Saturday, February 11, 2023

BREAKING: សម្តេចតេជោ ហ៊ុន សែន ទុកពេល ៧២ម៉ោង ឱ្យ VOD សូមទោសរឿងផ្សាយថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេច, បើមិនសូមទោស ប្តឹងទៅតុលាការ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទុកពេល ៧២ម៉ោង ឱ្យសារព័ត៌មាន VOD សូមទោសរឿងផ្សាយថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយ​ទៅប្រទេសតួកគី ជំនួសសម្តេច។ សម្តេចតេជោ បានប្រកាសឱ្យមេធាវីរាជរដ្ឋាភិបាល ត្រៀមរៀបចំពាក្យប្តឹងទៅកាន់តុលាការ ក្នុងករណី VOD មិនព្រមសូមទោស។



សម្រាប់សម្តេចតេជោ ការផ្សាយនេះ មិនត្រឹមតែជារឿងរបស់ លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រង​ថវិកាជាតិ​។

ជាមួយនឹងការប្រតិកម្មចំពោះការផ្សាយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីរបៀបរបបនៃការប្រើប្រាស់ថវិកាជាតិ ព្រមទាំងដំណើរការនៃការផ្តល់ជំនួយទៅកាន់ប្រទេសតួកគី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា ច្បាប់ និងការអនុវត្តនៅកម្ពុជា គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ មានសិទ្ធបញ្ជា​ចំណាយ​ក្រោម​ច្បាប់ថវិការជាតិ ដែលជាអគ្គមេបញ្ជាការកំពូល។ រីឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់​ដឹកនាំ​អនុវត្ត។

ដោយឡែកថ្នាក់ដឹកនាំផ្សេង​រាប់ទាំងឧបនាយករដ្ឋមន្ត្រី​មិន​មាន​សិទ្ធិ ឬមកលូកលាន់កិច្ចការ​នេះឡើយ​ លើកលែង​តែ​ការបញ្ជាចំណាយ​ក្នុងស្ថាប័ន​របស់​ខ្លួន​ ដែល​ច្បាប់ថវិកាផ្តល់ជូន។

សម្រាប់ជំនួយទៅប្រទេសតួកគី សម្តេចតេជោ បានបញ្ជាក់ថា យោបល់ទីមួយ ​គឺរដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើទៅកាន់សម្តេចនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ វេលាម៉ោង៦៖៥៦នាទី។ បន្ទាប់មកសម្តេចបញ្ជាឱ្យប្រកាសផ្តល់ជំនួយ ១០មុឺនដុល្លារ នៅម៉ោង៧៖១២នាទីថ្ងៃដដែល។​ បន្ទាប់មកបញ្ជូនសំណេរទាំងពីរជូនលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ហើយឆ្លើយ​ទទួល​អនុវត្ត​នៅម៉ោង ៧៖១៨នាទីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? ខ្ញុំទុក​ពេលឱ្យសូមទោសជា​សាធារណៈរយៈពេល ៧២ម៉ោង​​ ដោយសូមទោសរាជរដ្ឋាភិបាលផង​និងសូមទោស​ ហ៊ុន ម៉ាណែត ផង»។

សម្តេចតេជោ បានណែនាំឱ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នា ឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល​ ត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេ

មិនព្រមសូមទោស។

សម្តេចតេជោ បានបញ្ជាក់ថា «យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថា យើង​គំរាម​ឱ្យសោះ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិ​របស់អ្នកដទៃ)»។

សម្តេចតេជោ ក៏បានស្នើទៅមិត្តភក្តិបរទេស ឬសង្គមសុីវឹលមុនបញ្ចេញមតិ​សូមស្រាវជ្រាវរឿងនេះ​ជាមុនសិនទាំងអង្គហេតុ និងអង្គច្បាប់។

ចុងក្រោយសម្តេចតេជោ បានរំលឹកនូវពាក្យដាស់តឿនរបស់សម្តេច សម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣កន្លងទៅ គឺ «អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត»។

សូមបញ្ជាក់ថា សារព័ត៌មាន VOD កាលពីថ្ងៃទី០៩ ខែកុម្ភៈ កន្លងទៅ បានផ្សាយអត្ថបទមួយដាក់​ចំណង​ជើងថា «មន្ត្រីរដ្ឋាភិបាលថាការដែល​លោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការ​ផ្ដល់​ជំនួយ​ឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។

ក្នុងអត្ថបទនេះ អ្នកសារព័ត៌មាន បានធ្វើបទសម្ភាសន៍ជាមួយ​មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីរាជរដ្ឋាភិបាលផងដែរ ឱ្យបញ្ចេញទស្សនៈទៅតាមប្រធានបទរបស់ខ្លួន​ដូចក្នុង​ចំណង​ជើង។ ប៉ុន្តែមិនមានបង្ហាញឯកសារ ដែលបង្ហាញថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាវ​ផ្តល់​ជំនួយទៅប្រទេសតួកគីនោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ទៅកាន់ប្រទេសតួកគី ដែលកំពុងរងគ្រោះ ដោយសាររញ្ជួយដី។

ព័ត៌មានផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេ​ស​កម្ពុជា ចំនួនពីរសន្លឹក។ មួយសន្លឹកជាខេមរភាសា និងមួយសន្លឹកទៀត ជាភាសាអង់គ្លេស។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ មិនមានបង្ហាញការចុះហត្ថលេខាអ្វីនោះឡើយ។

ពាក់ព័ន្ធការផ្សាយនេះ លោក ហ៊ុន ម៉ាណែត ក៏បានទាមទារឱ្យ VOD បង្ហាញឯកសារផងដែរ។ បើមិនមានឯកសារទេនោះ គឺលោកទាមទារឱ្យសារព័ត៌មាននេះផ្សាយសូមទោសជាសាធារណៈផងដែរ៕



No comments:

Post a Comment