Monday, January 19, 2015

តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​៧រូប​នឹង​នៅតែ​ត្រូវ​ប្រឈម​ជាមួយ​ផ្លូវ​តុលាការ ករណី​សំណុំ​រឿង​ហឹង្សា​នៅទីលាន​ប្រជាធិប​តេយ្យ

សង្គ្រាមពាក្យសំដីរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ផ្តើម តឹងតែងឡើងវិញ ក្រោយស្ងប់ស្ងាត់មួយរយៈ។ តឹងតែដោយសារតែ​គណបក្សសង្គ្រោះជាតិនៅតែបន្ត វាយប្រហារដោយពាក្យសំដីមកលើគណបក្សប្រជាជនកម្ពុជា។ 

សារនយោ​បាយ​របស់​ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា នាព្រឹក​ថ្ងៃ​ចន្ទ័នេះ គឺប្រកាសពីជំហរ​មិន​គាំទ្រ​ចំពោះ​ការបញ្ឈប់ឲ្យមានការដោះ​លែង​សកម្ម​​​ជនគណបក្សសង្គ្រោះជាតិ និងជម្រុញ​ឲ្យ​មាន​ការបន្តនីតិវិធីនៃការកាត់ទោសតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ៧រូប ពាក់ពន្ធ័សំណុំរឿង​នៅ​ទីលាន​ប្រជាធិបតេយ្យ ជាមួយ​នឹងការព្រមាន កុំឲ្យបរទេសចូលដៃក្នុង​សំណុំរឿងព្រហ្មទណ្ឌនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ជាអនុ​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា បានប្រតិកម្មតបទៅនឹងការវាយប្រហារ​របស់ថ្នាក់​ដឹកនាំ​កំពូលគណបក្ស​សង្គ្រោះ​ជា​តិ ដែល​​រយៈពេលមួយសប្តាហ៍នេះ បានបន្ត​វាយ​ប្រហារ​មកលើគណបក្សប្រជាជនកម្ពុជា នៅតាមមូ​ល​ដ្ឋាន នៅគ្រាដែលគណបក្ស​ប្រជា​ជនរក្សានូវ​វប្បធម៌សន្ទនាគ្នា និងប្រកាន់​គោលការណ៍ មិនវាយ​ប្រហារ​​ដោយ​ពាក្យ​សំដី​។

ប្រតិកម្មរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ​២០១៥នេះ នៅក្នុង​ឱកាស នៃការចែក​សញ្ញាបត្រ​ជូនដល់និស្សិតជ័យលាភីប្រមាណជាង១០០០នាក់​ នៃ​សាកលវិទ្យាល័យ​ស្វាយ​រៀង​ ដែល​ជាសារបញ្ជាក់ជូន មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ថា វប្បធម៌នៃការសន្ទនា ការ​បញ្ឈប់​ការ​លាបពណ៌គ្នា និងគោលការណ៍មិន​វាយប្រហា​រ​គ្នាដោយពាក្យសំដី ដែលធ្លាប់បានសន្យាគ្នា​នៅក្នុង​សភា ថាគ្មានប្រសិទ្ធិភាព និងមិន​បានយកទៅអនុវត្ត​នោះ​ទេ។ 

សម្តេចតេជោ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានដើរចេញពីការ​ស្រុះ​ស្រួលគ្នា ដូច្នេះ​គណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់វិធានការប្រជាធិបតេយ្យ និងនីតិរដ្ឋ មានន័យថា សំលេង​ភាគ​ច្រើននឹងមានប្រៀបលើសំលេងភាគតិច ហើយ​គ្មានទេ​ការសំរបសំរួល​លើសពីអ្វីដែល​គោល​ការណ៍​នីតិរដ្ឋ និងប្រជា​ធិបតេយ្យ​នោះ​ឡើយ។ ការស្រុះស្រួលនយោបាយ​រវាងបក្សទាំងពីរ​បានអាច​រំលត់បណ្តឹងអាជ្ញា ទាក់​ទិននឹងសំណុំរឿងព្រហ្មទណ្ឌបានទេ ហើយសម្តេច ក៍ដូចជា​គណបក្ស​ប្រជា​ជនកម្ពុជា មិនមានសិទិ្ធលើតុលាការនោះដែរ។ សម្តេច​បាន​បន្ថែម​ថា តំណាងរាស្ត្ររបស់​គណបក្ស​សង្គ្រោះជាតិ ចំនួន ៧រូប នឹងត្រូវប្រឈមទៅនឹងការកាត់ទោសពីតុលាការ ព្រោះអភ័យឯកសិទ្ធិរបស់ តំណាងរាស្រ្តទាំង៧រូប ទទួលបានក្រោយតុលាការចោទប្រកាន់ ដូច្នេះនិយាយពីផ្លូវច្បាប់ គឺមិន​រួច​ខ្លួនទេ។ ការនៅក្រៅឃុំគ្រាន់តែធ្វើឡើងបណ្តោះអាសន្នប៉ុណ្ណោះ ហើយ​ការ​កាត់​ទោសនៅ​តែបន្ត​កាត់ នោះជាដំណើរការរបស់តុលាការ។ ​នេះជាការបញ្ជាក់​របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

សម្តេច​តេជោ បាន​បន្ត​ថា​ ដរាបណាសភាបោះឆ្នោតមិនបាន៣ភាគ៤ លើសំលេងសរុបក្នុងសភាទេ នោះ​មិនអាចបញ្ឈប់នូវបណ្តឹងអាជ្ញារនោះបានទេ ហើយ​តុលាការនៅតែបន្តនីតិវិធីដដែល ដោយ​សម្តេច​បញ្ជាក់​ថា គណ​បក្ស​​ប្រជា​ជន​កម្ពុជា ប្រកាសជំហរដាច់​ខាត មិនគាំទ្រ​ឲ្យសភាឲ្យលុបចោល​បណ្តឹងអាជ្ញារ ក្នុងការមិន​លើកយកសំណុំរឿងហឹង្សា​នៅទីលានប្រជាធិបតេយ្យនោះឡើយ ហើយ​ការ​ទោសយ៉ាងណា ​គឺជា​សិទ្ធិរបស់តុលាការទាំងអស់​ ហើយសម្តេចព្រមានមិនអាច​បរទេស​ណា​​មួយចូល​មកលូកដៃក្នុងសំណុំរឿងនេះជា​ដាច់ខាត ព្រោះអីបរទេសមួយចំនួននោះ ចេះតែចង់ឲ្យ​តុលា​ការឯករាជ្យ ដូច្នេះ សូម​គោរពការសំរេចរបស់តុលាការ ។

សម្តេចតេជោ បានច្រានចោលចំពោះ​ការលើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថា ការ​វិលត្រលប់ យាងចូលធ្វើជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងការបង្កើតគណបក្សតាមមូលដ្ឋានរបស់ក្រុមបញ្ញាវ័ន្ត ដឹកនាំដោយលោក កែម ឡី នោះថា ជាការ​រៀប​ចំរបស់សម្តេច ដើម្បីបំបែកសំលេង។ សម្តេចតេជោចាត់ទុកថា ការលើកឡើងនោះ គ្មានការពិត និងគ្មានមូលដ្ឋាន។

គួរបញ្ជាក់ថា រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៤ ដល់ទី១៧ មករា ប្រធាន និងអនុប្រធានគណបក្ស​សង្គ្រោះជាតិ បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា របស់ខ្លួននៅមូល​ដ្ឋាន​ខេត្ត​កំពង់​ស្ពឺ កោះកុង ព្រះសីហនុ ខេត្តកណ្តាល និងខេត្តស្វាយរៀង ដោយបានវាយប្រហារ​ដោយពាក្យ​សំដី មកលើគណបក្សប្រជាជនកម្ពុជា និង​សម្តេច ផ្ទុយពីអី្វដែលបក្សទាំង​ពីធ្លាប់បាន​សន្យាគ្នានា​ពេល​​កន្លងមកថា នឹង​ប្រកាន់​យក​គោល​ការណ៍​សន្ទនាគ្នា​៕

No comments:

Post a Comment