រាជធានីភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងក្មួយៗយុវជនទាំងអស់ ជាទីមេត្រី!
រាត្រីនេះ ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្តម
លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន ភ្ញៀវកិត្តិយសជាតិ
និងអន្តរជាតិទាំងអស់
ជាពិសេសក្មួយៗយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)
ក្នុងពិធី រាត្រីសមោសរសហភាពសហព័ន្ធយុវជនកម្ពុជា
នាពេលនេះ។ ខ្ញុំសូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម
និងកិច្ចខិតខំប្រឹងប្រែងរបស់ក្មួយៗជាថ្នាក់ដឹកនាំ និងជាសមាជិក
សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសឯកឧត្តម ហ៊ុន ម៉ានី ប្រធាន
ស.ស.យ.ក ក្នុងការរៀបចំឱ្យមានការជួបជុំគ្នាដ៏មានសារសំខាន់នេះឡើង
ដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន
អង្គការ សមាគម និងសប្បុរសជននានា ។
ព្រឹត្តិការណ៍រាត្រីសមោសរនេះ
គឺជាការជួបជុំគ្នាប្រកបដោយអត្ថន័យយ៉ាងធំធេង
ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីសាមគ្គីភាព កិច្ចសហការ
និងការគាំទ្រដល់ក្មួយៗយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា
ដើម្បីឱ្យក្មួយៗអាចបំពេញករណីយកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ
និងជាទំពាំងស្នងឬស្សីដ៏រឹងមាំ
ដែលត្រូវចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមនានា
និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត។ ជាការពិត
តាំងពីពេលចាប់បដិសន្ធិមក
សហភាពសហព័ន្ធយុវជនកម្ពុជាបានសម្រេចនូវសមិទ្ធផលយ៉ាងច្រើន
គួរឱ្យកត់សម្គាល់ ដែលខ្ញុំមានសេចក្តីរីករាយក្នុងការគាំទ្រ
និងមានមោទនភាពចំពោះសមិទ្ធផលទាំងនេះ។
យើងទាំងអស់គ្នាបានកត់ សម្គាល់ប្រកបដោយការពេញចិត្ត
ពេលសង្កេតឃើញយុវជនកម្ពុជា ដែលជាសរសរទ្រូងរបស់ ប្រទេសជាតិ
កំពុងបំពេញបេសកកម្មដ៏ត្រឹមត្រូវដោយទទួលបានផ្លែផ្កាយ៉ាងច្រើន
ជាបន្តបន្ទាប់
ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព ។
ដូចដែលឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក
បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍អម្បាញ់មិញ ស.ស.យ.ក
បានសម្រេចនូវសមិទ្ធផលការងារសំខាន់ជាច្រើន
ដែលបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈស្នេហាជាតិមាតុភូមិ គំនិតផ្តួចផ្តើម
និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្មួយៗយុវជន
ចំពោះជោគវាសនារបស់ប្រទេសជាតិជាទីស្នេហានៃយើង។ ជាក់ស្តែង ស.ស.យ.ក
បាននិងកំពុងធ្វើការងារសង្គមដោយស្ម័គ្រចិត្តជាច្រើន
រួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដូចជា
យុទ្ធនាការយុវជននិងទីក្រុងស្អាត
យុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍
យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន ការបរិច្ចាកឈាម
ការផ្តល់ អាហារូបករណ៍ ការរៀបចំការប្រកួតកីឡា
ការជួយជនរងគ្រោះដោយគ្រោះធម្មជាតិ
ការចូលរួមជាកម្លាំងដើម្បីរៀបចំទទួលប្រជាពលករខ្មែរដែលត្រូវបាន
ជម្លៀសចេញពីប្រទេសថៃ ការជួយកុមារកំព្រាការរៀបចំពិធីដាំកូនឈើ
ការជំរុញចលនាស្រលាញ់ការពារបរិស្ថានដល់គ្រប់ស្រទាប់យុវជន
និងមហាជនទូទៅ និងកម្មវិធីសប្បុរធម៌នានា ។ល។ ការចូលរួមទាំងនេះ
មិនគ្រាន់តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស
ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងជាឱកាសដ៏ល្អសម្រាប់ក្មួយៗក្នុងការរៀនសូត្រ
ដកពិសោធន៍ជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាព និងបំណិន ជីវិតរបស់ខ្លួន
ក្នុងការត្រៀមខ្លួនក្លាយជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ
សក្តិសមជា «ទំពាំងស្នងឫស្សី» យ៉ាងពិតប្រាកដថែមទៀតផង។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ដើម្បីឱ្យយុវជនអាចបំពេញករណីយកិច្ចរបស់ខ្លួន បានពេញលេញជាពលរដ្ឋល្អ
និងជាទំពាំងស្នងឬស្សីដ៏រឹងមាំ ទាមទារជាចាំបាច់នូវការយកចិត្តទុកដាក់
និងការគាំទ្រ ទាំងស្មារតី
និងសម្ភារៈពីគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គមទាំងមូល។ ក្នុងន័យនេះ
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
តែងតែបានគិតគូរជានិច្ចដល់ការអភិវឌ្ឍយុវជន
តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ
«ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា» ក្នុងគោលបំណងជំរុញឱ្យគ្រប់ក្រសួង
ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ
យកចិត្តទុកដាក់លើកកម្ពស់ការអភិវឌ្ឍយុវជន
ដើម្បីឱ្យយុវជនគ្រប់រូបអាចរួមចំណែកដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ
ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះ សម្តេចតេជោផ្ទាល់តែងតែបានឧបត្ថម្ភគាំទ្រដល់
យុវជនកម្ពុជា ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា
ក្នុងការពង្រឹងនិងពង្រីកតួនាទីគំរូរបស់ខ្លួននៅក្នុងសង្គមជាតិ
ដើម្បីឱ្យមានការប្រែប្រួលឥរិយាបថរបស់យុវជនឆ្ពោះទៅរកភាពជឿនលឿន
ប្រកបដោយភាពក្លាហាន
ដោយផ្សាភ្ផាប់ខ្លួនទៅនឹងភារកិច្ចអភិវឌ្ឍខ្លួនឯង ជួយអ្នកដទៃ
និងបំពេញករណីកិច្ចចំពោះជាតិមាតុភូមិ។
ជាលទ្ធផល សមិទ្ធផលសំខាន់ៗកន្លងមករបស់រាជរដ្ឋាភិបាល
តែងតែមានការរួមចំណែករបស់ក្មួយៗយុវជន ទាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
សង្គម និងការការពារជាតិ
ក៏ដូចជាក្នុងការថែរក្សាអភិរក្សវប្បធម៌និងបេតិកភណ្ឌជាតិផងដែរ។
ជាក់ស្តែង នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំលើកទី៣៧
របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០១៣
ដែលត្រូវបានសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋភាគី
ស្ថាប័នពិគ្រោះយោបល់ និងសមាជិកសង្កេតការណ៍ជាច្រើនចាត់ទុកថា
ជាសម័យប្រជុំមួយដែលមានការរៀបចំយ៉ាងល្អ និងទទួលបានជោគជ័យយ៉ាងធំធេង
នៅក្នុងប្រវត្តិនៃសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនោះ
យុវជនកម្ពុជាក៏បានចូលរួមចំណែកយ៉ាងសកម្មគួរឱ្យកត់សម្គាល់ផងដែរ។
នៅក្នុងឱកាសនោះ យុវជនកម្ពុជាយើង
មានការទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការរៀបចំនូវវេទិកាយុវជនអន្តរជាតិដ៏ធំ
ប្រកបដោយជោគជ័យគួរជាទីមោទនៈ
ដោយបានសម្រិតសម្រាំងនូវប្រធានបទដ៏សមស្របមួយគឺ «បេតិកភណ្ឌរស់៖ ប្រាសាទ បរិស្ថាន និងប្រជាជន»
ដើម្បីបញ្ជ្រាបការយល់ដឹងអំពីទំនាក់ទំនងប្រកបដោយសុខុដុមរមនា
នឹងគ្នារវាងវប្បធម៌ បរិស្ថានដែលរួមមានទឹកនិងព្រៃឈើ និងសហគមន៍។
អ្វីដែលជាមោទនភាពសម្រាប់យុវជនកម្ពុជាទាំងមូលផងដែរនោះ
គឺថាក្មួយៗយុវជនស្ម័គ្រចិត្តដែលធ្វើជា
អ្នកសម្របសម្រួលកិច្ចទំនាក់ទំនងនៅក្នុងសម័យប្រជុំនោះ
ត្រូវបានគណៈប្រតិភូទាំងអស់កោតសរសើរ ចំពោះភាពរួសរាយរាក់ទាក់
និងប្រសិទ្ធភាពការងារខ្ពស់។
ទាក់ទិននឹងវិស័យវប្បធម៌និងបេតិកភណ្ឌ
យើងទាំងអស់គ្នាពិតជាមានមោទនភាពណាស់
ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ និងអរិយធម៌ដ៏រុងរឿង
យ៉ាងសម្បូរបែប រហូតធ្វើឱ្យអ្នកជំនាញមួយចំនួនបានចាត់ទុកថា
«កម្ពុជាជាអធិរាជាណាចក្រនៃបេតិកភណ្ឌ» ថែមទៀតផង។ ប៉ុន្តែយើងត្រូវចាំថា
ទម្រាំនឹងពិភពលោកបានទទួលស្គាល់នូវតម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌ
ជាតិយើង ហើយសម្រេចចុះតំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រាសាទ
ព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជម្នះឧបសគ្គជាច្រើនរាប់មិនអស់
ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលសមស្រប។ ជាងនេះទៅទៀត
ដើម្បីថែរក្សាអភិរក្សបេតិកភណ្ឌដ៏មានតម្លៃទាំងនេះ រហូតដល់ជំនាន់ក្រោយៗទៀត
រាជរដ្ឋាភិបាល បានដាក់ ចេញនិងអនុវត្តយ៉ាងហ្មត់ចត់នូវគោលនយោបាយ
សម្រាប់កិច្ចការពារ និងអភិវឌ្ឍប្រកបដោយ ចីរភាព
នូវសម្បត្តិបេតិកភណ្ឌទាំងអស់ ដោយអនុលោមតាមបទដ្ឋានជាតិ
និងគោលការណ៍អភិរក្សជាសកល។ ជាក់ស្តែង
ការងារអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានអង្គរ
នៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ICC-Angkor
ដែលជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអប្សរា
បានធ្វើឱ្យពិភពលោកកោតសរសើរ និងចាត់ទុកជាគំរូ
ហើយអង្គការយូណេស្កូបានយកទៅអនុវត្តនៅប្រទេសផ្សេងៗថែមទៀតផង។
លើសពីនេះទៀត ថ្មីៗនេះ កម្ពុជាយើងទើបបានសម្រេចជោគជ័យយ៉ាងធំធេងមួយទៀត គឺការចាប់ផ្តើមដំណើរការរបស់ ICC សម្រាប់ប្រាសាទព្រះវិហារ ដែលសម័យប្រជុំលើកដំបូងត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ដោយមានប្រទេសមហាមិត្តចិន និងមហាប្រទេសឥណ្ឌា ជាសហប្រធាន។ វាជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ជាប្រវត្តិសាស្ត្រ
ដែលបណ្តាភាគីទំនាស់ពីមុនបានក្លាយជាដៃគូសហប្រតិបត្តិការទៅវិញ
ដែលនេះគឺជាចំណុចដ៏ធំនៃជោគជ័យរបស់សម័យប្រជុំដំបូងនៃ ICC-Preah Vihear។
ជាក់ស្តែង ប្រទេសថៃ នៅទីបំផុត ក៏បានចូលរួមគាំទ្រយើងចំពោះការបង្កើត
ICC-Preah Vihear នេះដែរ។ ដោយឡែក
ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកមិនត្រឹមតែបាន
ចូលរួមក្នុងកិច្ចប្រជុំក្រោមអធិបតីភាពចិន និងឥណ្ឌា ជាសហប្រធាន ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបានឡើងថ្លែងសុន្ទរកថាសម្តែងនូវសេចក្តីរីករាយនិង
អំណរសាទរចំពោះការបង្កើត ICC-Preah Vihear
ហើយចាត់ទុកថានេះគឺជាដំណើរការសន្តិភាពដ៏ប្រពៃ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
កិច្ចខិតខំប្រឹងប្រែងដ៏មានសារសំខាន់មួយទៀត
របស់សហភាពសហព័ន្ធយុវជនកម្ពុជា
ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយ
និងអភិរក្សវប្បធម៌ ទំនៀមទំលាប់ និងបេតិកភណ្ឌរបស់ជាតិយើង
គឺការផ្តួចផ្តើមគំនិត រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រានដោយជោគជ័យចំនួន
ពីរលើកមកហើយ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ នៅឆ្នាំ២០១៥ ខាមុខនេះ
សហភាពសហព័ន្ធយុវជនកម្ពុជាក៏នឹងរៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» បន្តទៀត
ដែលព្រឹត្តិការណ៍ ដ៏ធំនេះមិនត្រឹមតែចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់
វប្បធម៌ ប្រពៃណី
និងអរិយធម៌ខ្មែរ ដល់មហាជននិងយុវជនឱ្យ បានជ្រួតជ្រាបប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។
វិស័យទេសចរណ៍បានក្លាយជាក្បាលរថភ្លើងថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា
ដោយបានបង្កើតការងារជាច្រើនសម្រាប់ប្រជាជននិងយុវជន
និងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូល
ដ្ឋាន។ ជាក់ស្ដែង ឆ្នាំ២០១៣ ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាមានប្រមាណ ៤,២លាននាក់ ដោយបាននាំមក នូវប្រាក់ចំណូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិប្រមាណជាង ២.៥០០លានដុល្លារ (ប្រមាណ ១៦% នៃ GDP) ហើយបានបង្កើតការងារជូនប្រជាជនដោយផ្ទាល់ជាង ៥០០ពាន់ និងដោយប្រយោល
រាប់សិបពាន់ផ្សេងទៀត
ហើយចំនួនភ្ញៀវទេសចរត្រូវបានប៉ាន់ស្មានថានឹងកើនឡើងជាបន្តបន្ទាប់
រហូតដល់ប្រមាណ ៧,៥លាននាក់ នៅត្រឹមឆ្នាំ២០២០។
ដូច្នេះ ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ
ពិតជាចូលរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត
ក្នុងការជំរុញការផ្សព្វផ្សាយទេសចរណ៍នានា ជាពិសេស យុទ្ធនាការ «កម្ពុជា៖ ព្រះរាណាចក្រអច្ឆរិយៈ»
ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ
បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាង សកម្ម ដូចជា កន្លងទៅថ្មីៗនេះ
យើងបានប្រារព្ធពិធីបុណ្យសមុទ្រលើកទី៣ នៅលើទឹកដីនៃខេត្តកោះកុងដ៏ស្រស់បំព្រង ហើយយើងក៏នឹងរៀបចំឱ្យមានព្រឹត្តិការណ៍បុណ្យទន្លេនៅតាមបណ្តាខេត្តជាប់ដងទន្លេទៀត ដែលពិធីបុណ្យទន្លេដំបូងនឹងត្រូវប្រារព្ធធ្វើឡើងក្នុងខែមីនា ឆ្នាំ២០១៥ នៅលើទឹកដីខេត្តក្រចេះ ដែលសម្បូរទៅដោយធនធានធម្មជាតិ ទេសភាពស្រស់ត្រកាល និងជាពិសេសសត្វផ្សោតទន្លេមេគង្គ
ដ៏កម្រ។ លើសពីនេះ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ត្រូវបានសាធារណមតិអបអរសាទរ កោតសរសើរ
និងវាយតម្លៃខ្ពស់ ដោយសារគំនិតច្នៃប្រឌិតនិងបង្កើតថ្មី
ប្រកបដោយសមត្ថភាពរបស់ក្មួយៗយុវជនយើង
ព្រមទាំងជាតំណាងឱ្យកម្លាំងសាមគ្គី ភាពស្រុះស្រួលគ្នា
និងកិច្ចសហការល្អពីមជ្ឈដ្ឋាននានាក្នុងសង្គម ជាមហាគ្រួសារខ្មែរ ផងដែរ។
សំខាន់ជាងនេះទៅទៀត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ ខាងមុខនេះ
ស.ស.យ.ក ក៏នឹងរៀបចំឱ្យមានមហោស្រពវប្បធម៌យុវជនអន្តរជាតិ (International
Youth Cultural Festival) ក្រោមប្រធានបទ
«កម្លាំងសាមគ្គីក្នុងវប្បធម៌ចម្រុះ»
ដែលជាវេទិកាមួយសម្រាប់យុវជន នៃបណ្ដា ប្រទេសសមាជិកអាស៊ាន
និងប្រទេសជាដៃគូអាស៊ាន បង្ហាញនូវវប្បធម៌ និងអរិយធម៌រៀងៗខ្លួន ផងដែរ។
ខ្ញុំចាត់ទុកថា ការរៀបចំមហោស្រពនេះ គឺជាជោគជ័យថ្មីមួយទៀតរបស់ ស.ស.យ.ក
ជាពិសេសផ្នែកការទូតមហាជន សំដៅពង្រឹងទំនាក់ទំនងរវាងយុវជនកម្ពុជា
និងមិត្តភក្ដិយុវជន អន្តរជាតិ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ជាការពិតណាស់ ជោគជ័យនៃសកម្មភាពទាំងឡាយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា
នឹងមិនអាចសម្រេចឡើងបានទេ ប្រសិនបើគ្មានការចូលរួមគាំទ្រយ៉ាងផុលផុស
ទាំងស្មារតី ថវិកា និងសម្ភារៈ ពីក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន
និងសប្បុរសជននានា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ
និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមវិភាគទានដ៏ថ្លៃថ្លា
របស់ក្រុមហ៊ុន អង្គការ សមាគម ក៏ដូចជា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក
លោកស្រី និងសប្បុរសជនទាំងអស់។ ដូច្នេះ
ការជួបជុំគ្នាដ៏សប្បាយរីករាយនារាត្រីនេះ
គឺជាឱកាសដ៏ល្អប្រសើរសម្រាប់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក
លោកស្រី និងសប្បុរសជនទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល
ក្នុងការបន្តឧបត្ថម្ភគាំទ្រដល់សហភាពសហព័ន្ធយុវជនកម្ពុជា
តាមការអំពាវនាវរបស់ឯកឧត្តមប្រធាន ស.ស.យ.ក
ដើម្បីឱ្យអង្គការយុវជនដ៏មានសារសំខាន់នេះបន្តនូវបេសកកម្ម
ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន និងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀត
ជូនជាតិមាតុភូមិជាទីស្នេហានៃយើង។
ជាទីបញ្ចប់ ខ្ញុំសូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី
ភ្ញៀវកិត្តិយស និងក្មួយៗយុវជនទាំងអស់
រីករាយជាមួយនឹងរាត្រីសមោសរដ៏អធិកអធមនេះ
និងសូមជូនពរសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច
និងសុភមង្គលក្នុងក្រុមគ្រួសារ៕
សូមអរគុណ!
