Saturday, February 11, 2023

BREAKING: សម្តេចតេជោ ហ៊ុន សែន ទុកពេល ៧២ម៉ោង ឱ្យ VOD សូមទោសរឿងផ្សាយថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេច, បើមិនសូមទោស ប្តឹងទៅតុលាការ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទុកពេល ៧២ម៉ោង ឱ្យសារព័ត៌មាន VOD សូមទោសរឿងផ្សាយថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយ​ទៅប្រទេសតួកគី ជំនួសសម្តេច។ សម្តេចតេជោ បានប្រកាសឱ្យមេធាវីរាជរដ្ឋាភិបាល ត្រៀមរៀបចំពាក្យប្តឹងទៅកាន់តុលាការ ក្នុងករណី VOD មិនព្រមសូមទោស។



សម្រាប់សម្តេចតេជោ ការផ្សាយនេះ មិនត្រឹមតែជារឿងរបស់ លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រង​ថវិកាជាតិ​។

ជាមួយនឹងការប្រតិកម្មចំពោះការផ្សាយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីរបៀបរបបនៃការប្រើប្រាស់ថវិកាជាតិ ព្រមទាំងដំណើរការនៃការផ្តល់ជំនួយទៅកាន់ប្រទេសតួកគី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា ច្បាប់ និងការអនុវត្តនៅកម្ពុជា គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ មានសិទ្ធបញ្ជា​ចំណាយ​ក្រោម​ច្បាប់ថវិការជាតិ ដែលជាអគ្គមេបញ្ជាការកំពូល។ រីឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់​ដឹកនាំ​អនុវត្ត។

ដោយឡែកថ្នាក់ដឹកនាំផ្សេង​រាប់ទាំងឧបនាយករដ្ឋមន្ត្រី​មិន​មាន​សិទ្ធិ ឬមកលូកលាន់កិច្ចការ​នេះឡើយ​ លើកលែង​តែ​ការបញ្ជាចំណាយ​ក្នុងស្ថាប័ន​របស់​ខ្លួន​ ដែល​ច្បាប់ថវិកាផ្តល់ជូន។

សម្រាប់ជំនួយទៅប្រទេសតួកគី សម្តេចតេជោ បានបញ្ជាក់ថា យោបល់ទីមួយ ​គឺរដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើទៅកាន់សម្តេចនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ វេលាម៉ោង៦៖៥៦នាទី។ បន្ទាប់មកសម្តេចបញ្ជាឱ្យប្រកាសផ្តល់ជំនួយ ១០មុឺនដុល្លារ នៅម៉ោង៧៖១២នាទីថ្ងៃដដែល។​ បន្ទាប់មកបញ្ជូនសំណេរទាំងពីរជូនលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ហើយឆ្លើយ​ទទួល​អនុវត្ត​នៅម៉ោង ៧៖១៨នាទីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? ខ្ញុំទុក​ពេលឱ្យសូមទោសជា​សាធារណៈរយៈពេល ៧២ម៉ោង​​ ដោយសូមទោសរាជរដ្ឋាភិបាលផង​និងសូមទោស​ ហ៊ុន ម៉ាណែត ផង»។

សម្តេចតេជោ បានណែនាំឱ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នា ឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល​ ត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេ

មិនព្រមសូមទោស។

សម្តេចតេជោ បានបញ្ជាក់ថា «យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថា យើង​គំរាម​ឱ្យសោះ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិ​របស់អ្នកដទៃ)»។

សម្តេចតេជោ ក៏បានស្នើទៅមិត្តភក្តិបរទេស ឬសង្គមសុីវឹលមុនបញ្ចេញមតិ​សូមស្រាវជ្រាវរឿងនេះ​ជាមុនសិនទាំងអង្គហេតុ និងអង្គច្បាប់។

ចុងក្រោយសម្តេចតេជោ បានរំលឹកនូវពាក្យដាស់តឿនរបស់សម្តេច សម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣កន្លងទៅ គឺ «អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត»។

សូមបញ្ជាក់ថា សារព័ត៌មាន VOD កាលពីថ្ងៃទី០៩ ខែកុម្ភៈ កន្លងទៅ បានផ្សាយអត្ថបទមួយដាក់​ចំណង​ជើងថា «មន្ត្រីរដ្ឋាភិបាលថាការដែល​លោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការ​ផ្ដល់​ជំនួយ​ឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។

ក្នុងអត្ថបទនេះ អ្នកសារព័ត៌មាន បានធ្វើបទសម្ភាសន៍ជាមួយ​មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីរាជរដ្ឋាភិបាលផងដែរ ឱ្យបញ្ចេញទស្សនៈទៅតាមប្រធានបទរបស់ខ្លួន​ដូចក្នុង​ចំណង​ជើង។ ប៉ុន្តែមិនមានបង្ហាញឯកសារ ដែលបង្ហាញថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាវ​ផ្តល់​ជំនួយទៅប្រទេសតួកគីនោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ទៅកាន់ប្រទេសតួកគី ដែលកំពុងរងគ្រោះ ដោយសាររញ្ជួយដី។

ព័ត៌មានផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេ​ស​កម្ពុជា ចំនួនពីរសន្លឹក។ មួយសន្លឹកជាខេមរភាសា និងមួយសន្លឹកទៀត ជាភាសាអង់គ្លេស។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ មិនមានបង្ហាញការចុះហត្ថលេខាអ្វីនោះឡើយ។

ពាក់ព័ន្ធការផ្សាយនេះ លោក ហ៊ុន ម៉ាណែត ក៏បានទាមទារឱ្យ VOD បង្ហាញឯកសារផងដែរ។ បើមិនមានឯកសារទេនោះ គឺលោកទាមទារឱ្យសារព័ត៌មាននេះផ្សាយសូមទោសជាសាធារណៈផងដែរ៕



សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វិរបុរសចិន


នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ដល់វិរបុរសចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសពីនឹមអាណានិគម នៅស្តូបអនុស្សាវរីយ៍វិរបុរសចិន មុខវិមានធានអានម៉េន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ 

ជាមួយអក្សរចរឹកពណ៌មាស នៃការគោរពវិញ្ញាណក្ខន្ធដល់វិរបុរសចិន សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តគោរពដោយស្មោះស្ម័គ្រ ជូនចំពោះវិរបុរសចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិពីអាណានិគម រហូតទទួលបានឯករាជ្យយ៉ាងពេញលេញរហូតមកដល់បច្ចុប្បន្ន ពិសេសបានជំរុញល្បឿននៃការអភិវឌ្ឍប្រទេសចិន ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំទី២ នៅលើសាកលលោក។ 

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអបដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះរួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្រសួងការពារជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ខែក កែម៉ាលីស៊ីសូដា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍  និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនអមដំណើរ និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា សរុបចំនួន៦០រូប៕




កម្ពុជា-ចិន​ ចេញសេចក្តីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី និងបង្ហាញលទ្ធផលទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ កម្ពុជា-ចិន​ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី និងបង្ហាញលទ្ធផលទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួមកម្ពុជា-ចិន៖


វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ និងមេរៀនសម្រាប់អ៊ុយក្រែន

 

(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាង ១១ខែមកនេះចាប់តាំងពីរុស្ស៉ីបានចូលឈ្លានពានអ៊ុយក្រែនមក មានមនុស្សជាច្រើនបានប្រៀបធៀបសង្រ្គាមនេះទៅ​នឹងសង្រ្គាមលោកលើកទី១ សង្រ្គាមកូរ៉េ សង្រ្គាមណាប៉ូឡេអុង និងសង្រ្គាមលោកលើកទី២។ ក៏ប៉ុន្តែ មានសង្រ្គាមមួយដែលគេមិនសូវយកមកប្រដូចនឹងសង្រ្គាមនៅអ៊ុយក្រែន នោះគឺសង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ ហើយ ដែលសង្រ្គាមនេះអាចផ្ដល់មេរៀនជាច្រើនខាងយុទ្ធសាស្ត្រ។ សង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ពីឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៨៨ បានបង្កការបំផ្លិចបំផ្លាញយ៉ាងសម្បើម និងបណ្ដាលឱ្យមនុស្សជាង ១លាននាក់បាត់បង់ជីវិត មានទាំងការប្រើប្រាស់អាវុធគីមី ព្រមទាំងបង្កអស្ថិរភាពដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។


* ភាពប្រទាក់ក្រឡាគ្នានៃសង្រ្គាមទាំង២

សង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនមានភាពប្រទាក់ក្រឡាគ្នាច្រើន លើកលែងបច្ចេកវិទ្យាអាវុធបច្ចុប្បន្ន និងកាលពីអតីតកាលតែប៉ុណ្ណោះ។ សង្រ្គាមទាំងនេះធ្វើឡើង នៅក្រោមទម្រង់នៃការវាយលុកយ៉ាងលឿនរហ័ស និងប្រតិបត្តិការវាយបកដើម្បីដណ្ដើមកាន់កាប់ទឹកដី។ អ៉ីរ៉ាក់បានដណ្ដើមកាន់កាប់ទឹកដីមួយផ្នែកធំ ហើយបានបិទព្រំដែនជាមួយ អ៉ីរ៉ង់ក្នុងឆ្នាំ១៩៨០ ក៏ដូចជាដណ្ដើមបានតំបន់មួយចំនួនទៀតដូចជា ម៉ារីវ៉ាន់ (Marivan) ម៉េរ៉ាន់ (Mehran) និងស្ទើរតែកាន់កាប់បានតំបន់ អាវ៉ាស់ (Ahwaz) ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីអ៉ីរ៉ង់ នៅប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាម។ ក៏ប៉ុន្តែ អ៉ីរ៉ង់បានពង្រឹងការការពារនៅប៉ុន្មានខែដំបូងនៃឆ្នាំ១៩៨១ ហើយបានវាយរុញច្រានកងទ័ពអ៉ីរ៉ាក់ នៅខែមីនា ឆ្នាំបន្ទាប់។

ដូចគ្នានេះដែរ ក្រោយកងទ័ពរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពួកគេបានវាយរុលទៅមុខយ៉ាងរហ័សស្ទើរតែជិតទៅដល់ទីក្រុងកៀវ ក្នុងរយៈពេល ប៉ុន្មានថ្ងៃ រហូតដល់ធ្វើឱ្យក្រុមអ្នកវិភាគខ្លះថាទីក្រុងកៀវនឹងធ្លាក់ចូលកណ្ដាប់ដៃរុស្ស៉ីត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។ ក៏ប៉ុន្តែ ដូចគ្នាទៅនឹងកងទ័ពសាដាំ ហូសេន កងទ័ពរបស់លោក ពូទីន ត្រូវបានកងទ័ពអ៊ុយក្រែនវាយឱ្យដកថយចេញពីតំបន់ក្បែររដ្ឋធានីកៀវ ហើយបានដឹកនាំប្រតិបត្តិការវាយបកដណ្ដើមទឹកដីដោយជោគជ័យជាបន្តបន្ទាប់ នៅចន្លោះពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២២។ នៅក្រោយដំណាក់កាលដំបូងនៃសង្រ្គាមនេះ រុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែបានផ្លាស់ប្ដូរយុទ្ធសាស្ត្ររៀងៗខ្លួន រីឯសង្រ្គាមត្រូវជាប់គាំងដោយកងទ័ពទាំង២ បានផ្ដោតសំខាន់លើសង្រ្គាមលេណ្ឋដ្នាន ដូចគ្នាទៅនឹងសង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ដែលកងទ័ពនៃប្រទេសទាំង២ ប្រើកាំភ្លើងធំធុនធ្ងន់បាញ់ដាក់គ្នាទៅវិញទៅមក ដោយធ្វើឱ្យគេប្រៀបធៀប សង្រ្គាមនៅពេលនោះទៅនឹងសង្រ្គាមលោកលើកទី១។ ក្នុងឆ្នាំ២០២២ អ៊ុយក្រែន និងរុស្ស៉ី បានជីកលេនដ្ឋានជាច្រើននៅឯតំបន់សមរភូមិ ស្ថិតនៅភាគខាងត្បូង និងភាគខាងកើត នៃប្រទេសអ៊ុយក្រែន ហើយផ្ដោតលើការប្រើកាំភ្លើងធំ។

មីស៊ីលរបស់អ៉ីរ៉ាក់ និងអ៉ីរ៉ង់ ដែលបានវាយប្រហារលើជនស៊ីវិលនៅទូទាំងប្រទេសទាំង២ ឬគេហៅថា «សង្រ្គាមក្នុងទីក្រុង» និងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅក្នុង តំបន់ច្រកសមុទ្រ ហ័រមូស (Hormuz) ដែលគេហៅថា «សង្រ្គាមបំផ្លាញកប៉ាល់ដឹកប្រេង» បានឆ្លុះបញ្ចំងពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនសព្វថ្ងៃ។ រុស្ស៉ីបានព្យាយាមបំបាក់ស្មារតីប្រជាជន អ៊ុយក្រែន និងបង្កភាពស្មុគស្មាញដល់កងទ័ពអ៊ុយក្រែន តាមរយៈការបាញ់ផ្លោងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់នៅតាមទីក្រុងជាច្រើននៅទូទាំងប្រទេស។ សង្រ្គាម ទាំង២នេះក៏មានលក្ខណ​ៈដូចគ្នាដែរខាងភូមិសាស្រ្តយុទ្ធសាស្ត្រ និងមានការពាក់ព័ន្ធពីភាគីទី៣។ នៅក្នុងសង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ ប្រទេសជាច្រើនបានផ្ដល់អាវុធឱ្យអ៉ីរ៉ាក់ ក៏ឬអ៉ីរ៉ង់ រីឯសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺផ្ដល់ឱ្យទាំង២តែម្ដង។ បច្ចុប្បន្នវិញ សង្រ្គាមនៅអ៊ុយក្រែន ក៏កំពុងស្ថិតនៅលើរបៀបវារៈគោលនយោបាយពិភពលោកដែរដោយអ៊ុយក្រែន ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដាប្រទេសលោកខាងលិចដឹកនាំដោយអាមេរិក​ ហើយរុស្ស៉ីទទួលបានការគំាទ្រផ្នែកយោធា និងនយោបាយតិចតួច ពីប្រទេសជា សម្ព័ន្ធមិត្តរបស់ខ្លួនតួយ៉ាងដូចជាអ៉ីរ៉ង់ ខណៈការគាំទ្រពីប្រទេសជាដៃគូនៅលើឆាកអន្តរជាតិបានចាប់ផ្ដើមថយចុះ។

និយាយពីសេដ្ឋកិច្ច សង្រ្គាមទាំង២ បានធ្វើឱ្យតម្លៃប្រេង និងឧស្ម័នឡើងថ្លៃ ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ ជាងនេះទៅទៀត សង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន មានគោលគំនិតនៃអត្តសញ្ញាណជាតិដូចគ្នា។ ពោលគឺខណៈលោក ពូទីន កំពុងព្យាយាមស្ដារអំណាចអតីតសហភាពសូវៀតឡើងវិញ និងទទូចថាអ៊ុយក្រែនគ្មានសិទ្ធិធ្វើជា រដ្ឋឯករាជ្យ នៅក្រៅដែនឥទ្ធិពលរុស្ស៉ី អ៉ីរ៉ាក់ និងអ៉ីរ៉ង់វិញធ្វើសង្រ្គាមនឹងគ្នាក្រោមហេតុផលជាតិ និងសាសនា។ ខេត្ត ខូហ្សេស្ថាន (Khuzestan) របស់អ៉ីរ៉ង់ នៅក្នុងក្រសែភ្នែកសាដាំ ហូសេន មានសារៈសំខាន់ជាទីបំផុតសម្រាប់អ៉ីរ៉ាក់ ដោយសារតែខេត្តនេះមានប្រជាជនអារ៉ាប់ភាគច្រើនរស់នៅ ហើយចំណែកឯអ៉ីរ៉ង់វិញ ចង់បានទីតាំងពិសិដ្ឋមួយចំនួននៃនិកាយស៊ីអ៉ីត នៅក្នុងប្រទេសអ៉ីរ៉ាក់ ដូចជា ណាយ៉ាហ្វ (Najaf) និងកាបាឡា (Karbala) ជាដើម។

* អត់ធ្មត់ និងការត្រៀមលក្ខណៈ

ជាយុទ្ធសាស្ត្រ កំហុសមួយចំនួនដែលបានកើតឡើងនៅក្នុងសង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ បានបង្ហាញពីភាពចាំបាច់ក្នុងការរៀបចំផែនការវាយលុកប្រកបដោយការប្រុងប្រយ័ត្ន និងឈ្លាសវៃ ហើយ គ្រោះថ្នាក់អាចនឹងកើតឡើងគ្រប់ពេលនៅពេលដែល «ខ្វះការអត់ធ្មត់ និងការត្រៀមលក្ខណៈ»។ បន្ទាប់ពីបានវាយរុញច្រានការឈ្លានពានរបស់អ៉ីរ៉ាក់ អ៉ីរ៉ង់បានប្រញាប់បើកការវាយលុក វិញ ដោយមិនមានកម្លាំងទ័ព និងការផ្គត់ផ្គង់គ្រប់គ្រាន់ទេ។ ការវាយបករបៀបនេះទទួលបានជ័យជម្នះតិចតួច ហើយប្រតិបត្តិការវាយបកត្រូវធ្វើឡើងជាច្រើនលើក។ ជាឧទាហរណ៍ អ៉ីរ៉ង់បានដឹកនាំប្រតិបត្តិការវាយបកជាច្រើន ដូចជាប្រតិបត្តិការឈ្មោះ Karbala ក្រោយមក Karbala-1, Karbala-2, Karbala-3 និងផ្សេងពីនេះទៀត។ ប៉ុន្តែ អ៉ីរ៉ាក់វិញក៏បានប្រព្រឹត្ត កំហុសដូចគ្នានេះដែរដោយបានបើកការវាយលុកដោយគ្មានការរៀបចំផែនការឱ្យបានល្អ និងប្រញាប់ប្រញាល់ពេកក្នុងការបើកការវាយលុកលើទីតាំងមួយចំនួនដូចជា កោះ ម៉ាច់ជ្នូន (Majnoon Island) និងតំបន់ម៉េរ៉ាន់ (Mehran)។

ផ្ទុយទៅវិញ អ៊ុយក្រែន បានទទួលជោគជ័យជាបន្តបន្ទាប់នៅក្នុងប្រតិបត្តិការវាយលុករបស់ខ្លួន នៅសមរភូមិភាគខាងកើត និងជុំវិញតំបន់ខឺសុន ហើយការព្យាយាមវាយដណ្ដើមទឹកដី មកវិញ មានភាពអត់ធ្មត់ និងប្រសិទ្ធភាព ស្របពេលលោកខាងលិចសន្យាផ្ដល់រថក្រោះទំនើបធុនធ្ងន់។ តែទោះជាបែបនេះក្ដី ប្រតិបត្តិការរបស់អ៊ុយក្រែននៅតែត្រូវធ្វើឡើងដោយ ការអត់ធ្មត់ និងត្រៀមលក្ខណៈឱ្យបានល្អ ពីព្រោះថាមេរៀននៃកំហុសរបស់អ៉ីរ៉ាក់ និងអ៉ីរ៉ង់នៅក្នុងសង្រ្គាមមិនត្រឹមតែបង្កឱ្យកងទ័ពទាំងសងខាងស្លាប់ច្រើនប៉ុណ្ណោះទេ​ តែក៏ធ្វើឱ្យ ភាគីម្ខាងៗវាយទម្លុះខ្សែការពារ និងដណ្ដើមយកទីតាំងសំខាន់ៗមកវិញដែរ។ រុស្ស៉ីអាចដណ្ដើមបានទីតាំងឈរជើងឡើងវិញ ក៏ដោយសារតែការត្រៀមលក្ខណៈមិនបានល្អ និងបរាជ័យនៃការវាយលុករបស់អ៊ុយក្រែន ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះដែរ។

* សង្រ្គាមរយៈពេលវែង

មេរៀនដ៏សំខាន់មួយទៀតសម្រាប់អ៊ុយក្រែន នោះគឺសង្រ្គាមរយៈពេលវែងរវាងអ៉ីរ៉ាក់ និងអ៉ីរ៉ង់ ដែលធ្វើឱ្យភាគីទាំង២ ត្រូវប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម។ បន្ទាប់ពីឆ្នាំដំបូងនៃសង្រ្គាម សន្ទុះនៃការវាយប្រយុទ្ធគ្នាបានថយចុះរហូតដល់សង្រ្គាមឈានដល់ទីបញ្ចប់ នៅ៨ឆ្នាំក្រោយមក ហើយវាត្រូវបានគេចាត់ទុកថាជាសង្រ្គាមទូទៅធម្មតាយូរអង្វែងមួយនៅក្នុងស.វទី២០។ ដូចគ្នា ទោះជាសង្រ្គាមអ៊ុយក្រែន​មិនទាន់ដល់មួយឆ្នាំ ហើយអាចនឹងឈានចូលដល់គម្រប់ខួបមួយឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈនេះក៏ដោយ ក៏តាមរយៈបរាជ័យរបស់រុស្ស៉ី ទឹកចិត្តប្រយុទ្ធរបស់ អ៊ុយក្រែន និងសន្ទុះនៃសង្រ្គាមសព្វថ្ងៃ ត្រូវបានក្រុមអ្នកវិភាគជាច្រើនមើលឃើញថាសង្រ្គាមសព្វថ្ងៃកំពុងស្ថិតនៅលើទិសដៅឆ្ពោះទៅរកសង្រ្គាមរយៈពេលវែង។ ម្យ៉ាងវិញទៀត ទោះជា មនុស្សចំនួន ធ្លាប់បានគិតថាសង្រ្គាមអាចនឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លី ក្រោយអ៊ុយក្រែនដណ្ដើមបានតំបន់ខឺសុនក៏ពិតមែន តែការកែនទ័ពរុស្ស៉ីបន្ថែម ៣០០,០០០នាក់ និងការព្រមានពី ការបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំជាថ្មីរបស់រុស្ស៉ីឆាប់ៗនេះ ព្រមទាំងការដណ្ដើមបានទីក្រុងសូឡេដា ពីសំណាក់ទាហានស៊ីឈ្នួលរុស្ស៉ី កាន់តែបញ្ជាក់ច្បាស់ទៅទៀតថាសង្រ្គាមនេះ អាចនឹងបន្តរាប់ឆ្នាំទៅមុខទៀតក៏ថាបាន។

ប្រសិនបើគោលដៅ នោះគឺជាការចង់ឃើញអ៊ុយក្រែនទទួលបានទឹកដីមកវិញ ដូចស្ថានភាពនៅមុនពេលឈ្លាន អ្នកបង្កើតគោលនយោបាយលោកខាងលិចគួរតែយល់ថាសង្រ្គាមនេះអាច នឹងមានរយៈពេលវែងដែលតម្រូវឱ្យលោកខាងលិចបន្តផ្ដល់ជំនួយទាំងយោធា និងការគាំទ្រនយោបាយ តាមរយៈការរៀបចំគោលនយោបាយរយៈពេលវែង ហើយការគាំទ្រនេះទៀតសោត មិនគួរផ្ដោតត្រឹមតែជួយកសាងអ៊ុយក្រែនឡើងវិញនោះទេ តែក៏ត្រូវជួយគាំទ្រជាពិសេសដល់សេដ្ឋកិច្ចអ៊ុយក្រែនផងដែរ។ ការព្យាករថាអ៊ុយក្រែនអាចនឹងអស់ខ្យល់ មិនទាន់កើតឡើងនោះទេ ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិច ត្រូវត្រៀមលក្ខណៈផ្ដល់ជំនួយដល់ប្រជាជនអ៊ុយក្រែន សម្រាប់រយៈពេលវែង ប្រឈមមុខបញ្ហាប្រឈមសេដ្ឋកិច្ចនៅក្នុងស្រុកជាច្រើន នាពេលបច្ចុប្បន្ន៕