Wednesday, January 01, 2020

សុន្ទរកថា​អបអរសាទរ​ឆ្នាំថ្មី​ឆ្នាំសកល​ឆ្នាំ២០២០​ជូន​ចំពោះ​ប្រិយមិត្ត​អន្តរជាតិ​​


ថ្ងៃទី១ខែ​មករាឆ្នាំ​២០២០ ​លោក ​Shen​ Haixiong ​អគ្គនាយកនៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​បាន​ថ្លែង​សុន្ទរកថា​ដើម្បី​សម្តែង​ការអបអរសាទរ​ឆ្នាំថ្មី​ឆ្នាំសកល​ជូនចំពោះ​ប្រិយមិត្ត​អន្តរជាតិ​នៃអគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​តាមរយៈ​វិទ្យុអន្តរជាតិចិន​និង​បណ្តាញ​អ៊ីនធឺណិត​ដូចខាង​ក្រោម៖​​

ប្រិយមិត្ត​ជាទីមេត្រី៖​​
២០២០​ជាលេខ​សំណាង​ដ៏ល្អនិង​ល្អបវរមួយ​ ហើយ​អ្នក​ប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ចិន​ក៏បាន​ពន្យល់​លេខនេះថា ​បើអាន​ជាភាសាចិន​គឺ​“Ai Ni​ Ai Ni​”ដែល​មាន​ន័យថា​ ស្រឡាញ់អ្នក ​​។ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំសកល​ឆ្នាំ២០២០​​ ​ក្នុងនាម​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន ​លោកសូម​ជូនពរ​ឆ្នាំថ្មីឆ្នាំសកល​ជូនចំពោះ​ប្រិយមិត្ត​ពី​ក្រុងប៉េកាំង ។
ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​គឺសរសេរ​ដោយ​ខណៈពេល​នីមួយៗ ​។ ខណៈពេល​ជាច្រើន​នៅឆ្នាំ​២០១៩​ បាន​ក្លាយជា​ការចងចាំ​អមតៈ ។ ​កាលពី​ថ្ងៃទី១​ខែតុលា ​ពួកយើង​បាន​អបអរសាទរ​ខួបគម្រប់​៧០ឆ្នាំនៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​ ។ ប្រិយមិត្ត​បាន​ចែករំលែក​ដំណើរ​ប្រវត្តិសាស្ត្រ​មិនធម្មតា​ក្នុង​រយៈពេល​៧០ឆ្នាំនៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​តាមរយៈ​ភាពយន្ត​ឯកសារ​ពហុភាសា​ក្រោម​ចំណងជើងថា​ 《យើងដើរ​ឆ្ពោះទៅមុខ​》និង​ភាពយន្ត​ផ្សាយ​ផ្ទាល់​កម្រិត​គុណភាព​ច្បាស់បំផុត ​៤K ​ក្រោម​ចំណងជើងថា ​《ខណៈពេល​នេះ ​ពិធី​ព្យុហយាត្រា​កងទ័ព​ឆ្នាំ២០១៩​》ដែល​ផ្សព្វផ្សាយ​ដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន ។ ​លោក ​Francesco ​Maringio អ្នកជំនាញ​របស់​អ៊ីតាលី​លើបញ្ហា​ប្រទេសចិន​​បាន​សរសេរ​ដោយ​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដ៏ត្រចះ​ត្រចង់​ដែល​សាធារណរដ្ឋ​ប្រជាមានិតចិន​ទទួលបាន​ក្នុង​រយៈពេល​៧០ឆ្នាំ​កន្លងទៅ ​ហើយ​លោក​សម្គាល់ថា​ ប្រជាជនចិន​ពិតជា​មាន​មោទនភាព​ចំពោះ​ការនេះ ។
ក្នុង​រយៈពេល​មួយឆ្នាំ​កន្លង​ទៅនេះ​ ​យើង​បាន​ខិតខំ​ចាប់​យក​​រាល់​ពេលវេលា​​​ដ៏​អស្ចារ្យ​នៃ​ការ​ឈានទៅមុខ​របស់​ប្រទេស​ចិន​​​ ​ដើម្បី​បង្ហាញ​​ដល់​ពិភពលោក​នូវ​​យុគសម័យ​ថ្មី​ដែល​ប្រកប​ដោយ​ភាព​ប្រាកដប្រជា ​និង​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ចិន​។ ​យើង​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​និង​វិធីសាស្ត្រ​សោតទស្សន៍​បែប 5G+4K/8K+AI ​ ​​ ​និង​បាន​ធ្វើការផ្សព្វផ្សាយ​ដោយជោគជ័យ​នូវ​​​សកម្មភាព​​ទ្រង់ទ្រាយ​ធំ​និង​សំខាន់​ៗ​មួយចំនួន​ដូចជា ​វេទិកា​កំពូល​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី ​ “ខ្សែ​ក្រវាត់​និង​ផ្លូវ” , ​កិច្ចប្រជុំ​សន្ទនា​ស្តីពី​អរិយធម៌​អាស៊ី , ការអបអរ​សាទរ​ខួបគម្រប់​​ ២០ ​ឆ្នាំ​នៃការវិល​ត្រឡប់​របស់​ម៉ាកាវ​មកកាន់​​មាតុប្រទេសវិញ​ជាដើម។ ​ខ្សែ​ភាពយន្ត​​ជា​ពហុភាសា​ដែល​​យើង​បាន​​ចេញផ្សាយ​ដូចជា​​ « រឿង​និទាន​​និង​​ឃ្លា​កំណាព្យ​​ដែល​លោក ស៊ី ជីនភីង​​ ចូលចិត្តដកស្រង់ (Classics Quoted by Xi) » ​​ ​« ការពិពណ៏នា​អំពី​រតន​សម្បត្តិ​ជាតិ​ (Every Treasure Tells a Story) » ​...បាន​បើក​​បង្អួច​​ឱ្យ​​ប្រិយមិត្ត​ទាំងអស់​បាន​​ស្វែងយល់​​កាន់តែ​​ស៊ីជ្រៅ​​ពី​​ទស្សនៈ​តម្លៃ​របស់​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​និង​វប្បធម៌​និង​​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់​របស់​ប្រទេស​ចិន ​។ សកម្មភាព​​ជួបជុំ​ជាមួយ​ប្រិយមិត្ត​ទូទាំង​សកលលោក​ក្រោម​​ប្រធានបទ​ “ ធ្វើដំណើរ​ជាមួយប្រទេសចិន ” កម្មវិធី​​ផ្សព្វផ្សាយ​បែប​ច្នៃប្រឌិតថ្មី​​ក្រោមប្រធានបទ​ “ សប្បាយ​ចិន-រុស្ស៊ី ” ​​និង​ពិធិករ​ល្បី​តាមអ៊ីនធឺណិត​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន​ភាសា​​-- ​។ ​កម្មវិធី​ទាំងនេះ​បាន​ជួយ​ឱ្យ​​ប្រិយមិត្ត​​កាន់​តែ​ច្រើន​​ជាប់ចិត្ត​ជាមួយប្រទេសចិន​និង​​គាំទ្រ​ប្រទេសចិន​។
អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​​បង្កើត​ឡើង​មាន​រយៈពេល​ ២ ឆ្នាំមក​ហើយ​​ ប៉ុន្តែ​យើង​ខ្ញុំ​ដឹង​ច្បាស់​ថា​ នៅក្នុង​យុគសម័យ​បណ្តាញ​អ៊ីធឺណិត​នេះ​ បើសិន​មិន​អា​ច​វិវឌ្ឍ​ទៅមុខ​ឬ​វិវឌ្ឍយឺតៗ​ នោះ​គឺ​ជា​ការ​ដើរ​ថយក្រោយ​ហើយ​ ។ ​យើង​ខ្ញុំ​ចងចាំ​ជានិច្ច​ចំពោះអនុសាសន៍​របស់​លោក​ស៊ី ជីនភីង​ ប្រធាន​រដ្ឋ​ចិនដែល​តម្រូវ​ឱ្យ​ប្រកាន់​ខ្ជាប់នូវ​​យុត្តិធម៌​និងការ​ច្នៃប្រឌិត​ថ្មី​ ដើម្បី​កសាង​និង​ប្រើ​ប្រាស់​ឱ្យ​បាន​ល្អ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មីនិង​វេទិកាថ្មី​ ។ យើង​ខ្ញុំ​នឹងខិតខំប្រឹង​ប្រែង​ដើម្បី​ឆ្ពោះទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយដ៏​​សំខាន់បែប​ថ្មីលំដាប់ទីមួយ​​លើ​ផ្ទៃ​អន្តរជាតិ​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ ។ ក្នុង​ឆ្នាំ​ ២០១៩នេះ​ យើង​ខ្ញុំ​បាន​បង្កើត​និង​ចាប់ផ្តើម​​ដំណើរ​ការ​នូវ​បន្ទប់​ពិសោធន៍​ដ៏​សំខាន់​ថ្នាក់​ជាតិ​ដំបូង​បង្អស់​មួយ​សម្រាប់​ផលិត​កម្មវិធី​សោតទស្សន៍​UHD និង​បានបង្កើតកម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​ 5G ឈ្មោះ​ Yangshipin ។ក្រៅនេះ​ ដើម្បីទទួល​បាន​ការអភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ យើង​ខ្ញុំ​បាន​ធ្វើការ​កែទម្រង់​កម្មវិធី ​ដោយ​បាន​ដាក់ចេញ​កម្មវិធី​ល្អ​ៗ​ជាង​ ២០០ ក្នុងន័យ​ផ្តល់​កម្មវិធី​ល្អ​ៗកាន់តែ​ច្រើនដល់​អ្នក​ប្រើប្រាស់​ ។
សេចក្តីរាយការណ៍​អំពី​ចំណុច​សំខាន់ៗ​នៅលើ​ពិភពលោក​ទាំងមូល​ប្រកប​ដោយ​គ្រប់ជ្រុង​ជ្រោយ ​សត្យានុម័ត​និង​យុត្តិធម៌ ​គឺជា​បទដ្ឋាន​ដែល​យើង​តែងតែ​ប្រកាន់​ខ្ជាប់​។​ យើង​ប្រកាន់​ខ្ជាប់​នូវ​អាកប្បកិរិយា​បើកទូលាយ​និង​កិច្ចសហប្រតិបត្តិការ ​ហើយ​ធ្វើ​ការផ្លាស់ប្តូរ​ជា​មួយ​សមភាគី​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដោយ​ឈរ​លើ​មូល​ដ្ឋាន​ស្មើភាពគ្នា។​នៅ​ឆ្នាំនេះ ​ខ្ញុំ​បាន​ជួប​សន្ទនា​និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ជាមួយ​អ្នកទទួលខុសត្រូវ​នៃ​បណ្តា​សមភាគី​សារព័ត៌មាន​អន្តរជាតិ ​ចំនួន ​ជាង ​១៥០ ​ដែល​រួមមាន ​ទីភ្នាក់ងារ ​ព័ត៌មាន ​Associated ​Press ​ទីភ្នាក់ងារ ​ព័ត៌មាន ​Reuters ​ទីភ្នាក់ងារ ​ព័ត៌មាន ​Agence ​France-Presse ​និង ​ទីភ្នាក់ងារ ​ព័ត៌មាន ​BBC ​ជា​ដើម​។​គ្រប់ភាគី​ទាំងអស់​មាន​ការ​យល់ដឹង​ពី​គ្នា​ទៅវិញ​ទៅមក​កាន់តែ​ច្រើន​ឡើងៗ ​ហើយ​រង្វង់​មិត្តភក្តិ​មួយ​ត្រូវបាន​បន្ត​ពង្រីក​ឥតឈប់ឈរ​។​
ព្រមពេល​ជាមួយ​គ្នានេះ ​ខ្ញុំក៏​សោកស្តាយ​​​ដែល​បាន​ឃើញថា ​មិនដឹង​មកពី​មូលហេតុអី ​ប្រព័ន្ធ​សារព័ត៌មាន​លោកខាង​លិច​មួយចំនួន​​បាន​ផ្សព្វផ្សាយ​ដោយ​ភាពងងឹត​ងងល់​ក្នុង​ព័ត៌មាន​​​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេសចិន​។​សូម្បីតែ​ពាក្យចចាម​អារ៉ាម​ក៏​អាច​បាន​ផ្សព្វ​ផ្សាយ​ជា​ព័ត៌មាន​បាន​ដែរ ​ហើយ​បណ្តាលឱ្យ​បាត់បង់​ភាពត្រឹមត្រូវ​នៃ​ខ្លឹមសារ​ព័ត៌មាន​។​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​ក៏​មិន​ខុសពី​រឿង​ប្រលោម​លោកអក្សរសាស្ត្រ​ដែរ។​យើង​ទាំងអស់គ្នា​ជឿជាក់ថា ​អង្គហេតុ​គឺជា​អាយុជីវិត​នៃ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន។​ប្រសិនបើ​អ្នក​ពឹង​ផ្អែក​លើ​ការស្រមើល​ស្រមៃ​ក្នុង​ការ​ផ្សព្វផ្សាយ​និង​យល់ច្រឡំ​ព័ត៌មាន​ថា​ជា​រឿង​ប្រលោម​លោក ​នោះ ​វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​នូវ​ភាពជឿជាក់​ពី​សាធារណជន។​ការនេះ​ក៏​ត្រូវ​បាន​អ្នកទទួលខុសត្រូវ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​នីមួយៗ​ដែល​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់។
លោក ​William ​Hazlitt​ អ្នក​និពន្ធ​ជ​នជាតិ​អង់គ្លេស​ក្នុង​សតវត្សទី​ ១៨ បាន​ពោល​នូវ​ឃ្លា​ប្រយោគ​ដ៏​ល្បីល្បាញ​មួយ​ថា​ “ ការរើសអើងគឺ​កំណើត​នៃ​ភាព​ល្ងង់ខ្លៅ។ ​ ការ​ស្វែង​រក​ការ​ពិត​និង​លុបបំបាត់​​ការ​រើស​អើង​ គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ​។ អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​បន្ត​ប្រកាន់​ខ្ជាប់នូវ​​គោល​ជំហរ​សត្យានុម័ត​និង​យុត្តិធម៌ ដើម្បី​ផ្សព្វផ្សាយនូវ​ការ​ពិត​និង​​សំឡេង​យុត្តិធម៌​ទៅកាន់​សហគមន៍​អន្តជាតិ ។
កវីចិន​ម្នាក់​ឈ្មោះ​Zhang Jiuling នៅ​រជ្ជកាលថាង​ធ្លាប់​សរសេរថា អ្នកដឹង​ចិត្តគ្នា​មិនបែងចែក​ជិត​ឬឆ្ងាយទេ ទោះបី​ឃ្លាតគ្នា​ម៉ឺនយោជន៍​ក៏ដូចជា​អ្នកជិតខាង​ដែរ ។ យើង​ជួបជុំ​និង​រួមរស់នៅ​លើផែនដីនេះ វាគឺជា​និស្ស័យ​ម្យ៉ាង ។ ដូចជាពេល​កំពុង​បំពេញទស្សនកិច្ច​នៅ​ប្រេស៊ីល​និង​អាហ្សង់ទីន ខ្ញុំបាន​ឃើញ​ផ្កា​និង​ឮសំឡេងបក្សី​ដូចគ្នា​នឹងពេល​ដែលខ្ញុំធ្លាប់​ឃើញ​និងឮ​នៅ​ខេត្តក្វាងតុង​ដែលខ្ញុំ​ធ្លាប់ធ្វើការ ។ នៅអ៊ីតាលី​និង​អេស្ប៉ាញ ខ្ញុំបាន​ភ្លក់​ស្រា​អង្ក​ដំណើប​និង​បន្ទះ​សាច់ងៀត​ស្រដៀងនឹង​ខេត្តជឺជាំង​ដែលជា​ស្រុកកំណើត​របស់ខ្ញុំ ។ គំនិតស្តីពី​“ផែនដី​ដូចជា​ភូមិមួយ”គឺជាក់ច្បាស់​និង​ពិតប្រាកដ​អ៊ីចឹង ។ គ្មានមូលហេតុ​សម្រាប់​ប្រជាជន​ក្នុងភូមិនេះ​មិនឱ្យធ្វើ​ការប្រាស្រ័យ​ទាក់ទងគ្នា​និង​ផ្លាស់ប្តូរគ្នា​នោះទេ ។ ខ្ញុំ​តែងតែ​យល់ឃើញ​ថា ​ការផ្លាស់ប្តូរ​រវាង​ប្រព័ន្ធ​សារព័ត៌មាន​អាច​បំបាត់​របាំងគំនិត​និង​ទោសាគតិ ​ធ្វើឱ្យ​មនុស្ស​កាន់តែ​ច្រើនឡើង​ៗ​ក្លាយជា​មិត្តភក្តិ ។
ឆ្នាំ ២០២០ ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការបញ្ចប់​ការកសាង​​​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​រស់នៅ​កម្រិត​​ធូរធារ​បង្គួរ​​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​ចិន​ ​​ហើយ​នឹង​និយាយ​ពាក្យ​លា​ភាពក្រីក្រ​ខ្លាំង​ចំពោះ​​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​​ចំនួន​ ១៤០០ ​លាន​នាក់​​នេះ​​​​ ​ដែល​​មិនធ្លាប់​មាន​​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​​។ ​សម្រាប់​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​នឹង​បន្ត​​កត់ត្រា​នូវ​យុគសម័យ​​ប្រកប​ដោយ​ឧត្តមភាព​និង​ស្វែងរក​ភាព​ល្អ​​ឥត​ខ្ចោះ​តាម​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន​ ​ ​ដើម្បី​ផ្សព្វផ្សាយ​​រឿងរ៉ាវ​ជា​ច្រើន​ទៀត​​​ដែល​កំពុង​កើតឡើង​ក្នុង​ប្រទេស​​ចិន​និង​ពិភពលោក​ជូន​ដល់​​ប្រិយមិត្ត​ ​ដើម្បី​បញ្ចូល​​ថាមពល​​វិជ្ជមាន​កាន់តែ​ច្រើន​ដល់​ការកសាង​សហគមន៍​រួម​វាសនា​សម្រាប់​មនុស្សជាតិ។
2020, ក្តីស្រឡាញ់​គ្រប់ដណ្តប់​​​មនុស្សលោក​ !
ជូនពរ​ប្រទេសចិន ​ជូនពរ​ពិភពលោក ​ជូនពរអស់លោកអ្នក!