុមដែលតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្សទាំងនោះនាំគ្នាបញ្ចេញសំឡេងយ៉ាងកងរំពង ដើម្បីរិះគន់វាយប្រហារមកលើអាជ្ញាធររាជរដ្ឋាភិបាលថា ប្រើអំណាចផ្តាច់ការដើម្បីបំបិទសិទ្ធបញ្ជេញមតិ សិទ្ធសេរីភាព សារព័ត៌មាន ឬជាការរំលោភសិទ្ធិមនុស្សជាដើម។
ប៉ុន្តែ នៅពេលដែលប៉ូសិសអាមេរិកចាប់អ្នកកាសែតវ៉ៃខ្នោះលើគោក, ចាប់ក្រុមបាតុករចងស្លាបសេករណូករណែលពេញផ្លូវ, ច្រានធាក់ បាតុករឲ្យដួលក្រឡាប់ផ្កាប់ផ្ងារ, បើកឡានបុកហ្វូងបាតុករប៉ើងដូចក្រដាស់ ។ល។ ក្រុមជើងឯកខាងសិទ្ធិមនុស្សនិងខាងសេរីភាព សារព័ត៌មានបែរជាបិទមាត់ដូចគេចុក។ វិទ្យុដែលតាំងខ្លួនថាឯករាជ្យទាំងឡាយផ្សាយចេញពី ទឹកដីដែលកំពុងដុតរោលដោយអំពើហិង្សាបែរជាបិទភ្នែក បិទមាត់មិននិយាយអ្វីសូម្បីតែមួយម៉ាត់អំពីបញ្ហាជុំវិញខ្លួន តែបែរជាមកនិយាយរិះគន់រឿងតូចតាចដោយគ្រាន់តែមាន ពលរដ្ឋខ្មែរមួយក្រុមជាប់គាំង នៅប្រទេសម៉ាឡេស៊ីដោយ សារតែបញ្ហាកូវីដ១៩ទៅវិញ។
គេនៅចាំបានថា កាលពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣ នៅកម្ពុជាក៏មានផ្ទុះឡើងនូវ
បាតុកម្មហិង្សានិងកុប្បកម្មដុតបំផ្លាញ វាយម្ទេចបែបនេះដែរ។ កាលណោះ អាជ្ញាធរកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការបង្ក្រាបដើម្បីការពារនិងស្តារសណ្តាប់ធ្នាប់សង្គម ការពារសេចក្តីសុខ របស់ពលរដ្ឋ និងការពារទ្រព្យសម្បត្តិសាធារណៈនិងឯកជននោះឡើយ។ ប៉ុន្តែ ក្រុមអ្នកតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្សបែរជានាំគ្នាស្រែក រិះគន់យ៉ាងកងរំពងតាំងពីក្នុងស្រុកដល់ក្រៅស្រុក។ ដល់ពេលឥឡូវស្ថានភាពធ្ងន់ធ្ងរជាងនេះកើតឡើងនៅក្នុងប្រទេសដែលជាជំរកនិងជាប្រភពលុយរបស់ពួកគេ បែរជានាំគ្នាស្ងាត់មាត់ដូចគេចុក។
ស្ថានភាពនេះបានធ្វើឲ្យ សាធារណជនទូទៅបានស្គាល់ពីមុខមាត់ពិតប្រាកដរបស់ក្រុមជើងឯកសិទ្ធិមនុស្ស និងប្រជាធីបតេយ្យទាំងនោះព្រោះស្រោមមុខរបស់ពួកនេះត្រូវបានបើក ហើយនៅពេលនេះ។
តាមពិត ពួកគេមិនមែនជាជើងឯកខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឬជើងឯកខាងសេរីភាពសារព័ត៌មានដូចដែលខ្លួនបានបង្ហាញនោះឡើយ។ នៅពីក្រោយក្រុមនោះគឺផលប្រយោជន៍ និងរបៀបវារៈ នយោបាយសុទ្ធសាធ។
ពួកគេធ្វើការដើម្បីបម្រើផលប្រយោជន៍ម្ចាស់ជំនួយ និងពួកបរទេសនៅពីក្រោយខ្នងដោយគ្រាន់តែគេបន្តក់លុយឲ្យបានរស់តែប៉ុណ្ណោះ។ ប្រសិនបើអ្វីមួយប៉ះពាល់ដល់ផលប្រយោជន៍ចៅហ្វាយនាយ ពួកគេត្រូវតែបិទមាត់ដូចគេចុក។ ផ្ទុយទៅវិញ ប្រសិនបើអ្វីមួយ មានប្រយោជន៍ដល់មហិច្ឆតារបស់ម្ចាស់ជំនួយ ពួកគេបើកមាត់ ស្រែកឥតឈប់ឈរ។
ជាការពិត ការលើកឡើងបញ្ហាអស់ទាំងនេះមិនមែនជាការ សើចចំអកឡកឡឺយដល់ប្រទេសណាមួយនោះឡើយ។
ខ្ញុំពិតជាយល់បានថា ប្រទេសនីមួយៗមានបញ្ហារៀងៗខ្លួននិង មានវិធានការចាំបាច់របស់ខ្លួន ដើម្បីការពារសណ្តាប់ធ្នាប់សង្គម របៀបរៀបរយសាធារណៈ និងការពារភាពសុខសានរបស់ ប្រជាពលរដ្ឋ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់បង្ហាញពេលនេះគឺ«ការបកស្បែក មុខក្រុមខ្លាកំណាច ពាក់ស្បែកចៀម» ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានឃើញមុខមាត់ក្រុមនោះឲ្យបានច្បាស់ពីព្រោះក្រុមនោះមិនមែនធ្វើការដើម្បីបុព្វហេតុការពារសិទ្ធិមនុស្ស ឬការពារសេរីភាព សារព័ត៌មានដូចដែលពួកគេបានអួតអាងនោះឡើយ។ ប៉ុន្តែ ពួកគេត្រូវបានចងក្រងជាខ្សែបណ្តាញដោយមានអង្គការចាត់តាំង និង របៀបវារៈនយោបាយច្បាស់ លាស់ដើម្បីបំផ្លាញកម្ពុជា ឬប្រទេសណាដែលពួកគេយល់ ថាមិនអាចយកធ្វើជាកូនជឹងបាន។
យោងតាមអ្វីដែលបាននិងកំពុងកើតឡើងនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុបពេលនេះ ក៏ដូចជា បញ្ហាផ្សេងៗដែលបានកើតឡើងកន្លងមកនៅកម្ពុជាក៏ដូចជា នៅក្នុងបណ្តាប្រទេសនានាដែរ យើងអាចទាញសេចក្តីសន្និដ្ឋានខ្លះៗបានដូចខាងក្រោម៖
ទី១៖ ប្រទេសនីមួយៗសុទ្ធតែមាន បញ្ហារៀងៗខ្លួនមិនថាប្រទេសធំឬតូច ប្រទេសមានឬប្រទេសក្រនោះឡើយ។ ដូច្នេះ សូមប្រទេសធំ កុំមើលឃើញតែបញ្ហានៅក្នុងប្រទេសតូចតាច ហើយតាំងខ្លួន ជាគ្រូប្រដៅដល់ប្រទេសតូចតាច ទាំងនោះអីពីព្រោះថ្ងៃណាមួយបញ្ហាដូចគ្នាក៍នឹងអាចកើតឡើង នៅក្នុងប្រទេសរបស់ខ្លួនជាមិនខាន។ បើបញ្ហាកើតឡើងហើយ អ្នកក៍នឹងត្រូវចាត់វិធានការ ដូចតែគ្នានោះទេដើម្បីស្តារនិង រក្សាការពារសណ្តាប់ធ្នាប់សាធារណ: ស្ថេរភាពសង្គម សេដ្ឋកិច្ច និង នយោបាយ។
ទី២៖ មិនប្រាកដថា ប្រទេសធំ និងជឿនលឿនអាចគ្រប់គ្រងស្ថានការណ៍បានល្អជាងប្រទេសតូច និងមិនសូវអភិវឌ្ឍន៍នោះឡើយ។ ជួនកាលប្រទេសតូចក៏អាចមានវិធានការល្អនិងមានប្រសិទ្ធភាពជាងប្រទេសធំក៏ថាបានដែរ។ ការគ្រប់គ្រងជំងឺ កូវីដ ១៩ និង ការគ្រប់គ្រងស្ថានការណ៍ចលាចលសង្គមនៅអាមេរិកពេលនេះគឺជា ឧទាហរណ៍ស្រាប់។ ជួនកាល ប្រទេសតូចមួយមានសមត្ថភាពខ្លាំងជាងមហាប្រទេសក៏ថាបាន ដែរ។ ដូច្នេះ សូម «បញ្ឈប់ទៅការតាំងខ្លួនជាបងធំ ជាអ្នកខ្លាំង ហើយមើលស្រាលគេឯង»។
ទី៣៖ ពេលមានបាតុកម្មចលាចល វាតែងតែកើតមានអំពើ ហិង្សាដែលទីបំផុតឈានដល់អំពើកុប្បកម្ម វាយកម្ទេច ដុតបំផ្លាញ និងអំពើលួចប្លន់។ល។ នេះជាហេតុផលដែលអាជ្ញាធរ ប្រយ័ត្នប្រយែងចំពោះការធ្វើសកម្មភាពញុះញង់ រឺការបំផុសនូវចលនាធ្វើបាតុកម្មក្នុងន័យការពារប្រសើរជាងព្យាបាល។
ទី៤៖នៅលើលោកនេះ គ្មានទេជើងឯកខាងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឬខាងសេរីភាព សារព័ត៌មាន។ ប្រទេសនីមួយៗ មានទំនាមទម្លាប់ ប្រណៃណី និងផ្នត់គំនិតមនុស្សផ្សេងៗគ្នា។ ប្រទេសខ្លះឲ្យតម្លៃខ្លាំងទៅលើ សេរីភាព ខណៈដែលប្រទេសខ្លះទៀតឲ្យតម្លៃទៅលើវិន័យ និងសណ្តាប់ធ្នាប់ជាធំ។ ដូច្នេះ សូមចេះគោរពសិទ្ធិគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមកដោយ ស្មើមុខមាត់គ្នាដើម្បីសេចក្តីសុខ របស់មនុស្សនៅលើភពផែនដី ទាំងអស់គ្នា។
ទី៥៖ អ្នកដែលតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងខាងសេរីភាពសារព័ត៌មាន ក៏ ល្មមភ្ញាក់ខ្លួនហើយពីព្រោះ បើ ទោះជាបន្តពាក់ស្រោមមុខតទៅទៀត គឺក៍មិនខុសអ្វីពីការ លាក់មុខតែគូទនៅកណ្តាលវាល នោះឡើយ។ បើពួកអ្នកចាំតែ ស្រែកដាក់ប្រទេសតូចតាច ហើយបិទមាត់ដូចគេចុកចំពោះប្រទេសធំៗក្នុងរឿងដូចគ្នាបែបនេះ ការងាររបស់អ្នកក៍គ្មានតម្លៃអ្វីបន្ទិចណានោះឡើយព្រោះអំពើហិង្សានៃការបង្ក្រាបដ៏សែនឃោរឃៅ អសីលធម៌និងអមនុស្សធម៌របស់ប៉ូលីស ឆ្មាំការពារនិង យោធាទៅលើហ្វូងបាតុករនៅទូទាំងសហរដ្ឋ
អាមេរីក ជាភស្តុតាងជាក់ស្តែងបំផុតហើយក៏ជាពេលវេលាដ៏ល្អបំផុតដែរដែលត្រូវបកស្បែកមុខក្រុមអ្នកតាំងខ្លួនជាជើងឯកខាងសិទ្ធិ មនុស្សនិងប្រជាធិប្បតេយ្យ ទាំងនោះដែរ៕
ដោយ : អ្នកនយោបាយតុកាហ្វេ

វីដេអូ៖ ក្រុមបាតុករចូលវាយកម្ទេចហាងលក់រថយន្ត Mercedes នៅទីក្រុង Oakland រដ្ឋកាលីហ្វរញ៉ា បង្កឲ្យរងការខូចខាតយ៉ាងធ្ងន់ (Video inside)

(អាមេរិក)៖ បាតុកម្មនៅសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមដំបូងកាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបចំពោះការស្លាប់របស់បុរស​ស្បែកខ្មៅ George Floyd ក្រោមស្នាដៃប៉ូលិសស្បែកសអាមេរិក នៅទីក្រុង Minneapolis នៃរដ្ឋ Minnesota ហាក់កំពុងប្រែក្លាយ​ទៅជាភាពចលាចលកាន់តែអាក្រក់ឡើងៗ។
កំឡុងបាតុកម្មខ្ទង់មួយសប្តាហ៍កន្លងមកនេះ ក្រោមគោលដៅទាមទាររកយុត្តិធម៌ឲ្យលោក Floyd ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​សាធារណៈ និងលួចរបស់របរនៅតាមហាង ក៏បានកើតមានឡើងផងដែរ នៅតាមទីក្រុងក៏ដូចជារដ្ឋជាច្រើន នៅអាមេរិក។ យោង​តាមឃ្លីបវីដេអូមួយដែលត្រូវបានចែកចាយតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក គេឃើញហាងរថយន្ត Mercedes-Benz មួយកន្លែងនៅ​ទីក្រុងអូកលែន (Oakland) នៃរដ្ឋកាលីហ្វរញ៉ា រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
គួរជម្រាបថា ក្នុងឃ្លីបវីដេអូនោះ រថយន្តយ៉ាងតិចមួយគ្រឿង ត្រូវបានក្រុមបាតុករដុតឲ្យឆេះ និងជាច្រើនគ្រឿងទៀត ត្រូវបានវាយ​បំផ្លាញ។ បើតាមប្រភពព័ត៌មាន ហាងលក់រថយន្តនេះ មិនមែនជាកន្លែងតែមួយគត់ ដែលបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងអនា​ធិបតេយ្យពីពួកក្រុមបាតុករឡើយ គឺហាងជាច្រើនផ្សេងទៀតនៅទីក្រុង Oakland ក៏បានជួបវាសនាដូចគ្នាដែរ៕









ស្វែងយល់៖ តើផែនការដាក់ពង្រាយទ័ពរាប់ពាន់នាក់ដោយ លោក ដូណាល់ ត្រាំ ទៅកាន់បណ្តារដ្ឋនានាជាទង្វើស្របច្បាប់ដែរឬទេ?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះបានព្រមានថា លោកនឹងដាក់ពង្រាយកងទ័ពនៅទូទាំងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី និងជំរុញឱ្យអភិបាលរដ្ឋទាំងអស់ ធ្វើយ៉ាងណាគ្រប់គ្រងស្ថានការណ៍ឱ្យបាន ជាមួយការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ ហើយបើសិនជាពួកគេជំទាស់ នោះលោកនឹងបញ្ជូនកងទ័ពទៅកាន់ទីក្រុងទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាជំនួសពួកគេ។
ការព្រមានដាក់ពង្រាយកងទ័ពរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយ ទៅកាន់ប្រជាជាអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក ត្រាំ លើកឡើងនាឱកាសនោះដូច្នេះថា «ប្រសិនបើទីក្រុង ឬរដ្ឋទាំងអស់មិនព្រមចាត់វិធានការចាំបាច់ ដើម្បីការពារជីវិតមនុស្ស និងទ្រព្យសម្បត្តិនៃប្រជាជនរបស់ពួកគេទេ នោះខ្ញុំនឹងដាក់ពង្រាយកងទ័ព ដើម្បីដោះស្រាយបញ្ហាជំនួសពួកគេបានឱ្យឆាប់រហ័ស»
ក្រោយការព្រមានបែបនេះ ការជជែកដេញដោលជាច្រើនបានផ្ទុះឡើងជុំវិញថា តើលោក ដូណាល់ ត្រាំ មានអំណាចស្របច្បាប់ដាក់ពង្រាយកងទ័ព ដើម្បីបង្ក្រាបាតុកម្មតវ៉ា ឬបញ្ជូនកងទ័ពទៅកាន់បណ្ដាទីក្រុង និងរដ្ឋនៅក្នុងសហរដ្ឋអាមេរិកបានដែរឬទេ? ការព្រមានប្រើប្រាស់កងទ័ពនៅលើទឹកដីអាមេរិករបស់លោក ត្រាំ គឺមានចែងនៅក្រោមច្បាប់ប្រឆាំងការបះបោរមួយ (Insurrection Act)។ ផ្នែកខ្លះនៃច្បាប់នេះតម្រូវថា ការដាក់ពង្រាយកងទ័ពធ្វើឡើងទាល់តែមានការស្នើសុំជំនួយ ពីបណ្ដារដ្ឋណាមួយជាមុនសិន ខណៈផ្នែកខ្លះទៀតបានចែងថា មិនចាំបាច់តម្រូវឱ្យមានការយល់ព្រម ឬស្នើសុំជំនួយពីអភិបាលក្រុង និងរដ្ឋនោះទេ ក្នុងករណីដែលប្រធានាធិបតីអាមេរិកកំណត់ថា ស្ថានភាពនៅក្នុងរដ្ឋណាមួយ រារាំងមិនឱ្យមានការអនុវត្តច្បាប់អាមេរិក ឬក៏សិទ្ធិពលរដ្ឋរងការបំពានធ្ងន់ធ្ងរដោយសកម្មភាពបះបោរ។
* តើអ្វីទៅជាច្បាប់ប្រឆាំងការបះបោរ Insurrection Act?
ច្បាប់ប្រឆាំងការបះបោរ Insurrection Act ត្រូវបានបង្កើតក្នុងឆ្នាំ១៨០៧ និងចុះហត្ថលេខាដោយអតីតប្រធានាធិបតីទី៣របស់សហរដ្ឋអាមេរិក លោក ថូម៉ាស់ ចេហ្វហ្វឺសុន (Thomas Jefferson)។ ច្បាប់នេះអនុញ្ញាតឱ្យប្រធានាធិបតីប្រើប្រាស់កម្លាំងយោធា ឬកងទ័ព ដើម្បីបង្រ្កាបសកម្មភាពបះបោរ ឬចលនាឧទ្ទាមប្រឆាំងរដ្ឋអំណាចនៅក្នុងស្រុក។
* តើច្បាប់ Insurrection Act មានចែងពីអ្វីខ្លះ?
បើតាមផ្នែក ២៥១ នៃច្បាប់ Insurrection Act រដ្ឋទាំងអស់នៅក្នុងសហរដ្ឋអាមេរិក អាចស្នើសុំជំនួយពីប្រធានាធិបតី ដែលមានសិទ្ធិអំណាចដាក់ពង្រាយកងទ័ព សហព័ន្ធមួយចំនួនតាមសំណើស្នើសុំ។ ប្រធានាធិបតីក៏មានអំណាចប្រើប្រាស់កម្លាំងសហព័ន្ធ ដើម្បីបង្រ្កាបចលនាឧទ្ទាមផងដែរ។
ផ្នែក២៥២៖ ប្រធានាធិបតីត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធសហព័ន្ធ ឬក៏កម្លាំងប្រដាប់អាវុធប្រចាំរដ្ឋនានា ដើម្បីពង្រឹងអំណាចសហព័ន្ធ នៅពេលដែលសកម្មភាពខុសច្បាប់ ឬចលនាឧទ្ទាមបង្កឧបសគ្គ ឬក៏រារាំងដល់ការអនុវត្តច្បាប់សហព័ន្ធជាប្រក្រតី នៅក្នុងរដ្ឋទាំងឡាយ។
ផ្នែក២៥៣៖ ប្រធានាធិបតីអាចប្រើប្រាស់ច្បាប់ Insurrection Act បើសិនជាចលនាឧទ្ទាម អំពើហិង្សា និងទង្វើក្បត់ណាមួយបំផ្លាញដល់ការអនុវត្តច្បាប់សហព័ន្ធ ឬក៏សិទ្ធិពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ រងការរំលោភបំពានធ្ងន់ធ្ងរ។ ប្រធានាធិបតីក៏អាចប្រើប្រាស់ច្បាប់នេះផងដែរ នៅក្នុងករណីដែលអាជ្ញាធរដ្ឋមិនមានសមត្ថភាព ឬបរាជ័យ ឬក៏បដិសេធការពារសិទ្ធិ សិទ្ធិឯកជន និងអភ័យឯកសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឬដោយច្បាប់។
ផ្នែក២៥៤៖ ប្រធានាធិបតី ត្រូវតែបញ្ជាឱ្យក្រុមឧទ្ទាម ឬអ្នកបះបោរបំបែកហ្វូង និងត្រឡប់ទៅផ្ទះវិញ ដោយសន្តិវិធីនៅពេលធ្វើសកម្មភាពនៅក្រោមច្បាប់នេះ។
* តើអតីតប្រធានាធិបតីអាមេរិកណាខ្លះធ្លាប់ប្រើច្បាប់ Insurrection Act?
អតីតប្រធានាធិបតីលោក ដ្វៃ អេសិនហូវើ (Dwight D. Eisenhower) បានប្រើប្រាស់ច្បាប់ Insurrection Act ដើម្បីការពារនិស្សិតអាមេរិកដើមកំណើតអាហ្វ្រិកមួយក្រុមមានគ្នា ០៩នាក់ ឬគេស្គាល់ជាទូទៅថា Little Rock Nine។ លោកប្រធានាធិបតី លីដុន ចនសុន (Lyndon B. Johnson) បានប្រើច្បាប់នេះកំឡុងកុបកម្មដ៏ហិង្សានៅឆ្នាំ១៩៦៨ នៅក្នុងរដ្ឋធានី Washington, D.C., ទីក្រុងបាលទីម័រ (Baltimore) និងទីក្រុង ឈីកាហ្គោ (Chicago) ក្រោយមេដឹកនាំទាមទារសេរីភាពលោក ម៉ាទី លូសឺ ឃីង (Martin Luther King) ត្រូវបានគេធ្វើឃាត។ ចំណែកឯអតីតប្រធានាធិបតីអាមេរិកលោក ចច ប៊ូស (George H.W. Bush) ក៏ធ្លាប់ប្រើប្រាស់ច្បាប់ Insurrection Act ផងដែរ ដើម្បីបង្រ្កាបកុបកម្មក្នុងទីក្រុង ឡូសអាន់ជែលឡែសក្នុងឆ្នាំ១៩៩២ ដែលផ្ទុះឡើងក្រោយបែកធ្លាយវីដេអូបុរសម្នាក់ឈ្មោះ រ៉ូដនី ឃីង (Rodney King) ត្រូវបានក្រុមមន្ត្រីឡូស អាន់ជែលឡែស LAPD វាយធ្វើបាប។
គួរបញ្ជាក់ថា បាតុកម្មរកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចន ហ្វ្លយដ៍ (George Floyd) ដែលក្លាយជាកុបកម្មដ៏ហិង្សានៅទូទាំងសហរដ្ឋអាមេរិក បានឈានចូលដល់ថ្ងៃទី ៧ ហើយ ដោយមកទល់នឹងពេលមនុស្សយ៉ាងហោចណាស់ជាង ៤,០០០នាក់ត្រូវបានឃាត់ខ្លួន។ George Floyd ត្រូវបានប៉ូលិសក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីននីសូតា (Minnesota) យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ ដោយសារទិញបារីមួយកញ្ចប់ជាមួយក្រដាសប្រាក់ ដែលអ្នកលក់សង្ស័យថាក្លែងក្លាយចំនួន ២០ដុល្លារ៕
ប្រភព៖ CNN និង Fox News (ថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០)


















បុរសស្បែកខ្មៅម្នាក់ទៀត ត្រូវប៉ូលិសបាញ់ស្លាប់នៅរដ្ឋ Kentucky ភាគអាគ្នេយ៍សហរដ្ឋអាមេរិក

(អាមេរិក)៖ បុរសស្បែកខ្មៅអាមេរិកដែលមិនមែនជាបាតុករផងនោះ ត្រូវបានអាជ្ញាធរប៉ូលិសអាមេរិកបាញ់បណ្តាលឲ្យស្លាប់ ពេលអាជ្ញាធរបំបែក ក្រុមបាតុករនៅទីតាំងមួយកន្លែងក្នុងទីក្រុង ល្វីសវាល (Louisville) នៃរដ្ឋខិនទុកឃី (Kentucky) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានអង់គ្លេស The Independent នៅល្ងាចថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។
ជនរងគ្រោះខាងលើមានឈ្មោះថា ដេវីដ ម៉ាកអេធី (David McAtee) អាយុ ៥៣ឆ្នាំ មានមុខរបរជាម្ចាស់ហាងលក់សាច់អាំងមួយកន្លែង។ ប៉ូលិសក្រុង Louisville បានប្រាប់ថា លោកបានបាត់បង់ជីវិតនៅពេលប៉ូលិស និងកងឆ្មាំការពារជាតិបានបាញ់កាំភ្លើង សំដៅទៅកាន់ហ្វូងបាតុករ បន្ទាប់ពីមានការបាញ់មកលើខាងអាជ្ញាធរ។ មន្រ្តីប៉ូលិសពីរនាក់ ដែលពាក់ព័ន្ធក្នុងករណីបាញ់ប្រហារនោះ មិនបានបើកដំណើរការកាមេរ៉ា ដែលបំពាក់ជាប់ខ្លួនពួកគេឡើយ មុនការផ្ទុះអាវុធកើតឡើង។ កងកម្លាំងត្រូវបានបញ្ជូន ឲ្យទៅកាន់កន្លែងចំណតរថយន្តមួយកន្លែង ដើម្បីបំបែកក្រុមបាតុករ។
ជុំវិញហេតុការណ៍ខាងលើ អភិបាលក្រុង Louisville លោក ហ្គ្រេក ហ្វីសសឺ (Greg Fischer) បានសម្រេចដកតួនាទីមេបញ្ជាការប៉ូលិសប្រចាំទីក្រុងនេះចោល ហើយមន្រ្តីប៉ូលិសពីរនាក់នោះ ដែលត្រូវបានព្យួរការងារជាបណ្តោះអាសន្នផងដែរ។ ចំណែកអភិបាលរដ្ឋ Kentucky លោក អ៊ែឌី បេហ្ស៊ារ (Andy Beshear) បាននិយាយថា ប៉ូលិសប្រចាំរដ្ឋរបស់លោក នឹងបើកការស៊ើបអង្កេតជុំវិញការស្លាប់របស់លោក McAtee។
គួរជម្រាបថា ស្របពេលដែលការអះអាងពីខាងប៉ូលិសនៃទីក្រុង Louisville គឺប៉ូលិសរបស់ខ្លួន ០២នាក់ និងកងឆ្មាំការពារជាតិ ០២នាក់ទៀត បានសម្រេចប្រើអាវុធបែបនេះ ដោយសារតែមានការបាញ់ប្រហារមុន ទៅលើពួកគេពីខាងក្រុមបាតុករ មនុស្សមួយចំនួនបានអះអាងផ្ទុយវិញថា ពេលនោះគឺខាងអាជ្ញាធរអាមេរិកប្រើកម្លាំងបាញ់ ដើម្បីអនុវត្តបម្រាមគោចរ មិនមែនបំបែកហ្វូងបាតុករទេ៕






គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កំណត់យកថ្ងៃទី៤ ខែមិថុនា បន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា, គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានធ្វើការអនុម័តបញ្ចូលរបៀបវារៈក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៤ ខែមិថុនានោះ ដោយមានសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលនឹងត្រូវលើកយកមកធ្វើការពិភាក្សា និងអនុម័ត មានដូចជា៖
*ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
*ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
*ទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ
*ទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។
សូមជម្រាបថា អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកនេះ បានលើកយករបៀបវារៈចំនួន២ មកធ្វើការពិភាក្សា និងអនុម័ត រួមមាន៖
*ទី១៖ អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ទាំង៤ខាងលើ
*ទី២៖ ការអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ៕



វិដេអូបង្ហាញពីទិដ្ឋភាពនៃបាតុកម្ម និងភាពវឹកវរនៅទីក្រុងឡុងប៊ិច វាយកម្ទេច ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឆក់ឱកាសគាស់ហាងទំនិញឯកជន (Video inside)

(អាមេរិក)៖ មកទល់ពេលនេះបាតុកម្មតវ៉ានៅសហរដ្ឋអាមេរិក ដែលកើតឡើងក្រោយការស្លាប់របស់លោក George Floyd នៅតែកំពុងបន្ត អស់រយៈពេលប្រមាណមួយសប្តាហ៍មកហើយ។ យ៉ាងណាមិញ បាតុកម្មមិនបានប្រព្រឹត្តទៅដោយសន្តិវិធីត្រឹមត្រូវនោះទេ គឺវារួមមានទាំងការប្រើអំពើហិង្សាយ៉ាងសាហាវ វាយកម្ទេច-ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងការឆក់ឱកាសគាស់ហាងជនស្លូតត្រង់ ដើម្បីលួចយកទំនិញថែមទៀត។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ថា ទ្រព្យសម្បត្តិ ព្រមទាំងអាជីវកម្មមួយចំនួនរបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ក៏បានរងការបំផ្លិចបំផ្លាញ ដោយសារតែព្យុះបាតុកម្មទាមទារយុត្តិធម៌នេះ។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក ស្ថិតនៅឱ្យឆ្ងាយពីការជួបជុំ ឬប្រមូលផ្តុំនានា ទោះបីក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ។ ស្ថានឯកអគ្គរាជទូត ក៏បានអំពាវនាវឱ្យកាត់បន្ថយការចេញទៅក្រៅផងដែរ។
ខាងក្រោមគឺជាទិដ្ឋភាពនៃបាតុកម្ម និងភាពវឹកវរនៅទីក្រុងឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វរញ៉ា (California) របស់សហរដ្ឋអាមេរិក៖