នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ ឯកឧត្តម ហូរីណូ អូជិ ហ៊ីដេអ៊ីហ្សា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីការផ្ទេរអគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពីទីតាំងចាស់នៅសង្កាត់ភ្នំពេញថ្មី មកទីតាំងថ្មី អគារជាប់ទីស្តីការគណៈរដ្ឋមន្ត្រី ។
នៅក្នុងជំនួបនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា អគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ (LDC) និងគណៈមេធាវី ត្រូវបានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ២០១០ ក្រោមជំនួយឥតសំណងក្រៅគម្រោងរបស់ជប៉ុន ដែលចំណាយអស់ទឹកប្រាក់សរុបប្រហែល២,០២៥លានដុល្លារអាមេរិក។ អគារនេះ ត្រូវបានផ្ទេរ និងប្រគល់ឲ្យទៅ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ និងគណៈមេធាវី សម្រាប់យកទៅប្រើប្រាស់កាលពីចុងខែឧសភា ឆ្នាំ២០១២។ បន្ទាប់មក នៅចុងឆ្នាំ២០១៥ រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ថវិកាបន្ថែមចំនួនជាង៣៣ម៉ឺនដុល្លារអាមេរិក ដើម្បីបំពាក់ប្រព័ន្ធបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធ្វើឲ្យមជ្ឈមណ្ឌលនេះ អាចដំណើរការទៅបានដោយពេញលេញ។ នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅអំឡុងពេលប្រជុំជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្ទេរចំណែកអគារ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់គណៈមេធាវីតាំងស្រុង ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមរបស់គណៈមេធាវី និងក្រុមប្រឹក្សាគណៈមេធាវី ដោយហេតុផលថា សម្តេចតេជោចង់ឲ្យអគារ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ នេះ នៅជិតទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីងាយស្រួលចាត់ចែង និងគ្រប់គ្រងការងាររបស់ខ្លួន ហើយអគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់នេះ ដែលស្ថិតនៅកណ្តាលក្រុង ក៏ជួយបង្កលក្ខណៈងាយស្រួលដល់សាធារណៈជនមកទស្សនាស្វែងយល់ និងមកធ្វើការស្រាវជ្រាវដោយផ្ទាល់ដែរ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍បញ្ជាក់បន្តថា អគារដែលប្រគល់ឲ្យថ្មីនេះ គឺមានកំពស់៤ជាន់ រួមទាំងជាន់ផ្ទាល់ដី មានទំហំប្រមាណ២១០០ម៉ែត្រការ៉េ និងមានចំនួនប្រមាណ៤២បន្ទប់ ដែលមានទំហំធំជាង និងលក្ខណៈល្អប្រសើរជាងអគារចាស់។ រាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកាជាតិ ដើម្បីធ្វើការជួសជុលអគារថ្មីនេះឡើងវិញ និងចេញថ្លៃបំពាក់ប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជាជប៉ុនធ្លាប់បានជួយបំពាក់កន្លងមក ដើម្បីធ្វើឲ្យអគារថ្មីនេះ ក្លាយជាមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់មួយ ដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងដោយពេញលេញ។ ឯកឧត្តម ហូរីណូ អូជិ ហ៊ីដេអ៊ីហ្សា បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងសំណើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុនទទួលយកនូវការដូរទីតាំងរបស់អគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់( LDC) ក្រោមលក្ខខ័ណ្ឌថា អគារបច្ចុប្បន្ន និងត្រូវប្រើប្រាស់ទាំងស្រុងដោយគណៈមេធាវី ហើយនឹងក្លាយជាទ្រព្យសម្បត្តិមួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ព្រមទាំងសម្ភារៈទាំងអស់ដែលត្រូវផ្ទេរទៅអគារថ្មី នឹងត្រូវប្រើប្រាស់ជាបន្តទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងជួបសំដែងការគួរសមជាមួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត នាថ្ងៃនេះ គោលបំណងជម្រាបជូនចម្លើយខាងលើជូនឯឧដោយផ្ទាល់ និងចង់បានការធានាពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ថា ក្រោយពីអគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ បានជួសជុលបំពាក់ឧបករណ៍ សម្ភារៈ និងដាក់ឲ្យដំណើរការរួចហើយ នឹងធ្វើឲ្យមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់នេះ ដំណើរការការងាររបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាការឆ្លើយតប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានថ្លែងនូវអំណរគុណចំពោះការគាំទ្រពីរដ្ឋាភិបាលជប៉ុន ទៅលើការសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕