សង្គ្រាមពាក្យសំដីរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ផ្តើម តឹងតែងឡើងវិញ ក្រោយស្ងប់ស្ងាត់មួយរយៈ។ តឹងតែដោយសារតែគណបក្សសង្គ្រោះជាតិនៅតែបន្ត វាយប្រហារដោយពាក្យសំដីមកលើគណបក្សប្រជាជនកម្ពុជា។
សារនយោបាយរបស់ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃចន្ទ័នេះ គឺប្រកាសពីជំហរមិនគាំទ្រចំពោះការបញ្ឈប់ឲ្យមានការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ និងជម្រុញឲ្យមានការបន្តនីតិវិធីនៃការកាត់ទោសតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៧រូប ពាក់ពន្ធ័សំណុំរឿងនៅទីលានប្រជាធិបតេយ្យ ជាមួយនឹងការព្រមាន កុំឲ្យបរទេសចូលដៃក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មតបទៅនឹងការវាយប្រហាររបស់ថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ ដែលរយៈពេលមួយសប្តាហ៍នេះ បានបន្តវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន នៅគ្រាដែលគណបក្សប្រជាជនរក្សានូវវប្បធម៌សន្ទនាគ្នា និងប្រកាន់គោលការណ៍ មិនវាយប្រហារដោយពាក្យសំដី។
ប្រតិកម្មរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នេះ នៅក្នុងឱកាស នៃការចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីប្រមាណជាង១០០០នាក់ នៃសាកលវិទ្យាល័យស្វាយរៀង ដែលជាសារបញ្ជាក់ជូន មេដឹកនាំគណបក្សប្រឆាំង ថា វប្បធម៌នៃការសន្ទនា ការបញ្ឈប់ការលាបពណ៌គ្នា និងគោលការណ៍មិនវាយប្រហារគ្នាដោយពាក្យសំដី ដែលធ្លាប់បានសន្យាគ្នានៅក្នុងសភា ថាគ្មានប្រសិទ្ធិភាព និងមិនបានយកទៅអនុវត្តនោះទេ។
សម្តេចតេជោ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានដើរចេញពីការស្រុះស្រួលគ្នា ដូច្នេះគណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់វិធានការប្រជាធិបតេយ្យ និងនីតិរដ្ឋ មានន័យថា សំលេងភាគច្រើននឹងមានប្រៀបលើសំលេងភាគតិច ហើយគ្មានទេការសំរបសំរួលលើសពីអ្វីដែលគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យនោះឡើយ។ ការស្រុះស្រួលនយោបាយរវាងបក្សទាំងពីរបានអាចរំលត់បណ្តឹងអាជ្ញា ទាក់ទិននឹងសំណុំរឿងព្រហ្មទណ្ឌបានទេ ហើយសម្តេច ក៍ដូចជាគណបក្សប្រជាជនកម្ពុជា មិនមានសិទិ្ធលើតុលាការនោះដែរ។ សម្តេចបានបន្ថែមថា តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ចំនួន ៧រូប នឹងត្រូវប្រឈមទៅនឹងការកាត់ទោសពីតុលាការ ព្រោះអភ័យឯកសិទ្ធិរបស់ តំណាងរាស្រ្តទាំង៧រូប ទទួលបានក្រោយតុលាការចោទប្រកាន់ ដូច្នេះនិយាយពីផ្លូវច្បាប់ គឺមិនរួចខ្លួនទេ។ ការនៅក្រៅឃុំគ្រាន់តែធ្វើឡើងបណ្តោះអាសន្នប៉ុណ្ណោះ ហើយការកាត់ទោសនៅតែបន្តកាត់ នោះជាដំណើរការរបស់តុលាការ។ នេះជាការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
សម្តេចតេជោ បានបន្តថា ដរាបណាសភាបោះឆ្នោតមិនបាន៣ភាគ៤ លើសំលេងសរុបក្នុងសភាទេ នោះមិនអាចបញ្ឈប់នូវបណ្តឹងអាជ្ញារនោះបានទេ ហើយតុលាការនៅតែបន្តនីតិវិធីដដែល ដោយសម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ប្រកាសជំហរដាច់ខាត មិនគាំទ្រឲ្យសភាឲ្យលុបចោលបណ្តឹងអាជ្ញារ ក្នុងការមិនលើកយកសំណុំរឿងហឹង្សានៅទីលានប្រជាធិបតេយ្យនោះឡើយ ហើយការទោសយ៉ាងណា គឺជាសិទ្ធិរបស់តុលាការទាំងអស់ ហើយសម្តេចព្រមានមិនអាចបរទេសណាមួយចូលមកលូកដៃក្នុងសំណុំរឿងនេះជាដាច់ខាត ព្រោះអីបរទេសមួយចំនួននោះ ចេះតែចង់ឲ្យតុលាការឯករាជ្យ ដូច្នេះ សូមគោរពការសំរេចរបស់តុលាការ ។
សម្តេចតេជោ បានច្រានចោលចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថា ការវិលត្រលប់ យាងចូលធ្វើជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងការបង្កើតគណបក្សតាមមូលដ្ឋានរបស់ក្រុមបញ្ញាវ័ន្ត ដឹកនាំដោយលោក កែម ឡី នោះថា ជាការរៀបចំរបស់សម្តេច ដើម្បីបំបែកសំលេង។ សម្តេចតេជោចាត់ទុកថា ការលើកឡើងនោះ គ្មានការពិត និងគ្មានមូលដ្ឋាន។
គួរបញ្ជាក់ថា រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៤ ដល់ទី១៧ មករា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា របស់ខ្លួននៅមូលដ្ឋានខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ ខេត្តកណ្តាល និងខេត្តស្វាយរៀង ដោយបានវាយប្រហារដោយពាក្យសំដី មកលើគណបក្សប្រជាជនកម្ពុជា និងសម្តេច ផ្ទុយពីអី្វដែលបក្សទាំងពីធ្លាប់បានសន្យាគ្នានាពេលកន្លងមកថា នឹងប្រកាន់យកគោលការណ៍សន្ទនាគ្នា៕