ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាពទីស្តីការ នាយករដ្ឋមន្រ្តី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ចិន ហ្វេង ស៊ាង (Chen Feng Xiang) អនុរដ្ឋមន្រ្តីទទួលបន្ទុកគណៈទាក់ទងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំមុយនីស្តចិន មានប្រសាសន៍ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺឆ្លើយតបទៅនឹងអ្វីដែលយល់ស្របគ្នា កាលពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម (ចិន ហ្វេង ស៊ាង) កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលបានយល់ស្របគ្នាជាមួយនិងឯកឧត្តម សាយ ឈុំ(អនុប្រធានទី១ព្រឹទ្ធសភា) ក្នុងការបន្តផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងបក្ស និងបក្ស យុវជន និងយុវជន ពិសេសជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចំរើនខ្លាំងឡើងថែមទៀត។
ឯកឧត្តម ចិន ហ្វេង ស៊ាង (Chen Feng Xiang) ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីស្តីពីលទ្ធផលនៃជំនួប ពិភាក្សាការងាររវាងឯកឧត្តម ជាមួយ និងឯកឧត្តម សាយ ឈុំ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សំដែងនូវការគាំទ្រ ចំពោះលទ្ធផលនៃជំនួបពិភាក្សា រវាងឯកឧត្តម Chen Feng Xiang និងឯកឧត្តម សាយ ឈុំ ដែលបានយកចិត្តទុកដាក់ខ្ពស់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ចិន ពិសេសការនាំគ្នាយកចិត្តទុកដាក់ចំពោះមនុស្សជំនាន់ក្រោយ គឺស្រទាប់យុវវ័យ នៃប្រទេសទាំងពីរ៕



No comments:
Post a Comment