Friday, July 15, 2022

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ


នៅវិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យឯកឧត្ដម បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្ដម រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ។



ឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន បានគោរពជម្រាបជូនសម្ដេចតេជោអំពីស្ថានភាព និងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដេស ពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដេស និងបានគោរពជម្រាបជូនសម្ដេចតេជោផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។ជាមួយគ្នានោះដែរ ឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន បានជម្រាបជូនសម្ដេចតេជោ នូវគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន ចំពោះរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បញ្ហាសេដ្ឋកិច្ច និងបញ្ហាកូវីដ-១៩។ សម្តេចតេជោ បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់រដ្ឋាភិបាលបង់ក្លាដេស ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស លើវិស័យពាណិជ្ជកម្ម សម្តេចតេជោ បានស្នើឲ្យឯកឧត្តម លើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដេសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន ៕




 








វិភាគអន្តរជាតិ៖ ហេតុអ្វីចិន និងរុស្ស៉ី បង្កើនសកម្មភាពយោធា នៅក្បែរមាត់ទ្វារផ្ទះជប៉ុន?


(តូក្យូ)៖ សកម្មភាពយោធារបស់ចិន និងរុស្ស៉ីនៅក្បែរប្រទេសជប៉ុន បានកើនឡើង ២.៥ដង នៅក្នុងរយៈពេលជាង ៤ខែចុងក្រោយនេះ រាប់ចាប់តាំងពីក្រោយរុស្ស៊ីបញ្ជូន កងទ័ពវាយលុកចូលអ៊ុយក្រែន ដែលក្រុមប្រទេសលោកខាងលិចចាត់ទុកថាជាការឈ្លានពាន។ បើតាមរបាយការណ៍របស់ក្រសួងការពារជាតិជប៉ុន ចេញផ្សាយដោយ សារព័ត៌មាន Nikkei នៅថ្ងៃទី១៤ ខែកក្កដានេះ យន្ដហោះចម្បាំង, នាវាចម្បាំងរបស់ចិន និងរុស្ស៉ីបានធ្វើសកម្មភាពជាង ៩០លើកនៅក្បែរមាត់ទ្វារផ្ទះជប៉ុនបើធៀបទៅនឹង រយៈពេល៤ខែដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ៣០លើក។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា សកម្មភាពយោធារបស់ចិន និងរុស្ស៉ីភាគច្រើនកើតឡើងនៅក្បែរតំបន់ដែនទឹកជប៉ុន ក្នុងទីប្រជុំកោះស៉ិនកាគូ, កោះហុកកៃដូ, និងច្រកសមុទ្រ ស៊ូស៊ីម៉ា (Tsushima) ហើយសកម្មភាពយោធាកាន់តែកើនឡើងជាពិសេស នៅថ្ងៃទី២២ ខែឧសភា ជាពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បំពេញទស្សនកិច្ចមកកាន់ប្រទេសជប៉ុន ដោយគិតជាសរុបសកម្មភាពយោធាចិន និងរុស្ស៊ីមានចំនួន ៤៣លើកត្រូវបានកត់ចូលក្នុងបញ្ជី ធៀបទៅនឹងខែមេសាកន្លងទៅ មាន ៧លើកតែប៉ុណ្ណោះ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ហេតុអ្វីសកម្មភាពយោធាទាំងនេះកើនឡើងនៅចំពេលសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ហើយហេតុអ្វីបានជារុស្ស៉ី និងចិន បែរជាមកបង្ហាញសាច់ដុំយោធាដាក់ជប៉ុន ទៅវិញ?
* សង្រ្គាមចិត្តសាស្ត្រ
កាលពីថ្ងៃទី១២ ខែមិថុនា នៅឯកិច្ចប្រជុំសន្តិសុខសាងគ្រីឡា (Shangri-La) រៀបចំឡើងក្នុងប្រទេសសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ណូប៊ូអុ គីស៊ិ (Nobuo Kishi) បានលើកឡើងត្រង់ៗពីការព្រួយបារម្ភរបស់ទីក្រុងតូក្យូ ចំពោះការកើនឡើងនៃសកម្មភាពយោធាចិន និងរុស្ស៉ី ប្រាប់រដ្ឋមន្ត្រីការពារជាតិចិន វ៉ាង ហ្វឹងហេ (Wei Fenghe) ជាមួយការគូសបញ្ជាក់ថាលោកផ្ទាល់យល់ថាសកម្មភាពយោធាទាំងនោះ គឺជាសារព្រមានប្រឆាំងនឹងជប៉ុនតែម្ដង។
ជុំវិញបញ្ហានេះដែរ អ្នកជំនាញដូចជាលោក ជែម សូហ្វ (James Schoff) ជានាយកជាន់ខ្ពស់មកពីវិទ្យាស្ថាន Sasakawa Peace Foundation USA បាននិយាយថា នៅពេលដែលរុស្ស៉ីឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ចិនត្រូវបានគេមើលឃើញថាកាន់តែពង្រឹងទំនាក់ទំនងជិតសិ្នទ្ធជាមួយរុស្ស៉ី ហើយតាមរយៈទំនាក់ទំនងនេះ វាបានអនុញ្ញាតឱ្យសកម្មភាពយោធារុស្ស៉ីជះឥទ្ធិពលទាំងខាងចិត្តសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ខណៈប្រទេសទាំង២ កំពុងបង្កើនការឃ្លាំមើលជប៉ុន។
* ដោយសារតែអ៊ុយក្រែន
ហេតុផលអាចទៅរួចមួយ ដែលរុស្ស៉ីបង្កើនការធ្វើសកម្មភាពយោធានៅក្បែរប្រទេសជប៉ុន នោះគឺទីក្រុងមូស្គូចង់បង្ហាញឱ្យគេដឹងថាទោះជាកំពុងបាត់បង់កងទ័ព និងបរិក្ខារ យោធានៅក្នុងសង្រ្គាមអ៊ុយក្រែនក៏ដោយ តែមូស្គូនៅតែមានសមត្ថភាព នៅក្នុងការធ្វើប្រតិបត្តិការយោធាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប៉ុន្តែ សម្រាប់លោក Schoff តាមរយៈ ការធ្វើសកម្មភាពយោធារួមគ្នា ចិន និងរុស្ស៉ីចង់បញ្ជូនសារគំរាម និងបំបាក់ទឹកចិត្តជប៉ុន កុំឱ្យធ្វើសកម្មភាពណាមួយនៅពេលអនាគត ដែលអាចបំផ្លាញដល់ប្រយោជន៍នៃ ប្រទេសទាំង២ ទាំងនៅតៃវ៉ាន់ និងអ៊ុយក្រែន ស្របពេលជប៉ុនជាប្រទេសទី១ នៅអាស៊ី ដែលឈឺឆ្អាលខ្លាំងជាងគេចំពោះសង្រ្គាមនៅអ៊ុយក្រែន។
លោក Schoff បានបន្ថែមថាទីក្រុងមូស្គូកំពុងព្យាយាមពង្រឹងសមត្ថភាពកំញើញផង និងដើម្បីសងសឹកទៅនឹងជប៉ុនផង ដែលបានចូលរួមជាមួយប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៉ី។ ការសងសឹកទៅលើជប៉ុន បានលេចចេញជារូបរាងកាន់តែច្បាស់ នៅក្រោយពេលរុស្ស៉ីប្រកាសរឹតត្បិតលើសកម្មភាពទូកនេសាទ ជប៉ុនក្នុងតំបន់ដែនទឹករុស្ស៉ី ហើយបានដកសិទ្ធិរបស់ក្រុមហ៊ុនជប៉ុន ចេញពីការទាញយកឧស្ម័នធម្មជាតិ នៅក្នុងគម្រោងអភិវឌ្ឍឧស្ម័ន និងហ្គាស សាកខាលីន-ធូ (Sakhalin-2)។ បន្ថែមពីលើនេះ ដោយធ្វើសកម្មភាពយោធារួមគ្នាជាមួយចិន រុស្ស៉ីចង់ប្រាប់ជប៉ុនថាខ្លួនមិនពេញចិត្តទាល់តែសោះចំពោះការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ដោយជ្រើសរើសដើរតាមលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៉ី ហើយអ្វីដែលជប៉ុនកំពុងធ្វើ មានតែរុញឱ្យរុស្ស៉ីកាន់តែជិតស្និទ្ធជាមួយចិនតាមរយៈការបង្កើនសកម្មភាពយោធា នៅក្នុងតំបន់ប៉ាស៊ីហ្វិក។
* សម្ញែងសមត្ថភាព
លោក ស្ទេហ្វិន ណាហ្គី (Stephen Nagy) ជាសាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យ International Christian ក្នុងទីក្រុងតូក្យូ យល់ឃើញថាការកើនឡើងនៃការធ្វើ សកម្មភាពយោធារួមគ្នារវាងចិន និងរុស្ស៉ីនៅក្បែរជប៉ុន វាគឺជាការបង្ហាញពីសមត្ថភាព ឆន្ទៈ និងពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងរុស្ស៉ី និងចិន។ ការយល់ឃើញបែបនេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងទស្សនៈរបស់លោក ជែម ប្រោន (James D.J. Brown) សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Temple University Japan។ លោក ប្រោន បានលើកឡើងថាកិច្ចសហប្រតិបត្តិការជាមួយចិន នឹងកាន់តែធ្វើឱ្យការគំរាមរបស់រុស្ស៉ីមានប្រសិទ្ធភាព ពីព្រោះថាមូស្គូដឹងយ៉ាងច្បាស់ថា ការរួមដៃគ្នាជាមួយចិន ដើម្បីប្រឆាំងជប៉ុន គឺជាសុបិនដ៏អាក្រក់មួយដែលទីក្រុងតូក្យូមិនចង់នឹកស្រមៃដល់។ តែទោះជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៉ី មិនទាន់មានលក្ខណៈពេញលេញឡើយ ដោយវាគ្រាន់តែជាការជួយសម្របសម្រួលប៉ុណ្ណោះ ដ្បិត ចិនខ្លួនឯងនៅតែស្ទាក់ស្ទើរ ក្រោមហេតុផលធំ ២ម្យ៉ាង។ ម្យ៉ាង ចិនមិនចង់ឱ្យសហគមន៍អន្តរជាតិសន្មត់ថាទីក្រុងប៉េកាំងបង្កើតសម្ព័ន្ធភាពយោធាជាមួយរុស្ស៉ី យ៉ាងពេញទី ខណៈខ្លួនកំពុងបដិសេធការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការគាំទ្រ និងផ្ដល់ជំនួយដល់រុស្ស៉ី ដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ចំណែកឯ ម្យ៉ាងទៀត នោះគឺខែ្សចង្វាក់ផ្គត់ផ្គង់របស់ចិនភ្ជាប់ជាមួយជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប គឺជាអាយុជីវិតសេដ្ឋកិច្ចចិន។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញដូចជាលោក ស្ទេហ្វិន ណាហ្គី សកម្មភាពយោធារវាងចិន និងរុស្ស៉ីនៅក្បែរជប៉ុន មិនមែនជាការបង្កជម្លោះភ្លាមៗនោះទេ តែរុស្ស៉ី និងចិន អាចនឹងបន្តធ្វើ ឬបង្កើនសកម្មភាពយោធាក្នុងតំបន់ប៉ាស៊ីហ្វិក ទាំងនៅក្រោមប្រតិបត្តិការរួមគ្នា និងដាច់ដោយឡែក ដោយពួកគេចង់ដាក់សម្ពាធឱ្យទីក្រុងតូក្យូកែប្រែ គោលជំហរសព្វថ្ងៃរបស់ខ្លួន មិនមែនត្រឹមតែចំពោះរុស្ស៉ីប៉ុណ្ណោះទេ តែក៏ចំពោះតំបន់សមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ផងដែរ។ ធ្វើបែបនេះដ្បិត ចិន និងរុស្ស៉ីយល់ថា មធ្យោបាយល្អក្នុងការដាក់សម្ពាធ និងកែប្រែជំហររបស់ជប៉ុន គឺមានតែបន្តរួមដៃគ្នាបង្ហាញថាពួកគេអាចធ្វើសកម្មភាពចេញ និងចូលក្នុងតំបន់ដែនទឹកជប៉ុន ដោយមិនមាន ប្រតិកម្មឆ្លើយតប។ សម្រាប់លោក ណាហ្គី វាជាបញ្ហាប្រឈមដ៏ធំសម្រាប់ជប៉ុន ព្រោះថាតូក្យូត្រូវប្រឈមមុខជាមួយចិនផង និងរុស្ស៉ីផង ហើយក៏ត្រូវបញ្ចៀសកុំឱ្យជម្លោះ ផ្ទុះឡើងផងដែរ៕ ដោយ៖ Fresh News