CNV:
… ថ្ងៃក្រោយជាបទពិសោធន៍ កាលណាជួបជាមួយប្រជាពលរដ្ឋដែលលំបាក (ការរៀបចំឱ្យ)មានតុ(វេទិកា) យ៉ាប់បន្តិច។ ខ្ញុំព្រះករុណាខ្ញុំ ធុញនឹងមន្ត្រីរបស់យើង ដែលចុះមូលដ្ឋាន បែរជាមានតុអធិបតី វេទិកា ហើយប្រជាជនអង្គុយនៅមុខក្តៅ ហើយនិយាយព្រោកប្រាជ្ញនៅហ្នឹងហើយ។ បំបាត់ទម្លាប់ហ្នឹងខ្លះទៅ។ ឥឡូវ គេរៀបចំឱ្យខ្ញុំព្រះករុណាខ្ញុំ មានតុ(វេទិកា)។
នាំមកជូននូវព្រះរាជបណ្ដាំសួរសុខទុក្ខ និងចូលរួមសំដែងមរណទុក្ខ
ដំបូង, ខ្ញុំសូមគោរព លោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅទីនេះ ក្នុងគ្រាដ៏លំបាកនេះ។ អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីសំណាក់ព្រះករុណា ព្រះបាទនរោត្តម សីហមុនី និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ គឺសម្ដេចម៉ែ ដែលព្រះអង្គបានផ្ដាំផ្ញើ តាមរយៈខ្ញុំ និងតាមរយៈព្រះរាជសាររបស់ព្រះអង្គមកដល់ខ្ញុំ ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមយកឱកាសនេះ សំដែងមរណទុក្ខចំពោះអ្នកដែលបាត់បង់ជីវិតនៅ ខេត្តបន្ទាយមានជ័យ និយាយដោយឡែក និងនិយាយដោយរួមនៅទូទាំងប្រទេស ដែលមកដល់ពេលនេះ មានរហូតដល់ ៣៤នាក់ (ក្នុង)នោះខេត្តបន្ទាយមានជ័យគ្របដណ្ដប់ទៅដល់ ១៨ នាក់រួចទៅហើយ។ ខ្ញុំសូមយកឱកាសនេះចូលរួមមរណទុក្ខជាមួយគ្រួសារសព។ គួរឱ្យអាណិតអាសូរចំពោះអ្នកនៅស្រុកថ្មពួកម្នាក់ ដែលលោតទៅសង្គ្រោះកូន ក៏ប៉ុន្តែទទួលការបាត់ជីវិតខ្លួនឯង ដែលទើបរកឃើញសពពីម្សិលមិញនេះ។
បន្ទាយមានជ័យ ជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរជាងគេ
នេះជាគ្រោះមហន្តរាយមួយ ដែលប្រទេសរបស់យើងបានជួបប្រទះ ហើយ(បាន)កើតឡើងនៅក្នុងស្ថានភាពដ៏លំបាក ដែលខ្ញុំបាននិយាយនាល្ងាច កាលពីថ្ងៃទី ១៤ ពេលដែលខ្ញុំទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព នៅខណ្ឌដង្កោរាជធានីភ្នំពេញ ២ កន្លែង។ ខ្ញុំបាននិយាយថា ថៃបានជូនដំណឹងមកខេត្តបន្ទាយមានជ័យថា នឹងបើកទឹក ហើយបើសិនជាបើកទឹកនៅប្រទេសថៃ នឹងធ្វើឱ្យខេត្តបន្ទាយមានជ័យរងគ្រោះកាន់តែធ្ងន់។ អញ្ចឹងខេត្តដែលជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរជាងគេ គឺខេត្តបន្ទាយមានជ័យនេះតែម្ដង បន្ទាប់ទៅទីក្រុងភ្នំពេញដែលយាយីដោយជំនន់ទឹកភ្លៀងនេះ។
ចុះផ្ទាល់ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានឆាប់នូវជំនួយឧបត្ថម្ភក្នុងគ្រាលំបាក
ដូច្នេះ ដោយសារតែសួរនាំចុះឡើង ពាក់ព័ន្ធជាមួយនឹងការមិនអន់ថយ បូករួមជាមួយការអន្តរាគមន៍យឺតបន្តិច ដោយសារនៅទីនេះម្ខាងត្រូវជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ម្ខាងត្រូវអន្តរាគមន៍សង្គ្រោះ គឺដូចដែល ឯកឧត្តម អ៊ំ រាត្រី បានរាយការណ៍អម្បាញ់មិញ ខេត្តបន្ទាយមានជ័យនេះបានទទួលជំនួយមួយចំនួន ជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ក៏ដូចជាជំនួយពីសប្បុរសជននានា។ ខ្ញុំក៏បានជូនថវិកាចំនួន ២០ ម៉ឺនដុល្លារ សម្រាប់ខេត្តដោះស្រាយក្នុងដៃ ប៉ុន្តែវាមិនសមល្មមទេ នៅពេលដែលប្រជាពលរដ្ឋប្រមាណ ២ ម៉ឺនគ្រួសារ ជួបប្រទះគ្រោះមហន្តរាយនោះ។ យើងទើបនឹងធ្វើបានប៉ុន្មានពាន់គ្រួសារដូច្នេះ ខ្ញុំក៏បានគិតថា មានតែវិធីមួយ ដែលធ្វើបានឆាប់រហ័ស គឺខ្លួនខ្ញុំចុះផ្ទាល់តែម្ដង។ ការចុះផ្ទាល់នេះធ្វើឱ្យប្រជាពលរដ្ឋរបស់យើង ឆាប់បានទទួលនូវអ្វីដែលជាជំនួយឧបត្ថម្ភក្នុងគ្រាដ៏លំបាក បើមិនដូច្នេះយើងនៅតែបន្តមួយថ្ងៃធ្វើបាន ១ ពាន់ទៅ ២ ពាន់(គ្រួសារ)។ ឥឡូវនេះ ខ្ញុំមកពីរថ្ងៃ ធ្វើបាន ២ ម៉ឺនគ្រួសារតែម្ដង។ ថ្ងៃនេះ ធ្វើ ១ ម៉ឺនគ្រួសារ ពីរកន្លែង ថ្ងៃស្អែកធ្វើ ១ ម៉ឺនគ្រួសារ ពីរកន្លែងទៀត។ ខ្ញុំចង់នៅទីនេះបន្ថែមទៀត ក៏ប៉ុន្តែដោយសារតែថ្ងៃ ២៣ នេះ ត្រូវប្រជុំគណៈរដ្ឋមន្ត្រីឆ្លងច្បាប់ដ៏សំខាន់ នោះគឺច្បាប់សំរាប់ការគ្រប់គ្រងថវិកាជាតិ ឆ្នាំ ២០២១ និងគម្រោងមួយចំនួនផ្សេងទៀត ទាក់ទងជាមួយនឹងការអភិវឌ្ឍប្រទេសរបស់យើង។ ដូច្នេះ ស្អែកនេះបន្ទាប់ពីការដោះស្រាយនៅប៉ោយប៉ែតហើយ នឹងឡើងឧទ្ធម្ភាចក្រជាមួយបណ្ដាឧនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមួយចំនួន ទៅទីក្រុងភ្នំពេញដើម្បីដឹកនាំការប្រជុំ។ ទោះបីថាខ្ញុំមកយឺត ក៏ប៉ុន្តែប្រសើរជាងមិនមក។ មិនទាន់ហួសពេលទេ។ អ្វីដែលយើងត្រូវធ្វើជាបឋមនោះគឺ ការជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះនេះជាអាទិភាព ដែលខ្ញុំករុណាខ្ញុំបានដាក់ឱ្យសម្រាប់អាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ធ្វើកិច្ចការងារនេះ។
ការប្រែប្រួលនៃអាកាសធាតុធ្វើឱ្យមានជំនន់ទឹកភ្លៀងមិនធ្លាប់មានពីមុនមក
ខ្ញុំពិតជាមានការសោកស្ដាយ ចូលរួមជាមួយបងប្អូនដែលរងផលប៉ះពាល់។ វាជារឿងមួយកម្រមាន។ បើតាមការសិក្សាគឺគិតថា ក្នុងរយៈពេល ៧០ ឆ្នាំមុន គឺមានរឿងហ្នឹងកើតឡើងនៅក្នុងតំបន់នេះ។ ៧០ ឆ្នាំក្រោយ កើតឡើងសាជាថ្មីម្ដងទៀត។ យើងមិនធ្លាប់ជួប ៤០ ឆ្នាំ ក្រោយការរំដោះ ១៩៧៩ នោះទេ ប៉ុន្តែយើងទើបនឹងជួបហើយ។ យើងបានសិក្សាថា ៧០ ឆ្នាំមុន មានរឿងនេះ កើតឡើងនៅក្នុងតំបន់នេះដែរ។ ប៉ុន្តែ ខេត្តបន្ទាយមានជ័យរបស់យើង មិនមែនជាបញ្ហាថ្មីថ្មោងទេ។ រឿងជំនន់ទឹកភ្លៀងនេះ ថៃនិងយើងជាប់ប្រព័ន្ធជាមួយគ្នា។ ថៃក៏ជួបការលំបាក វៀតណាមក៏ជួបការលំបាក ឡាវក៏ជួបការលំបាក។ នៅវៀតណាមធ្ងន់ធ្ងរជាងយើងច្រើនណាស់។ ឥឡូវហ្នឹង តាមតួលេខស្លាប់រហូតទៅដល់ជាង ១០០ នាក់ ក្នុងហ្នឹងដោយទាំងកងទ័ពដែលទៅសង្គ្រោះប្រជាពលរដ្ឋ ក៏ប៉ុន្តែបាក់ដីមកសង្កត់កងទ័ពតែម្ដង។ ប្រទេសមួយចំនួនធ្ងន់ធ្ងរជាងយើងទៅទៀត។ យើងចាត់ទុកថា ជំនន់ឆ្នាំនេះ បើទោះបីវាមិនមែនជាជំនន់មេគង្គ ដូចឆ្នាំ២០០០ ដែលហៅថាជំនន់សហស្សវត្សរ៍។ យើងចាត់ទុកជំនន់ទឹកភ្លៀង(លើក)នេះ ថាជាជំនន់ធំ ដែលវាមិនធ្លាប់មាន។ ពុំធ្លាប់មានទេ ដែលមានទឹកជំនន់ក្រោយចេញព្រះវស្សា។ វាជារឿងដែលចម្លែក ហើយទឹកទន្លេមេគង្គមកដល់ពេលនេះឡើងស្រកៗ។ តាមទម្លាប់ធម្មតា ក្រោយពេលភ្ជុំភ្លាម ទឹកតែងតែថយចុះ ប៉ុន្តែឆ្នាំនេះប្លែក ទឹកទន្លេមេគង្គបែរជាកើនឡើងទៅវិញ។ ជំនន់ទឹកភ្លៀងកើនឡើងក្នុងពេលដែលជាធម្មតាពេលនេះជារដូវរំហើយជិតដល់(ទៅហើយ) ក៏ប៉ុន្តែក្លាយទៅជាពេលវេលានៃភ្លៀងធ្លាក់ទៅវិញ។ នេះហើយដែលហៅថា ការប្រែប្រួលនៃអាកាសធាតុ ដែលនាំមកនូវការលំបាក ពិបាកប៉ាន់ស្មាន ហើយកាន់តែកើតញឹកញាប់ទៅៗ។
កំពុងប្រយុទ្ធជាមួយ Covid-19 ជំនន់ទឹកភ្លៀងបំផ្លាញបន្ថែម
ពិតមែនហើយ បើទោះបីថាយើងបានជួបប្រទះបញ្ហានេះ បូករួមជាមួយការដែលយើងខិតខំប្រយុទ្ធជាមួយ Covid-19 តម្រូវឱ្យលោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ធ្វើការពាក់ម៉ាស ដែលពីមុនមកកម្រពាក់។ ឥឡូវនេះ យើងត្រូវតែពាក់ម៉ាស។ មុននេះ យើងចាប់ដៃគ្នា តែឥឡូវយើងមិនចាប់ដៃគ្នាទៀតទេ លើកដៃសំពះគ្នា។ Covid-19 បានបំផ្លាញយើងអស់រយៈពេលប្រមាណ ១០ ខែរួចមកហើយ ឥឡូវនេះ ជំនន់ទឹកភ្លៀងក៏ចាប់ផ្ដើមបំផ្លាញយើងបន្ថែមទៀត។ មកដល់ពេលនេះ យើងក៏មិនទាន់ប៉ាន់ស្មានអស់ថា ទំហំនៃការខូចខាតនោះវាមានប៉ុនណា? ប៉ុន្តែ អ្វីដែលយើងបានដឹងរួចមកហើយ គឺយើងបានខិតខំសង្រ្គោះប្រជាជនចេញពីតំបន់រងគ្រោះដាក់នៅទីទួលសុវត្ថិភាព។
រថយន្ត ២៩០ គ្រឿងបំពាក់ជូនកងទ័ព បានយកមកប្រើជាមធ្យោបាយសង្គ្រោះប្រជាពលរដ្ឋ
នៅទីនេះ ប្រើកម្លាំងធំ ធ្វើអន្តរាគមន៍នៅក្នុងខេត្តមួយនេះ ដែលអូសទាំងកងពល ៩១១ និងកងពលលេខ ១ ដែលប្រចាំការនៅទីក្រុងភ្នំពេញ មកចូលរួមប្រតិបត្តិការជាមួយនឹងអង្គភាពយោធភូមិភាគទី ៥ នៅទីនេះ ហើយនិងអង្គភាពដឹកជញ្ជូនមួយចំនួន … រថយន្ត ២៩០ គ្រឿង ដែលបានក្លាយទៅជាប្រធានបទនៃការវាយប្រហារក្នុងរយៈពេលកន្លងទៅ។ ឥឡូវ សកម្មភាពនៃរថយន្តទាំងនោះ កំពុងតែបញ្ចេញមហិទ្ធិឫទ្ធិពន្យល់ទៅអ្នកដែលមិនយល់។ មុននេះថា ទិញរថយន្តយកមកធ្វើអី? ដើម្បីដឹកទ័ពសម្លាប់ប្រជាជនឬម៉េច? ប៉ុន្តែ ទីចុងបំផុត អ្វីៗដែលជាមធ្យោបាយបំពាក់ឱ្យកងទ័ព ក្លាយទៅជាមធ្យោបាយសម្រាប់សង្រ្គោះប្រជាពលរដ្ឋ។ នេះហើយ ដែលចង់បញ្ជាក់ថា យើងយកទង្វើជាក់ស្ដែងដើម្បីឆ្លើយតបជាមួយនឹងការចោទប្រកាន់ថា ទិញរថយន្តមកដើម្បីដឹកកងទ័ពទៅបង្រ្កាបប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋទទួលបាននូវការសង្រ្គោះពីសំណាក់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធហ្នឹង រួមមាន កងទ័ព មានអាវុធហត្ថ មាននគរបាល បូកជាមួយនឹងកម្លាំងផ្សេងៗទៀត។
បើមិនមានអន្តរាគមន៍ទាន់ពេល ចំនួនអ្នករងគ្រោះអាចនឹងមានច្រើន
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរខេត្ត ចំពោះអាជ្ញាធរស្រុក/ឃុំ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំធ្វើការ។ បើទោះបីថា យើងមានមនុស្សស្លាប់រហូតទៅដល់ ១៨ នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែ បើសិនជាពុំមានអន្តរាគមន៍នោះទេ ប្រហែលជាប្រជាពលរដ្ឋអាចនឹងទទួលរងគ្រោះច្រើនជាងនេះ។ នៅពេលដែលខ្ញុំនិយាយទៅឯទីក្រុងភ្នំពេញ ពេលនោះមានប្រជាជនស្លាប់ត្រឹមតែ ១៣ នាក់ នៅឡើយទេ។ ឥឡូវឡើងទៅដល់ ៣៤ នាក់។ (សួរខាងបាត់ដំបង មានអ្នកស្លាប់ទេ)។ ចំណុចអស់ទាំងនេះ យើងសម្ដែងនូវការសោកស្ដាយ។ យ៉ាងណាក្តី យើងក៏មានមោទនភាពជាមួយនឹងការខិតខំនៃអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើសកម្មភាពសង្រ្គោះប្រជាពលរដ្ឋ។
សង្គ្រោះ, ដឹកទៅតាមលំនៅដ្ឋានវិញ, ស្ដារហេដ្ឋារចនាសម្ព័ន្ធ, ផ្ដល់គ្រាប់ពូជដាំដុះ
នេះគ្រាន់តែជាដំណាក់កាលបឋមទេ។ ប៉ុន្តែ យើងនៅបន្តកិច្ចការរបស់យើងតទៅទៀត។ ប្រជាពលរដ្ឋបានជម្លៀសមកទីទួលសុវត្ថិភាព ប៉ុន្តែក៏នៅមានតំបន់លិចលង់មួយចំនួន ដែលមិនទាន់បានវិលត្រឡប់។ ប៉ុន្តែ នៅពេលដែលត្រូវវិលត្រឡប់ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ក៏ត្រូវបន្តជួយប្រជាពលរដ្ឋ ដឹកជញ្ជូនត្រឡប់ទៅផ្ទះវិញ ហើយក៏ជួយតាមមើលនូវការស្ដារឡើងវិញ រាប់ទាំងបញ្ហាផ្ទះសម្បែង តាំងពីមន្ទីរពេទ្យដែលលិច តាំងពីសាលារៀនដែលលិច តាំងពីការកសាងផ្លូវថ្នល់ឡើងវិញ តាំងពីការផ្ដល់គ្រាប់ពូជសម្រាប់ឱ្យប្រជាជននៅក្នុងកន្លែងណា ដែលមានការដាំដុះទៅ ហើយវាខូចខាត យើងក៏ត្រូវរៀបចំការផ្ដល់នូវពូជ ទាំងពូជស្រូវ ទាំងពូជដំណាំអីផ្សេង ដែលប្រជាពលរដ្ឋជួបការលំបាក យើងត្រូវដោះស្រាយ។ រឿងនេះជាបន្ទុកមួយបន្ថែមលើបន្ទុក ដែលយើងកំពុងតែលំបាកក្នុងការប្រយុទ្ធជាមួយនឹង កូវីដ-១៩។
ចំណុចល្អរបស់ជាតិសាសន៍ខ្មែរ គឺនៅពេលជួបការលំបាក តែងលេចឡើងនូវស្មារតីសាមគ្គីភាព
ខ្ញុំពិតជាមានមោទនភាព (ដែល)នៅក្នុងរយៈពេលនៃការកើតឡើងទឹកជំនន់ទឹកភ្លៀង ដែលរួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិសាត់ រាជធានីភ្នំពេញ កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង .. សប្បុរសជនបានចូលរួមនូវវិភាគទានសម្រាប់ជួយដល់ជនរងគ្រោះ។ ថ្ងៃនេះ ក៏មានសប្បុរសជនមួយចំនួន ក៏បានមកចូលរួមមានដូចជា ឧកញ៉ា ទ្រី ភាព, ឧកញ៉ា ឡេង ណាវ៉ាត់ត្រា … មានទាំងអ្នកចម្រៀង ព្រាប សុវត្ថិ, ខេម អីហ្នឹង គេមកជាមួយ។ គេជួយ ៦០ ម៉ឺនដុល្លារ ឧកញ៉ាវ័យក្មេងមួយនេះ ជួយដល់ ៦០ ម៉ឺនដុល្លារឯណោះ … មកតែបន្ទាយមានជ័យទេ ជួយ ៥០ តោននៅទីនេះ។ គាត់ត្រឡប់ទៅដល់សៀមរាប ក៏ហៅមកជាមួយទៅ។ ព្រឹកនេះ មានទាំងអ្នកចម្រៀងអីមកជាមួយ ហើយក្រុមល្បីៗ មាន ខេម, ព្រាប សុវត្ថិ អីហ្នឹង ខ្ញុំមិនស្គាល់អស់ទេ តែអរគុណហើយដែលបានមកជាមួយ ហើយមានសប្បុរសជននានា ក៏បានធ្វើដំណើរមកជាមួយដែរ។
នៅពេលយើងជួបការលំបាក គឺលេចឡើងនូវស្មារតីសាមគ្គីភាព។ នេះជាចំណុចល្អណាស់នៅក្នុងជាតិសាសន៍របស់យើង។ សប្បុរសជននានារាប់ទាំងបណ្ដាបក្សនយោបាយ និងអ្នកនយោបាយនានា ក៏បានធ្វើដំណើរមកចែកចាយជំនួយសង្រ្គោះ ទោះបីបានតិចឬច្រើន ក៏ប៉ុន្តែថ្ងៃនេះ ខ្ញុំបានបញ្ជាក់ឱ្យខេត្តហើយថា អ្នកណាធ្លាប់បានទទួលជំនួយប៉ុន្មានដងហើយក៏ដោយ គឺមកទទួលជំនួយពីខ្ញុំបន្ថែម ព្រោះអ្វីដែលបានពីមុននោះគឺរឿងពីមុន។ នៅពេលដែលខ្ញុំមក ត្រូវតែមកទទួលជំនួយបន្ថែមទៀត។ អញ្ចឹង ត្រូវពិនិត្យមើល មិនមែនត្រឹមតែ ២ ម៉ឺនទេ ក្រែងលោវាលើស ២ ម៉ឺន ក៏ត្រូវតែប្រមូលមក ដើម្បីរៀបចំឬក៏ចែកបន្តទៅទៀត ចំពោះអ្នកដែលរងផលប៉ះពាល់។
អាចនឹងកាត់ផ្ដាច់ផ្លូវ កសាងស្ពានធំជំនួសវិញ
ការងាររបស់យើង ពិតជាធ្ងន់ធ្ងរ។ ប៉ុន្តែ បើទោះបីជាធ្ងន់ធ្ងរ ខ្ញុំជឿថា យើងអាចធ្វើបាន។ នៅក្នុងស្មារតីនៃការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាគ្រប់ស្ថាប័នថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហា រាប់ទាំងសំណូមពររបស់អភិបាលខេត្តអម្បាញ់មិញ ដែលទាក់ទងជាមួយនឹងការបើកផ្លូវទឹក។ ខ្ញុំយល់ស្រប។ ត្រូវធ្វើការងារជាមួយក្រសួងធនធានទឹក ជាមួយក្រសួងសាធារណការ។ តំបន់ខ្លះ គឺស្ពានវាតូច។ អញ្ចឹង យើងអាចកាត់ផ្ដាច់ផ្លូវបន្ថែម ដោយកសាងស្ពានជំនួសវិញ។ រឿងនេះវាមិនមែនរឿងថ្មីទេ។ នៅផ្លូវជាតិលេខ ១ ដែលខ្ញុំបានឱ្យកាត់នៅឆ្នាំ ២០០០។ ពេលនោះគឺសម័យកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមវាបិទ។ វាទៅជាតូច។ ដល់អញ្ចឹងទៅវាត្រូវតែកាត់ផ្ដាច់វា។ ហើយក្រោយមកជប៉ុនបានធ្វើប្រឡាយហ្នឹង ហើយធ្វើស្ពានឱ្យធំ។ នៅផ្លូវជាតិលេខ ២ ដែលហៅថា ព្រែករទាំងនោះ ពីដើមវាតូចណាស់កន្លែងហ្នឹង។ ឥឡូវកាត់ឱ្យវាធំ។ នៅកន្លែងនេះ ក៏ដូចគ្នាដែរ។ កន្លែងដទៃក៏ដូចគ្នាដែរ។ បើវាចំចរន្តទឹកបុកមក ហើយបែរជាកន្លែងហ្នឹងវាតូច យើងអាចនឹងពង្រីកស្ពានហ្នឹង ដើម្បីឱ្យមុខទឹកហូររបស់ទឹកចេញបានឆាប់ជាង។
អញ្ចឹងនៅពេលដែលមានជំនន់ម្ដង យើងសិក្សាបានម្ដង … ម្សិលមិញ ឯកឧត្ដម លឹម គានហោ បានរៀបចំឱ្យខ្ញុំមើលផែនទីហើយ ដើម្បីដោះស្រាយទឹកដែលធ្លាក់មកពីថៃ មាន ៣ ចំណុច។ មួយនៅខាងអូរល្ហុង … បន្ទាប់ទៅ អូរ ៣ ជាន់ … បន្ទាប់ទៅមានអូរកំបុត។ អញ្ចឹងបានជាការបុកនេះ យើងរកឃើញនៅចំណុចអស់ទាំងនេះ។ បន្ទាប់ទៅ យើងចាប់ផ្ដើមនឹងធ្វើការងារនេះ ដើម្បីដោះស្រាយ។ ប៉ុន្តែ ដែលហៅថា ជំនន់ ដែលថាគ្រោះមហន្តរាយធម្មជាតិ គឺវាមានរឿងដូច្នេះឯង។ ពេលណាទឹកភ្លៀងខ្លាំងពីខាងលើ ក្នុងតែមួយម៉ោង ១០០ ឬ ២០០ មីល្លីម៉ែត្រ គឺទប់វាអត់ជាប់ទេ កុំថាកូនព្រែកតូច សូម្បីតែទន្លេក៏ទប់មិនជាប់ទេ។ ដែលហៅថាជំនន់ វាកើតឡើងដោយសារតែ(បរិមាណទឹក)មកពីលើ វាខ្លាំងជាងសមត្ថភាពស្រូបនៅពីខាងក្រោម។ សមត្ថភាពស្រូបនៅខាងក្រោម វាមានលូ/ប្រឡាយ/ស្ទឹង/ព្រែក/ទន្លេ។ ពេលខ្លះទន្លេទទឹង ១ គីឡូម៉ែត្រ បណ្តោយរាប់រយគីឡូម៉ែត្រ ប៉ុន្តែវាជន់លិច ដោយសារ(បរិមាណទឹក)មកពីលើវាខ្លាំង។
ទឹកច្រើនក៏ពិបាក អត់ទឹកក៏ពិបាក
នៅពេលមានទឹកច្រើនពេកក៏វាពិបាក នៅពេលអត់ទឹកក៏ពិបាក។ នៅចាំទេអ្នកបន្ទាយមានជ័យ ឆ្នាំ២០១៦ ពេលនោះ ខ្ញុំមកសម្ពោធវិទ្យាល័យថ្មពួក។ ពេលនោះ ជាពេលវេលាដឹកទឹកផ្គត់ផ្គង់អ្នកបន្ទាយមានជ័យ។ ពេលនោះយើងទម្លាក់ទឹកមកកំពីងពួយ។ ឥឡូវទឹកក៏មកពីបាត់ដំបងទៀត។ កាលនោះបូម។ ឥឡូវ មិនបាច់បូមទេ។ ធ្លាក់ពីបាត់ដំបងចុះមកមង្គលបូរីបណ្តោយ។ ពេលដែលទឹកខ្លាំងមែនទែននៅឯបាត់ដំបង វាក៏មកធ្លាក់នៅមង្គលបូរី។ ដល់ពេលអត់ទឹក ក៏ត្រូវយកពីបាត់ដំបងចូលមង្គលបូរីវិញដែរ។ អាហ្នឹងវាទៅជាស្ថានភាពអញ្ចឹង។ ពេលមានទឹកខ្លាំងពេកក៏វាលំបាក ពេលអត់ទឹកក៏វាលំបាក រហូតទៅដល់ឆ្នាំ ២០១៦ សឹងតែពាក់កណ្តាលប្រទេស អណ្តូងរីងទាំងអស់។ កម្រិតទឹកវាធ្លាក់ចុះខ្លាំង។ អញ្ចឹង អណ្តូងធ្លាប់តែដងទឹកបាន គឺទៅជាដងទឹកអត់បាន។ យើងត្រូវការកែកុនអណ្តូងហ្នឹងឡើងវិញឱ្យវាជ្រៅជាង(មុន) ព្រោះពេលណាដង្ហើមទឹកវាធ្លាក់ចុះ បង្កើតឡើងនូវស្ថានភាពដែលទាំងស្រះ/ត្រពាំង/អណ្តូងទឹក អត់មានទឹកតែម្តង។ អញ្ចឹងទេ រឿងវាកើតឡើងបែបនេះឯង។
“ការទាស់ទែងគ្នា ធ្វើឱ្យបរាជ័យក្នុងការទប់ស្កាត់ Covid-19”
ក្នុងកាលៈទេសៈបែបនេះមិនគួរប្រើប្រាស់នូវការស្តីបន្ទោសណាមួយនោះទេ រាប់ទាំងបញ្ហា Covid-19។ អគ្គលេខាអង្គការសហប្រជាជាតិទើបបាននិយាយថា “ការបរាជ័យក្នុងការទប់ស្កាត់ Covid-19 បណ្តាល មកពីការទាស់គ្នា”។ រឿងនេះ ខ្ញុំយល់ស្រប។ ប្រទេសខ្លះនាំគ្នាទិតៀនប្រទេសចិន។ វាអយុត្តិធម៌ពេក សម្រាប់ចិន។ ឥឡូវ ថាប្រទេសចិនជាតំបន់ចេញដំណើរនៃជំងឺហ្នឹង តែប្រទេសចិនមានអ្នកឆ្លងត្រឹមតែជាង ៨ ម៉ឺននាក់ទេ។ ប៉ុន្តែអ្នកថាមេរោគចេញពីចិន (មានអ្នកឆ្លង Covid-19)ងាប់/ឆ្លងច្រើនជាងចិន។ ទោះបីជាចិនកើតមុនគេ គឺគាត់ទើបនឹងមានអ្នកឆ្លង ៨៥ ៧០៤ នាក់ទេ។ ថ្ងៃហ្នឹងឆ្លង ១៩ (នាក់) ហើយស្លាប់ ៤ ៦៣៤ (នាក់)។ អញ្ចឹង គេស្តីបន្ទោសគាត់។ ប្រជាជនចិនមាន ១ ៤០០ លាននាក់ជាង អញ្ចឹង ការឆ្លងត្រឹម ៨ ០០០ នាក់ វាតិចណាស់(បើ)ប្រៀបធៀបជាភាគរយ។ ក្នុងពេលជាមួយគ្នា សហរដ្ឋអាមេរិកមានអ្នកឆ្លងរហូតដល់ ៨ ៥១៩ ៧១៥ នាក់ យប់មិញហ្នឹងឆ្លង ៦០ ៨៣៧ នាក់ ស្លាប់ ៩០៦ នាក់ សរុបអ្នកស្លាប់ ២២៦ ១៣៨ នាក់។ ប្រទេសប្រេស៊ីលឆ្លងដល់ ៥ ២៧០ ០០០ និយាយលេខគត់ ស្លាប់ ១៥៤ ០០០។
ការស្តីបន្ទោសគ្នាមិនអាចដោះស្រាយបញ្ហាបានទេ។ កិច្ចសហការទើបជាការដោះស្រាយបញ្ហា រាប់ទាំងបញ្ហាជំងឺឆ្លងរាលដាលនេះ ត្រូវតែមានការសហការ។ ដូចជាយើងសហការល្អជាមួយថៃ/វៀតណាម/ឡាវ ធ្វើឱ្យជំងឺឆ្លង ដែលកើតមានក្នុងប្រទេសថៃ/វៀតណាម មិនឆ្លងចូលកម្ពុជា ដោយឡែកឡាវ គឺគាត់មានតិចតួចណាស់ ឯកម្ពុជាយើងអត់មានជំងឺឆ្លងផ្ទៃក្នុងប្រទេសទេ (សុទ្ធសឹងជា)ជំងឺនាំចូលទាំងអស់ រាប់ទាំង ថ្ងៃនេះ មានជនជាតិប៉ូឡូញម្នាក់ទៀតបានចាប់ផ្តើមឆ្លងថ្ងៃនេះ។ ឥឡូវ អត្រា(អ្នកឆ្លង Covid-19) ឡើង ២៨៦ (នាក់)។ យើងទឹបនឹងមាន(អ្នកឆ្លង Covid-19) ២៨៦ (នាក់)។ ម្សិលមិញបងប្អូនខ្មែរយើង ២ នាក់ មកពីអ៊ីរ៉ាក់ ហើយធ្វើដំណើរតាមកូរ៉េចូលមក(កម្ពុជា) ២ នាក់ ប្តីប្រពន្ធហ្នឹងមានផ្ទុក Covid-19 មានកូន ១ នាក់ តែអត់ឆ្លងទេ។ ឥឡូវ កំពុងព្យាបាលនៅមន្ទីរពេទ្យ។ អញ្ចឹង វប្បធម៌នៅលើពិភពលោកបង្កើតការ ស្តីបន្ទោសគ្នា ធ្វើឱ្យបរាជ័យការគ្រប់គ្រង Covid-19។ ខ្ញុំយល់ស្របជាមួយហ្នឹងការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលថា “ការបរាជ័យក្នុងការទប់ស្កាត់ Covid-19 បណ្តាលមកពីការបែកបាក់” គឺពិតជាត្រឹមត្រូវ។ បើសិនជាសហការគ្នា ប្រហែលជាមិនមានរឿងបែបនេះទេ។ ប៉ុន្តែ នៅប្រទេសខ្លះ សូម្បីតែដំណោះស្រាយរវាងខេត្តមួយ និងខេត្តមួយក៏ខុសគ្នា។ ប្រទេសខ្លះមានរដ្ឋ, រដ្ឋនេះ និងរដ្ឋនោះ ដោះស្រាយខុសគ្នា ក៏បង្កើតទៅជាបញ្ហាដែរ។
សម្រាប់យើងៗបានត្រួតត្រានូវសភាពការណ៍នេះល្អហើយ។ តែខ្ញុំនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ មិនថានៅទីនេះ ឬនៅកន្លែងណាទេ ត្រូវខិតខំបន្តទៅទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ។ ឥឡូវ គ្រាន់តែហៅទូរស័ព្ទ ក៏ចេញជាសារសម្លេង សម្រាប់(ដាស់តឿន) យើងដែរ ដើម្បីឱ្យយើងប្រុងប្រយ័ត្ន។ អញ្ចឹង ត្រូវបន្តប្រុងប្រយ័ត្នតទៅទៀត។ ទន្ទឹមនឹងដោះស្រាយទឹកជំនន់នៅទីនេះ អ្នកដែលជួបប្រទះនឹងទឹកជំនន់ រាប់ទាំងអ្នកអន្តរាគមន៍ ក៏ត្រូវប្រយ័ត្នប្រយែង ព្រោះ Covid-19 វាមិនរើសមុខទេ រាប់ទាំងប្រធានាធិបតី នាយករដ្ឋមន្ត្រីនៅប្រទេសនានា (ក៏មាន)ឆ្លង។ ទោះបីថាខ្លួនខ្ញុំជានាយករដ្ឋមន្ត្រី មិនប្រាកដថា មិនមានលទ្ធភាពឆ្លង Covid-19 ទេ។ អញ្ចឹង កុំទុកចិត្តខ្ញុំពេក ដូចជាសុំឱប (ឬសុំ)សែលហ្វី។ យើងមិនបានប៉ះដៃគ្នា មិនមែនបានសេចក្តីថា យើងមិនរាប់អានគ្នាទេ។ ដំណាក់កាល Covid-19 នេះ គឺទំនៀមទម្លាប់រាប់ពាន់ឆ្នាំមកហើយនោះ ត្រូវបានផ្លាស់ប្តូរហើយ។ ឥឡូវ គេត្រូវឱ្យយើងអង្គុយនៅឆ្ងាយពីគ្នា គេត្រូវឱ្យយើងពាក់ម៉ាស គេត្រូវឱ្យយើងលាងដៃឱ្យបានញឹកញាប់ដោយសាប៊ូ/ជេល/អាល់កុល និងវិធីផ្សេងៗទៀត រឿងនេះ គឺជារឿងការពារខ្លួនយើង។ ទន្ទឹមនឹងខិតខំដោះស្រាយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង និងមហន្តរាយផ្សេងៗ យើងបន្តរួមគ្នាប្រយុទ្ធនឹង Covid-19 តទៅទៀត។
មិនចោលមុខងារប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ
សម្រាប់បញ្ហាជំនន់នេះ ឯកឧត្តម គន់ គីម ក្នុងឋានៈជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវបន្តតាមដានការវិវឌ្ឍនៅខេត្តបន្ទាយមានជ័យ។ ស្អែកហ្នឹងមិនចាំបាច់ទៅប្រជុំគណៈរដ្ឋមន្រ្ដីទេ។ គន់ គីម មិនបាច់ឡើងយន្ដហោះទៅជាមួយទេ នៅដោះស្រាយនៅហ្នឹង … ឥឡូវហ្នឹង ស្មារតីសហការរួមគ្នា។ យើងទទួលថវិកាពីសប្បុរសជនជិត ៨ លានដុល្លារ។ រាជរដ្ឋាភិបាលបញ្ចេញស្តុកបម្រុងសម្រាប់ Covid-19 មកប្រើ ទាំងអង្ករ ទាំងទឹកសុទ្ធ ទាំងត្រីខ ទាំងទឹកស៊ីអ៊ីវ ទឹកត្រី។ ខ្ញុំឱ្យស្តុកតាំងពីទឹកស៊ីអ៊ីវ ទឹកត្រី អាហ្នឹងប្រដាប់ឈ្នះ។ ខ្មែរ ធ្វើម៉េចស្តុកអង្ករ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ មី ថ្នាំពេទ្យ។ អ្វីដែលយើងស្តុកបានគឺស្តុក ក្រែងលោមានការ គឺយើងមានព្រឹប។ ឥឡូវត្រូវប៉ាន់មែន។ លោកជំទាវ យក់ សម្បត្តិ បានប្រាប់មកមិញថា បញ្ចូលឃ្លាំង ១ ម៉ឺនសម្រាប់ថែមទៀត។ យើងទទួលជំនួយពីគ្រប់ទិសទី។ ក្រុមការងាររបស់ព្រះមហាក្សត្រ បានទៅចែកជំនួយនៅឯប៉ៃលិន និងទៅកន្លែងដទៃៗផ្សេងទៀត។ សប្បុរសជននានា គេបានចុះមកដោយផ្ទាល់ បូកនឹងថវិកាអន្ដរាគមន៍របស់រាជរដ្ឋាភិបាល … តាមរយៈយន្តការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ គឺនាយករដ្ឋមន្រ្ដីធ្វើជាប្រធានតែម្ដង … ប្រទេសរបស់យើងមានយន្ដការប្រតិកម្មរហ័ស ព្រោះនាយករដ្ឋមន្រ្តីមានសិទ្ធិបញ្ជាលើកម្លាំងទាំងអស់។ ខ្ញុំសុខចិត្តចោលគណៈកម្មាធិការនេះ/នោះ ប៉ុន្តែគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ខ្ញុំអត់ចោលទេ។ ត្រូវគ្រប់គ្រង។ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ កាលមុននេះខ្ញុំធ្វើជាប្រធាន ឥឡូវប្រគល់ឱ្យឧបនាយករដ្ឋមន្រ្ដី យឹម ឆៃលី។ ប៉ុន្តែគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយអត់ចោលទេ គ្រប់គ្រងក្នុងដៃ ហើយរកអនុប្រធានទី ១ ម្នាក់ ជាអ្នកប្រតិបត្តិ ហើយចង្អុលទិស។
លោក ញាណ សំបៀន គឺជានិមិត្តរូបនៃទឹកចិត្តប្រជាពលរដ្ឋមិនតិចជាង ៨០% ទេ
ឥឡូវនេះ ក្នុងតួនាទីជានាយករដ្ឋមន្រ្ដីផង និងតួនាទីជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយផង ចុះមកគោលដៅនេះ។ គាប់ជួនណាស់ ពេលដែលខ្ញុំបង្ហោះហ្វេសប៊ុកចេញ លោក ឡៃ លី បាននិយាយថា ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦ សម្ដេចនាយកនៅកន្លែងកូនដំរី … ប៉ុន្តែថ្ងៃនោះគឺថ្ងៃ ២០ តែខ្ញុំក៏នៅចាំថាថ្ងៃ ២០ ខ្ញុំធ្វើដំណើរទៅប៉ៃលិន ថ្ងៃ ២១ ខ្ញុំមកបន្ទាយមានជ័យវិញដដែល។ អញ្ចឹងជាន់ចំថ្ងៃគ្នាតែម្ដង ជាន់ទឹកដីបន្ទាយមានជ័យនៅថ្ងៃទី ១៩ ដេកនៅហ្នឹង ព្រឹកថ្ងៃទី ២០ ចេញទៅប៉ៃលិនតាមកូនដំរី រួចថ្ងៃទី ២១ មកហ្នឹងវិញ។ អញ្ចឹង ៤ ឆ្នាំក្រោយ ដែលការធ្វើដំណើររបស់ខ្ញុំមកកាន់ខេត្តបន្ទាយមានជ័យ ហើយខ្ញុំក៏សូមអរគុណជាមួយនឹងប្រជាពលរដ្ឋដែលបានចូលរួមសហការ និងទុកចិត្តលើកម្លាំងរបស់រាជរដ្ឋាភិបាល ទុកចិត្តលើសមត្ថភាពនៃការអន្ដរាគមន៍ និងការដោះស្រាយរបស់រាជរដ្ឋាភិបាល។
ខ្ញុំពិតជាមានមោទនភាព ព្រោះនៅពេលដែលទៅយកចេញពីផ្ទះ (ប្រជាពលរដ្ឋ)ហ្នឹងធ្វើដំណើរមកជាមួយយើង។ បើគាត់មិនជឿទុកចិត្តលើសមត្ថភាពនៃការដោះស្រាយនោះទេ គាត់មិនមកជាមួយនឹងយើងនោះទេ។ បន្ថែមលើនោះ លោក ញាណ សំបៀន នេះមើលមកឈរនៅនេះបន្តិចមើលឱ្យឃើញ គឺជានិមិត្តរូបដែលតំណាងឱ្យទឹកចិត្ត(ប្រជាពលរដ្ឋ)មិនតិចជាង ៨០% នោះទេ។ គាត់ត្រូវទទួលនៅថ្ងៃស្អែក នៅថ្មពួកឯនោះទេ តែខ្ញុំឱ្យយកមកថ្ងៃនេះ។ នៅភូមិគោកកឋិន គាត់វេចបាយឱ្យកម្លាំង/កងទ័ពអន្ដរាគមន៍។ គាត់បានសរសេរដូច្នេះ “ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗទាហាន ដែលបានជួយសង្គ្រោះប្រជាជននៅឃុំគោកកឋិន ទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់គ្នា”។ កញ្ចប់បាយនេះ (ធ្វើឱ្យ)យើងរំភើបណាស់។ លើកទឹកចិត្តណាស់។ នេះជាការលើកទឹកចិត្តមួយដ៏ធំសម្រាប់កិច្ចការដែលយើងបានធ្វើ។
កម្លាំងទាំងអស់បន្តរកអ្នករងគ្រោះ និងល្បាតការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ
ខ្ញុំមិនខ្វល់ថា ពួកប្រឆាំងគេនិយាយយ៉ាងម៉េចអីយ៉ាងម៉េចទេ ព្រោះពួកនោះវាបន់ឱ្យតែប្រជាជនងាប់ឱ្យបានច្រើន ដើម្បីវាឆ្លៀតយកចំណេញថា យើងអត់សមត្ថភាពគ្រប់គ្រងតែប៉ុណ្នឹងទេ។ ប៉ុន្តែអ្វីដែលពួកគេចង់បានគឺប៉ុណ្ណឹង តែសម្រាប់យើងវាមិនចំណុះទៅតាមពួកហ្នឹងថាទេ អ្វីដែលយើងត្រូវធ្វើត្រូវខិតខំបន្តទៀត។ ខ្ញុំអំពាវនាវឱ្យកម្លាំងទាំងអស់តាមពិនិត្យមើល ត្រូវខិតខំធ្វើល្បាត ម្ខាងត្រូវស្វែងរក ក្រែងលោមានមនុស្សខ្លះ គាត់ចេញអត់ទាន់អស់នៅតោងលើចុងឈើហ្នឹង ឬនៅតាមផ្ទះក៏ត្រូវតាមមើល … ហ្នឹងទី ១។ ទី ២ ល្បាតដោយកម្លាំងរបស់យើង ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅនឹងផ្ទះនោះ ក្រែងលោពួកចោរលួច ចោរប្លន់ ព្រោះអាចោរវាអត់ស្គាល់អីទេ តែវាត្រូវការលួច វាលួចហើយ។ វាចូលទៅលួចនេះ វាចូលទៅលួចនោះ។ អញ្ចឹងទេត្រូវបន្តលើកិច្ចការងារនេះ មុនពេលទឹកស្រក មុនពេលដែលប្រជាពលរដ្ឋត្រលប់ទៅវិញ ត្រូវខិតខំធ្វើកិច្ចការងារនេះ។ ឥឡូវបញ្ហាសំខាន់គឺតាមមើល តើជម្លៀសអស់ហើយ? មកកាន់ទីទួលសុវត្ថិភាពអស់ហើយឬនៅ? បន្ទាប់ពីទឹកស្រក ត្រូវខិតខំជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមទីកន្លែង។
វាយតម្លៃបន្ទាន់ការខូចខាតក្រោយទឹកស្រក
បន្ទាប់មក យើងត្រូវវាយតម្លៃបន្ទាន់ភ្លាម តើខូចខាតប៉ុន្មាន ត្រូវការពូជអ្វីខ្លះ ពូជស្រូវប៉ុន្មាន ពូជបន្លែប៉ុន្មាន ពូជដំណាំដាំដុះដទៃប៉ុន្មាន? ត្រូវវាយតម្លៃបន្ថែម ក្នុងចំណោមអ្នកដែលលិចលង់ មានអ្នកដែលធូរធារ និងមានអ្នកដែលក្រីក្រ។ ឥឡូវ ទាំងអ្នកធូរធារ និងអ្នកក្រីក្រ គឺមកទទួលទាំងអស់គ្នា។ ដូច្នេះ ឱ្យតែលិច គឺមកទាំងអស់។ ប៉ុន្តែ ពេលទឹកស្រកទៅ គឺនឹងត្រូវធ្វើការវាយតម្លៃ ព្រោះយើងកំពុងអនុវត្តនូវវិធានការផ្តល់សាច់ប្រាក់ ហើយអ្នកក្រ (ក្រ ១ និង ក្រ ២) ដូចនេះប្រសិនបើមានក្នុងចំណោម ក្រ ១ និង ក្រ ២ នេះ គឺការបន្តជំនួយក្នុងរយៈពេលមួយតទៅទៀត ទៅតាមចំនួនទឹកប្រាក់របស់សប្បុរសជន យើងត្រូវផ្តល់សម្រាប់ឱ្យប្រជាពលរដ្ឋរបស់យើង ដើម្បីគាត់មានលទ្ធភាពស្តារជីវភាពឡើងវិញ។
គ្រប់មីក្រូហិរញ្ញវត្ថុ សូមយោគយល់ចំពោះសភាពការណ៍លំបាករបស់ប្រជាជន
ហើយខ្ញុំក៏សុំយកឱកាសនេះ អំពាវនាវបន្ថែមទៀតចំពោះធនាគារ និងមីក្រូហិរញ្ញវត្ថុ។ មុននេះអំពាវនាវសម្រាប់អ្នកដែលបាត់បង់ប្រាក់ចំណូលដោយសារកូវីដ-១៩ ដូចជាធ្លាប់ធ្វើកម្មករ ត្រូវបិទរោងចក្រ ជាដើមត្រូវឱ្យមានភាពអនុគ្រោះយ៉ាងម៉េចជាមួយនឹងការជំពាក់ប្រាក់ ពន្យារការសង បន្ថយអត្រាការប្រាក់ ឬយ៉ាងម៉េច។ ឥឡូវនេះ ខ្ញុំក៏សុំធ្វើការអំពាវនាវទៅកាន់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ធ្វើការយោគយល់ចំពោះអ្នកដែលលិចលង់។ នៅគ្រប់ទីកន្លែងទាំងអស់ដែលមានការលិចលង់ពិតប្រាកដ ឱ្យមានការបន្ធូរបន្ថយនូវពេលវេលានៃការសងប្រាក់ ពន្យារពេលនៃការសងប្រាក់ រហូតទៅដល់ការបន្ថយអត្រាការប្រាក់នៅក្នុងរយៈពេល នៃការលំបាក។ ខ្ញុំគិតថាទាំងធនាគារធំៗ ទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុ ធ្វើការយោគយល់អំពីបញ្ហានេះ ព្រោះរឿងនេះ វាជារឿងបានកើតឡើង ហើយផ្តល់ការឈឺចាប់ខ្លាំងណាស់ទៅឱ្យប្រជាពលរដ្ឋរបស់យើង។ ខ្ញុំអំពាវនាវសុំកុំឱ្យមានការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសំបែង ដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាល Covid-19 និងនៅក្នុងដំណាក់កាលនៃគ្រោះទឹកជំនន់ សម្រាប់អ្នកដែលប៉ះពាល់ដោយគ្រោះទឹកជំនន់។
ចរន្តដកប្រាក់រំលំធនាគារ និងមិនសងលុយ ត្រូវប្រឈមនឹងការរឹបអូស
ក៏ប៉ុន្តែ ខ្ញុំនៅតែបញ្ជាក់ដដែល ព្រោះមានចរន្តមួយចលនាឱ្យដកប្រាក់ទាំងអស់ចេញពីធនាគារ ដើម្បីធ្វើឱ្យធនាគារស្រុកខ្មែរដួលរលំ អាហ្នឹងទី ១ ។ ទី ២ ចលនាឱ្យមនុស្សទាំងអស់កុំសងលុយ ខ្ញុំនៅតែលើកទឹកចិត្តឱ្យរឹបអូស។ អ្នកណាក៏ដោយធ្វើតាមការអំពាវនាវនេះ សុំឱ្យធនាគាររឹបអូស។ ប៉ុន្តែ បើអ្នកស្លូតត្រង់អត់ធ្វើតាមអាអ្នកអំពាវនាវដើម្បីធ្វើវិច្ឆេទកម្ម (ក៏គួរ)យោគយល់ឱ្យពួកគាត់។ ជួនកាល រៀបចំឥណទានឡើងវិញ យើងទៅខ្ចីធនាគារ យកប្លង់ដី ប្លង់ផ្ទះ យកទៅដាក់ ខ្ចីគេបានត្រឹមតែ ២០០០ ដុល្លារទេ ប៉ុន្តែ តំលៃដីរបស់យើងមានរហូតដល់ ១៥ ០០០ ដុល្លារ តែយើងបានខ្ចីអស់ ២០០០ ដុល្លារហើយ។ អញ្ចឹងអាចរៀបចំឡើងវិញ។ អនុញ្ញាតឱ្យខ្ចីបន្ថែម ២០០០ ដុល្លារទៀត។ ហ្នឹងជាការរៀបចំឡើងវិញដើម្បីឱ្យយកមកធ្វើជាដើមទុនរកស៊ីតទៅទៀត។ ខ្ញុំសូមជូនសារនេះទៅគ្រប់ធនាគារ គ្រប់មីក្រូហិរញ្ញវត្ថុសុំធ្វើការយោគយល់ចំពោះសភាពការណ៍ដ៏លំបាករបស់ប្រជាជនយើង។ ពិតហើយអស់លោកត្រូវការចំណេញ ក៏ប៉ុន្តែបើចំណេញទៅលើការលំបាករបស់ប្រជាពលរដ្ឋ ក៏មិនមែនជាការសប្បាយរីករាយសម្រាប់ទាំងអស់គ្នា ហើយនៅក្នុងស្ថានភាពឈ្នះ-ឈ្នះនោះទេ។
សង្ឃឹមថា ធនាគារទាំងអស់នឹងធ្វើកិច្ចការងារនេះ ហើយធនាគារជាតិនៃកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក៏ត្រូវបន្តធ្វើការណែនាំមីក្រូហិរញ្ញវត្ថុក៏ដូចជាធនាគារទាំងឡាយឱ្យផ្តល់ការយោគយល់។ ក្រៅពីការយោគយល់ពីការលំបាក និងបាត់បង់ប្រាក់ចំណូលបណ្តាលមកពី Covid-19 យើងក៏ត្រូវផ្តល់ការយោគយល់បន្ថែមទៀតសម្រាប់អ្នកដែលលិចលង់ ដែលឯកឧត្តម គន់ គីម បានរាយការណ៍ប៉ះពាល់ចំនួន ១០៤ ៣៤៨ គ្រួសារ ស្មើនឹងមនុស្ស ៤១៧ ៣៩២ នាក់។ ដូចជាមិនច្រើនពេកទេ ហើយក្នុងចំណោមហ្នឹង មិនមែនសុទ្ធតែជាអ្នកជំពាក់ធនាគារនោះទេ មិនមែនចំនួនច្រើនហួសហេតុ រហូតទៅដល់ដែលមិនអាចដោះស្រាយបាននោះទេ។
សូមផ្តាំដល់អ្នកគ្រោងមកធ្វើបាតុកម្មមុខស្ថានទូតចិននៅទីក្រុងភ្នំពេញ
… ខ្ញុំមិនមានសារនយោបាយស្អីៗទេ ព្រោះខ្ញុំក៏មិនចង់និយាយដែរ។ ជិតដល់ ២៣ តុលា (មានអ្នក)ចង់ធ្វើបាតុកម្ម។ ខ្ញុំសុំផ្តាំអ្នកចង់មកធ្វើបាតុកម្មមុខស្ថានទូតចិននៅទីក្រុងភ្នំពេញ ប្រយ័ត្នប្រយែង។ គេកំពុងតែទឹកលិចណា។ កុំមករញ៉េរញ៉ៃវើយ។ ប្រាប់ឱ្យហើយ។ និយាយគ្នាស្តាប់ឱ្យបាន។ តិចថាខន្តីញោម។ ធ្លាប់ដឹងដែររឿងខន្តីញោម? គ្រាន់តែនៅបន្ទាយមានជ័យ ខ្ញុំនិទានមិនដឹងប៉ុន្មានដងទេ។ កើតទុក្ខវាកើតទុក្ខហើយ ប៉ុន្តែត្រូវនិយាយកុំឱ្យវាមុខក្រញ៉ូវពេក។ រឿងខន្តីញោមវាអញ្ចេះ ព្រះសង្ឃមួយអង្គមន្តបិណ្ឌបាត ទៅជួបស្រ្តី ២ នាក់ ស្រ្តី ១ នាក់ មាឌរាងធំ ដេញវាយស្រ្តីម្នាក់មាឌល្អិតជាង ហើយស្រ្តីម្នាក់មាឌល្អិតជាងមកនៅខាងក្រោយព្រះសង្ឃ ហើយព្រះសង្ឃមន្តបិណ្ឌបាតហ្នឹងចេះតែប្រាប់ខន្តីញោមៗ ដល់ទៅអ្នកដែលមាឌធំដេញវាយអ្នកមាឌតូចនេះ វាយមិនបាន ដោយសារទើសនឹងព្រះសង្ឃយកដីដុំគប់តែម្តង។ ដល់គប់ទៅមិនចំស្រីហ្នឹងឯណា ត្រូវព្រះកេសលោកសង្ឃ។ ដល់ត្រូវព្រះកេសលោកសង្ឃៗ ដោះបាតចេញ ហុចបាតហ្នឹងទៅឱ្យញោមខាងក្រោយ “មើលញោមជួយកាន់បាតឱ្យអាត្មា អាត្មាវាយមីហ្នឹង” បាត់ខន្តីតែម្តង។ អញ្ចឹងទេ ខ្ញុំសូមជម្រាបមុខសញ្ញាដែលប្រុងឡើងមកភ្នំពេញ។ ឥឡូវ គេមិនសូវយកអ្នកភ្នំពេញទេ គេរើសអ្នកពីខេត្តដើម្បីមកឈរធ្វើបាតុកម្ម។ មុខសញ្ញាអ្នកឯងគេគ្រប់គ្រងបានហើយ។ ផ្តាំផ្ញើទៅ កុំមកដាក់ញត្តិអីថ្ងៃ ២៣ តុលា ហ្នឹង។ អ្នកចុះហត្ថលេខា ២៣ តុលាហ្នឹង នៅឈរនៅហ្នឹងម្នាក់ ទៀ បាញ់ ម្នាក់ តែ ២ នាក់ហ្នឹងទេ។ សុទ្ធតែអ្នកចុះហត្ថលេខាកិច្ចព្រមព្រៀងប៉ារីស។ ឯងកិច្ចព្រមព្រៀងប៉ារីសអីដែរ? មកធ្វើបាតុកម្មហ្នឹង ហើយស្គាល់កិច្ចព្រមព្រៀងប៉ារីសនេះច្បាស់ទេ? … វាទៅជាឆ្កួតឡប់។ ធ្វើបាតុកម្មក្នុងប្រទេសផង ក្រៅប្រទេសផង។ ក្នុងពេលដែលលោកឯងប្រជុំ ខ្ញុំទទួលរបាយការណ៍នៅភ្នំពេញបាត់ទៅហើយ។ ហ្នឹងណែនាំពីក្រៅប្រទេសមក។ ខ្ញុំគ្រាន់តែផ្តាំផ្ញើ កំពុងទឹកជំនន់ផងណា កុំមករញ៉េរញ៉ៃ។ កំពុងទឹកជំនន់ផង Covid-19 ផង ហើយកុំទៅលើកម្រាមដៃ ៣ អី ចូលរួមជាមួយថៃ។ ឃើញថៃគេដាក់ត្រឡប់មកវិញថាកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃ …។
ចង់សាមគ្គីភាពជាមួយនឹងការតស៊ូរបស់ប្រជាជនថៃ? រឿងថៃ រឿងរបស់ថៃ រឿងខ្មែរ រឿងរបស់ខ្មែរ គ្រាន់តែបញ្ជាក់ជូនបុណ្ណឹង។ កម្លាំងពេលនេះត្រូវប្រមូលផ្តុំខិតខំជួយប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ន។ ខ្ញុំគិតថា ខ្ញុំមិននិយាយច្រើនទេ ដោយសារតែរឿងរ៉ាវទាំងឡាយវាជារឿងដដែល។ ខ្ញុំសប្បាយនៅត្រង់ថា ម្ខាងពិបាកចិត្ត ប៉ុន្តែ ម្ខាងទៀតនៅបានឃើញតង់ ឃើញកន្លែងរស់នៅ ហើយឃើញប្រជាជនទទួលបាននូវអំណោយសង្រ្គោះ ហើយមកដល់ពេលនេះមិនទាន់មានអ្នកណាដាច់បាយស្លាប់ទេ លើកលែងតែករណីលង់ទឹកស្លាប់ … នៅបន្ទាយមានជ័យរឿងដែលគួរសោកស្តាយ លង់ដល់ទៅ ១៨ នាក់។ ប៉ុន្តែ យើងនៅមានលទ្ធភាព ឱ្យតែជីវិតរស់នៅ អាចធ្វើការងារបាន ខិតខំធ្វើម៉េចការពារជីវិត។ ហើយបញ្ហាអនាម័យស្អីៗត្រូវធ្វើខ្លួនឯង។ អញ្ចឹងសូមទទួលទានទឹកសុទ្ធ ហើយទឹកសុទ្ធនេះ ខ្ញុំសុំដាក់ចេញបញ្ជា តំបន់ដែលនៅទីទួលសុវត្ថិភាព គឺត្រូវតែប្រើទឹកសុទ្ធ។ អស់ទឹកសុទ្ធ ត្រូវទិញទឹកសុទ្ធ។ លុយខ្ញុំអ្នកផ្តល់ឱ្យតើ។ ប៉ុន្តែ បាត់ដំបងអស់ទីទួលសុវត្ថិភាពហើយ នៅប៉ៃលិនអស់ទីទួលសុវត្ថិភាពហើយ។ និយាយរួមដាក់ចេញជាគោលការណ៍ឱ្យតែនៅទីទួលសុវត្ថិភាពត្រូវបានទទួលទឹកសុទ្ធ ផ្គត់ផ្គង់ទឹកបរិសុទ្ធជាដបតូច ដបធំ យកមកឱ្យគាត់ទទួលទាន ហើយឡានផលិតទឹកសុទ្ធ។ ឯកឧត្តម ស៊ុន ចាន់ថុល គាត់ទិញប៉ុន្មានគ្រឿងផលិតទឹកសុទ្ធហ្នឹង។ ប្រគល់ទឹកសុទ្ធហ្នឹង ឱ្យគាត់បរិភោគកន្លែងហ្នឹងតែម្តង។ យើងមានលទ្ធភាពការពារប្រជាជនយើង (កុំឱ្យថា)រួចផុតពីទឹកជំនន់ហើយ អាចទៅជាអាសន្នរោគ ជំងឺចុកក្អួត រាគរូស … ហើយក៏ត្រូវប្រុងប្រយ័ត្នជាមួយនឹងសត្វអាសិរពិសដែរ។
យើងអាចជម្នះការលំបាក ៣ យ៉ាងបាន
យើងបានដឹងមកហើយ ហើយថ្ងៃនេះក៏បាននាំមកថ្នាំពេទ្យដើម្បីចែកទៅតាមមន្ទីរពេទ្យនានាផងដែរ។ អញ្ចឹងទេយើងរួមគ្នា ខ្ញុំជឿជាក់ថាយើងពិតជាយកឈ្នះ ជម្នះបាននូវការលំបាក ការលំបាកទី១៖ ដែលយើងត្រូវជម្នះហើយជឿថា យើងអាចធ្វើបានគឺការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ យើងជឿថាយើងធ្វើបានដោយយើងមិនមានឆ្លងក្នុងសហគមន៍ទេ តែជនបរទេស និងអ្នកធ្វើដំណើរពីបរទេសមកទេ ដែលមានការឆ្លង ហើយយើងដាក់ក្នុងមន្ទីរពេទ្យដាច់ដោយឡែក ហើយគឺមិនមានការឆ្លងក្នុងសហគមន៍ទេ។ អញ្ចឹងខ្ញុំជឿថា យើងបន្តធ្វើបានដោយមកដល់ពេលនេះ យើងមិនទាន់មានមនុស្សស្លាប់ដោយសារ ជំងឺកូវីដ-១៩ នេះទេ ទាំងជនជាតិខ្មែរ ទាំងបរទេស។ ទី២៖ យើងនឹងជម្នះបាននូវការលំបាកដែលបណ្ដាលមកពីគ្រោះទឹកជំនន់ ទឹកភ្លៀង ទាំងនៅបន្ទាយមានជ័យ និយាយដោយឡែក និងនៅក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម។ ហើយ ទី៣៖ យើងនឹងទទួលជោគជ័យនៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទឹកជំនន់ និងបន្ទាប់ពី Covid-19។ យើងនៅមានសមត្ថភាពធ្វើដោយការទទួលខុសត្រូវផ្ទាល់របស់ជនជាតិយើងខ្លួនឯង ទាំងប្រជាពលរដ្ឋ ទាំងរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ដៃគូមិត្តភក្តិនានា ដៃគូអភិវឌ្ឍដែលមានប្រទេសនេះ ប្រទេសនោះ ស្ថាប័ននេះ ស្ថាប័ននោះជួយ យើងក៏ស្វាគមន៍អបអរសាទរ ក៏ប៉ុន្តែអ្វីដែលត្រូវធ្វើមុន គឺអន្តរាគមន៍នៃកម្លាំងខ្លួនឯង ដែលនេះបង្ហាញឱ្យឃើញតាំងពីចាប់ផ្តើមដំបូងគឺ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោកគេបានបញ្ជាកម្លាំងចេញទាំងកម្លាំងកងទ័ព ទាំងរថយន្តដឹកជញ្ជូនមកកាន់តំបន់រងគ្រោះរួចស្រេចទៅហើយ … គ្រាន់តែយើងចលនាសប្បុរសជនទិញឡានយោធា ដោយកម៉្មង់ឱ្យខាងចិនផលិត ២៩០ គ្រឿង តាំងពីមុន Covid-19 គេទិតៀនយើងថា Covid-19 ទៅទិញឡាន។ គេថាឡានហ្នឹងសម្រាប់យកមកដឹកកងទ័ពយកទៅវាយប្រជាជន។ ឥឡូវអ្វីដែលជាការចង្អុលបង្ហាញឱ្យឃើញថា ឡាននេះកំពុងដឹកជញ្ជូនបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន។ មួយយប់ៗឡានត្រូវដឹកជញ្ជូនរហូត ទាំងថ្ងៃទាំងយប់ ហើយឡានសុទ្ធតែឡានកងទ័ព បើសិនជាឡាន ២៩០ គ្រឿងនេះមិនមកទាន់ពេលទេ ប្រហែលជាលំបាកជាងនេះ ដោយសារតែមធ្យោបាយរបស់យើងខ្វះ។ គេគួរណាស់ថា ស្រុកទេសមានមធ្យោបាយប្រើប្រាស់ច្រើនគួរតែអបអរ តែស្រុកទេសមានមធ្យោបាយបែរជាទិតៀន។ មនុស្សធុនហ្នឹងមិនបាច់នៅក្នុងស្រុកទេ … នេះមិនមែនជាការតបតអីទេ តែគ្រាន់តែពន្យល់ហេតុផលទៅកាន់ប្រជាពលរដ្ឋដើម្បីឱ្យឃើញច្បាស់ថាអ្វីដែលជាប្រធានបទជជែកគ្នាកាលពីចែកឡាននៅខែ ៧ និង ខែ ៨ ឥឡូវដល់ខែ ១០ បានបង្ហាញពីសកម្មភាពនៃរថយន្តនោះគេធ្វើអី សង្គ្រោះប្រជាពលរដ្ឋបានមិនតិចទេ។
កុំឱ្យខ្វះស្បៀងសម្រាប់ប្រជាពលរដ្ឋរងគ្រោះ
ខ្ញុំនឹងទៅកាន់ ទៅមើលកន្លែងមួយចំនួន អម្បាញ់មិញអត់បានចុះទៅកន្លែងតង់ទេ បន្តិចទៀតចេញពីហ្នឹងទៅមើលតង់បន្តិច ហើយទៅជួបប្រជាពលរដ្ឋតាមផ្ទះបន្តិច។ ហើយបន្ទាប់ទៅ ទៅមួយកន្លែងទៀត ថ្ងៃហ្នឹងទៅតែ ២ កន្លែងទេ មិនមែនដោយសារខ្ញុំហត់ទេ ក៏ប៉ុន្តែ បើប្រមូលប្រជាពលរដ្ឋមកឱ្យទុកហាលថ្ងៃគឺវាមិនល្អ ព្រោះសួរអម្បាញ់មិញខ្លះថា មកតាំងពីម៉ោង ៤ ឯណោះ … ប៉ុន្តែស្អែកខ្ញុំសុំ(ធ្វើដំណើរដោយ)ហោះ(ឧទ្ធម្ភាគចក្រ)។ សូមចិត្តថា ខ្ញុំធ្វើដំណើរតាមឡានមកទេ ខ្ញុំមិនជិះឧទ្ធម្ភាគចក្រ ព្រោះខ្ញុំចង់មើលនៅដំណើរតាមផ្លូវហ្នឹងវាមានស្អីខ្លះ។ ប៉ុន្តែត្រឡប់ទៅវិញដោយសារការជាប់ប្រជុំទេ បើកុំអីខ្ញុំនៅហ្នឹងបន្តទៅទៀត ដើម្បីតាមដាននឹងដោះស្រាយបញ្ហាជាមួយនឹងប្រជាពលរដ្ឋរបស់យើង។ រឿងស្បៀងកុំឱ្យខ្វះសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំសូមបញ្ជាក់ គន់ គីម ជាពិសេសលោក ចៅហ្វាយខេត្ត ដែលកាន់កាប់គ្រប់គ្រងលុយនៅក្នុងដៃមានហើយ ហើយបើសិនជាខ្វះប្រាប់ ធ្វើម៉េចរឿងស្បៀងកុំឱ្យខ្វះ … ថ្ងៃមុន ស៊ុន ចាន់ថុល ជាមួយនឹង អ៊ី ឈាន ថាបានចែកជំនួយហ្នឹងហើយ។ អញ្ចឹងលុយហ្នឹងថា ទុកជួសជុលផ្លូវ។ ប៉ុន្តែ នៅឯប៉ៃលិននោះភ្លៀងតែរហូត លិចតែរហូត អញ្ចឹងគាត់អត់រកអីបាន។ បើគាត់ខ្វះស្បៀងចែកស្បៀងថែមទៀត យកអា ១០ ម៉ឺនដុល្លារហ្នឹងទៅចែកស្បៀងទៅ។ ខ្ញុំឱ្យលុយមកហើយ … បើប្រជាជនត្រូវការ។ ដកពិសោធន៍រឿងមួយបាន ងួន រតនៈ ទទួលស្គាល់។ ថ្ងៃនោះ យើងជួបគ្នាតាមទូរស័ព្ទ បាត់ដំបង់ (ទទួលទូកសង្គ្រោះ) ២០គ្រឿង ពោធិ៍សាត់ ២០ គ្រឿងទៅ ដើម្បីពេលមានការគឺថា ទូកហ្នឹងចល័តទៅតែម្តង។ បើយុវជនស្រឡាញ់សន្តិភាពនោះ ដល់ឥឡូវកំពុងមកប៉ោយប៉ែតដែរ ហ្នឹងពេលដែលសង្គ្រោះយកបងប្អូនឥស្លាមពីកំពត ព្រោះពួកហ្នឹងចេះហែលទឹក … មធ្យោបាយជាផ្ទះតង់អីនេះ ត្រូវត្រៀមបម្រុង។ ពីមុន ខ្ញុំឱ្យធ្វើផ្ទះចល័ត ប៉ុន្តែឥឡូវហ្នឹងផ្ទះចល័តហ្នឹង ល្មមវាចាស់ខូចហើយ តាំងពីឆ្នាំ ២០០០ មក វា ២០ ឆ្នាំហើយ។ ពេលកើតមានសភាពការណ៍ម្តង យើងដកពិសោធន៍ម្តងថាត្រូវត្រៀមរៀបចំអីខ្លះ។ ឥឡូវនៅនេះ ប្រព័ន្ធទឹកហូរចេញតាមណាអីតាមណាត្រូវរៀបចំ របៀបសង្គ្រោះបន្ទាន់ត្រូវមានទូក ឥឡូវសុទ្ធតែដឹកពីភ្នំពេញមកទេ របស់កងទ័ពជើងទឹកផង របស់កងពលលេខ ១ ផង។ សុទ្ធតែមានមធ្យោបាយ។ ទាហានទាំងអស់នៅទីនេះ មិនថាទាហាននៅកន្លែងណាទេ ទាំងទាហាន ទាំងប៉ូលីសត្រូវចេះហែលទឹក ប្រយ័ត្នដល់ទៅពេលចុះទៅសង្គ្រោះប្រជាជន មិនទៅសង្គ្រោះប្រជាជន ប្រជាជនសង្គ្រោះវិញ … ទាហានតែទទួលបទបញ្ជាទៅហើយ …។
សូមយោគយល់ចំពោះអវត្តមាននៃឧបនាយករដ្ឋមន្ត្រី កែ គីមយ៉ាន
ម្យ៉ាងទៀតក៏សូមយកឱកាសនេះ អនុគ្រោះដល់ ឯកឧត្តម កែ គឹមយ៉ាន។ ឯកឧត្តម កែ គឹមយ៉ាន ជាប្រធានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលនៅខេត្តបន្ទាយមានជ័យ តើឥឡូវគាត់ទៅណា? … ពេលនេះគាត់កំពុងព្យាបាលជំងឺនៅឯក្រៅប្រទេស។ គាត់វាយមកខ្ញុំថា សម្តេចក្នុងស្ថានភាពនេះ តើខ្ញុំវិលត្រឡប់មក ឬយ៉ាងម៉េច? បានខ្ញុំឆ្លើយទៅវិញថា សុខភាពសំខាន់ជាងត្រូវព្យាបាលសិន។ ទៅឯនោះ គេឱ្យចត្តាឡីស័ក ១៥ ថ្ងៃ ទើបបានចូលព្យាបាល ហើយទើបនឹងរកឃើញជំងឺប្រភេទណាដែលគេត្រូវព្យាបាល។ គាត់ចង់វិលត្រឡប់មកដោះស្រាយនៅខេត្តបន្ទាយមានជ័យនេះ ក៏ប៉ុន្តែដោយសារតែជំងឺរបស់គាត់ អញ្ចឹងសូមការយោគយល់។ កែ គឹមយ៉ាន មិនដែលចោលខេត្តបន្ទាយមានជ័យទេ ឱ្យតែខេត្តបន្ទាយមានជ័យមានបញ្ហាគឺមានមុខ កែ គឹមយ៉ាន ហើយ ប៉ុន្តែលើកនេះអត់មានមុខ កែ គឹមយ៉ាង គឺកើតជាការងឿងឆ្ងល់ … គាត់បានជួយទូក ២០ គ្រឿង សម្រាប់ខេត្តបន្ទាយមានជ័យ។ អញ្ចឹងបន្ទាយមានជ័យឡើងដល់ ៣០ ទូកហើយ លើសគេបន្តិចក៏អត់អីដែរ ព្រោះបន្ទាយមានជ័យឆ្នាំណាក៏ជាឆ្នាំលិចដែរ ហើយបាត់ដំបងបន្ថែមឡើង ២០ ទូក ពោធិ៍សាត់ឡើង ២០ ទូក ឯប៉ៃលិនតែ ១០ ទូក ហ្នឹងបានហើយ។
ហើយថ្ងៃនេះសម្រាប់ញាតិញោមដែលទទួលជំនួយដូចៗគ្នា ទាំងពីរម៉ឺនគ្រួសារនេះសូមអានគឺ ថ្ងៃនេះ ៥០០០ គ្រួសារ ក្នុងមួយគ្រួសារទទួល ទី ១ អង្ករ ២៥ គីឡូក្រាម, ទី ២ មីមួយកេសតូច, ទី ៣ ទឹកសុទ្ធមួយកេស, ទី ៤ ទឹកត្រី ១ យួរ, ទី ៥ ទឹកស៊ីអ៊ីវ ១ យួរ, ទី ៦ ត្រីខ ១ យួរ, ទី ៧ មុង ១, ទី ៨ ក្រមា ១, ទី៩ ភួយ ១, ទី ១០ សារុង ១, ទី ១១ កន្ទេល ១, ទី ១២ ថវិកា ៥ ម៉ឺនរៀល មួយគ្រួសារ។ នេះគ្រាន់តែជាការដោះទ័ល សម្រាលការលំបាកបានមួយរយៈទេ យើងនឹងបន្ដតាមដាន ហើយក្រុមគ្រួសារនីមួយៗត្រូវបន្តការខិតខំក្រោយពេលទឹកជំនន់ឆ្លងផុត។ សម្រាប់កម្លាំងអន្ដរាគមន៍នៅខេត្តបន្ទាយមានជ័យនេះ មាន ១០ អង្គភាព ដែលមានកម្លាំង ៣ ៧៣៦ នាក់ សូមជូនថវិកាម្នាក់ ១០ ម៉ឺនរៀល សម្រាប់កងកម្លាំងអន្ដរាគមន៍គ្រប់ប្រភេទ។ ហើយជូនសាលាឃុំ/សង្កាត់ ៦៤ ឃុំសង្កាត់ ក្នុងមួយឃុំ/សង្កាត់ទទួលបាន ៣ លានរៀល។ សាលាក្រុង និងស្រុក ចំនួន ៩ ស្រុកនីមួយៗទទួលបានថវិកា ៥ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការតាមគោលដៅជាក់ស្ដែង ម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល។ ជូនអង្គភាពប្រតិបត្ដិការទាំង ១០ អង្គភាព មួយអង្គភាពទទួលបាន ៥ លានរៀល។ សូមបញ្ជាក់ហើយបញ្ជាក់ទៀតមិនមែនបានសេចក្ដីថា ពេលដែលខ្ញុំចែកចប់ហើយ មានសប្បុរសជនមកចែក យើងមិនឱ្យចែក គឺអត់ទេ។ អ្នកណា(ក៏ដោយ)មកចែកកាន់តែច្រើន កាន់តែល្អ សប្បុរសជននានា ឬគណបក្សនយោបាយនានា សូមអញ្ជើញមក។ ហើយសង្ឃឹមថាគណបក្សនយោបាយនានា ឬអ្នកនយោបាយមិនមានការរើសអើង។ យើងត្រូវការ ការសង្គ្រោះប្រជាពលរដ្ឋជាសំខាន់។
បទចំរៀងអំពីទឹកជំនន់ផលិតដោយវិទ្យុជាតិ សូមផ្សាយតាមវិទ្យុនិងទូរទស្សន៍
ព្រឹកមិញខ្ញុំជិះតាមឡានមក ស្ដាប់ចំរៀងមួយបទ «អនិច្ចាធម្មជាតិ» ផលិតមកដោយវិទ្យុជាតិកម្ពុជា។ គេនិយាយពីទឹកជំនន់តែម្ដង។ មានច្រើនបទ តែពីរបទជាប់គ្នាហ្នឹងគឺ “អនិច្ចាធម្មជាតិ” និង “ជួយគ្នាក្នុងគ្រាក្រ” អញ្ចឹងតាមវិទ្យុ និងទូរទស្សន៍ឧស្សាហ៍ចាក់បន្ដិច។ ខ្ញុំក៏ទាក់ទងទៅភ្នំពេញឱ្យបញ្ជូនអាហ្នឹងមកឱ្យខ្ញុំ។ អនិច្ចាធម្មជាតិ អ្នកនិពន្ធទំនុកច្រៀង ឯកឧត្តម ទូច លាង ច្រៀងដោយលោក កែប ផេង និងអ្នកនាង ពេជ្រ ថាវី បទហ្នឹងពិរោះ។ ស្ដាប់លេងទៅ វាត្រូវនឹងទឹកជំនន់ បទ បង្គងកែក។ ចំរៀង Covid-19 ក៏ច្រើន ទឹកជំនន់ក៏ច្រើនដែរ។ អ្នកដែលស្ដាប់បានក៏ស្ដាប់ អ្នកដែលស្ដាប់មិនបានក៏រឿងមួយផ្សេង។ វាក៏ដាស់អារម្មណ៍ប្រជាពលរដ្ឋរបស់យើង ឱ្យសាមគ្គីគ្នាជម្នះរាល់ការលំបាក ហើយស្មារតីចែករំលែកបានឃើញច្បាស់នៅក្នុងដំណាក់កាលនៃលំបាកម្ដងៗ។ ដំណាក់កាលទី ១ នៃការលំបាករបស់យើងអំពី Covid-19 ព្រះមហាក្សត្រ និងហ្លួងម៉ែ បានដឹកនាំចលនានេះមុនគេ ដោយបានថវិកាជិត ២០ លានដុល្លារ ដែលយើងចំណាយអស់ជាង ១០ លាន នៅសល់ជាង ៨ លាន។ មន្ដ្រីរាជការបរិច្ចាគប្រាក់ខែបានជិត ៣០ ពាន់លានរៀល ហើយទំហំទឹកប្រាក់ហ្នឹងប្រហែលជា ១០ លានដុល្លារដែរ។ ទឹកលុយនេះមិនទាន់បានប្រើប្រាស់ទេ។ យើងត្រូវមានលុយក្នុងដៃ កុំប្រើប្រាស់អស់សន្លឹកបៀរ។ កុំស៊ីអស់ស្រូវពូជ។ ឥឡូវដល់ទឹកជំនន់ ខ្ញុំមិនបានអំពាវនាវទេ តែសប្បុរសជនចូលរួមតែម្ដង ហ្នឹងហើយបង្ហាញអំពីទឹកចិត្តស្រឡាញ់គ្នាក្នុងគ្រាក្រ។ ខ្ញុំនៅតែជឿ(ជាក់)ថាខ្មែរយើងនឹងយកឈ្នះ Covid-19 ឈ្នះគ្រោះមហន្ដរាយទឹកជំនន់ និងជោគជ័យលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបន្ទាប់ពីទឹកជំនន់ និង Covid-19។
ហ៊ុន សែន គ្មានទម្លាប់រត់ចោលប្រជាជនពេលមានទុក្ខលំបាក
ជាចុងបញ្ចប់សូមអរព្រះគុណព្រះករុណា និងហ្លួងម៉ែ អរព្រះគុណចំពោះព្រះសង្ឃ អរគុណសប្បុរសជន អរគុណអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានជួយប្រជាពលរដ្ឋ។ អរគុណប្រជាពលរដ្ឋដែលបានផ្ដល់ការជឿទុកចិត្តមកលើគណបក្សប្រជាជន និយាយឱ្យចំ មកលើ ហ៊ុន សែន។ ខ្ញុំអត់មានអីសងវិញទេ ខ្ញុំមានតែអ្វីដែលខ្ញុំខិតខំការពារនូវសន្ដិភាពឱ្យខាងតែបាន ដើម្បីធានានូវការរស់រានរបស់ប្រជាជនរបស់យើង កុំឱ្យស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាមដូចប្រទេសខ្លះ ហើយនៅពេលដែលប្រជាជនជួបការលំបាក មិនមែនជាទម្លាប់ ហ៊ុន សែន ដែលរត់ចោលប្រជាជនទេ។ ប្រជាជនក៏មិនបានរត់មករក ហ៊ុន សែន ដែរ គឺ ហ៊ុន សែន រត់មករកទៅវិញ។ ថ្ងៃនេះ អាវនេះ ខ្ញុំពាក់ ២៥ ឆ្នាំ ហើយ។ សង្ឃឹមថាអាវនេះ និងអាវមួយចំនួនទៀត នៅពេលដែលខ្ញុំស្លាប់ទៅ កូនរបស់ខ្ញុំនឹងដាក់ក្នុងមឈូសជាមួយខ្ញុំ។ អាវនេះ ខ្ញុំពាក់ ២៥ ឆ្នាំ ហើយ។ រូបថតទាំងឡាយដែលខ្ញុំដើរជួបប្រជាជននៅតាមស្រែ គឺអាវហ្នឹង។ ពាក់តាំងពីខៀវដល់ឡើងប្រផេះ។ អាវនេះមិនធម្មតាទេ។ ទៅប្រជុំមិនចូលបក្សសម្ព័ន្ធនៅកូឡុំប៊ី ចេញមកចូលញូវយ៉ក ពេលហ្នឹងកូននៅរៀននៅញូវយ៉ក កូនប្រុសមួយ កូនស្រីមួយ។ អាវនេះទិញនៅញូវយ៉ក តែផលិតនៅឥណ្ឌូនេស៊ី។ អញ្ចឹងវាសមរម្យនឹងពាក់ទៅជាមួយប្រជាពលរដ្ឋ។ អញ្ចឹងបានជាមក ថាអាមួយហ្នឹងពាក់អាវមិនដែលឃើញដោះ។ ដោះទៅណាបើវាត្រូវប៉ាន់។ បើឃើញ ហ៊ុន សែន ពាក់អាវហ្នឹងហើយ បានសេចក្ដីថា ហ៊ុន សែន ទៅជួបជាមួយប្រជាពលរដ្ឋ ជាមួយប្រជាកសិករនៅតាមទីជនបទហើយ។ ស្អែកនៅមានអាវមួយទៀត ហើយក៏ ២៥ ឆ្នាំដូចគ្នា ទិញ ១៩៩៥ ឥឡូវ ២០២០។ សូមបងប្អូនជនរួមជាតិទាំងអស់ចៀសផុតពីគ្រោះកាចចង្រៃទាំងអស់ ទាំង Covid-19 ទាំងទឹកជំនន់ ហើយធ្វើឱ្យបងប្អូនយើងមានសុខភាពល្អ ជាមួយនិងពុទ្ធពរទាំង ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕