ដោយ៖ Allen Myers
ចុះផ្សាយនៅក្នុងសារព័ត៌មាន The Cambodia
Daily នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ អត្ថបទរបស់
លោកស្រី មូរ សុខហួរ ដែលជាអ្នកនយោបាយមួយរូបក្នុងគណបក្សសង្រ្គោះជាតិ បានជំទាស់យ៉ាងខ្លាំងទៅនឹងអត្ថបទរបស់លោក
ប្រាក់ ចាន់ធុល ដែលបានចុះផ្សាយនៅគេហទំព័រ Reuters កាលពីថ្ងៃទី១១
ខែមិថុនា ឆ្នាំ២០១៤។
អត្ថបទរបស់លោក ប្រាក់ ចាន់ធុល មានខ្លឹមសារយ៉ាងនេះថា
យុទ្ធនាការរបស់គណបក្សសង្រ្គោះជាតិ ដើម្បីធ្វើឲ្យក្រឡាប់ចាក់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដាឆ្នាំទៅមិញ
ហាក់ដូចជាអស់ថាមពលទៅហើយ។ លោកស្រី មូរ សុខហួរ បានឆ្លើយតបថា៖ មិនមែនអញ្ចឹងទេ សូមក្រឡេកមើលតើហេតុអ្វីបានជាអ្វីៗវាប្រែប្រួល
ដូចជាកម្មករកំពុងស្វះស្វែងរកប្រាក់ឈ្នួលខ្ពស់ជាងមុន «ហើយមានចលនាអ្នកមូលដ្ឋាន
និងយុវជន ដើម្បីការផ្លាស់ប្តូរ»
ប្រជាជនកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រះសង្ឃកំពុងកសាងបណ្តាញដើម្បីថែរក្សាដែលគេឲ្យឈ្មោះថា
ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនារបស់យើង។
លោកស្រី
មូរ សុខហួរ ដូចមេដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួនទៀត ហាក់ដូចជាបានធ្លាក់ចូលក្នុងអន្ទាក់ខ្លួនឯង
ដោយកំពុងជឿជាក់លើការឃោសនាបោកប្រាស់របស់ខ្លួន។
នៅក្នុងការបោះឆ្នោតឆ្នាំកន្លងទៅនេះ គណបក្សសង្រ្គោះជាតិ
បានប្រើប្រាស់ពាក្យស្លោកយ៉ាងមមើមមាយដែលខ្លួនគិតឃើញនោះ គឺ «ដូរ-ដូរ-ដូរ» ដើម្បីឈ្នះសន្លឹកឆ្នោតពីប្រជាជនដែលយល់ខុសគ្នាអំពីពាក្យស្លោកនេះ ដែលពាក្យស្លោកនេះគ្មានអ្វីដែលជាមូលដ្ឋានច្បាស់លាស់។
ឥឡូវនេះ ពួកមេដឹកនាំទាំងនោះហាក់ដូចជាជឿជាក់លើខ្លួនឯងថា ប្រសិនបើអ្វីៗនៅក្នុងប្រទេសកម្ពុជាផ្លាស់ប្តូរ
គណបក្សសង្រ្គោះជាតិគឺជាអ្នកដែលធ្វើឱ្យមានការផ្លាស់ប្តូរ និងជាអ្នកទទួលផលពីការផ្លាស់ប្តូរនោះ។
ក្នុងន័យនេះ
មេដឹកនាំគណបក្សសង្រ្គោះជាតិត្រូវស្វែងយល់ឲ្យបានហ្មត់ចត់ជាទីបំផុត
នូវអ្វីដែលជាការពិតនោះ។ សភាពការណ៍អ្វីៗប្រែប្រួលគ្រប់ពេលវេលា
មិនថាឡើយពីកិច្ចខិតខំប្រឹងប្រែង ឬចេតនារបស់គណបក្សសង្រ្គោះជាតិនោះឡើយ។ ឧទាហរណ៍ដូចជា
ទោះបីជាគ្មានក្រុមអ្នកនយោបាយញុះញង់ក៏ដោយ
ក៏ពួកកម្មករគេនៅតែទាមទារប្រាក់ខែរបស់ពួកគេឲ្យបានកើនឡើង
ព្រោះជីវភាពរបស់ពួកគេដែលខ្វះខាត។ ឧទាហរណ៍មួយទៀត ប្រជាជន
ជាពិសេសយុវជន កំពុងតែរំភើបនឹងការប្រើប្រាស់បណ្តាញព័ត៌មានសង្គមជុំវិញពិភពលោក
ដូច្នេះ គេមិនត្រូវការជំរុញការលើកទឹកចិត្តពីគណបក្សសង្រ្គោះជាតិ
ដើម្បីចូលរួមលេង ហ្វេសប៊ុក (Facebook)
ឬ ទ្វីតទើរ (Twitter) នោះទេ។ ព្រះសង្ឃខ្មែរ បាន និងកំពុងខិតខំថែរក្សាតម្លៃព្រះពុទ្ធសាសនារយៈពេលជាច្រើនសតវត្សរ៍មកហើយ
ហើយនឹងប្រាកដជាបន្តធ្វើដូច្នេះទៅមុខទៀត ទោះជាលទ្ធផលនៃការបោះឆ្នោតនាពេលអនាគតយ៉ាងណាក៏ដោយ
អញ្ចឹង «ដូរ-ដូរ-ដូរ» នេះ វាគ្មានន័យអ្វីទាំងអស់។
ខ្ញុំមិនដឹងថាតើ
លោកស្រី មូរ សុខហួរ ដែលនិយាយថា «មូលដ្ឋានចលនាប្រជាជន និងយុវជន ដើម្បីការផ្លាស់ប្តូរ»
មិនដឹងថា ជាសំអាងលើអ្វីនោះទេ។ ខ្ញុំសង្ឃឹមថា គាត់មិនបាននិយាយសំដៅទៅលើអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ
កាលពីសម័យបាតុកម្មពីឆ្នាំទៅមិញ ដែលពួកគេនាំគ្នាស្រែក
«ដូរ-ដូរ-ដូរ» ដែលកាលណោះជាបាតុកម្មបះបោរ ចូលលួចប្លន់ហាងទំនិញ ដែលពួកគេគិតថា
ហាងទាំងនោះ មានម្ចាស់សុទ្ធតែជា «យួន» ទាំងអស់។
គួរឲ្យសោកស្ដាយណាស់ ការបោកប្រាស់ខ្លួនឯង តែងតែជាលក្ខណៈដ៏សំខាន់នៃនយោបាយរបស់លោក សម រង្ស៊ី និងគូកនជំនិតរបស់ខ្លួន។ ការអះអាងជ្រាំដែលៗថា
ក្រុមប្រឆាំង «ពិតជា» បានឈ្នះការបោះឆ្នោតឆ្នាំ២០១៣ នោះ
មិនមែនទើបតែប្រឌិតឡើងកាលសម័យបោះឆ្នោតខែកក្កដាឆ្នាំទៅមិញនោះទេ ប៉ុន្តែការអះអាងនេះ
គឺជាពាក្យជ្រាំដែលតាំងពីសម័យបោះឆ្នោតមុនៗមក។
អ្វីដែលខុសប្លែកនៅឆ្នាំ២០១៣ នោះ គឺមានពីរចំណុច។ ទីមួយ
គឺក្រុមប្រឆាំង ដែលបានរួបរួមគ្នាជាលើកដំបូងនោះ គឺក្រុមប្រឆាំងបានទទួលអាសនៈច្រើនជាងពេលមុនៗ។ ចំណុចប្លែកទី២ គឺមេដឹកនាំគណបក្សប្រឆាំងបានធ្វើការអះអាងជាក់លាក់ថា៖
គណបក្សសង្រ្គោះជាតិពិតជាឈ្នះបាន៦៣អាសនៈ ដែលពួកនេះអះអាងថាបានទទួល ៨អាសនៈ បន្ថែមពីលើ៥៥អាសនៈដែលពួកគេបានទទួលជាផ្លូវការ។
មិនដូចការអះអាងកាលពីបោះឆ្នោតមុនៗ ដែលតែងតែថាផ្នែកនេះមិនយុត្តិធម៌ ផ្នែកនោះមិនយុត្តិធម៌។
ជាការពិតណាស់ ការអះអាងអំពីអាសនៈ៨បន្ថែមនេះ វាងាយស្រួលផ្ទៀងផ្ទាត់ណាស់។
អ្វីដែលចាំបាច់នោះ គឺមេដឹកនាំគណបក្សសង្រ្គោះជាតិចេះពិចារណាឲ្យបានច្បាស់លាស់បន្តិច
គឺថា៖ «ក្នុងខេត្ត(ក) គ.ជ.ប. កំណត់ត្រាបានបង្ហាញថា
ពួកគេទទួលបាន x សំលេង ហើយគណបក្សប្រជាជនកម្ពុជាទទួលបាន y សំលេង ប៉ុន្តែតួលេខនេះខុស។
ចំនួនសរុបពិតប្រាកដនោះគឺ x+a និង
y-b។» អញ្ចឹងគេ អាចមានលទ្ធភាពត្រឡប់ទៅមើលឯកសារជាក់ស្តែង អាចថាមានការរាប់ឡើងវិញ
ឬត្រួតពិនិត្យការបូកសរុបនៅតាមថ្នាក់ឃុំ ឬខេត្ត ដើម្បីដឹងថាតើ គ.ជ.ប. ត្រូវ ឬគណបក្សសង្រ្គោះជាតិត្រូវ? ។
ប៉ុន្តែ
មេដឹកនាំគណបក្សសង្រ្គោះជាតិ មិនដែលបានផ្តល់តួលេខម្ដងណាឡើយ ដើម្បីគាំទ្រការអះអាងរបស់ខ្លួន។ មូលហេតុវាមិនពិបាករកនោះទេ។ ជាការពិតគឺថា ការអះអាងរបស់ពួកគេនេះ គឺវាមិនពិត ហើយគេនឹងឃើញលើគោក
ប្រសិនបើពួកគេនេះហ៊ានផ្ដល់តួលេខជាក់លាក់នោះ។ ព្រោះថា នៅគ្រប់ដំណាក់កាលនៃការបូកសរុបសំលេងឆ្នោត តាំងពីរាប់នៅស្ថានីយបោះឆ្នោត រហូតដល់បូកសរុបនៅថ្នាក់ខេត្ត
តំណាងរបស់គណបក្សសង្រ្គោះជាតិ មានវត្តមាន និងបានចុះហត្ថលេខាជារៀងរហូតលើឯកសារទាំងអស់
ដែលបញ្ជាក់ថាតួលេខ វាត្រឹមត្រូវមិនលំអៀង។
ប៉ុន្តែ
មេដឹកនាំគណបក្សសង្រ្គោះជាតិ នៅតែបន្តត្រុកៗធ្វើជាមិនដឹង។ ព្រោះការដែលទទួលស្គាល់ថា
«ពួកខ្លួនមិនបានឈ្នះឆ្នោតនោះ» គឺដូចជាទទួលស្គាល់ថា
ពួកគេបាននិងកំពុងធ្វើបាតុកម្មក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យក្រឡាប់ចាក់នូវជម្រើសដ៏ច្បាស់លាស់របស់ប្រជាពលរដ្ឋភាគច្រើនដែលគេបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
លោកស្រី
មូរ សុខហួរ សរសេរថា «ប្រជាជនបានសម្តែងមតិហើយ។ ហើយយើងត្រូវនាំគ្នាគោរពការសម្តែងមតិរបស់ពួកគេ»។
ពិតប្រាកដណាស់ គ្រប់គ្នាត្រូវតែគោរពមតិប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាច្រើនបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ហើយប្រជាជនភាគច្រើនបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ប្រសិនបើមេដឹកនាំគណបក្សសង្រ្គោះជាតិ
បែរមកទទួលស្គាល់ចំណុចខាងលើនេះ ហើយអ្វីដែលគេនាំគ្នាអះអាងថាពួកគេពិតជាគាំទ្រប្រជាធិបតេយ្យមែននោះ
ពួកគេអាចនឹងមានសំណាងល្អ ដោយពួកគេបានបង្ហាញគេឯងឲ្យយល់ថា
ពួកគេធ្វើអ្វីហ្មត់ចត់ លែងមានមារយាទពុតត្បុតទៀតហើយ។
ដោយ Allen Myers