Saturday, March 04, 2023

លិខិតមិត្តអ្នកអាន៖ «ខ្មែរពិតជាសំណាងណាស់ ដែលមេដឹកនាំបដិវត្តពណ៌ត្រូវបានវែកមុខទាន់ពេល»

(ភ្នំពេញ)៖ ការចាប់ខ្លួន កឹម សុខា កាលពីចុងឆ្នាំ២០១៧ និងការផ្តន្ទាទោសដោយតុលាការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតមួយទៀតក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សំខាន់នៅត្រង់ថា បើគ្មានការចាប់ខ្លួន កឹម សុខា កាលពីជាង ៥ឆ្នាំមុនទេ ម៉្លេះសមប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរពិតជារអិលធ្លាក់ដោយជៀសពុំរួចក្នុងចលនាបដិវត្តន៍ពណ៌និងធ្វើឲ្យស្ថានការណ៍ប្រទេសជាតិក្រឡាប់ចាក់ដូចនៅពិភពអារ៉ាប់បាត់ទៅហើយក៏មិនដឹង។ គំរោងការរៀបចំចលនាបដិវត្តន៍ពណ៌របស់ កឹម សុខា ពិតជាមិនធម្មតាឡើយ។

ប្រសិនបើគេអង្គុយស្តាប់ឡើងវិញនូវសម្តីរបស់ កឹម សុខា ដែលនិយាយពីផែនការបដិវត្តន៍ពណ៌នេះវាពិតជារឿងដ៏ គួរឲ្យព្រឺក្បាលណាស់សម្រាប់ពលរដ្ឋខ្មែរដែលធ្លាប់បានហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាម និងសមុទ្រទឹកភ្នែកដ៏សែនឈឺចាប់ខ្លោចផ្សារបំផុតក្នុង របបវាលពិឃាដចន្លោះពីថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦មករា ឆ្នាំ១៩៧៩។

តាមរយៈសម្តីរបស់កឹម សុខា ក្នុងខ្សែអាត់វីដេអូ គេអាចយល់បានថា ពិរុទ្ធជនរូបនេះពិតជាចំណាយពេលវេលាយូរណាស់ក្នុងការសិក្សា រៀនសូត្រពីវិធីសាស្ត្រធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាដែលបង្រៀនដោយសាស្ត្រាចារ្យជំនាញរបរទេស។ មេរៀនដែលគ្រូបរទេសបង្រៀនដល់ កឹម សុខា ពិតជាមានលក្ខណៈស៊ីជម្រៅនិងល្អិតល្អន់ខ្លាំងណាស់ ពាក់ព័ន្ធនឹងមធ្យោបាយផ្តួលរំលំរាជរដ្ឋាភិបាល ដោយប្រើយុទ្ធសាស្ត្រ«គាស់ពីក្រោមឡើងលើ»។ ដើម្បីសម្រេចគោលដៅនេះ កឹម សុខា បានចំណាយពេលច្រើនឆ្នាំណាស់ដើម្បីរៀបចំជើងព្រួល ដោយចាប់ផ្តើមសកម្មភាពពីដំបូងក្រោមស្លាក«មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា»។

មានមូលហេតុសំខាន់ពីរដែល កឹម សុខា ត្រូវផ្តើមសកម្មភាពចលនាបដិវត្តន៍ពណ៌ដោយជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្ស៖ មូលហេតុទី១ គឺដោយសារតែអង្គការសង្គមស៊ីវិលអាចទទួលលុយពីបរទេសបានសម្រាប់ធ្វើសកម្មភាព មូលហេតុទី២៖ តាមរយៈលុយដែលផ្តល់ដោយចៅហ្វាយបរទេស កឹម សុខា មានឱកាសធ្វើការជាមួយប្រជាពលរដ្ឋគ្រប់ទិសទី ដើម្បីបញ្ចុះបញ្ចូលមនោគមន៍វិជ្ជាឲ្យពួកគេឈឺចាប់ជាមួយរាជរដ្ឋាភិបាលហើយងាកមកជឿលើចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលដោយប្រើអំណាចប្រជាជន( People Power) នៅពេលណាដែលពួកគេត្រូវការ។

លោក កឹម សុខា បានប្រើពេលអស់ ៥ឆ្នាំ (ពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០០៧) ដើម្បីធ្វើសកម្មភាពក្រោមពាក្យស្លោក«បើគ្មានការប្រថុយប្រថាន ក៏គ្មានការផ្លាស់ប្តូរដែរ»។ នេះគឺជាពាក្យគន្លឹះមុតស្រួចដែល កឹម សុខា បានយកមកធ្វើជាត្រីវិស័យក្នុងការធ្វើសកម្មភាពដើម្បីបំពាក់បំប៉នមនោគមន៍វិជ្ជាឲ្យប្រជាពលរដ្ឋមានសេចក្តីក្លាហានក្នុងការក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល។ ដើម្បីសម្រេចគោលដៅនេះ កឹម សុខា បាននិយាយវាយប្រហារ មួលបង្កាច់រាជរដ្ឋាភិបាលតាមគ្រប់រូបភាពក្នុងគោលបំណងបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យស្អប់ខ្ពើមរាជរដ្ឋាភិបាល និងញុះញង់ឲ្យប្រជាពលរដ្ឋហ៊ានប្រថុយជីវិតដើម្បីចូលរួមចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល។ គេនៅចាំបានថា កាលណោះ លោក កឹម សុខា សកម្មណាស់ដោយចុះធ្វើសកម្មភាពគ្រប់ទិសទីទាំងព្រឹក ទាំងល្ងាច។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺទាំងពាក្យស្លាក ទាំងយុទ្ធសាស្ត្រ និងសកម្មភាព សុទ្ធសឹងតែរៀបចំដោយ«គ្រូបរទេស»ទាំងអស់។ កឹម សុខា ប្រើតែកម្លាំងនិងវោហាសាសន៍ប៉ុណ្ណោះ ក្រៅពីនោះគឺចៅហ្វាយនាយបរទេសទេដែលជាអ្នកគូសផ្លូវឲ្យដើរទាំងអស់។

ក្រោយពីបានកសាងមូលដ្ឋានថ្នាក់ក្រោមរួចរាល់ និងដោយរំពឹងថា កម្លាំងដែលខ្លួនកសាងអាចប្រើប្រាស់បានដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈយុទ្ធសាស្ត្រ«គាស់ពីក្រោមឡើងលើ»តាមគំរូបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី កឹម សុខា ក៏បានលាឈប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារួចហើយទៅបង្កើតគណបក្សនយោបាយមួយឈ្មោះថា «គណបក្សសិទ្ធិមនុស្ស»កាលពីដើមឆ្នាំ ២០០៧។ ការដាក់ឈ្មោះគណបក្សឲ្យដូចជាឈ្មោះអង្គការដែលខ្លួនធ្លាប់បានបង្កើតឡើងក៏ជាយុទ្ធសាស្ត្រដែលចៅហ្វាយបរទេសរៀបចំឲ្យដែរ។ គោលបំណងធំបំផុតគឺដើម្បីឲ្យប្រជាពលរដ្ឋនឹកឃើញដល់មជ្ឈបណ្ឌលសិទ្ធិមនុស្សកម្ពុជាដែល កឹម សុខា ធ្លាប់គ្រប់គ្រងពោលគឺ គណបក្សសិទ្ធិមនុស្សនិងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគឺតែមួយ។ ការហក់ចូលក្នុងឆាកនយោបាយក៏ព្រោះតែ ចៅហ្វាយបរទេសរបស់កឹម សុខា យល់ឃើញថា កូនអុករបស់ខ្លួន អាចធ្វើសកម្មភាពបានទូលំទូលាយ និងខ្លាំងក្លាជាងក្នុងអង្គការក្រៅរដ្ឋាភិបាល។

សកម្មភាពរបស់ កឹម សុខា ក្នុងគណបក្សសិទ្ធិមនុស្សក៏មិនខុសពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែរ គឺការដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យស្អប់រាជរដ្ឋាភិបាល។ ប៉ុន្តែ ទីបំផុត គណបក្សសិទ្ធិមនុស្សបានធ្វើឲ្យ កឹម សុខា និងចៅហ្វាយបរទេសខកចិត្តដោយសារតែគណបក្សនេះទទួលបានតែ ៣ កៅអីប៉ុណ្ណោះ ក្នុងសភា។ ដោយមើលឃើញថា គ្មានកម្លាំងគ្រប់គ្រាន់ ចៅហ្វាយនាយបរទេសក៏ចាប់បង្ខំ កឹម សុខា និង ជនក្បត់ជាតិ សម រង្ស៊ី ឲ្យរំលាយចូលគ្នាបង្កើតគណបក្សសង្គ្រោះជាតិយ៉ាងតក់ក្រហល់កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ ២០១២។ ក្រោយចាញ់ឆ្នោតឆ្នាំ ២០១៣ គណបក្សនេះបានសាកល្បងអនុវត្តចលនាបដិវត្តន៍ពណ៌តាមរយៈការអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួនចូលរួមធ្វើបាតុកម្មទ្រង់ទ្រាយធំ និងកុបកម្មហិង្សាយ៉ាងអណាធិបតេយ្យដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដោយនិយាយថា នេះជាទឹកផ្តាច់ព្រ័ត្រហើយ។

គេនៅចងចាំបានថា ក្រុមបាតុករដឹកនាំដោយអតីតបក្សប្រឆាំងដែលត្រូវបានរំលាយដោយតុលាការកំពូលហើយនោះមានភាពសាហាវខ្លាំងណាស់ពោលគឺពួកគេបានវាយកម្ទេច ដុតបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈជាច្រើន បង្កភាពអនាធិបតេយ្យពេញទីក្រុងភ្នំពេញ និងបានបង្ករបួសស្នាមដល់សមត្ថកិច្ចជាច្រើន។ ប៉ុន្តែ ជាសំណាងល្អ រាជរដ្ឋាភិបាលបានទប់ស្កាត់ទាន់ពេលវេលា តាមរយៈការចាប់ខ្លួនមេខ្លោងចលនាបដិវត្តពណ៌ឈ្មោះ កឹម សុខា ហើយតុលាការកំពូលក៏បានសម្រេចរំលាយចោលគណបក្សដែលជាសំបុកចលនាបដិវត្តន៍ពណ៌នេះចោល។

វាពិតជាភ័ព្វសំណាងណាស់សម្រាប់កម្ពុជាក៏ដូចជាសម្រាប់ពលរដ្ឋខ្មែរទាំងអស់ដែលអាជ្ញាធររាជរដ្ឋាភិបាលមានភាពឈ្លាសវៃទប់ស្កាត់ទាន់ពេលវេលាចំពោះចលនាផ្តួលរំលំដ៏ធំនេះ។ បើមិនដូច្នោះទេ ប្រទេសកម្ពុជាមិនដឹងរអិលធ្លាក់ក្នុងសោកនាដកម្មដល់កម្រិតណានោះឡើយ។ យើងអាចបិទភ្នែកស្រមៃមើលថា ប្រសិនបើប្រទេសកម្ពុជាធ្លាក់ក្នុងសភាពវឹកវរ អនាធិបតេយ្យក្រោមស្នាដៃចលនាបដិវត្តន៍ពណ៌ ហើយកូវីដ-១៩ បានវាយលុកចូលមកទៀតនោះ តើពលរដ្ឋខ្មែរជួបសោកនាដកម្មធំប៉ុណ្ណា? កូវីដ-១៩ ប្រហែលជាសម្លាប់ពលរដ្ឋខ្មែរមិនខុសពីរបប ប៉ុល ពត ឡើយ ចំណែកសេដ្ឋកិច្ចជាតិក៏ដួលរលំដែរ។

ក្នុងន័យនេះ ប្រជាពលរដ្ឋខ្មែរពិតជាអបអរសាទរយ៉ាងខ្លាំងចំពោះការចាប់ខ្លួននិងការផ្តន្ទាទោស កឹម សុខា ដែលជាមេខ្លោងដឹកនាំចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។ ភ័ព្វសំណាងបែបនេះប្រហែលមិនអាចកើតមានទេប្រសិនបើគ្មានរាជរដ្ឋាភិបាលមួយដ៏ឆ្លាតវៃនិងរឹងមាំក្នុងការធានាសន្តិភាព សន្តិសុខជាតិ និងស្ថិរភាពសង្គម ដូចជារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ នេះជាហេតុផលដែលប្រជាពលរដ្ឋខ្មែរស្ថិតនៅជាមួយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាជារៀងរហូតនិងតទៅអនាគត៕

ដោយ៖ សាស្ត្រាចារ្យសកលវិទ្យាល័យកំពង់ចាម



អ្នកនាំពាក្យការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍៥ចំណុច ឆ្លើយតបចំពោះការជ្រៀតជ្រែករបស់អ្នកការទូតប្រទេសលោកខាងលិចមួយចំនួន ជុំវិញការកាត់ទោស លោក កឹម សុខា

 (ភ្នំពេញ)៖ អ្នកនាំពាក្យការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍៥ចំណុច ឆ្លើយតបចំពោះការជ្រៀតជ្រែករបស់អ្នកការទូតប្រទេសលោកខាងលិចមួយចំនួន ជុំវិញការកាត់ទោស លោក កឹម សុខា ក្នុងបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេស។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកត់សម្គាល់ជាមួយក្តីកង្វល់យ៉ាងខ្លាំងចំពោះអ្នកការទូតប្រទេសលោកខាងលិចមួយចំនួន ដែលបានតម្លើងខ្លួនតាមទំនើងចិត្ត ពីតួនាទីការទូតធម្មតារបស់ខ្លួន ទៅធ្វើជាអនុរក្សដាក់ពិន្ទុក្រៅដែនកំណត់របស់ខ្លួន ចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសម្ចាស់ផ្ទះ ដែលផ្ទុយទៅនឹងគោលការណ៍ទទួលស្គាល់ជាសាកល ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងបណ្តារដ្ឋអធិបតេយ្យ ដូចមានចែងនៅក្នុងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត (VCDR-1961)។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​បានបំភ្លឺដូចតទៅ៖

១៖ ការថ្លែងថា សវនាការរបស់ លោក កឹម សុខា ផ្អែកលើ «សន្ទិដ្ឋិភាពក្លែងក្លាយ» គឺជាការថ្លែងបែបរើសអើង និងមានចរិកលាក់ពុត។ ការពិតការចោទប្រកាន់ត្រូវបានធ្វើឡើងដោយសារមានការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌតែប៉ុណ្ណោះ មិនមែនជាចេតនានយោបាយទេ។ បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវបានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប្រទេសលោកខាងលិចក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកពីបរទេស ដូចមានឧទាហរណ៍ជាច្រើនអំពីអ្នកនយោបាយ ដែលត្រូវបានកាត់ទោសចំពោះបទលើ្មសដ៏អាក្រក់នេះ។ ក្នុងចំណោមនោះ គឺមានករណីរបស់ លោក Paul Manafort ។ ការវាយប្រហារពីសំណាក់រដ្ឋាភិបាលនៃប្រទេសលោកខាងលិចមួយចំនួន ទៅលើតុលាការរបស់ប្រទេសដទៃទៀត រួមទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏មិនមែនជារឿងដែលមិនធ្លាប់កើតមានពីមុននោះទេ។

២៖ ការអះអាងថា ការផ្ដន្ទាទោសចំពោះអ្នកនយោបាយបំពានច្បាប់ខាងលើ គឺជា «បរាជ័យនៃ យុត្តិធម៌» គឺធ្វើឡើងដោយលម្អៀង និងមិនផ្អែកលើការពិត។ សវនាការចំនួន ៦៦ លើក បានប្រព្រឹត្តទៅដោយរលូន តម្លាភាព ជាសាធារណៈ និងស្របច្បាប់ ដោយមានការចូលរួមសង្កេតយ៉ាងដិតដល់ពីសំណាក់តំណាងអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងស្ថានទូតបរទេស។ ដោយផ្អែកតាមច្បាប់ ចុងចោទទទួលបានឱកាសយ៉ាងពេញលេញសម្រាប់ការការពារតាមផ្លូវច្បាប់ ព្រមទំាងមានមេធាវីចំនួនបួនរូបផងដែរ។

៣៖ ភស្តុតាងទាំងអស់ត្រូវបានដាក់ជូនតុលាការ ជជែកដេញដោល និងផ្ទៀងផ្ទាត់ប្រកបដោយតម្លាភាព ល្អិតល្អន់ និងត្រឹមត្រូវ ដើម្បីស្វែងរកការពិត។ ក្នុងចំណោមភស្តុតាងទាំងនោះ ភស្តុតាងមួយដែលត្រូវបានផ្សព្វផ្សាយតាម «បណ្តាញផ្សព្វផ្សាយCBN» នៅឆ្នាំ២០១៣ ហើយដែលត្រូវបានពិរុទ្ធជនទទួលស្គាល់ថាត្រឹមត្រូវពិតប្រាកដ បង្ហាញថា ខ្លួនពិតជាបានទទួលការណែនាំ និងការគាំទ្រពីបរទេស ដើម្បីអនុវត្តគម្រោងការជាជំហានៗ ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយវាមិនអាចទទួលបានភាពត្រឹមត្រូវសម្រាប់បុព្វហេតុផ្សេងនោះទេ។

៤៖ បើនិយាយអំពីវិធានក្នុងទំនាក់ទំនងអន្តរជាតិវិញ ការអត្ថាធិប្បាយបែបនយោបាយរបស់បេសកជនបរទេសខាងលើ មិនថាកើតចេញពីការភាន់ច្រលំ ឬភាពអំណួត គឺជាការរំលោភលើមាត្រា ៤១(១) នៃ «អនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត» ដែលបានចែងថា អ្នកការទូត «មានកាតព្វកិច្ចមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋ ម្ចាស់ផ្ទះ» ហើយដែលតំណាងមកពីប្រទេសមានអារ្យធម៌មួយ មិនថាតូចឬធំ ត្រូវតែប្រកាន់ខ្ជាប់ឱ្យបានពេញលេញ។

៥៖ ទោះបីជាអវត្តមានអ្នកនយោបាយពីរឬបីរូបដែលល្មើសនៅក្រោមក្រមព្រហ្មទណ្ឌ ឬត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ ដោយសារការបំពានច្បាប់ កម្ពុជានៅតែប្តេជ្ញាចិត្តឥតងាករេ ក្នុងការរៀបចំការបោះឆ្នោតជាតិនៅក្នុងខែកក្កដាខាងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងឆ្លុះបញ្ចាំងយ៉ាងពេញលេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ៕



Press Statement of the Foreign Ministry’s Spokesperson “Crime is a crime, and it cannot be justified for other aspirations”






អ្នកវិភាគចៅចាក់ស្មុក៖ មានតែបរទេសប៉ុណ្ណោះដែលអាច បញ្ជា កឹម សុខា ឱ្យសម្តែងគ្រប់រឿងបាន, កុំមកចោទរដ្ឋាភិបាលនិងតុលាការថាប្រឌិតរឿង

 

(ភ្នំពេញ)៖ តាមរយៈសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ រកឃើញពិរុទ្ធភាពនិងផ្តន្ទាទោស កឹម សុខា ដាក់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ក្នុងបទល្មើស «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកហូតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងដកហូតសិទ្ធិធ្វើនយោបាយ បាន បញ្ជាក់ថា កឹម សុខា អតីតប្រធានខ្មោចគណបក្សសង្គ្រោះជាតិ គឺជា «ជនក្បត់ជាតិ» ហើយអតីតគណបក្សសង្គ្រោះជាតិ គឺពិតជាអង្គការចាត់តាំងនយោបាយ និងជាកន្លែងប្រមូលផ្តុំកម្លាំងប្រតិបត្តិករបដិវត្តន៍ពណ៌ដូចអ្វីដែលត្រូវបានចោទប្រកាន់ និងបញ្ជាក់ដោយភស្តុតាង។



សាលក្រមដែលត្រូវបានទទួល ស្វាគមន៍និងអបអរសាទរយ៉ាងកងរំពងពីគ្រប់មជ្ឈដ្ឋាន ខណៈ រដ្ឋបរទេសនិងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលស្ថិតក្នុង ចង្កោមនៃក្រុមប្រតិបត្តិករបដិវត្តន៍ពណ៌បានចេញសេចក្តីថ្លែង ការណ៍សម្តែងការខកចិត្តនិងសម្តែងការព្រួយបារម្ភតាមទម្លាប់ របស់ខ្លួន និងបានចោទប្រកាន់ថាប្រឌិតភស្តុតាង បង្កើតរឿងដើម្បីកាត់ទោស កឹម សុខា។ ក្រុមជនបរទេសស៊ីឈ្នួលបំផ្លាញកម្ពុជាខ្លះឆ្លេឆ្លាពេញបណ្តាញសង្គមធ្វីទ័រដាក់សម្ពាធដល់ក្រសួងការបរទេស និងរដ្ឋាភិបាលខ្លួនឱ្យថ្កោលទោសនិងដាក់ទណ្ឌកម្មលើកម្ពុជានិងមន្ត្រីកម្ពុជា។

តាមពិត អ្នកដែលប្រឌិតរឿង និងអាចបង្គាប់បញ្ជា កឹម សុខា ឱ្យសម្តែងបានគឺមានតែជនបរទេសដែលជាចៅហ្វាយនាយរបស់ខ្លួនតែប៉ុណ្ណោះ។ បរទេសបានប្រើ កឹម សុខា ឱ្យ «ក្បត់កម្ពុជា និងក្បត់ជាតិខ្លួនឯង» និងបានប្រើ កឹម សុខា ឱ្យបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាតាមរយៈបដិវត្តន៍ពណ៌ និងព្យាយាមឡើងគ្រប់គ្រងអំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ។ នៅក្នុងឃ្លីបវីដេអូដែលជាភាស្តុតាងដាក់បន្ទុកលើ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃុតត្រូវរ៉ូវជាមួយបរទេស បានបង្ហាញយ៉ាងច្បាស់ថា កឹម សុខា ត្រូវបាន បរទេសយកទៅបង្ហាត់បង្រៀន បញ្ចូលមនោគមន៍វិជ្ជាសព្វបែបយ៉ាងមានគ្រូសច្រើនជាតិសាសន៍ ហើយមិនតែប៉ុណ្ណោះ អំឡុងពេលនៃការអនុវត្តផែនការបដិវត្តន៍ពណ៌ពីឆ្នាំ ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កឹម សុខា មានជនបរទេសជាច្រើនទៀតមកសរសេរគោលនយោបាយឱ្យ និងមានជនបរទេសមកចូលរួមអនុវត្ត និងផ្តល់យោបល់បននថែមទៀត។

ដូច្នេះ សូមកុំខិតខំកែឡៃការពិតឱ្យសោះ! មានតែបរទេសប៉ុណ្ណោះដែលអាចប្រើ កឹម សុខា សព្វបែបយ៉ាងបាន បង្កើតរឿង និងដឹកនាំរឿងឱ្យ កឹម សុខា សម្តែងរឿងសព្វបែបយ៉ាង រួមនឹងសម្តែងឱ្យដាក់ឃុំខ្លួនខ្លួនឯងគឺបានមួយកំភ្លេដើម្បីបំពេញមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ដូច្នេះ សូមកុំមកបន្ត មួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា និងតុលាការកម្ពុជាថាប្រឌិតរឿង និងបង្កើតភស្តុតាងទម្លាក់កំហុសលើ កឹម សុខា គឺបរទេសខ្លួនឯងដែលមានកូនសិស្សមិនល្អ ពោរពេញដោយសេចក្តីអំនួត និងពុលទឹកមាត់ ហើយបានខ្ជាក់ចេញមកនូវផែនការក្បត់ជាតិដែលចៅហ្វាយបរទេសរបស់ខ្លួនបានបង្ហាត់ បង្រៀន និងរៀបចំផែនការឱ្យខ្លួនអនុវត្ត។ ដូច្នេះអ្នកដែលត្រូវ បន្ទោសគឺជនក្បត់ជាតិ កឹម សុខា ដែលជាមនុស្សរបស់បរទេសប៉ុណ្ណោះ ហើយកាលដែលបរទេសខ្លះត្រូវតក់ក្រហល់ក្នុងការចេញសេចក្តីថ្លែងការណ៍ផ្សេងៗគឺដើម្បីការពារមុខមាត់របស់ខ្លួន កុំឱ្យបាក់មុខ ហើយក៏ដើម្បីការពារផែនការបដិវត្តន៍ពណ៌របស់ខ្លួននៅកម្ពុជា ឬផែនការបដិវត្តន៍ពណ៌របស់ខ្លួននៅបណ្តាប្រទេសដទៃ ក៏ដូចជាការពារមនុស្សរបស់ខ្លួនកុំឱ្យបាក់ទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់ប្រតិបត្តិករផ្សេងៗទៀតផងដែរ។ សម្រាប់ពលរដ្ឋកម្ពុជា ការកាត់ទោសនិងរកឃើញថា កឹម សុខា មានពិរុទ្ធភាពគឺពិតជាត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់ ព្រោះជាទង្វើក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ៕

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ ត្រៀមខ្លួនដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរ ហើយឬនៅ?

(វ៉ាស៊ីនតោន)៖ សមត្ថភាពរបស់អ៉ីរ៉ង់ នៅក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម មានពេលខ្លះត្រូវបានគេមើលឃើញថាបានបង្កឱ្យមានភាពច្របូកច្របល់ ឬការបញ្ចេញមតិចម្រុះនៅក្នុងចំណោមក្រុមមន្ត្រីអាមេរិក។ កាលពីពេលថ្មីៗនេះ បណ្ដាសារព័ត៌មានអន្តរជាតិធំៗ រួមទាំងកាសែតអាមេរិកនានាបានរាយការណ៍ថាទីក្រុងតេហរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត ៨៤ភាគរយ ជិតដល់កម្រិត៩០ភាគរយ ដែលគ្រប់គ្រាន់សម្រាប់ការផលិតគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់។


ឆ្លើយតទៅនឹងសេចក្ដីរាយការណ៍នេះ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns បាននិយាយនៅក្នុងកម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅយ៉ាងដូច្នេះថា «យើងមិនជឿនោះទេថាមេដឹកនាំកំពូលនៅក្នុងប្រទេសអ៉ីរ៉ង់ (Ali Khamenei) បានសម្រេចចិត្តរួចហើយថានឹងចាប់ផ្ដើមឡើងវិញនូវកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលយើងផ្ទាល់បាន ធ្វើការសន្និដ្ឋានថាពួកគេបានបញ្ឈប់ ឬផ្អាកកាលពីចុងឆ្នាំ២០០៣មក»។

ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក លោក Colin Kahl ជារដ្ឋលេខាធិការនៃក្រសួងការពារជាតិអាមេរិកទទួលបន្ទុកគោលនយោបាយ បានប្រាប់គណៈកម្មាធិការមួយនៃសភាអាមេរិកថា អ៉ីរ៉ង់អាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតអាចផលិតគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ ត្រឹមរយៈពេលតែ១២ថ្ងៃប៉ុណ្ណោះ ធៀបទៅនឹងការវាយតម្លៃកាលពីពេលមុនអះអាងថាអ៉ីរ៉ង់ត្រូវការពេលយ៉ាងហោច ១២ខែ ឬមួយឆ្នាំ។ ក្រុមមន្ត្រីអាមេរិក នៅក្រោមរដ្ឋបាលលោក ចូ បៃដិន ជឿជាក់ថាសមត្ថភាព វាលែងជាបញ្ហាចោទទៀតហើយ ដោយវាអាស្រ័យទៅលើពេលវេលាថាតើអ៉ីរ៉ង់ចង់ ឬមិនចង់ផលិតអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ ហើយសូម្បីតែទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) ក៏បានទទួលស្គាល់ផងដែរនៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួនថាអ៉ីរ៉ង់ពិតជាចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត ៨៤ភាគរយពិតមែន នៅឯរោងចក្រនុយក្លេអ៊ែរ Fordow។

ការអះអាងរបស់ទីភ្នាក់ងារ IAEA ធ្វើឡើងដោយផ្អែកលើក្រុមមន្ត្រីអធិការកិច្ចរបស់ខ្លួន ដែលបានប្រមូលយកសំណាកមួយចំនួនចេញពីរោងចក្រនុយក្លេអ៊ែរ Fordow ត្រូវបានសាងសង់យ៉ាងជ្រៅទៅក្នុងភ្នំមួយ ក្នុងប្រទេសអ៉ីរ៉ង់។ តែគួរឱ្យកត់សម្គាល់ នៅពេលដែលអ៉ីរ៉ង់ផ្ដល់កិច្ចសហប្រតិបត្តិការ IAEA មិនបានរកឃើញនោះទេថាទីក្រុងហេរ៉ង់បង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតប្រកាសអាសន្នខាងលើ ហើយ ក្នុងពេលនេះស្រាប់តែក្រុមមន្ត្រីអធិការកិច្ចបែរជាប្រមូលសំណាក និងនាំយកទៅវិភាគនៅឯទីក្រុងវីយែន ប្រទេសអូទ្រីស ដោយនេះនឹងបង្កឱ្យមានការសង្ស័យច្រើនជាងភាពប្រាកដជា។

នៅថ្ងៃទី៦ ខែមីនាខាងមុខ របាយការណ៍របស់ IAEA នឹងត្រូវបានលើកយកទៅពិភាក្សានៅក្នុងចំណោមក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារអន្តរជាតិមួយនេះក្នុងទីក្រុងវីយែន ស្របពេលមានការរំពឹងថាប្រមុខ IAEA លោក Rafael Grossi អាចនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៉ីរ៉ង់ ហើយវាក៏អាចទៅរួចដែរថាអាចនឹងមានរបាយការណ៍លើកទី២ ដោយត្រួតពិនិត្យលើវឌ្ឍនភាពនៃការស៊ើបអង្កេតមួយដាច់ដោយឡែកមួយ លើទីតាំងចំនួន៣នៅក្នុងប្រទេសអ៉ីរ៉ង់ ជាទីដែលមន្ត្រីអធិការកិច្ចរកឃើញសំណាកសារធាតុអ៊ុយរ៉ាញ៉ូមត្រូវបានកែច្នៃឡើងដោយដៃមនុស្ស ហើយដែលអ៉ីរ៉ង់មិនទាន់អាចផ្ដល់ការពន្យល់គួរឱ្យទុកចិត្តបាននោះទេ។

បើតាមនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក William Burns ទោះបីជាគ្មានភស្តុតាងនៃការចាប់ផ្ដើមដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញក៏ដោយ ក៏ការបង្កើនការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមគឺជារឿងគួរឱ្យព្រួយបារម្ភ ខណៈកម្មវិធីមីស៊ីលរបស់អ៉ីរ៉ង់កាន់តែរីកចម្រើនទៅមុខ។ ចំណែកឯ លោក Colin Kahl វិញក៏បានលើកឡើងដែរថាសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដក សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ហៅកាត់ថា JCPOA កាលពីឆ្នាំ២០១៨ គឺជាដើមហេតុនៃការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិតត្រូវបានកំណត់នៅក្រោមកិច្ចព្រមព្រៀង នេះ។ លោកបន្ថែមថាការដោះស្រាយបញ្ហាតាមផ្លូវការទូត គឺជាជម្រើសមួយដ៏ល្អប្រសើរ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ជារឿយៗតែងតែច្រានចោលការចោទប្រកាន់ ហើយទទូចថាខ្លួនមិនមានបំណងផលិតគ្រាប់បែក ឬអាវុធនុយក្លេអ៊ែរនោះទេ។ ប៉ុន្តែ អ្នកជំនាញដូចជាលោក Simon Henderson មកពីវិទ្យាស្ថាន Washington Institute for Near East Policy យល់ថាសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងហេតុការណ៍ច្រំដែលឆ្នាំ១៩៧៤ នៅពេលឥណ្ឌាបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ នៅឯតំបន់វាលរហោរស្ថាន មួយ ដែលទីក្រុងញូវដេលីហៅថាជាការបំផ្ទុះនុយក្លេអ៊ែរដោយសន្តិវិធី។ ច្បាស់ណាស់ សហរដ្ឋអាមេរិកចង់បញ្ចៀសកុំឱ្យរឿងនេះកើតឡើងជាថ្មី ប៉ុន្តែសម្រាប់លោក Henderson បញ្ហាសំខាន់នោះគឺថាតើ សហរដ្ឋអាមេរិកត្រូវធ្វើដូចម្ដេចដើម្បីទប់ស្កាត់កុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ដ្បិតអ៉ីស្រាអែលធ្លាប់បានព្រមានថានឹងប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងនោះមានទាំងជម្រើសយោធាដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់ផលិតបាន អាវុធនុយក្លេអ៊ែរ៕ (Fresh News)







ឯកសារជំនួញស្មារតី ស្តីពីសំណុំរឿងទាក់ទងនឹងបទល្មើសសន្ទិដ្ឋិភាព (គប់គិតត្រូវរ៉ូវគ្នា) ជាមួយបរទេសរបស់ កឹម សុខា



(ភ្នំពេញ)៖ ក្រុមអ្នកច្បាប់ និងក្រុមអ្នកតាមដាននយោបាយកម្ពុជា បានបង្ហាញឯកសារជំនួញស្មារតី ដែលសរសេររៀបរាប់អំពីទិដ្ឋភាពច្បាប់ ស្ថានភាពសង្គម និងនយោបាយ ពាក់ព័ន្ធនឹងការកាត់ក្តីលោក កឹម សុខា ជាមួយនឹងបទល្មើសសន្ទិដ្ឋិភាព ជាមួយបរទេស ដែលឈានដល់ការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ២៧ឆ្នាំ តែអនុញ្ញាតឱ្យរស់នៅក្នុងផ្ទះ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ក៏ដូចហាមជួបជាមួយមនុស្សគ្រប់គ្នាលើកលែងតែសមាជិកគ្រួសារ។