Saturday, December 17, 2022

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៥ចំណុចដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ​លើកទី១៩ ដែល​ក្លិបអ្នកកាសែត​កម្ពុជា បានរៀបចំឡើង ​នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ។ 
ជាមួយនឹងការអបអរសាទរនេះ​ សម្តេចក៏បានផ្តល់អនុសាសន៍មួយ​ចំនួនដល់វេទិកា​និពន្ធនាយក​សារព័ត៌មានកម្ពុជា ​ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ​និងរៀបចំទិសដៅសម្រាប់អនុវត្ត។


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ពលរដ្ឋខ្មែរត្រៀមអបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ២០២៣ ជាមួយការងើបឡើងវិញនៃស្ថិរភាព សេដ្ឋកិច្ច និងសង្គម»


នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀតមានចំណងជើងថា ពលរដ្ឋខ្មែរត្រៀមអបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ២០២៣ ជាមួយការងើបឡើងវិញនៃស្ថិរភាព សេដ្ឋកិច្ច និងសង្គម» ដែលវីដេអូនេះ មានរយៈពេល ១២នាទីនិង១៦វិនាទី។



វីដេអូបានលើកយកមកបង្ហាញសាធារណជនជាតិ និងអន្តរជាតិនូវការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ថា បន្ទាប់ពីទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់និងដែលបានធ្វើឲ្យកក្រើកពិភពលោកក្នុងឆ្នាំ២០២២ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងជាពិសេសការចូលរួមប្រជុំអាស៊ាន-សហគមន៍អ៊ឺរុបនៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្ស៊ិក ដែលបាននាំមកនូវមោទនភាពជាតិក្រៃលែង។ ពេលនេះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកំពុង ត្រៀមរៀបចំទទួលឆ្នាំថ្មី ឆ្នាំសាកល ២០២៣ ដោយក្តីអំណរសាទរ និង រីករាយជាទីបំផុត។

ឆ្នាំ ២០២៣ ត្រូវបានគេរំពឹងថាគឺជាឆ្នាំដ៏សំខាន់ ដែលសកម្មភាពគ្រប់បែបយ៉ាងអាចនឹងប្រារព្ធធ្វើបានជាធម្មតា ឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយតេជោ សែន អាចគ្រប់គ្រង ជំងឺកូវីដ-១៩ បានដោយប្រសិទ្ធភាពនិងជោគជ័យ។  ជោគជ័យ នៃការគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ ដែលធ្វើឲ្យសកម្មភាព សេដ្ឋកិច្ចផ្តើមរស់រវើកឡើងវិញគឺពិតជាអំណោយផលដល់ការ ចាយវាយ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋគ្រប់ទិសទី។

ពិធីបុណ្យឆ្លងឆ្នាំសាកល ២០២២ ចូល ២០២៣ នេះ គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់មិនអាច ប្រកែកបាន អំពីស្ថានភាពល្អប្រសើរ នៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។


សូមអញ្ជើញទស្សនាវីដេអូ៖

វិភាគអន្តរជាតិ៖ នៅពេលដែលចិនមានក្បាលគ្រាប់នុយក្លេអ៊ែរ ១,៥០០គ្រាប់


(វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កឱ្យមានការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមនុយក្លេអ៊ែរក្នុងតំបន់អឺរ៉ុប ការប្រជែងឥទ្ធិពលគ្នារវាងចិន និងសហរដ្ឋអាមេរិក ក៏កំពុងបង្កឱ្យមានភាពតានតឹងខ្លាំងណាស់ដែរនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ជាទូទៅ នៅពេលនិយាយពីការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក គេតែងតែ ផ្ដោតជាសំខាន់លើតុល្យភាពនៃកងកម្លាំង ឬសព្វាវុធធម្មតាទូទៅ និងថាតើសហរដ្ឋអាមេរិក អាចការពារតៃវ៉ាន់ពីការវាយប្រហារណាមួយរបស់ចិនបានដែរឬក៏យ៉ាងណា? ប៉ុន្តែ រឿងមួយដែលគេហាក់មិនសូវលើកយកមកនិយាយ នោះគឺការកើនឡើងយ៉ាងលឿនរហ័សនៃឃ្លាំងអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរចិន ដែលនឹងបង្កផលប៉ះពាល់រយៈពេលវែងដល់ សមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការកំញើញចិន។

ការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់រួចទៅហើយថា នៅពេលប្រឈមមុខនឹងគូប្រជែងមួយដែលជាមហាអំណាចអាវុធនុយក្លេអ៊ែរដូចជារុស្ស៉ី វាបាន កំញើញមិនឱ្យសហរដ្ឋអាមេរិក រហូតដល់បក្សសម្ព័ន្ធយោធា NATO មិនហ៊ានលូកដៃធ្វើអន្តរាគមន៍ដោយផ្ទាល់ជួយអ៊ុយក្រែន។ ចាប់តាំងពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើក ដំបូងក្នុងឆ្នាំ១៩៦៤មក ចិនបានកាន់កាប់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរតិចតួច បើធៀបទៅនឹងសហរដ្ឋអាមេរិក និងរុស្ស៉ី ហើយកាលពីអតីតកាលថ្នាក់ដឹកនាំចិនបានអះអាងថាចិន ត្រូវការអាវុធនុយក្លេអ៊ែរក្នុងបរិមាណល្មមគ្រប់គ្រាន់ សម្រាប់តែកំញើញការឈ្លានពានពីសត្រូវខាងក្រៅតែប៉ុណ្ណោះ។ បណ្ដាប្រទេសមានអាវុធនុយក្លេអ៊ែរដទៃទៀត រួមមាន ចក្រភពអង់គ្លេស បារាំង ឥណ្ឌា អ៉ីស្រាអែល និងប៉ាគីស្ថាន ក៏បានប្រកាន់យកគោលការណ៍ប្រើអាវុធនុយក្លេអ៊ែរ ជា«ជម្រើសចុងក្រោយគេបំផុត» ដើម្បីការពារខ្លួនដែរ។

ចិន ដែលបច្ចុប្បន្ន មានក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងស្ដុកជាង ៤០០គ្រាប់ បាន និងកំពុងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងលឿនរហ័ស ដោយសូម្បីតែមន្ទីរបញ្ចុកោណ នៃក្រសួងការពារជាតិអាមេរិក ក៏បានព្យាករដែរថាចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ «១,៥០០គ្រាប់» នៅឆ្នាំ២០៣៥ ប្រសិនបើល្បឿនផលិតសព្វថ្ងៃ មិនមានការប្រែប្រួល ទេនោះ ក្នុងពេលអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងរុស្ស៉ី ត្រូវបានរឹតត្បិតនៅក្រោមសនិ្ធសញ្ញា New START ដែលបានតម្រូវឱ្យមហាអំណាចទាំង២ អាច ដាក់ពង្រាយប្រព័ន្ធបាញ់ ៧០០ដើម និងក្បាលគ្រាប់នុយក្លេអ៊ែរ ១,៥៥០គ្រាប់រៀងៗខ្លួន។

ការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន បានឆ្លុះបញ្ចាំងពីការកើនឡើងនៃមហិច្ឆតាលោក ស៊ី ជិនពីង ដែលបានដាក់គោលដៅប្រែក្លាយកងទ័ពរំដោះប្រជាជនចិន PLA ឱ្យ ក្លាយជាទៅជាយោធាលំដាប់ពិភពលោកនៅឆ្នាំ២០៤៩។ កាលពីអំឡុងសម័យសង្រ្គាមត្រជាក់ អាវុធនុយក្លេអ៊ែរត្រូវបានសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតប្រើដើម្បី កំញើញគ្នាទៅវិញទៅមក ក៏ដូចជាពង្រីកមហិច្ឆតាភូមិសាស្ត្រនយោបាយសំដៅគ្រប់គ្រងពិភពលោក។ ដូចគ្នាដែរ ការសម្រេចចិត្តបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនបានបង្ហាញ ពីការកើនឡើងជាលំដាប់នៃមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់លោក ស៊ី ជិនពីង ហើយការកើនឡើងនៃមហិច្ឆតាទាំងនេះត្រូវបានសហរដ្ឋអាមេរិកមើលឃើញថាប្រឆាំងនឹង សណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃ។

យុទ្ធសាស្ត្រអាមេរិក ដើម្បីគ្រប់គ្រងមហិច្ឆតាចិន នោះគឺអាស្រ័យមួយភាគធំលើសម្ព័ន្ធភាពជាមួយបណ្ដាប្រទេស ឬជាដៃគូដែលនៅជាប់ភូមិផងរបងជាមួយចិន ដូចជាអូស្ត្រាលី ឥណ្ឌា ជប៉ុន ហ្វីលីពីន កូរ៉េខាងត្បូង តៃវ៉ាន់ និងវៀតណាមជាដើម។ ជាការពិតណាស់ បើប្រទេសទាំងនេះរួមដៃគ្នាជាមួយសហរដ្ឋអាមេរិកប្រឆាំងចិន ច្បាស់ណាស់ពួកគេនឹងមាន ឧត្ដមភាពលើសលប់ទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធា។ តែទោះជាបែបនេះក្ដី ការរីកចម្រើននៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន បានបង្កការចោទសួរឡើងនូវសំណួរពាក់ព័ន្ធនឹង «ភាពគួរឱ្យជឿទុកចិត្តចំពោះការប្ដេជ្ញាចិត្តធានាសន្តិសុខ និងការពារសម្ព័ន្ធមិត្ត» ពីសំណាក់សហរដ្ឋអាមេរិក នោះគឺថាតើសហរដ្ឋអាមេរិកអាចនឹងប្រថុយធ្វើសង្រ្គាមនុយក្លេអ៊ែរ ដើម្បីការពារសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូក្នុងតំបន់អាស៊ីដែរឬទេ?

ក្នុងន័យនេះប្រសិនបើចិនមានអាវុធនុយក្លេអ៊ែរដែលអាចកំញើញ ឬអាចស៊ីសងជាមួយសហរដ្ឋអាមេរិក វានឹងធ្វើឱ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ឬប្រទេសជាដៃគូអាច​នឹងជ្រើសរើស ដើរយកផ្លូវប្រកាន់គោលជំហរទន់ភ្លន់ជាមួយចិន ជាជាងពឹងផ្អែកកាន់តែខ្លាំងលើសហរដ្ឋអាមេរិកឱ្យការពារសន្តិសុខរបស់ពួកគេ។ ប៉ុន្តែនិយាយមួយបែប​ផ្សេង នៅក្នុងគ្រោះថ្នាក់ ក៏អាចមានរឿងល្អដែរ ពោលគឺបណ្ដាប្រទេសក្បែរខាងចិននឹងមិនឈរនៅស្ងៀមឡើយ​ចំពោះការព្យាយាមកែប្រែតុល្យភាព​នុយក្លេអ៊ែរក្នុងតំបន់អាស៊ី ដោយប្រទេសមួយចំនួន ដូចជា កូរ៉េខាងត្បូង ជប៉ុន ឬអូស្ត្រាលី អាចនឹងសម្រេចចិត្តផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ខណៈឥណ្ឌា និងប៉ាគីស្ថានក៏អាចនឹងបង្កើនឃ្លាំង​អាវុធនុយក្លេអ៊ែរដូចគ្នាដែរ។

ដូច្នេះវាអាចជាឱកាសមួយឱ្យសហរដ្ឋអាមេរិកប្រើប្រាស់គ្រប់អំណាចរបស់ខ្លួន ដើម្បីបង្ខំឱ្យចិនចូលរួមក្នុងតុចរចាស្ដីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ តែប្រសិនជាចិនបដិសេធ សហរដ្ឋអាមេរិកមានតែផ្លូវធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ និងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទជាមួយសម្ព័ន្ធមិត្ត ដើម្បីកំញើញចិន៕ (Fresh News)