Friday, June 23, 2023

កុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នា

 

ឯកឧត្តម ហ៊ុន ម៉ានី ៖ “ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត”

ថ្ងៃនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កំពុងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនានា ដែលរួមមានច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ  ដើម្បីកែទម្រង់បទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធលក្ខខណ្ឌចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត  ដែលច្បាប់វិសោធនកម្មនេះធ្វើឡើងស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា " បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់"។ បើទោះបីជាខ្ញុំត្រូវអវត្តមានពីអង្គប្រជុំដោយមានធុរៈចាំបាច់ ខ្ញុំបានតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតនូវដំណើរការនៃការពិភាក្សា នៃសេចក្តីព្រាងច្បាប់មួយនេះ។

ការធ្វើវិសោធនកម្មនាពេលនេះ គឺជាការបញ្ជាក់ឡើងវិញនូវការទទួលខុសត្រូវ និងគុណសម្បត្តិ ដែលបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវមាន សម្រាប់បង្ហាញពីការជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃប្រទេសរបស់ខ្លួន ដោយមិនបានដកហូត ឬរឹតបន្តឹងសិទ្ធិជាមូលដ្ឋានណាមួយឡើយ។ ផ្ទុយមកវិញ វិសោធនកម្មនាពេលនេះ ជាការបង្កើនទំនុកចិត្តកាន់តែខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ចំពោះបេក្ខភាព ដែលឈរឈ្មោះជាតំណាងរបស់ខ្លួន។ ជាងនេះទៅទៀត ការធ្វើវិសោធនកម្មនេះ ក៏នឹងចូលរួមចំណែកក្នុងការធានាភាពរលូន និងការជឿទុកចិត្តបាន នៃដំណើរការបោះឆ្នោត និងក៏ដូចជាការឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីភាពចាស់ទុំរបស់កម្ពុជា ជានីតិរដ្ឋ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលបាន និងកំពុងរស់នៅក្នុងសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ខ្ញុំសូមប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ដើម្បីចូលរួមលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ។



ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជួបសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកបាទី ខេត្តតាកែវ ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកបាទី ខេត្តតាកែវ ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ក្រៅពីការសាកសួរសុខទុក្ខសិស្ស-និស្សិត​ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពី ការរីកចម្រើននៅក្នុងស្រុកបាទី ការណែនាំសិស្ស-និស្សិតឱ្យយកចិត្តទុកដាក់ក្នុងការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ ប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលជំនះបាននូវរាល់ឧបសគ្គ ហើយស្តារស្ថានភាពឱ្យប្រសើរឡើងវិញ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលលើការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ និងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា។

ស្របជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញចាប់យកឌីជីថលនិងការបង្កើតកម្មវិធីប្រកួតប្រជែង ការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center) គម្រោងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ​ និងបណ្តាញអ៊ីនធឺណិតល្បឿនលឿនមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនៅតាមគ្រឹះស្ថានសាធារណៈនិងឯកជន ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រាប់រយកន្លែងជារៀងរាល់ឆ្នាំសម្រាប់សិក្សាជំនាញឌីជីថល និងការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់សិស្ស-និស្សិតទាំងអស់គ្នា ភ្ជាប់ទៅកាន់ឆានែលតេឡេក្រាមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស និងបានផ្តាំផ្ញើសិស្ស-និស្សិតបន្តការសិក្សាឱ្យបានចប់គ្រប់ៗគ្នា ដើម្បីទទួលបានអនាគតល្អប្រសេីរ។


រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យសម្រេចបង្កើតនិងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឱ្យស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


 រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យសម្រេចបង្កើតនិងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឱ្យស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពនៃការដឹកនាំ គ្រប់គ្រង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា។