សេចក្តីថ្លែងសារពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់បងប្អូនជនរួមជាតិទូទាំងប្រទេស ពាក់ព័ន្ធនឹងករណីជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍« ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ »
ថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១
(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោហៅថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ហើយក្រសួងបានរកឃើញឆ្លងសហគមន៍។
ការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា, និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត។
ប្រសាសន៍របស់សម្តេតេជោ ហ៊ុន សែន ដែលបានថ្លែងសារជូនជនរួមជាតិប្រមាណជិតមួយម៉ោង៖
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងចូលសហគមន៍ រហូតដល់ចំនួន៣២ករណី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ
ករណីឆ្លងជំងឺកូវីដ១៩ចូលសហគមន៍ ២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុចដូចតទៅ៖
ទី១៖ សម្តេចស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្ត និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់។
ទី២៖ បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន
ទី៣៖ អាជ្ញាធរត្រូវស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទោះទៅដល់ទីណាក៏ដោយ។
ទី៤៖ ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់។
ទី៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ម្ចាស់ការមកឱ្យពិនិត្យសំណាក។
ទី៦៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ៣ការពារ និង៣កុំ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនចេញបញ្ជាបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងទៀត ប៉ុន្តែសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ»
* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យពាក់ម៉ាស់នៅកន្លែងសាធារណៈទាំងអស់ ហើយរក្សាគម្លាត
* សម្តេចតេជោ ហ៊ុន សែន បន្តប្រាប់ដល់ប្រជាពលរដ្ឋថា បើគ្មានការចាំបាច់ សូមកុំចេញពីផ្ទះ
* ទោះមានផ្ទុះករណីសហគមន៍នេះ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន មិនលុបចោលកម្មវិធីចូលរួមសន្និបាតក្រសួងមហាផ្ទៃ និងសម្ពោធសណ្ឋាគារហៃយ៉ាត់នោះទេ
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់តាមបណ្តាខេត្តទាំងអស់ កុំឱ្យមានរើសអើងចំពោះប្រជាពលរដ្ឋដែលរស់នៅភ្នំពេញ ខណៈមានការផ្ទុះកូវីដ១៩ ក្នុងសហគមន៍ជាថ្មី
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យមានការរើសអើងចំពោះជនជាតិចិន ទោះបីជាករណីឆ្លងកូវីដក្នុងសហគមន៍លើកនេះ កើតឡើងលើជនជាតិចិននៅកម្ពុជាក៏ដោយ
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការ
* សម្តេចតេជោ ហ៊ុន សែន ផ្តាំកុំឱ្យពលករខ្មែរត្រឡប់ពីប្រទេសថៃដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរ នៅខែមេសាខាងមុខនេះ ព្រោះនឹងត្រូវជាប់ធ្វើចត្តាឡីស័ក មិនបានចូលឆ្នាំនឹងគេទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដរាបណាកូវីដ១៩ មិនទាន់ចប់ កុំទាន់អួតថាខ្លួនខ្លាំងពូកែ ទោះបីជាកន្លងមកយើងគ្រប់គ្រង និងទប់ស្កាត់កូវីដ១៩ បានល្អក៏ដោយ
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការថ្លែងសារវីដេអូ អំពីករណីឆ្លងក្នុងសហគមន៍ជាថ្មី នៅម៉ោង១០៖៣៤នាទី ព្រឹកនេះ៕