Sunday, November 09, 2014

កម្ពុជាប្រារព្ធ​ខួប​លើក​ទី​៦១ឆ្នាំ នៃ​ទិវាបុណ្យ​ឯករាជ្យ​ជាតិ​ (៩ វិច្ឆិកា១៩៥៣‑៩ វិច្ឆិកា ២០១៤)

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ​ ព្រះ​មហាក្សត្រ​ សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​ សី​ហមុនី ព្រះ​អង្គ​យាង​ជា​ព្រះ​ជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំ​ផុត​អុជទាន​ជ័យ​ នៅ​វិមាន​ឯករាជ្យ​ ក្នុង​ពិធី​ខួប​លើក​ទី​៦១ ឆ្នាំ​ នៃ​ទិវាបុណ្យ​ឯករាជ្យ​ជាតិ​ ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣‑ ៩ វិច្ឆិកា ឆ្នាំ​២០១៤​។

នៅ​ក្នុង​ខួប​នៃ​បុណ្យ​ឯរាជ្យ​ជាតិ​ដ៏​ឱឡារិក​​នេះ​ ក៏​មាន​ការនិមន្ត​ យាង​ និង​​អញ្ជើញ​ចូល​រួម​ពី​សម្តេច​ព្រះ​មហាសង្ឃ​រាជ្យ​ទាំង​ពីរ​គណៈ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​​នៃ​ព្រឹទ្ធ​សភា​ រដ្ឋ​សភា​ សមាជិក​រាជ​រដ្ឋាភិ​បាល​ បណ្តា​ស្ថានឯកអគ្គ​រដ្ឋ​​ទូត រាជទូត​ប្រចាំ​នៅ​កម្ពុជា ព្រះ​សង្ឃ​ សិស្ស​ និស្សិត ប្រជា​ពលរដ្ឋ​ និង​កង​​​យោពល​ខេម​រភូមិន្ទយ៉ាង​ច្រើន​កុះករ។

ខួបអនុស្សាវរីយ៍​លើក​ទី​៦១ ​នៃ​ទិ​វា​បុណ្យ​ឯករាជ្យ​ជាតិ​​ ក៏​ត្រូវ​បាន​រំ​លឹក​អំ​ពី​ស្នាព្រះ​ហស្ត និង​គុណូ​បក្ការៈ របស់​អតី​ព្រះ​មហាក្សត្រ និង​អតី​យុទ្ធ​ជន ដែល​បានដឹក​នាំ​កម្លាំង​ចលានាតស៊ូ ពលីជី​វិត​ដើម្បី​ជាតិ​មាតុភូមិ រហូត​បាន​ដណ្តើម​បាន​នូវ​ឯករាជ្យភាព​​ជាតិ​ពេញ​បរិបូរណ៍​ពី​អានានិគម​និយម​ និង​ក៏​ជា​ថ្ងៃ​បង្កើត​ឡើង​នូវ​កង​យោធ​ពល​ខេមរភូមិន្ទ​ជាតិ​កម្ពុជា​ផង​ដែរ​ ។

ដោយ​អនុវត្តតាម​ស្មារតី​បង្រួប​បង្រួម​ជាតិ និង​ក្នុង​បុព្វ​ហេតុដ៏​ឧត្តុង្គ​ឧត្តម​​ ដើម្បី​ការពារសន្តិភាព​ ឯករាជ្យ​ អធិបតេយ្យ​ ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ ប្រកប​ដោយ​ចីរភាព​ រាជ​រដ្ឋាភិបាល​កម្ពុជា បេ្តជ្ញា​ការ​ពារជា​និច្ច​នូវ​ស្នាព្រះ​ហស្ត ដែល​អតី​តព្រះ​មហាក្សត្រ​បាន​បន្សល់​ទុក​ និង​បន្ត​កសាង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់​តែ​រីក​ចំ​រើន​រុង​រឿង​ថែម​ទៀត​ ដើម្បី​បង្ក​ឲ្យ​មាន​បរិយា​កាស សប្បាយ​រីក​រាយ​ សុខសន្តិភាព​ សណ្តាប់​ធ្នាប់​សង្គម​ឲ្យ​បាន​ស្ថិត​ស្ថេរគង់​វង្សជា​និច្ច​និរន្តរ៍​តរៀង​ទៅ៕


ក្រសួង​ការពារ​ជាតិ រំលឹក​ខួប៦១​ឆ្នាំ កំណើត​កងយោធពល​ខេមរ​ភូមិន្ទ ក្រោយពី​បាន​ទទួល​ឯករាជ្យ​ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣

ក្រសួងការពារជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បាន ប្រារព្ធរំលឹកខួប ទី៦១ ទិវាកំណើតកង យោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ និង៩ វិច្ឆិកា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងពិធីរំលឹកខួបនេះ មានការអញ្ជើញចូលរួមជា​អធិបតី​ឯកឧត្តម​ឧនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់, នាយទាហាន, នាយទាហានរង និងពលទាហាន នៃកង យោធពលខេមរភូមិន្ទ ប្រមាណ ៥០០នាក់។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់ បានមានប្រសាសន៍ថា «  ទិវាខួប​កំណើតកងយោធពលខេមរភូមិន្ទ នាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យ នៅក្នុងកម្លាំង​មហា​សាម​គ្គី របស់ប្រជាជនខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រក​​ប​​ដោយ ភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្ថែមថា « ក្នុងបណ្តាឆ្នាំកន្លងមក កងយោធពលខេមរភូមិន្ទ ដែល​បានឈរជើង ការពារទីតាំងនៅសមរភូមិជួរមុខ បានអនុវត្តសិទ្ធិស្វ័យការពារយ៉ាងអង់អាច​ក្លាហាន គោរពអនុវត្តខ្ជាប់ខ្ជួនតាមគោលនយោបាយយុទ្ធសាស្ត្រការពារជាតិ របស់រាជរដ្ឋាភិបាល»។

ឯកឧត្តម​ បានបន្តថា យុទ្ធសាស្ត្របន្តទៀត កងយោធពលខេមរភូមិន្ទ និងចូលរួមអនុវត្ត​នូវគោល​នយោបាយដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងនីតិកាលទី៥ របស់រដ្ឋសភា, បន្តកសាង និងពង្រឹងខឿនការពារជាតិរបស់ប្រទេសកម្ពុជាយើង, បន្តពង្រឹងជំនាញ ផ្នែកយោធាឲ្យកាន់ តែខ្លាំង​ក្លា, បន្តជួយប្រជាពលរដ្ឋខ្មែរ នៅពេលមានគ្រោះមហន្តរាយផ្សេងៗ, បន្តពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងក្នុងសកលលោក, បន្តបេសកកម្ម រក្សាសន្តិភាព របស់​អង្គការសហប្រជាជាតិ និងចំណុចចុងក្រោយ យោធាគ្រប់លំដាប់ថ្នាក់ ត្រូវចូល រួមជាមួយរាជ​រដ្ឋាភិបាលថែរក្សាសមិទ្ធផលផ្សេងៗ ឲ្យបានគង់វង្ស។

សូមបញ្ជាក់ថា ចាប់ពីកម្ពុជាទទួលបាននូវឯករាជ្យភាពពេញបរិបូរណ៌ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយចលនាទាមទាររបស់កងទ័ព និងប្រជារាស្ត្រគ្រប់ ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយ​កិច្ច​របស់​ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដែលក្នុងដំណាក់កាលនោះ បញ្ជាការ និង​កង​កម្លាំងបារាំង បានចាកចេញពីទឹកដី នៃប្រទេសកម្ពុជា ក្នុងពេលនោះឯង គឺជាការចាប់បដិ​សន្ធិពេញ​លក្ខណៈ នៃកងយោធពលខេមរភូមិន្ទ និងបានបង្កើតអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋាន កងទ័ពជើងអាកាសភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ព ជើងទឹកភូមិន្ទ៕





សម្តេច​តេជោនាយក​រដ្ឋមន្រ្តី​អញ្ជើញ​ជួបពិភា​ក្សាការងារ​ទ្វេភាគីជាមួយ​ឯកឧត្តម ស៊ី​ ជីភីង (XI Jinping) ប្រធានាធិបតី​ចិន និង​ជួបពិភាក្សា​ការងារជាមួយ​ឯកឧត្តម លី យ៉ុនចាវ (LI Yuanchao) អនុប្រធានា ធិបតីចិន

មុនមួយថ្ងៃនៃការអ ញ្ជើញចូល​រួមកិច្ច​សន្ទនាដើម្បីពង្រឹងភាព​ជាដៃគូការតភ្ជាប់ និងកិច្ចប្រជុំកំពូល នាយ​កប្រតិបត្តិនៃ​កិច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក  នៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកា  ឆ្នាំ​២០១៤ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា​ និង​គណៈប្រតិភូជាន់​ខ្ពស់រាជរដ្ឋាភិ​បាលកម្ពុជា អញ្ជើញចូលជួប​សំដែងការ​គួរសម និងពិភាក្សា​ការងារ​ជាមួយឯកឧត្តម​ស៊ីជីភីង​ប្រធានាធិបតី​នៃសាធារណ​រដ្ឋប្រជាមានិតចិន។

ក្នុងជំនួបដែលធ្វើឡើង​នៅវិមានប្រជាជន​ចិនក្នុងទីក្រុងប៉េកាំង ឯកឧត្តមស៊ីជីភីង មានប្រសាសន៍​ថា​ក្នុង​រយៈពេលកន្លះមកនេះ ឯកឧត្តមបានជួបពិភាក្សា​ដោយផ្ទាល់ជាមួយនឹង​សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​​ចំនួនពីរលើករួចមកហើយពោល គឺ​លើកទី១ធ្វើឡើងកាលពីខែឧសភា នៅទីក្រុងសៀង​ហៃ​ប្រទេស​ចិនក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទ​ស្តីពី អន្តរសកម្មភាព​និង​វិធានការកសាងទំនុកចិត្តនៅអាស៊ី។ ឯកឧត្តមប្រធា​នាធិបតីបានមានប្រសាសន៍បន្តថា ឯក​ឧត្តម​មានការចងចាំជានិច្ច ចំពោះកាលដែលឯកឧត្តមបានដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់របស់​ប្រទេសចិន​ទៅ​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៩ តាម​រយៈ​ការទទួលយ៉ាងកក់​ក្តៅ​បំផុត​ពីសំណាក់ព្រះមហាក្សត្រ សម្តេចតេជោនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា។ ឯកឧត្តម​ប្រ​ធានាធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រទេស​យើងទាំងពីរចិនកម្ពុជា​ គឺជាប្រទេស​ដែល​​មានវាសនា​តែ​មួយមានផលប្រយោជន៍គ្នានិងមិត្តភាពដ៏ស្មោះជាមួយគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាកិច្ចប្រជុំកំពូលនៅទីក្រុងសៀងហៃកន្លងទៅ គឺជា​កិច្ច​ប្រជុំមួយដ៏មានសារៈសំខាន់ និងមានអត្ថន័យធំធេងសំរាប់នយោបាយរបស់ប្រទេសកម្ពុជា ជាពិសេស​គឺជំនួបកំពូលរវាងឯកឧត្តមប្រធានាធិបតី និងសម្តេចកើតឡើងក្រោយពីការបោះឆ្នោត​សកល​ក្នុង​ប្រទេស​កម្ពុជាដែលនោះ ​គឺជាការបង្ហាញពីការគាំទ្ររបស់ប្រទេសចិនចំពោះ​ប្រទេសកម្ពុជាពិសេស​គឺគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតឡើងនោះ។ សម្តេចតេជោនាយករដ្ឋ​មន្រ្តីមាន​ប្រសាសន៍សង្កត់​ធ្ងន់ថា ជំនួយរបស់ប្រទេសចិននាពេលកន្លងមក និង​ពេលបច្ចុប្បន្ន គឺមិនគ្រាន់តែ​ផ្តល់នូវការគាំទ្រខាងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប៉ុណ្ណោះ​ទេប៉ុន្តែនឹងជួយ​ពង្រឹង​​​ដល់​ឯករាជ្យភាពក៏ដូចជាអធិបរតយ្យភាពរបស់កម្ពុជា​ទាំងមូលផងដែរ។ សម្តេចតេជោនាយក​រដ្ឋ​មន្រ្តីមានប្រសាសន៍បន្តថា ថ្វីត្បិតកម្ពុជាមិនមែនជាសមាជិករបស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី​ប៉ា​ស៊ី​ហ្វីក ក៏ពិតមែន ប៉ុន្តែប្រទេសកម្ពុជាត្រូវបានអញ្ជើញ​ឲ្យមកចូលរួមវេទិកាដ៏មាន​សារៈសំខាន់​នេះ​ដើម្បីធ្វើការពិគ្រោះយោបល់និងការតភ្ជាប់សំរាប់តំបន់​ទាំងមូល។​
សម្តេចតេជោក៏បានផ្តល់នូវសេចក្តីសង្ឃឹមថា នៅពេលអនាគតដ៏ខ្លីខាងមុខ ប្រទេសដែលជាម្ចាស់​នៃកិច្ចប្រជុំកំពូល APEC នឹងបន្តការផ្តល់នូវការយកចិត្តទុកដាក់ក្នុងការអញ្ជើញដល់បណ្តាប្រទេស​ដែលជាមិនសមាជិក APEC មកចូលរួមប្រជុំកំពូល APEC ដូចដែរប្រទេសចិនបានធ្វើនៅ​ពេលនេះ។​
ទាក់ទិនទៅនឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរកម្ពុជា‑ចិន សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ស្នើដល់ភាគីចិនបន្តធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរឲ្យកាន់តែ​ស្អិត​រមួតទ្វេឡើងថែមទៀត ពិសេស ការផ្លាស់ប្តូរ​នូវដំណើរទស្សនកិច្ចពីគ្រប់កំរិតទាំងអស់​ ទី១​ ចាប់​តាំងពីថ្នាក់ដឹកនាំនយោ​បាយរហូតដល់កំរិតមហាជន និងប្រជាជន ទី២​បន្តពង្រីកកិច្ចសហ​ប្រតិ​បត្តិ​ការ​ក្នុងការរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត​ និងខេត្តទីក្រុងនិងទីក្រុងនៃប្រទេសទាំងពីរ​ និងទី៣​បន្តកិច្ចសហប្រតិបត្តិការលើការ​បណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការផ្លាស់ប្តូរយុវជន​ក៏ដូច​ជា​សមាគមស្រ្តីនៃប្រទេសទាំងពីរ។ ជាមួយគ្នាសម្តេចតេជោ​នាយករដ្ឋមន្រ្តីក៏បានស្នើ​ដល់ភាគី​ចិន​​បន្ត​ជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈការផ្តល់កម្ចីហិរញ្ញប្បទាន ពី​៥០០​លាន​ដុល្លា​ទៅ​៧០០លានដុល្លាអាមេរិកក្នុង១​ឆ្នាំ និងបើកចំហទីផ្សាររបស់ប្រទេសចិនក្នុង​ការ​នាំ​យកនូវទីផ្សារកសិផលពីកម្ពុជាមកកាន់ប្រទេសចិន​ ពិសេសការនាំចូលអង្ករពីកម្ពុជា​មកកាន់​ប្រទេ​ស​ចិន។​ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោក៏បានស្នើ​ដល់ភាគីចិនជួយជំរុញ​អ្នកទេសចរណ៍​ចិន​មក​​កាន់​កម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត ពោល គឺកម្ពុជាចង់ឃើញទេសចរណ៍ចិននៅ​កម្ពុជា​ឈរ​​​ក្នុង​អាត្រាកំណើនចំណាត់ទី១នៅកម្ពុជា។

ឯកឧត្តមប្រធានាធិបតីចិន ស៊ីជីភីង មានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះប្រទេសចិនក្នុង​ការ​នាំ​ប្រទេសមិនសមាជិករបស់APECមកចូលរួមក្នុងប្រជុំកំពូលនៅពេលនេះ ដែលធ្វើឡើងក្នុងទិសដៅ​ដើម្បី​​ពង្រឹង​កិច្ចសហប្រតិបត្តិ​កា​ររវាងប្រទេសជាមិត្តនិងប្រទេសជាសមាជិក​របស់​APEC។​
ឯកឧត្តមប្រធានា​ធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រទេសចិនសូម​គាំទ្រប្រទេសកម្ពុជា​ក្នុងការ​ចូល​ជាសមាជិកពេញសិទ្ធរបស់APEC តាមរយៈសុំឲ្យប្រទេសកម្ពុជា​ធ្វើការចរចារជាមួយនិង​បណ្តា​ប្រ​ទេស APEC មួយចំនួនទៀត​។ ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់​ថាដោយសារតែប្រទេស​ទាំងពីរ​ជាប្រ​ទេស​មានភាពជាដៃ​គូយុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ ចិនបាន់ចាត់ទុកថា ​កម្ពុជា គឺជាប្រទេស​ដ៏មាន​សារៈ​សំខាន់​និង​ចាត់ទុកសម្តេច​តេ​ជោ គឺជាមិត្តនិងជាបងប្អូនរបស់ប្រទេសចិន និង​សូមទទួលស្វាគមន៍​ជានិច្ចចំពោះវត្តមាននៃដំណើរទស្សន​កិច្ចរបស់សម្តេចតេជោមកកាន់ប្រទេសចិន។

ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ២០០៩នៅពេលដែលឯកឧត្តម​បំពេញ​ទស្សន​កិច្ច​នៅកម្ពុជា ឯកឧត្តមបានឃើញដោយផ្ទាល់ចំពោះសម្តេចតេជោ​ និងរាជរដ្ឋាភិបាលកម្ពុជា​ដែល​តែង​​តែប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ ហើយបើទោះបីពេលនេះ​កម្ពុជារងសម្ពាធពីខាងក្រៅ​មួយចំនួនក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែប្រកាន់យកនយោបាយចិនតែមួយ​ តាមរយៈនេះយើង​អាច​បញ្ជាក់​បានថា ចិននិងកម្ពុជានៅតែបន្តជួយគ្នាទៅវិញទៅមក ទាំងក្នុង​ទំនាក់ទំនងទ្វេភាគី​តំបន់​និង​អន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ឯកឧត្តមប្រធានាធិបតីក៏បានសំដែងនូវការវាយ​តំលៃ​ខ្ពស់ចំពោះសភាពការណ៍នយោបាយនៅកម្ពុជា​ដែលបាននិងកំពុងវិត្តន៍រីកចំរើន​ទៅមុខ ​ពិសេ​ស​គណបក្សនយោបាយទាំងពីរបានចូលសភាក្នុងការបន្តនិរន្តរភាពទៅមុខ និងបានផ្តល់នូវ​សេចក្តី​សង្ឃឹម​ ថាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ។ ជាមួយគ្នានេះ ឯកឧត្តម​ប្រធានា​ធិបតីមាន​ប្រសាសន៍បន្តថា ប្រទេសចិននឹងបន្តផ្តល់ជំនួយ និងបន្តការគាំ​ទ្រគ្រប់បែបយ៉ាង​លើការ​ អភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីចំរើនទ្វេឡើងថែមទៀត។ ក្នុងជំនួបពិភាក្សា​គ្នា​នោះដែរ​ ឯកឧត្តមប្រធានាធិបតីចិន និងសម្តេចតេជោ​នាយករដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ពីការ​បង្កើត​វិថីសូត្រសមុទ្រដែលបាន​ស្នើ​ឡើង​ដោយប្រទេសចិន និងបង្កើនសមាជិកភាពនៃ​វេទិកា​ដ៏​មានសារៈ​សំខាន់​នោះដែលមានប្រទេសចូលរួមរហូតដល់៦៥​ប្រទេស។ ​ក្នុងជំនួបពិភាក្សាគ្នានោះ​ដែរ ឯកឧត្តម​​ប្រធានាធិបតីចិនក៏បានគូសបញ្ជាក់ពី​ការជួយដល់យុវជនកម្ពុជាចំនួន១០០នាក់ មកទស្សន​កិច្ច​សិក្សានៅប្រទេសចិនក្នុងឆ្នាំ២០១៥។

ដោយឡែកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា  និងគណៈប្រតិភូជាន់ខ្ពស់រាជ​រដ្ឋាភិបាលកម្ពុជា អញ្ជើញ​ចូលជួប​សំដែងការ​គួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ​លីយ៉ុនចាវ អនុប្រធានាធិបតី​នៃសា​ធារណ​រដ្ឋ​​ប្រ​ជា​មានិតចិន។ ក្នុងជំនួបពិភាក្សាដែលធ្វើឡើងនៅផ្ទះទទួល​ភ្ញៀវរដ្ឋ ក្នុងទីក្រុងប៉េកាំង​ឯកឧត្តម​លីយ៉ុនចាវ មានប្រសាសន៍សំដែងនូវការស្វាគមន៍ចំពោះ​វត្តមានរបស់សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​ដែល​បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុងប៉េកាំងប្រទេសចិន។​ឯកឧត្តមមាន​ប្រសាសន៍បន្តថា វត្ត​មានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនេះ​ នឹងធ្វើឲ្យកិច្ចប្រជុំ​កំពូល​នេះ​នឹងទទួលបានជោគជ័យទ្វេឡើងថែមទៀត ពិសេសការ​ជំរុញទំនាក់ទំនងនៃ​ប្រទេសទាំង​ពីរ​កម្ពុជា‑​​​​ចិន កាន់តែរឹងមាំទ្វេឡើងថែម​ទៀត។ឯកឧត្តមអនុប្រធានាធិបតីមាន​ប្រសាសន៍បន្តថា ​កាល​ពី​ឆ្នាំ​២០១១ ឯកឧត្តមបានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សន​កិច្ចនៅកម្ពុជា ដែលនៅ​ពេល​នោះ​ឯកឧត្តមសូមសំដែងដោយស្មោះចំពោះការរីកចំរើនរបស់ប្រទេសកម្ពុជា ពិសេស ក្រោមការដឹកនាំ​ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ឯកឧត្តមអនុប្រធានាធិបតីមានប្រសាសន៍​សង្កត់​ធ្ងន់ថា ចិននឹងពិនិត្យគ្រប់លទ្ធភាពក្នុងការបន្តជួយ​ដល់ប្រទេសកម្ពុជា ដើម្បី​ជំរុញសេដ្ឋកិច្ច​របស់​​ប្រទេសកម្ពុជាកាន់តែមានភាពប្រសើរ​ឡើងថែមទៀត។ ឯកឧត្តមមានប្រសាសន៍​សង្កត់ធ្ងន់ថា​ ប្រទេសយើងទាំងពីរកម្ពុជាចិនមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ និងមានប្រវត្តិ​ធ្លាប់ជួយគ្នាទៅវិញទៅមក។ ជាមួយគ្នានេះប្រទេសចិនសូមថ្លែងនូវអំណរគុណ​ចំពោះប្រទេសកម្ពុជា​ដែល​ តែងតែគាំទ្រចំពោះនយោបាយចិនមួយ និងបានចាត់ទុកថា ការគោរពអធិបតេយ្យភាព​របស់​ចិន​ ដូចគ្នានឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជាដូច្នោះដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បាន​មានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាល និង​ប្រជាជន​ចិន​ដែលតែតែគាំទ្រចំពោះប្រទេសកម្ពុជាក្នុងការផ្តល់​ជំនួយឥតសំណង កម្ចីគ្មាន​ការប្រាក់ ​និងកម្ចី​ហិរញ្ញប្ប​ទានដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឡើងវិញ។​

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ផង​ដែរថា ការផ្តល់ជំនួយរបស់​ប្រទេស​ចិន​មិនគ្រាន់​តែរួមចំណែកដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​បានជួយពង្រឹង​ដល់ឯក​រាជ្យ​របស់កម្ពុជាផងដែរ៕






សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ទទួលជួប​ពិភាក្សា​ការងា​រជាមួយ​អនុប្រធាន​សភា​ពិគ្រោះ​នយោបាយ និង​ជា​រដ្ឋមន្រ្តី​គណៈទាក់ទង​អន្តរជាតិ នៃគណៈកម្មាធិការ​កណ្តាល បក្សកុំម្មុយនីស្តចិន និងជួប​​​តំ​ណាង​​ក្រុម​ហ៊ុនវិនិយោគ​​ចិន​​មួយ​ចំ​នួន​

នៅព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ​២០១៤ ដែលជាថ្ងៃទី២នៃការអញ្ជើញចូលរួម កិច្ចសន្ទនាដើម្បីពង្រឹងភាព​ជាដៃគូការ តភ្ជាប់ និងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋ​កិច្ចអាស៊ីប៉ា​ស៊ី​ហ្វីក សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុ​ញ្ញាត​​ឲ្យឯកឧត្តម វង់ ចែវរ៉ុយ អនុប្រធានសភាពិគ្រោះនយោបាយ និងជារដ្ឋមន្រ្តីគណៈទាក់​ទង​អន្តរជាតិ នៃគណៈកម្មាធិការ កណ្តាល បក្សកុំម្មុយនីស្តចិន ចូលជួបសំដែងការគួរសម និងពិភា​ក្សា​ការងារ។

ក្នុងជំនួបដ៏មានសារៈសំខាន់​នោះ ឯកឧត្តម វង់ ចែវរ៉ុយ មានប្រសាសន៍សំដែងនូវការវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រ​តិបត្តិការនៃប្រទេសទាំងពីរកម្ពុជា‑ ចិន ដែលបាននិង​ឈាន​ទៅ​កាន់ចំណុចកំពូលថ្មីមួយទៀត។

ជាការ​ឆ្លើយ​តបសម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា នៅក្នុងទំនាក់ទំនងនៃ​ប្រទេសទាំង​ពីរ​កម្ពុជា‑ ចិន យើងបានឈានដល់ចំណុចកំពូលនៃការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែល​បាន​និងកំពុងធ្វើដំណើរទៅមុខ ប្រកបដោយស្នាមញញឹម និងមោទនភាពខ្ពស់បំផុត។ សម្តេចតេជោ​នា​យករដ្ឋមន្រ្តីក៏បានថ្លែងនូវអំណរ​គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាល​ និងប្រជាជន​ចិន ដែលជានិច្ចកាលតែងតែជួយឧបត្ថភម្ភ គាំទ្រ និងផ្តល់ជំនួយគ្រប់បែបយ៉ាងដល់​ការអភិវឌ្ឍរបស់​ប្រទេ​ស​កម្ពុជា ឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស បំផុតនោះ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ភាពរីកចំរើនរបស់ប្រទេសកម្ពុជា គឺពិតជាមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់​រដ្ឋា​ភិបាល និងប្រជាជនចិននោះទេ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យលោក ហ្វេង ស៊ីដុង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនរដ្ឋសម្រាប់ការវិនិយោគ និងការអភិវឌ្ឍចិន ចូល​ជួប​សំដែង ការគួរសម។ លោកប្រធានក្រុមហ៊ុនមានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនរដ្ឋដ៏ធំនៅក្នុងប្រទេសចិន ដែលបានធ្វើការវិនិយោគ​នៅ​សហ​រដ្ឋ​អាមេរិក អូស្រ្តាលី និង ប្រទេសឥណ្ឌូណេស៊ី។ លោកប្រធានមានប្រសាសន៍បន្តថា ដោយសារតែ​ប្រទេសកម្ពុជាមានសក្តានុពល ក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស ក្រុមហ៊ុនរបស់លោក​មានគោលបំណងទៅធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការវិនិយោគរួមគ្នា​ជាមួយ​និង​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការវិនិយោគលើការសាងសង់ផ្លូវរថភ្លើង រោង​ចក្រ​ថាមពលអគ្គិសនីប្រើថាមពលសំរាម ការផលិត ជី និងការវិនិយោគលើវិស័យទេសចរណ៍ តាម​រយៈការបង្កើតរម្មណីដ្ឋានលើកកោះរ៉ុង។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជានិច្ចកាលកម្ពុជាតែងតែស្វាគមន៍ចំពោះអ្នកវិនិ​យោគ​បរទេសទាំងអស់ និងផ្តល់លទ្ធភាពឲ្យអ្នកវិនិយោគទាំងអស់ ធ្វើការសិក្សាពីសក្តានុពលសេដ្ឋកិច្ច នៅ​កម្ពុជាមុននិងធ្វើការវិនិយោគ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងនើថា ដោយ​សារ តែប្រទេសយើងទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាល្អ រាជរដ្ឋា​ភិបាល​បានលើក​ទឹកដល់អ្នកវិនិយោគទុនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេចតេជោ​នាយករដ្ឋ​មន្រ្តីក៏បានស្វា​គមន៍យ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនរដ្ឋសម្រាប់ការវិនិយោគ និងអភិវឌ្ឍចិន ដែល​បានសហការវិនិយោគ ជាមួយនិងអ្នកឧកញ៉ា គិត ម៉េង និងបានចាត់ទុកថា ក្រុមហ៊ុន​ទាំង​ពីរ​នោះ និង​ជួយជំរុញកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

ជាមួយគ្នានេះនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យលោក ហ៊ូ ហូ​គុន អគ្គនាយកក្រុមហ៊ុន Huawei Technologies Co., Ltd ចូលជួបសំដែងការគួរសម។ ក្នុងជំនួបសំដែង ការគួរសមនោះ លោក ហ៊ូ ហូគុន មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន​ចំពោះ​​សម្តេច​តេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឪ្យរូបលោក និងសហការីទាំងអស់ បានចូល​ជួប​សំដែងការ គួរសម បើទោះបីជាសម្តេចមមាញឹក្នុងការអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូល AP​EC នៅក្នុងទីក្រុងប៉េ កាំង ប្រទេសចិនក៏ពិតមែន។ ក្នុងជំនួបនោះដែរ លោកប្រធាន​ក្រុមហ៊ុន​បានរាយ​ការណ៍ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោក នៅក្នុងប្រទេស​កម្ពុជា រយៈពេល១៥ឆ្នាំមក​ហើយ និងនៅពេលនេះក្រុមហ៊ុនបាននិងកំពុងបោះជំហានទៅមុខ ក្នុង​ការ​​​ជួយជំរុញដលកំណើនសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះលោក​ប្រធាន​ក៏បានគួសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រីក​ការវិនិយោគនៅកម្ពុជា ឲ្យ​កាន់​តែមានល្បឿនលឿន​ជាងនេះទៅទៀត។ ជាមួយគ្នានេះលោកប្រធានក៏បានជំរាបជូន​សម្តេច​តេជោនាយករដ្ឋមន្រ្តីដែរថា ក្រុមហ៊ុនរបស់លោកបានជួយបណ្តុះបណ្តាល ជូនដល់មន្រ្តី​កម្ពុជា​ចំនួន​ជាង១ពាន់នាក់ និងបានផ្តល់ការងារជូនពលរដ្ឋកម្ពុជាបានជាង២០០នាក់ផងដែរ។  សម្តេច​តេជោ​នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍សំដែងនូវការស្វាគមន៍ ចំពោះគំនិតផ្តួច​ផ្តើមរបស់ក្រុមហ៊ុន Huawei Technologies Co., Ltd ក្នុងការពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួន នៅកម្ពុជា។

សម្តេច​តេជោ​​នាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះកម្ពុជាកំពុងតែមានស្ថេរភាព និង​មាន​បរិយាកាស​អំណោយ​ផលខ្លាំងណាស់ ក្នុងការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុន វិនិយោគ​នៅ​កម្ពុជា តាមរយៈនេះ​ក្រុមហ៊ុនទាំងអស់គួរតែពង្រីកសក្តានុពលរបស់ខ្លួន ឲ្យកាន់តែមាន​ទំហំទ្វេ​ឡើង​ថែម សំដៅធ្វើយ៉ាង​ពង្រីក​ការវិនិយោគ ឲ្យឈានដល់ចំណុចកំពូល និងប្រកបដោយការ​ប្រកួត​ប្រជែងបំផុតនោះ​។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យលោក លូ សាន អគ្គនាយកនិងជាអនុប្រធានក្រុមហ៊ុន China Road & Bridge Corporation ចូលជួបសំដែងការគួរ​សម ។ លោក លូ សាន អគ្គនាយកនិងជាអនុប្រធានក្រុមហ៊ុន China Road & Bridge Corporation បាន​គោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងជំនួបសំដែងការគួរសមនោះថា បន្ទាប់ពីក្រុម​ហ៊ុន​របស់លោក បានបញ្ចប់ការសាងសង់ស្ពានជ្រោយចង្វារទី២ ប្រកបដោយលទ្ធផល​ដ៏ត្រចះត្រចង់​រួច​មក ក្រុមហ៊ុនរបស់ លោកកំពុងតែធ្វើការសិក្សា លើកគំរោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានី​ភ្នំពេញ​ទៅកាន់​ខេត្តព្រះ​សីហនុ។ លោក លូ សាន  មានប្រសាសន៍បន្តថា ផ្លូវល្បឿនលឿនដែល​និង​ធ្វើការសិក្សានៅពេលខាងមុខ នោះ មានប្រវែង១៨៦គីឡូម៉ែត្រ មាន៤គន្លងទៅពី​គន្លងមកពីរ​គន្លង និងអាចឲ្យរថយន្តបើកបើរក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុង១ម៉ោង។ លោកប្រធានមាន​ប្រសាសន៍​បន្តថា ក្រុមហ៊ុនកំពុងតែធ្វើការសិក្សាឲ្យកាន់សុក្រិតថែមទៀត មុននិងដំណើរការ​សាងសង់​នូវ​ប្រព័ន្ធ​ផ្លូវគមនាគមន៍ដ៏មានសារៈសំខាន់នោះ ឲ្យបានចេញ ជារូបរាងនៅពេលដ៏ខ្លីខាងមុខ។ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី មានប្រសាសន៍ស្វាគមន៍ចំពោះគំរោងដ៏មាន សារៈសំខាន់នោះ និងបានស្នើឲ្យ​ក្រុម​ហ៊ុន​ធ្វើការសិក្សាឲ្យបានគត់មុត ពិសេសពន្លឿននូវការសិក្សារបស់ខ្លួន ដើម្បីឈានទៅចុះហត្ថ​លេខា​លើ កិច្ចសន្យនិងកិច្ចព្រមព្រៀង តាមរយៈការវិនិយោគតាមប្រព័ន្ធសាងសង់ ប្រតិបត្តិការ និងផ្ទេរ (B.O.T)។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ផ្លូវល្បឿនលឿននោះគឺជាផ្លូវ យុទ្ធ​សាស្រ្តខ្លាំងណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈនេះសម្តេចចង់ឲ្យ​គំរោងនៃការសាង​សង់ផ្លូវ ល្បឿនលឿននោះ កើតមានឲ្យបានឆាប់រហ័សបំផុតនៅកម្ពុជា។  បើតាមការអះអាង​ពីមន្រ្តី​បច្ចេកទេស​បាន​ឲ្យដឹងថា ប្រព័ន្ធផ្លូវល្បឿនលឿន ដែលគ្រោងនិងវិនិយោគសាងសង់ដោយក្រុមហ៊ុន China Road & Bri​dge Corporation គឺជាប្រភេទផ្លូវថ្មីសុទ្ធសាត និងមិនប៉ះពាល់ជាមួយ​និងកំណាត់​ផ្លូវជាតិលេខ​៤​នោះ​ទេ ហើយកំណាត់ផ្លូវថ្មីនោះគ្រោងនិងធ្វើការសាសងសង់ នៅក្នុងពេលដ៏ខ្លី​ខាងមុខ។ 






ស​ម្តេច​តេ​ជោ និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត អញ្ជើញ​ដល់ចំណត​អាកាស​យានដ្ឋាន​​អន្តរ​ជាតិ​​​ទីក្រុងប៉េកាំង សាធារ​ណរដ្ឋប្រជាមានិត​ចិន ប្រកប​ដោយ​សុវត្ថិភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និង​សម្តេច​​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  បានអញ្ជើញទៅដល់​ចំណត​អាកាស​យាន​​ដ្ឋាន​អន្តរជាតិទីក្រុងប៉េកាំង សាធា​រណ​រដ្ឋ​ប្រជាមានិតចិន ប្រកបដោយ​សុវត្ថិ​ភាព កាលពីវេលាម៉ោង១៣ និង២០នាទី ម៉ោងនៅទីក្រុងប៉េកាំង ត្រូវនិងម៉ោង​១២និង​២០នាទី ម៉ោងនៅរាជធានីភ្នំពេញថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ដើម្បី​ចូលរួមកិច្ច​សន្ទនាស្តីពីការ​ពង្រឹង​ភាពជាដៃគូការតភ្ជាប់ និងកិច្ចប្រជុំកំពូលរបស់នាយក​ប្រតិបត្តិ​ការ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី​ប៉ាស៊ីហ្វីក (APEC CEO) ដែលនឹង​ប្រព្រឹត្ត​ធ្វើឡើងនៅថ្ងៃទី៨-៩វិច្ឆិកា ឆ្នាំ២០១៤។

នៅចំណតអាកាសយានដ្ឋាន​អន្តរ​ជាតិ ទីក្រុងប៉េកាំង វត្តមាននៃការអញ្ជើញ​ដល់​របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបានការធ្វើគារវ​កិច្ច​ស្វាគមន៍​ពីឯកឧត្តម លី ហ្ចីហ្គៀង អនុប្រធានសភាប្រជាជនចិន ព្រមទាំង​ថ្នាក់ដឹកនាំចិន​ជា​ច្រើន​រូប។

វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅ​កាន់​​ទីក្រុង​ប៉េកាំងប្រទេសចិននៅពេលនេះ គឺឆ្លើយតបទៅតាមការអញ្ជើញ​ដ៏ខ្ពង់ខ្ពស់​ពីឯកឧត្តម ស៊ី ជីភីង ប្រ​ធា​នា​ធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ជាំង ស៊ីង​វ៉ៃ អនុរដ្ឋ​មន្រ្តីក្រសួងសេដ្ឋកិច្ច និងជា​ប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំ APEC CEO ឆ្នាំ២០១៤​។ តាមកម្មវិធីដែលបានគ្រោងទុក នៅ​រសៀល​ថ្ងៃ​ទី​៧វិច្ឆិកានេះ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី និងជួប​ពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីភីង ប្រធានា​ធិបតី​នៃសាធារ​ណរដ្ឋ​ប្រជាមានិតចិន និងជួបពិភាក្សាការងារជាមួយឯកឧត្តម លី យ៉ុនចាវ អនុ​ប្រធា​នាធិបតី នៃសាធារណរដ្ឋ​ប្រ​ជា​មានិតចិន។

ដូចគ្នានិង​បណ្តា មេដឹក​នាំនៃប្រទេស APEC ដទៃទៀត​ដែរ​នោះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងថ្លែងសុន្ទរកថាគន្លឹៈចំនួន​ពី ទៅកាន់កិច្ចប្រជុំដ៏មាន​សារៈសំខាន់​នោះ ក្នុងនោះសុន្ទរកថាគន្លឹៈ ទី១ នៅក្នុងកិច្ចសន្ទនាស្តីពីការពង្រឹងភាព​ជាដៃគូនៃ​ការ​ត​ភ្ជាប់ ក្នុងកិច្ចប្រជុំ​កំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក ក្នុងពិធី​បើក​​កិច្ច​​ប្រជុំកំពូលដែលធ្វើឡើង​នៅ​រសៀល​ថ្ងៃទី៨វិច្ឆិកា និងសុន្ទរកថាគន្លឹៈទី២ ថ្លែង​នៅក្នុងកិច្ចប្រជុំកំពូលប្រធាន​ក្រុមហ៊ុន នៃកិច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ច​អាស៊ីប៉ា​ស៊ី​ហ្វីក នៅព្រឹកថ្ងៃទី៩វិច្ឆិកា។

ជាមួយគ្នានេះសម្តេចតេ​ជោនាយករដ្ឋមន្រ្តី នឹងមាន​គំរោង​ជួបពិភាក្សាការងារ​ជាមួយ​នឹងថ្នាក់ដឹកនាំ និងក្រុមហ៊ុនវិនិយោគចិនជា​ច្រើនទៀត៕



សម្តេចតេ​ជោ​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន និង​​លោក​ជំ​ទាវ​កិត្តិព្រឹទ្ធ​​បណ្ឌិត ដឹក​នាំគណៈ​ប្រតិភូ ទៅ​​ប្រជុំ​​​នៅសាធារណៈរដ្ឋប្រជាមា​និត​ចិន

សម្តេតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ​និង​លោក​ជំ​ទាវ​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន នៅវេលាម៉ោង ៨​ព្រឹក​ ថ្ងៃ​សុក្រ ទី៧ វិច្ឆិកា ឆ្នាំ​២០១៤​នេះ បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ ទៅចូលរួមក្នុង​កិច្ចសន្ទនា ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​នៃការតភ្ជាប់ និងកិច្ចប្រជុំកំពូល​នាយកប្រតិបត្តិ​នៃកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​​ប៉ាស៊ីហ្វិក នៅទីក្រុងប៉េកាំង ប្រទេសចិន ។

ក្នុង​ដំ​ណើរទស្សនកិច្ច​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ ទី៧ ដល់ថ្ងៃទី៩ ខែ​វិច្ឆិកា ក្រៅពីចូលរួម​កិច្ច​ប្រជុំ សម្តេច​តេជោនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏ត្រូវជួបពិភាក្សាទ្វេភាគីដាច់ដោយឡែក ជាមួយ​លោក​ប្រធានា​ធិបតី​ចិន ស៊ី ជីនពីង ជួបជាមួយ​អនុប្រធានាធាធិបតី លោក លី យ៉ុនចាវ ​និង​អនុប្រធាន​គណៈ​កម្មាធិការជាតិ ​នៃសភាពិគ្រោះ​នយោ​បាយ​ប្រជាជនចិន ​និងជា​រដ្ឋមន្ត្រី​គណៈ​ទំនា​ក់​​ទំនង​អន្តរជាតិ​នៃគណៈមជ្ឈឹ​មបក្សកុម្មុយនីស្តចិន លោក វង់ ចែវរ៉ុយ ផងដែរ នេះ​បើយោង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ៕




ព្រះ​រា​​ជ​ពិធី​​បុណ្យ​​​អុំទូក បណ្តែត​ព្រះទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា​ព្រះ​​បាទ សម្តេ​ច​​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា (ថ្ងៃទី០៣)

សកម្មភាពប្រជាពលរដ្ឋ ចូលរួមក្នុង ព្រះ​​រា​ជ​​ពិធី​​បុណ្យ​​​អុំទូក បណ្តែត​​ព្រះទីប និង​​សំពះ​​ព្រះ​ខែ អក​អំបុក ​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ (​ថ្ងៃទី០៣)






















ព្រះ​រា​​ជ​ពិធី​​បុណ្យ​​​អុំទូក បណ្តែត​ព្រះទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា​ព្រះ​​បាទ សម្តេ​ច​​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា (ថ្ងៃទី០៣)