Saturday, March 04, 2023

អ្នកនាំពាក្យការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍៥ចំណុច ឆ្លើយតបចំពោះការជ្រៀតជ្រែករបស់អ្នកការទូតប្រទេសលោកខាងលិចមួយចំនួន ជុំវិញការកាត់ទោស លោក កឹម សុខា

 (ភ្នំពេញ)៖ អ្នកនាំពាក្យការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍៥ចំណុច ឆ្លើយតបចំពោះការជ្រៀតជ្រែករបស់អ្នកការទូតប្រទេសលោកខាងលិចមួយចំនួន ជុំវិញការកាត់ទោស លោក កឹម សុខា ក្នុងបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេស។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានកត់សម្គាល់ជាមួយក្តីកង្វល់យ៉ាងខ្លាំងចំពោះអ្នកការទូតប្រទេសលោកខាងលិចមួយចំនួន ដែលបានតម្លើងខ្លួនតាមទំនើងចិត្ត ពីតួនាទីការទូតធម្មតារបស់ខ្លួន ទៅធ្វើជាអនុរក្សដាក់ពិន្ទុក្រៅដែនកំណត់របស់ខ្លួន ចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសម្ចាស់ផ្ទះ ដែលផ្ទុយទៅនឹងគោលការណ៍ទទួលស្គាល់ជាសាកល ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងបណ្តារដ្ឋអធិបតេយ្យ ដូចមានចែងនៅក្នុងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត (VCDR-1961)។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​បានបំភ្លឺដូចតទៅ៖

១៖ ការថ្លែងថា សវនាការរបស់ លោក កឹម សុខា ផ្អែកលើ «សន្ទិដ្ឋិភាពក្លែងក្លាយ» គឺជាការថ្លែងបែបរើសអើង និងមានចរិកលាក់ពុត។ ការពិតការចោទប្រកាន់ត្រូវបានធ្វើឡើងដោយសារមានការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌតែប៉ុណ្ណោះ មិនមែនជាចេតនានយោបាយទេ។ បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវបានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប្រទេសលោកខាងលិចក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកពីបរទេស ដូចមានឧទាហរណ៍ជាច្រើនអំពីអ្នកនយោបាយ ដែលត្រូវបានកាត់ទោសចំពោះបទលើ្មសដ៏អាក្រក់នេះ។ ក្នុងចំណោមនោះ គឺមានករណីរបស់ លោក Paul Manafort ។ ការវាយប្រហារពីសំណាក់រដ្ឋាភិបាលនៃប្រទេសលោកខាងលិចមួយចំនួន ទៅលើតុលាការរបស់ប្រទេសដទៃទៀត រួមទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏មិនមែនជារឿងដែលមិនធ្លាប់កើតមានពីមុននោះទេ។

២៖ ការអះអាងថា ការផ្ដន្ទាទោសចំពោះអ្នកនយោបាយបំពានច្បាប់ខាងលើ គឺជា «បរាជ័យនៃ យុត្តិធម៌» គឺធ្វើឡើងដោយលម្អៀង និងមិនផ្អែកលើការពិត។ សវនាការចំនួន ៦៦ លើក បានប្រព្រឹត្តទៅដោយរលូន តម្លាភាព ជាសាធារណៈ និងស្របច្បាប់ ដោយមានការចូលរួមសង្កេតយ៉ាងដិតដល់ពីសំណាក់តំណាងអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងស្ថានទូតបរទេស។ ដោយផ្អែកតាមច្បាប់ ចុងចោទទទួលបានឱកាសយ៉ាងពេញលេញសម្រាប់ការការពារតាមផ្លូវច្បាប់ ព្រមទំាងមានមេធាវីចំនួនបួនរូបផងដែរ។

៣៖ ភស្តុតាងទាំងអស់ត្រូវបានដាក់ជូនតុលាការ ជជែកដេញដោល និងផ្ទៀងផ្ទាត់ប្រកបដោយតម្លាភាព ល្អិតល្អន់ និងត្រឹមត្រូវ ដើម្បីស្វែងរកការពិត។ ក្នុងចំណោមភស្តុតាងទាំងនោះ ភស្តុតាងមួយដែលត្រូវបានផ្សព្វផ្សាយតាម «បណ្តាញផ្សព្វផ្សាយCBN» នៅឆ្នាំ២០១៣ ហើយដែលត្រូវបានពិរុទ្ធជនទទួលស្គាល់ថាត្រឹមត្រូវពិតប្រាកដ បង្ហាញថា ខ្លួនពិតជាបានទទួលការណែនាំ និងការគាំទ្រពីបរទេស ដើម្បីអនុវត្តគម្រោងការជាជំហានៗ ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយវាមិនអាចទទួលបានភាពត្រឹមត្រូវសម្រាប់បុព្វហេតុផ្សេងនោះទេ។

៤៖ បើនិយាយអំពីវិធានក្នុងទំនាក់ទំនងអន្តរជាតិវិញ ការអត្ថាធិប្បាយបែបនយោបាយរបស់បេសកជនបរទេសខាងលើ មិនថាកើតចេញពីការភាន់ច្រលំ ឬភាពអំណួត គឺជាការរំលោភលើមាត្រា ៤១(១) នៃ «អនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត» ដែលបានចែងថា អ្នកការទូត «មានកាតព្វកិច្ចមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋ ម្ចាស់ផ្ទះ» ហើយដែលតំណាងមកពីប្រទេសមានអារ្យធម៌មួយ មិនថាតូចឬធំ ត្រូវតែប្រកាន់ខ្ជាប់ឱ្យបានពេញលេញ។

៥៖ ទោះបីជាអវត្តមានអ្នកនយោបាយពីរឬបីរូបដែលល្មើសនៅក្រោមក្រមព្រហ្មទណ្ឌ ឬត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ ដោយសារការបំពានច្បាប់ កម្ពុជានៅតែប្តេជ្ញាចិត្តឥតងាករេ ក្នុងការរៀបចំការបោះឆ្នោតជាតិនៅក្នុងខែកក្កដាខាងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងឆ្លុះបញ្ចាំងយ៉ាងពេញលេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ៕



Press Statement of the Foreign Ministry’s Spokesperson “Crime is a crime, and it cannot be justified for other aspirations”






No comments:

Post a Comment