អត្ថបទ៖ សៅ សុភៈ
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំទីក្រុងហ្ស៊ឺណែវបានចេញផ្សាយនូវអត្ថបទមួយ ដោយស្នើសុំឱ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាលកម្ពុជា »។ ការចុះផ្សាយនេះ បាន ធ្វើឲ្យមតិអ្នកវិភាគជាច្រើនយល់ថា អង្គការនេះ បានវាយប្រហារមកលើប្រទេសកម្ពុជាដែលជារដ្ឋអធិបតេយ្យ។
អង្គការនេះបានផ្សាយថា ការបង្រាបដោយកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលទៅលើក្រុមអ្នកតវ៉ា កាលពីពេលកន្លងទៅថ្មីៗនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងទទូចឱ្យរដ្ឋាភិបាលធ្វើការកែទម្រង់។
តើគោលដៅនៃការចេញផ្សាយអត្ថបទរបស់អង្គការ Human Rights Watch ខាងលើនេះមានបំណងយ៉ាងណា?
នរណាក៏បានដឹងដែរថា ចាប់តាំងពីមុនការបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ បក្សប្រឆាំង និងសង្គមស៊ីវីលរួមជាមួយសហជីព ដែលមាននិន្នាការប្រឆាំងនៅកម្ពុជាមួយចំនួន បានព្យាយាមទាញទម្លាក់ស្ថានភាពនយោបាយកម្ពុជាដែលកំពុងតែមានស្ថេរភាព ឱ្យធ្លាក់ចូលក្នុងភាពវឹកវរយ៉ាងធ្ងន់ធ្ងរដើម្បីតែការបំពេញនូវមហិច្ឆតាច្បាមយកអំណាចក្រៅប្រព័ន្ធច្បាប់ ។
តាមរយៈយុទ្ធសាស្ត្រថ្មីៗជាបន្តបន្ទាប់ដូចជា ការធ្វើបាតុកម្មបែបអនាធិបតេយ្យគ្មានច្បាប់ទម្លាប់ ក្នុងចេតនាបំផុសបំផុលចលនាបះបោរ បង្កអសន្តិសុខ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈឯកជន និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈឯកជនគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមរូបភាព បដិវត្តន៍មហាជនបែបហិង្សាកំរោលចូល។
តើចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ជាការអនុវត្តសិទ្ធិបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យឬ?
រូបភាពហិង្សា រើសអើងជាតិសាសន៍ ក្នុងទម្រង់នៃសកម្មភាពជាច្រើនបែបច្រើនយ៉ាង រួមមានទាំងហិង្សាលើសកម្មភាព ពាក្យសម្ដី សម្ភារៈ ដែលបានបង្កទ្បើងដោយគណបក្សសង្រ្គោះជាតិ និងសម្ព័ន្ធមិត្រទាំងអស់នេះ ត្រូវបានប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតដ៏ច្រើនលើសលប់ធុញទ្រាន់ ដោយសារផលប៉ះពាល់ក្នុងការប្រកបរបរប្រចាំថ្ងៃរបស់ពួកគាត់ រំខានដល់ដំណើរការនៃចង្វាក់ផលិតកម្មលើអាជីវកម្មគ្រប់ប្រភេទ ស្ទើរតែទាំងស្រុង ។ កត្តាទាំងនេះជំរុញឲ្យមានអស្ថេរភាពនយោបាយ អស្ថេរភាពសេដ្ឋកិច្ច និងឈានដល់ការបំផ្លាញកិត្យានុភាពជាតិកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋខ្មែរទូទៅបានថ្កោលទោលអំពីសកម្មភាពអស់ទាំងនេះ រួចទៅហើយនោះ។
ប៉ុន្តែអ្នកដែលនៅពីក្រោយទង្វើញុះញង់អស់ទាំងនេះ គេមិនដែលបានឃើញអង្គការ សិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ចេញសេចក្តីអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាទាំងនេះ ឫថ្កោលទោសម្តងណាចំពោះសកម្មភាពជ្រុលនិយម រើសអើងពូជសាសន៍ បំពានច្បាប់នោះទេ។
តើឯណាទៅយុត្តិធម៌ពិតប្រាកដសម្រាប់សង្គមកម្ពុជា? នៅពេលដែលបក្សប្រឆាំងប្រព្រឹត្តបំពានច្បាប់ បែរជាអង្គការអន្តរជាតិទាំងនោះស្ងាត់ឱ្យជ្រាប មិនមានប្រតិកម្មថ្កោលទោសណាមួយទេ ប៉ុន្តែ នៅពេលដែលរាជរដ្ឋាភិបាលអនុវត្តវិធានការណ៍ច្បាប់ ដើម្បីស្ថេរភាពនយោបាយ និងសន្តិសុខជាតិ ហើយមានផលប៉ះពាល់បន្តិចបន្តួច បែរជាគេនាំគ្នាស្រែងរំពងឡើងយ៉ាងទ្រហឹងអើងកង។ តើ អង្គការអន្តរជាតិទាំងនោះ បាន និងកំពុងអនុវត្តស្តង់ដារពីរ ស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាឬអ្វី?
តើក្រុមដែលតំណាងដោយសម្លេងភាគតិចមានសិទ្ធិអុកឡុក បង្កើតនូវភាពអនាធិបតេយ្យ បង្កអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ទើបហៅថា ជាការអនុវត្តសិទ្ធិមែនឬ? តើការបោសសម្អាតភាពអនាធិបតេយ្យដើម្បីផ្តល់ជូននូវការត្រលប់មកប្រក្រតីភាពនៃបរិយាកាសសង្គម ក្នុងប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលដៅដើម្បីធានាសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានចាត់ទុកថា ជាការសម្លាប់សិទ្ធិសេរីភាពឬ?
ការចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាដោយ លោកស្រី Juliette de Rivero នាយិកាអង្គការ Human Rights Watch ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស និងលោក Bred Adams អំពីការធ្វើឱ្យធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស គឺជាចេតនាមួលបំភ្លៃការពិត។
គួរណាស់អ្នកទាំងអស់នោះសិក្សាឲ្យបានច្បាស់អំពីរឿងរ៉ាវប្រវត្តិសាស្រ្ត ទំនៀមទំលាប់ ប្រពៃណីជាតិ ចំណេះដឹងកំរិតវប្បធម៌សង្គម ហើយក៏គួរតែត្រូវស្វែងយល់អំពីឫសគល់ ដើមចមនៃបរិបទនយោបាយកម្ពុជា ឲ្យបានច្បាស់ មុននឹងធ្វើការសន្និដ្ឋាន វិនិច្ឆ័យពីបញ្ហាដែលកើតមានទ្បើងក្នុងសង្គមកម្ពុជា។
ជាងនេះទៅទៀត លោកស្រី Juliette de Rivero រួមទាំង លោក Brad Adams គួរដឹងឲ្យច្បាស់ថា កម្ពុជាជារដ្ឋអធិបតេយ្យ មានឯករាជ្យភាព មានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ហើយទម្រង់នៃការគ្រប់គ្រងរដ្ឋរបស់រាជរដ្ឋាភិបាល តាមបែបប្រជា‑ធិបតេយ្យសេរីពហុបក្ស ដែលក្នុងនោះរាជរដ្ឋាភិបាលបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនឥតងាករេនៃគោលការណ៍សំខាន់ៗ នៃលទ្ធិប្រជាធិបតេយ្យដែលរួមមាន៖ ប្រពន្ធ័ពហុបក្ស ការបោះឆ្នោតសេរីត្រឹមត្រូវ និងទៀងទាត់ ការទទួលស្គាល់លទ្ធផលឆ្នោត ការចូលរួមរបស់ប្រជាពលរដ្ឋ ភាពស្មើគ្នា ការអត់ឱនខាងនយោបាយ ការទទួលខុសត្រូវ តម្លាភាព ការត្រួតពិនិត្យការរំលោភអំណាច ការការពារសិទ្ធិមនុស្ស នីតិរដ្ឋ សេរីភាពសេដ្ឋកិច្ច។ ទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ណាស់ថា កម្ពុជាជារដ្ឋស៊ីវីល័យ មានភាពចាស់ទុំខាងនយោបាយ ហើយពលរដ្ឋកម្ពុជាជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិខ្លួនឯង។ កម្ពុជា មិនស្ថិតនៅក្រោមរណប និងការបង្គាប់បញ្ជាពីប្រទេសណាមួយឡើយ។
ការប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត ការប្រើប្រាស់សិទ្ធិសេរីភាពហួសដ៏ព្រំដែនរបស់គណបក្សប្រឆាំង និងការស្រែកបន្លឺនូវសម្លេងដដែលៗ ជុំវិញការចេញផ្សាយសេចក្តីថ្លែងការណ៍ ដែលមិនផ្អែកលើការពិតម្តងណា ហើយមានចរិតមួលពត៌មាន បំភ្លើសសភាពការណ៍ បំភ្លៃការពិត បំពុលបរិយាកាសនយោបាយនៅកម្ពុជា វាបានក្លាយទៅជាទម្លាប់អស់ទៅហើយ ហើយក៏មានជាយូរឆ្នាំណាស់មកហើយដែរ ។ អង្គការ Human Rights Watch មិនដែលមានបេះដូងបរិសុទ្ធក្នុងការផ្តល់យុត្តិធម៌ចំពោះរាជរដ្ឋាភិបាល ក្នុងការបម្រើប្រយោជន៍កម្ពុជាម្តងណាឡើយ ក្រៅតែពីយុទ្ធនាការដើរសម្អុយពីកម្ពុជាលើឆាកអន្តរជាតិនោះ។
សម្លេងនៃការសម្អុយកេរ្ត៍ឈ្មោះកម្ពុជា ត្រូវបានគេមើលឃើញថា ត្រូវបានគណនយោបាយប្រឆាំង និងសង្គមស៊ីវីលមួយចំនួន យកមកបន្ទរ និងប្រើប្រាស់សម្រាប់វាយប្រហារលើរាជរដ្ឋាភិបាល ដើម្បីជាការកេងចំណេញនយោបាយតែប៉ុណ្ណោះ។
វាល្មមដល់ពេលអ្នកនយោបាយប្រឆាំង សង្គស៊ីវិល ដែលតាំងខ្លួនជាបញ្ញវ័ន្ត បណ្ឌិត និងអានិកជនបរទេសមួយចំនួនដែលភ្លេចខ្លួនជាខ្មែរ និងពោរពេញដោយអំនួត និងមោទនភាពជាបរទេសនិយមនោះ បញ្ឈប់នូវការលាបព៌ណមកលើរាជរដ្ឋាភិបាល និងគួរគប្បីងាកមករួបរួមគ្នាគិតគូរអំពីផលប្រយោជន៍ជាតិវិញ ទើបខ្មែរបានសុខ។
បទពិសោធន៍នៃវិបត្តិនយោបាយ ចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ រហូតដល់សព្វថ្ងៃ បានបង្ហាញច្បាស់ណាស់ថា ជម្លោះនយោបាយ គឺជាការខាតបង់ធំធេងណាស់សម្រាប់ខ្មែរ តែទីបំផុតអ្នកនយោបាយខ្មែរចៀសមិនផុតពីការស្វែងរកដំណោះស្រាយនយោបាយដោយខ្លួនឯង និងអង្គុយធ្វើការជាមួយគ្នាមិនរួចឡើយ។ បើជម្លោះសព្វថ្ងៃនៅតែបន្ត កម្ពុជានឹងត្រូវបែកបាក់យ៉ាងធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ហើយបរទេសនឹងឆ្លៀតយកឱកាសនេះលូកដៃចូល បង្គាប់បញ្ជា ត្រួតត្រា ដាក់សម្ពាធនេះ សម្ពាធនោះកកូរកកាយផ្ទៃក្នុងកម្ពុជា ដូចដែលមេរៀនប្រវត្តិសាស្រ្តបានចរិតទុកជាច្រើនទសវត្សកន្លងមកនេះ។
បងប្អូនខ្មែរទាំងអស់ គួរតែស្វែងយល់ឲ្យបានច្បាស់ថា តើអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ប្រចាំនៅហ្ស៊ឺណែវជានរណា? ការពិត វាជាអង្គការអន្តរជាតិដឹកនាំដោយបរទេស ។ ដូច្នេះបរទេស មិនអាច នឹងស្រឡាញ់ខ្មែរជាងជាតិជាខ្មែរខ្លួនឯងនោះឡើយ។
យ៉ាងណាមិញលោកស្រី Juliette de Rivero នាយិកាអង្គការ Human Rights Watch និង លោក bred Adams ពួកគាត់ទាំងនេះជាជនបរទេស និងកំពុងរស់នៅឯក្រៅប្រទេស គឺពួកគាត់មិនមែនជាអ្នកសំរេចជោគវាសនារបស់កម្ពុជាទេ។ ការពិត គោលដៅនៃការចេញរបាយការណ៍របស់ពួកគាត់ គឺគ្មានអ្វីក្រៅពី ការធ្វើវិទ្ធស្សនានយោបាយនៅកម្ពុជា តែប៉ុណ្ណោះ ។ តើអាចចាត់ទុកថា Human Rights Watch ជាអង្គការឯករាជ្យបានដែរឬទេ?