Saturday, March 13, 2021
WHO អនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson សម្រាប់ការប្រើប្រាស់ជាបន្ទាន់
(អាមេរិក)៖ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី១២ ខែមីនា នេះ បានអនុម័តលើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson សម្រាប់ការប្រើប្រាស់ជាបន្ទាន់, នេះបើយោងតាមសារព័ត៌មាន AFP ចេញផ្សាយនាយប់នេះ។
ទស្សនៈផ្សាយដោយ The New York Times ក្រោមចំណងជើងថា «នេះជាពេលវេលាត្រូវជឿជាក់លើវ៉ាក់សាំងចិន និងរុស្ស៉ីហើយ»
(ភ្នំពេញ)៖ សារព័ត៌មានដ៏ល្បីរបស់សហរដ្ឋអាមេរិក ឈ្មោះ The New York Times បានផ្សព្វផ្សាយអត្ថបទស្តីពីទស្សនៈមួយក្រោមចំណងជើង «នេះជាពេលវេលា ត្រូវជឿជាក់លើវ៉ាក់សាំងរបស់ចិន និងវ៉ាក់សាំងរបស់រុស្ស៉ី (It’s Time to Trust China’s and Russia’s Vaccines)»។ ក្នុងអត្ថបទនេះ សារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសរសេរកោតសរសើរ និងផ្តល់ចំណាត់ថ្នាក់លេខ១ ដល់វ៉ាក់សាំង Sinopharm របស់ចិន ដោយអះអាងថា មានសុវត្ថិភាព និងប្រសិទ្ធភាព ជាងវ៉ាក់សាំងនានាទាំងអស់។
ខ្លឹមសារទាំងស្រុងនៃទស្សនៈខាងលើ មានដូចខាងក្រោមនេះ៖
គ្រាដែលបណ្តាប្រទេសអ្នកមានក្នុងពិភពលោក កំពុងតែដោះស្រាយជាមួយបញ្ហាកង្វះខាតវ៉ាក់សាំងកូវីដ១៩ ប្រទេសក្រីក្រមួយចំនួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងដែរ អំពីការទទួលបានវ៉ាក់សាំង។ មកទល់ពេលនេះដំណោះស្រាយបញ្ហាទាំងពីរ អាចត្រូវបានលាក់បាំង នៅទីកន្លែងដែលគេមើលឃើញយ៉ាងងាយស្រួលទៅវិញ គឺប្រើប្រាស់វ៉ាក់សាំងមកពីចិន និងរុស្ស៉ី ហើយឆាប់ៗនេះប្រហែលយកពីឥណ្ឌាផងក៏ថាបាន។
ដំបូងឡើយ វ៉ាក់សាំងរបស់ចិន និងរុស្ស៉ី ត្រូវបានពួកលោកខាងលិច និងបណ្តាញផ្សព្វផ្សាយពួកគេទាត់ចោលយ៉ាងចាស់ដៃ ក៏ព្រោះការយល់ឃើញថា វ៉ាក់សាំងទាំងនោះ មានប្រសិទ្ធភាពទាបជាងរបស់វ៉ាក់សាំងពួកគេ ដែលត្រូវបានផលិតដោយក្រុមហ៊ុន Moderna, Pfizer-BioNtech ឬ AstraZeneca។ ការយល់ឃើញនោះ ហាក់ដូចជាផុសចេញពីផ្នែកមួយដែលថាប្រទេសចិន និងរុស្ស៉ីជារដ្ឋផ្តាច់ការ។
ប៉ុន្តែមានភស្តុតាងជាច្រើនស្អេកស្កេះដែលថា វ៉ាក់សាំងមកពីប្រទេសទាំងនោះមានប្រសិទ្ធភាព។ ទស្សនាវដ្ដីវេជ្ជសាស្រ្ត ដែលឈានមុខគេឈ្មោះ ឡែនសេត (Lancet) បានចេញផ្សាយអត្ថបទនៅសប្តាហ៍ទី១ នៃខែកុម្ភៈ ឆ្នាំ២០២១ថា លទ្ធផលបណ្តោះអាសន្ននៃដំណាក់កាលសាកល្បងចុងក្រោយ បង្ហាញថា Sputnik V ដែលជាវ៉ាក់សាំងរបស់រុស្ស៉ី មានអត្រាប្រសិទ្ធភាព ៩១.៦ភាគរយ។ លទ្ធផលនោះបញ្ជាក់ដោយអ្នកអភិវឌ្ឍន៍វ៉ាក់សាំងឈ្មោះ មជ្ឈមណ្ឌល កាម៉ាឡេយ៉ា (Gamaleya) និងមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៉ី។
សហព័ន្ធ អារ៉ាប់រួម, បារ៉ែន, អេហ្ស៉ីប, ហ្ស៊កដានី, អ៉ីរ៉ាក់, ស៊ែប៊ី, ម៉ូរ៉ូកូ, ហុងគ្រី និងប៉ាគីស្ថាន បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Sinopharm ដែលជារបស់ចិន។ គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២១ មានមនុស្ស ១.៨លាននាក់ នៅសហព័ន្ធអារ៉ាប់រួម បានទទួលចាក់វ៉ាក់សាំងនេះ។ បូលីវី, ឥណ្ឌូនេស៉ី, តួកគី, ប្រេស៉ីល, និងឆីលី បានអនុម័ត និងបានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងចិនផ្សេងទៀត ដែលមកពីក្រុមហ៊ុន Sinovac ។ Sputnik V របស់រុស្ស៉ី នឹងត្រូវចែកចាយដល់បណ្តាប្រទេសលើសពី១០ នៅទ្វីបអឺរ៉ុប, មជ្ឈឹមបូព៌ា, អាហ្វ្រិក និងអាមេរិកឡាទីន។
នៅពេលបណ្តាប្រទេសទាំងអស់នេះបានត្រួតពិនិត្យវ៉ាក់សាំងទាំងនេះ ពួកគេបានបញ្ជាក់ពីការសម្រេចចិត្តទទួលយក ដោយផ្អែកលើភស្តុតាងអំពីសុវត្ថិភាព និងប្រសិទ្ធភាព ដែលបង្ហាញដោយក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន និងរុស្ស៉ី (ដែលភាគច្រើននៃលទ្ធផលនោះ ក៏ត្រូវបានចុះផ្សាយលើទស្សនាវដ្តីវិទ្យាសាស្ត្រ ដូចជា Lancet និង JAMA) ឬក៏បន្ទាប់ពីពួកគេដំណើរការការសាកល្បងឯករាជ្យដោយខ្លួនឯង។
នៅចំពោះមុខនៃកង្វះខាតវ៉ាក់សាំង និងការពន្យារពេលនៃការចែកចាយ, បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់ កំពុងតែចាប់ផ្តើមចរចា អាចបញ្ជាទិញវ៉ាក់សាំង ពីចិន និងរុស្ស៉ី។ កន្លងមកពួកគេធ្លាប់លើកឡើងអំពីការអំពាវនាវប្រឆាំងនឹងវ៉ាក់សាំង ដែលមិនមែនជារបស់ប្រទេសលោកខាងលិច។
តាមការស្ទង់មតិពីក្រុមហ៊ុនស្រាវជ្រាវ យូហ្គូវ (YouGov) ថ្មីៗនេះ បានសួរមនុស្សប្រមាណ១៩,០០០នាក់ នៅក្នុងប្រទេស១៧ ថាតើពួកគេគិត «វិជ្ជមាន ឬអវិជ្ជមាន» អំពីវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយប្រទេសទាំង៣ រួមមាន រុស្ស៉ី ចិន និងឥណ្ឌា (លើកលែងតែអ៉ីរ៉ង់)។
ចិន និងរុស្ស៉ី ថែមទាំងចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនខ្លះៗ កាលពីឆ្នាំមុនទាំងដែលគ្មានលទ្ធផល បញ្ជាក់ថាមានប្រសិទ្ធភាពពីដំណាក់កាលចុងក្រោយ ឬដំណាក់កាលពិសោធន៍សាកល្បង លើកទី៣ (វ៉ាក់សាំង Pfizer-BioNTech និង Moderna ត្រូវបានអនុម័តនៅអាមេរិក បន្ទាប់ពីដំណាក់កាលពិសោធន៍សាកល្បង លើកទី៣)។ ឥណ្ឌា ក៏បានបញ្ចប់ដំណាក់កាលពិសោធន៍សាកល្បងលើកទី៣ លើវ៉ាក់សាំងកូវ៉ាក់ហ្ស៉ីន (Covaxin) ដែលជាវ៉ាក់សាំងអភិវឌ្ឍន៍ដោយក្រុមហ៊ុន បារ៉ាត់ បាយអូតិច (Bharat Biotech)។
លទ្ធផលសាកល្បង នៅសហព័ន្ធអារ៉ាប់រួម ដើមខែធ្នូ បានបង្ហាញថា ប្រសិទ្ធភាពនៃវ៉ាក់សាំង Sinopharm មានចំនួន ៨៦ភាគរយ។ បើសម្រាប់វ៉ាក់សាំង Sinovac អ្វីដែលលេចចេញមក ក្លាយជាលទ្ធផលខុសៗគ្នា ដែលរួមមាន ប្រសិទ្ធភាព ៩១ភាគរយ បានមកពីការពិសោធន៍នៅតួកគី, ៦៥ភាគរយ បានមកពីការពិសោធន៍នៅឥណ្ឌូនេស៉ី និង ៥០.៤ភាគរយ បានមកពីការពិសោធន៍ នៅប្រេស៉ីល។ ការពិសោធន៍ទាំងនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន បរទេសជាច្រើន តែអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ប៊ូតាន់តាន់ (Butantan) ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងដោយរដ្ឋ នៅទីក្រុងសៅប៉ូឡូ (São Paulo) ដែលបានធ្វើការពិសោធន៍នោះ បានបង្ហាញក្នុងពេលដូចគ្នាថា វ៉ាក់សាំងនេះទទួលបានអត្រាប្រសិទ្ធភាព ៧៨ភាគរយ ក្នុងការការពារករណីស្រាល ទៅធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩។
គ្មានមន្ទិលទៀតទេ! ព័ត៌មានបន្ថែមទៀតអំពីវ៉ាក់សាំងរបស់ចិន និងរុស្ស៉ី ត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្តែវ៉ាក់សាំងដែលកំពុងឈានមុខគេរបស់ប្រទេសលោកខាងលិច បង្ហាញព័ត៌មានក្នុងលក្ខណៈតិចតួចទៅវិញ។ មិនមានព័ត៌មានលម្អិត ឬទិន្នន័យដើមទេ សម្រាប់ការសាកល្បងនៃវ៉ាក់សាំង Pfizer-BioNTech និង Moderna ហើយសូម្បីតែអ្នកស្រាវជ្រាវក៏មិនបង្ហាញដែរ។
ការពិតនោះគឺថាមិនមានវ៉ាក់សាំងកូវីដ១៩ ត្រូវបានអភិវឌ្ឍន៍ ឬត្រូវបានបង្ហាញឲ្យមានតម្លាភាព ដូចដែលវាគួរតែមាននោះទេ។ ខណៈពេលដែលចិន និងរុស្ស៉ី អាចធ្វើមិនបានល្អលើវ៉ាក់សាំងរបស់ពួកគេ លើសជាងក្រុមហ៊ុននៃបណ្តាប្រទេសលោកខាងលិច មិនមែនមានន័យថា វ៉ាក់សាំងរបស់ពួកគេអន់នោះទេ។
ភស្តុតាងដែលមានការគាំទ្រជាច្រើន បង្ហាញថា វ៉ាក់សាំងចិន និងរុស្ស៉ី អាចជឿទុកចិត្តបាន ហើយគួរតែត្រូវបានយកចិត្តទុកដាក់បំផុត ជាពិសេសពិចារណាក្នុងការចែកចាយ ទៅកាន់ពិភពលោក។
វ៉ាក់សាំងភាគច្រើនផលិតនៅលោកខាងលិច ត្រូវបានបញ្ជាទិញដោយប្រទេសអ្នកមានរួចហើយ គិតត្រឹមដើមខែធ្នូ គឺវ៉ាក់សាំង Moderna ទាំងអស់ និងវ៉ាក់សាំង Pfizer-BroNTech ចំនួន៩៦ភាគរយ។ ប្រការនេះធ្វើឲ្យអង្គការសម្ព័ន្ធភាពផ្នែកវ៉ាក់សាំងរបស់ប្រជាជន អំពាវនាវឲ្យមានការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌។
Gavi ដែលជាអង្គការសម្ព័ន្ធភាពសម្រាប់វ៉ាក់សាំង ជួយអង្គការសុខភាពពិភពលោក លើការងារចែកចាយវ៉ាក់សាំង បានឲ្យដឹងថា មានវ៉ាក់សាំងប្រទេសលោកខាងលិចខ្លះ ត្រូវបានយកមករក្សាទុក។ ប៉ុន្តែតាមចំនួនសរុបនៃទិន្នន័យផ្គត់ផ្គង់របស់ខ្លួន គិតត្រឹមសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២១ មានការប៉ាន់ស្មានថា អាចដឹកជញ្ជូនបានក្នុងអំឡុងពេលត្រីមាសទី១ នៃឆ្នាំ២០២១ ដែលមានតែពី ១១០លាន ទៅ ១២២លានដូសពីក្រុមហ៊ុន AstraZeneca និងតែ ១,២ លានដូសពីក្រុមហ៊ុន Pfizer-BioNTech សម្រាប់១៤៥ប្រទេស ដែលបានចុះហត្ថលេខាចូលរួមជាមួយ Gavi ដើម្បីទទួលបានវ៉ាក់សាំងកូវីដ១៩។
លើសពីនេះទៅទៀត ក្រុមហ៊ុនឱសថធំៗ នៅភាគខាងលិចបានជំទាស់នឹងការផ្តល់សិទ្ធិវ៉ាក់សាំងរបស់ពួកគេ ដល់ក្រុមហ៊ុនផលិត ដែលមិនមែនស្ថិតនៅប្រទេសលោកខាងលិច។
យោងតាមការវិភាគវែកញែកចុងក្រោយរបស់ The New York Times ដែលផ្តល់ទិន្នន័យដោយការិយាល័យវិភាគ អ៊ែរហ្វីនីធី (Airfinity), វ៉ាក់សាំង Sinovac បានចុះហត្ថលេខាយល់ព្រមនាំចេញសម្រាប់ឆ្នាំ២០២១ លើសពី ៣៥៩លានដូស ទៅកាន់ ១២ប្រទេស។ ជាមួយគ្នានេះ វ៉ាក់សាំង Sinopharm ត្រូវនាំចេញប្រមាណ ១៩៤លានដូស ទៅកាន់ ១១ប្រទេស ខណៈដែលវ៉ាក់សាំង Sputnik V ត្រូវនាំចេញប្រមាណ ៤០០លានដូស ទៅកាន់ ១៧ប្រទេស។ អ្នកផលិតវ៉ាក់សាំងទាំង ៣ប្រភេទនោះ ប្រកាសជាសាធារណៈថា ពួកគេរៀងៗខ្លួននឹងមានសមត្ថភាពផលិត១ប៊ីលានដូស ក្នុងឆ្នាំ២០២១។
ដូច្នេះតើវ៉ាក់សាំងទាំងនេះអាចបង្កើតទំនុកចិត្តដល់អ្នកដែលចង់បានពួកវា ឲ្យកាន់តែច្រើនដោយរបៀបណា? វិធីមួយគឺត្រូវដាក់ពួកគេធ្វើការវាយតម្លៃជាផ្លូវការ ដោយអង្គការអន្តរជាតិ ដែលមានជំនាញបច្ចេកទេស។ បញ្ហាបច្ចុប្បន្ននេះវិធានរបស់អង្គការសុខភាពពិភពលោក សម្រាប់ទទួលស្គាល់វ៉ាក់សាំង គឺសង្ស័យតែសម្រេចដោយខ្លួនពួកគេផ្ទាល់តែម្តង ដោយយោងទៅតាមគំនិតប្រទេសអ្នកមាន ជាពិសេសតាមបណ្តាប្រទេសនៅលោកខាងលិច។
សម្រាប់ពិភពលោកទាំងមូល អង្គការសុខភាពពិភពលោក បង្កើតសេវាកម្មមួយឈ្មោះ បុព្វសិទ្ធិ។ តាមទ្រឹស្តី នេះគឺជាវិធីមួយដែលវ៉ាក់សាំងពីប្រទេសចិន ឬរុស្ស៉ី អាចត្រូវបានដាក់នៅលើមូលដ្ឋានស្មើគ្នា ជាមួយនឹងវ៉ាក់សាំងមកពីលោកខាងលិច។ តាមពិតវាគឺជាដំណើរការដ៏លំបាក និងចំណាយពេលច្រើន។
នៅពេលដែលវ៉ាក់សាំងណាមួយ ត្រូវបានបង្កើតនៅក្នុងប្រទេសណាមួយ ដែលស្ថិតលើបញ្ជីឈ្មោះប្រទេសដែលគួរឲ្យទុកចិត្តរបស់អង្គការសុខភាពពិភពលោកនោះ អង្គការនេះតែងតែពឹងផ្អែកលើការវាតតម្លៃរបស់ប្រទេសនោះ ហើយចុះហត្ថលេខាទទួលស្គាល់យ៉ាងឆាប់រហ័ស។ ប៉ុន្តែនៅពេលដែលអ្នកផលិតវ៉ាក់សាំង ដែលមិនស្ថិតលើបញ្ជីឈ្មោះប្រទេសដែលគួរឲ្យទុកចិត្ត ដាក់ពាក្យសុំការអនុម័តទទួលស្គាល់វ៉ាក់សាំងនោះ បែរជាអង្គការសុខភាពពិភពលោក ធ្វើការវាយតម្លៃពេញលេញពីដំបូង រួមបញ្ចូលទាំងការត្រួតពិនិត្យទីតាំងនៃកន្លែងផលិតទៀតផង។
អង្គការសុខភាពពិភពលោក បានអនុម័តទទួលស្គាល់វ៉ាក់សាំង Pfizer-BioNtech នៅចុងបញ្ចប់ឆ្នាំ២០២០ គឺជាពេលវេលាតិចជាង ២ខែ បន្ទាប់ពីអ្នកផលិតស្នើសុំការពិចារណាទទួលស្គាល់។ ហើយអង្គការនេះរំពឹងថា អាចសម្រេចការទទួលស្គាល់វ៉ាក់សាំង Moderna និង AstraZeneca នៅខែកុម្ភៈផងដែរ។ វ៉ាក់សាំងរបស់ចិន និងរុស្ស៉ី ស្ថិតនៅក្នុងបន្ទាត់រង់ចាំដដែល ទោះបីជាទទួលបានដំណើរការសម្រាប់ការទទួលស្គាល់មុនគេក៏ដោយ។
នៅក្នុងវគ្គនៃការត្រួតពិនិត្យវ៉ាក់សាំង Pfizer-BioNTech អង្គការសុខភាពពិភពលោក ធ្វើការយ៉ាងជិតស្និតជាមួយទីភ្នាក់ងារឱសថអឺរ៉ុប (EMA) និងអនុម័តទទួលស្គាល់វា ប្រហែល១០ថ្ងៃ បន្ទាប់ពីទីភ្នាក់ងារឱសថអឺរ៉ុបទទួលស្គាល់។ មិនមានហេតុផលសោះ អង្គការសុខភាពពិភពលោក ដែលមិនអាចធ្វើកិច្ចសហការជាមួយនិយ័តករសុខភាព នៅប្រទេសផ្សេងទៀត ដើម្បីជួយក្រុមហ៊ុនផលិតវ៉ាក់សាំងនៅក្នុងតំបន់ ទទួលបានតាមរយៈដំណើរការត្រួតពិនិត្យនេះ។ ជាយោបល់ អង្គការសុខភាពពិភពលោក ត្រូវតែផ្តល់ការជួយជាបន្ទាន់ ដល់ប្រទេសផលិតវ៉ាក់សាំងទាំងអស់ នូវការយកចិត្តទុកដាក់ ដែលពួកគេត្រូវតែទទួលបាន។
វេជ្ជបណ្ឌិត និងសកម្មជនមួយចំនួនបានដាក់សំណើ ដើម្បីបង្កើនការចែកចាយឲ្យបានទូលំទូលាយ នូវវ៉ាក់សាំងដែលបានផលិតនៅលោកខាងលិច។ ទាំងនេះគេហៅថា ការយកចិត្តទុកដាក់ដ៏ល្អ ប៉ុន្តែពួកគេផ្ទាល់ក៏សន្មតថា វ៉ាក់សាំងពីបណ្តាប្រទេសលោកខាងលិច គឺជាថ្នាំតែមួយគត់ដែលមានតម្លៃ ហើយត្រូវរង់ចាំ។
មានដំណោះស្រាយដ៏ងាយស្រួលមួយ ដែលគេមាននៅក្នុងដៃនោះគឺ «ដល់ពេលវេលាចាប់ផ្តើមជឿជាក់វ៉ាក់សាំងពីប្រទេសផ្សេងហើយ»៕