Saturday, February 11, 2023

ការពិតពីមាតុភូមិ៖ ជនក្បត់ជាតិតពូជ ដែលគ្មានសីលធម៌ និងគុណធម៌

(ភ្នំពេញ)៖ តាមលំអាននៃប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ព្រមទាំងជាសីលធម៌ និងគុណធម៌នៃមនុស្ស ប្រជាជាតិយើងតែងតែចូលរួមសម្តែងនូវការសោកស្តាយ និងសមានទុក្ខ ក្នុងខណៈដែលក្រុមគ្រួសារមួយបាត់បង់សាច់ញាតិជាទីគោរពស្រឡាញ់ណាម្នាក់ ព្រមទាំងបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព ដោយអហោសិកម្មនូវរាល់ការប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក និងមិនតិះដៀល ឬប្រមាថចំពោះសពឡើយ។



ផ្ទុយពីពុទ្ធសាសនិកជន និងពលរដ្ឋខ្មែរទូទៅ បុគ្គលគ្មានកំណើត គ្មានសីលធម៌ គ្មានគុណធម៌ មារយាទអាក្រក់កែមិនឡើង និងជាមេឧទ្ទាមក្បត់ជាតិបីជំនាន់ ឈ្មោះ សម រង្ស៊ី បាននិងកំពុងនៅតែបន្តទង្វើចោទបំផ្លើស លាបពណ៌ មួលបង្កាច់ និងប្រមាថដល់វិញ្ញាណក្ខន្ធនៃសព ព្រមទាំងប្រឹងបំពងសំឡេងទាក់ទាញចំណាប់អារម្មណ៍ ក្នុងលក្ខណៈញុះញង់អុជអាល ប៉ុនប៉ងបង្កកោលាហលចំពោះសង្គមជាតិ ជាប់ជាលំដាប់។

មកដល់ពេលនេះ នរណាក៏មើលឃើញដែរថា បុគ្គលខ្វះភាពថ្លៃថ្នូរជាមនុស្ស ឈ្មោះ សម រង្ស៊ី បានប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធនៃសព និងញុះញង់ដោយអគតិចំពោះថ្នាក់ដឹកនាំជាតិ ក្នុងគំនិតបង្កភាពវឹកវរជ្រួលច្របល់ បំផ្លាញសុខសន្តិភាព និងសេចក្តីសុខដុមរមនារបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ មហាជនបានមើលឃើញនូវភាពអត់ធ្មត់ និងភាពថ្លៃថ្នូរ ដ៏គួរឱ្យស្ងើចសរសើរ និងគួរឱ្យគោរព ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលមិនតបតជាមួយបុគ្គលទមិឡឥតសាសនា ក្នុងខណៈដែលក្រុមគ្រួសារកំពុងប្រារព្ធកិច្ចកាន់ទុក្ខ ។ មហាជន បានកត់សម្គាល់ថា បើទោះបីពុំមានការតបត ដោយវិធានការច្បាប់ណាមួយក៏ពិតមែន តែទាំងអស់គ្នាបានយល់ និងបានវាយតម្លៃរួចជាស្រេច ចំពោះសំដីរបស់បុគ្គលចិត្តអន្យតិរ្ថិយម្នាក់នេះ ដែលនៅតែបន្តប្រព្រឹត្តអំពើបំភ្លៃ ប្រមាថដ៏គឃ្លើន ដល់ថ្នាក់ដឹកនាំស្របច្បាប់ នៅកម្ពុជា។

យើងទាំងអស់គ្នា មិនភ្លេចទេថា បុគ្គលចោលម្សៀត ឈ្មោះ សម រង្ស៊ី នេះ ត្រូវបានគេតាមវាយសំពងដល់ផ្ទះនិរទេសរបស់ខ្លួន ហើយតុលាការនៃប្រទេសដែលខ្លួនរត់ចោលស្រុកទៅសុំជ្រកកោននោះ បានកំណត់ច្បាស់ថា បុគ្គលនេះបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌបរិហារកេរ្តិ៍ ចំពោះនាយករដ្ឋមន្ត្រីកម្ពុជា ដោយចៅក្រមបានរកឃើញច្បាស់នូវអង្គហេតុ និងធាតុផ្សំពេញលេញនៃអំពើរបស់ខ្លួន ដែលបានពោលមួលបង្កាច់ដោយគ្មានមូលដ្ឋាន និងបំផ្លើសដោយអសុទ្ធចិត្ត ចំពោះជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណី។

គោលដៅសំខាន់ដែលនាយករដ្ឋមន្ត្រីខ្មែរចង់បាន ពីបេសកកម្មតស៊ូផ្លូវច្បាប់នៅឯយុត្តាធិការបរទេស ពុំមែនជាសំណងរដ្ឋប្បវេណី ពីជនជាប់ចោទសម រង្ស៊ី នោះទេ ប៉ុន្តែគឺការជម្រះមន្ទិល ស្វែងរកយុត្តិធម៌ ភាពស្អាតស្អំ និងប្រាប់ការពិតដល់សាធារណជន ដែលទីបំផុតតុលាការបានបញ្ជាក់ផ្តល់ឱ្យយ៉ាងពិតប្រាកដ។

តុលាការព្រហ្មទណ្ឌបារាំងបានទាត់ចោលការចោទប្រកាន់ឥតមូលដ្ឋានរបស់ សម រង្ស៊ី ចំពោះនាយករដ្ឋមន្ត្រីកម្ពុជា ដោយកត់សម្គាល់បញ្ជាក់យ៉ាងច្បាស់ថា បុគ្គលនេះមិនមានភស្តុតាងសម្រាប់គាំទ្រសម្មតិកម្មរបស់ខ្លួនដែលថា មូលហេតុនៃគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្របណ្តាលមកពីការផ្ទុះគ្រាប់បែក នោះឡើយ។ ជាពិសេស តាមរយៈការលើកឡើងនូវអំណះអំណាងជាសំអាងហេតុហូរហែរ ក្នុងសាលក្រមរបស់ខ្លួន តុលាការបារាំងបានបញ្ជាក់អំពីការពិត និងនិយាមយុត្តិធម៌ដូចគ្នាតែមួយ មិនថានៅទីណាក៏ដោយ ការពោលពាក្យចោទបំភ្លៃទម្លាក់កំហុសដោយទុច្ចរិត ត្រូវបានកំណត់ថាជាអំពើបរិហារកេរ្តិ៍។ ប៉ុណ្ណឹងហើយ សម រង្ស៊ី នៅតែខំប្រឹងបិទបាំងភាពអាម៉ាស់របស់ខ្លួន ដោយអួតអាងថាខ្លួនឈ្នះក្តីទៅវិញ។ នេះបានចំជាភូតបំភ្លៃគ្មានថ្ងៃកែមែន!

សាធារណមតិជាតិ និងអន្តរជាតិ ពិតជាដឹងច្បាស់ដោយគ្មានមន្ទិលទាល់តែសោះថា រាល់អ្វីៗទាំងអស់ដែលបុគ្គលជួជាតិ សម រង្ស៊ី និយាយ ឬសរសេរ គឺសុទ្ធតែជាការបំភ្លៃសច្ចភាព មួលបង្កាច់ ប្រមាថកាតទានឥតព្រំដែន គ្មានសីលធម៌ គ្មានគុណធម៌ គ្មានមនុស្សធម៌ និងញុះញង់បង្កមហន្តរាយចំពោះជាតិខ្មែរតែប៉ុណ្ណោះ។ មេឧបឃាត សម រង្ស៊ី ត្រូវបានមហាជនស្គាល់ក្រយ៉ៅទុច្ចរិតច្បាស់ក្រឡែត និងកាន់តែឯកាគ្មានអ្នកអើពើ ជាប់ឈ្មោះជាអ្នកនយោបាយក្បត់ជាតិតជំនាន់ និងជាជើងឯកខាងបរាជ័យជាអលជ្ជី៕

ការពិតពីមាតុភូមិ,

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣

No comments:

Post a Comment