ដោយ៖ សុខ វិសាល អ្នកសិក្សា និងតាមដានបញ្ហាសង្គម
Tuesday, April 05, 2022
ទស្សនៈ៖ តើក្រុមបាតុកររបស់អតីតបុគ្គលិកណាហ្គាវើលដ៏ មានចេតនាអ្វីឱ្យពិតប្រាកដ ?
វីដេអូ ស្នងការនគរបាលរាជធានីភ្នំពេញ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាវីដេអូ និងរូបភាព ដោយគិតពិចារណាទាំងអស់គ្នា
ស្នងការនគរបាលរាជធានីភ្នំពេញ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាវីដេអូ និងរូបភាព ដោយគិតពិចារណាទាំងអស់គ្នា លើសកម្មភាព និងពាក្យសំដី អសីលធម៌ ញុះបង្កហេតុ ទោះជាយ៉ាងណាមន្ត្រីអនុវត្តច្បាប់ទាំងអស់ តែងតែអត់ធ្មត់គ្រប់បែបយ៉ាង ទោះជាមានការជេរ ដៀលប្រមាទ ដោយសម្តី និងកាយវិការអសីលធម៌យ៉ាងណាក៏ដោយ មិនត្រឹមតែប៉ុណ្ណោះក្រុមបាតុករខុសច្បាប់នេះ ថែមទាំងបង្កហឹង្សាមកលើសមត្ថកិច្ចទៀតផង ៕
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ និងសមិទ្ធផលនៃការស្តារកែលម្អដងស្ទឹងសៀមរាប
កូវីដ-១៩ អាចរំខាន ប៉ុន្តែមិនអាចបញ្ឈប់សកម្មភាពការអភិវឌ្ឍរបស់កម្ពុជាឡើយ
សម្ដេចក្រឡាហោម សម្ដេចពិជ័យសេនា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ មន្រ្តីរាជការ ដែលបានអញ្ជើញចូលរួមនៅទីនេះ ក៏ដូចជា ធ្វើគារវកិច្ចចំពោះបងប្អូនជនរួមជាតិ ដែលបាននិងកំពុងមើលការផ្សាយបន្តផ្ទាល់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។
ថ្ងៃនេះ យើងមានការរីករាយ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅទីក្រុងសៀមរាប។ ខ្ញុំនៅចាំបានថា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០ នៅទីនេះ ពេលនោះ យើងបានបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៨ ខ្សែនេះ ជាមួយនឹងការខិតខំដើម្បីប្រយុទ្ធជាមួយនឹងការផ្ទុះឡើងនូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា(ឆ្លងកូវីដ-១៩ ក្នុងសហគមន៍) ដែលជាព្រឹត្តិការណ៍ទី ២ បន្ទាប់ពីព្រឹត្តិការណ៍ ២៣ វិច្ឆិកា … ក្នុងហ្នឹងក៏កើតឡើងក្នុងខេត្តសៀមរាប។ កូវីដ-១៩ អាចរារាំងនិងអាចរំខានយើង ក៏ប៉ុន្តែកូវីដ-១៩ មិនអាចបញ្ឈប់សកម្មភាពរបស់យើងទៅលើការសាងសង់នូវអ្វីដែលជាគោលដៅ ដែលយើងបានដាក់ចេញនោះទេ។
ដូចដែលសម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទិននឹងដំណើរការសាងសង់នៅទីនេះ។ ខ្ញុំពិតជាមានមោទនភាពចំពោះការខិតខំទាំងអស់របស់គណៈកម្មការអន្តរក្រសួង ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើជាប្រធាន ហើយដោយមានការប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា, ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បណ្ដាអង្គភាពជំនាញ ដែលធ្វើការសាងសង់ដោយផ្ទាល់ជាមួយនឹងការជួយគ្រប់គ្រងដំណើការ សម្រួលរបស់អាជ្ញាធរដែនដីនៅទីនេះ ធ្វើឱ្យសមិទ្ធិផលនេះក្លាយជាការពិត ហើយវាក៏ជាផ្លែផ្កា ដែលបានមកពីសន្ដិភាព និងការអភិវឌ្ឍដោយផ្ទាល់របស់យើងតែម្ដង។
ខ្មែរធ្វើបាន” ជាសមិទ្ធផលនៃសន្តិភាព
យើងបាននិយាយអំពីសន្ដិភាព ហើយយើងក៏បាននិយាយអំពីការអភិវឌ្ឍ សំដៅទៅដល់បញ្ហាខ្មែរធ្វើបាន។ ដោយសារនៅទីនេះ អ្វីៗទាំងអស់ដែលយើងសម្រេចបាននិងកំពុងសម្ពោធ ហើយបាននិងកំពុងប្រើប្រាស់នេះ ត្រូវបានធ្វើដោយដៃកូនខ្មែរទាំងអស់ ដោយគ្មានជំនាញការ(ពី)បរទេស ហើយក៏គ្មានថវិកាបរទេសមួយសេនណានោះទេ។ យើងយកកម្ពុជាចិញ្ចឹមកម្ពុជា។ តាមរយៈនៃកំណើនសេដ្ឋកិច្ចរបស់យើងប្រចាំឆ្នាំ ជាមួយនឹងអតិរេកថវិកាដែលយើងខំសន្សំ យើងបានប្រើប្រាស់វាទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៃខេត្តព្រះសីហនុ។ ហើយបន្តទៅ យើងឆ្លៀតយកឱកាសនៃអវត្តមានភ្ញៀវបរទេសដែលធ្លាប់តែមកកកកុញនៅទីរួមខេត្តសៀមរាប ធ្វើជាពេលវេលានៃការស្ថាបនាផ្លូវនៅទីនេះឱ្យហើយស្រេច។ យើងនឹងរំពឹងថា បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្រាល ភ្ញៀវទេសចរមកកាន់ទីនេះ និងបង្កើតបាននូវស្ថានភាពអំណោយផងសម្រាប់ទីក្រុងសៀមរាប និងវិស័យទេសចរណ៍សម្រាប់ប្រទេសជាតិរបស់យើង។
នៅថ្ងៃនេះ បន្ទាប់ពីម្សិលមិញដែលខ្ញុំបាននិយាយ(ម្តងរួចហើយ) ខ្ញុំសូមប្រកាសសាជាថ្មីម្ដងទៀត ហៅ(សមិទ្ធផលនេះ)ថា “តារារះនៅទិសឧត្តរ” ព្រោះហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាប បូកបន្ថែមមិនគ្រាន់តែផ្លូវ យើងបានរៀបចំជាមួយនឹងប្រព័ន្ធដងស្ទឹងសៀមរាបដ៏ស្មុគស្មាញ ហើយដែលត្រាំត្រែងរយៈពេល ៤០ ឆ្នាំរួចមកហើយនោះ រួមនឹងវត្តមានព្រលានយន្តហោះ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ វាល្មមដល់ពេលដែលយើងហៅ(សមិទ្ធផលទាំងអស់នៅ)ទិសខាងឧត្តរនេះ ជាតារារះនៅទិសឧត្តរ។ ខ្ញុំមានមោទនភាព នៅពេលដែលខ្ញុំបានដើរពិនិត្យកាលពីម្សិលម្ង៉ៃ នូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង(សៀមរាប)។ វាមិនមែនជាការងាយស្រួលទេ ក៏ប៉ុន្តែភាពឈ្លាសវៃរបស់អ្នកដឹកនាំ ហើយជាពិសេសគឺក្រុមបញ្ញវន្ដវ័យក្មេងជាអ្នកបច្ចេកទេស បានប្រឹងប្រែង។
ផ្លូវទាំង ៣៨ ដាក់ព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ ឥស្សរជនសំខាន់ៗ រួមចំណែកដល់សន្តិភាព
ខ្ញុំសុំយកឱកាសនេះ កោតសរសើរចំពោះក្មួយៗទាំងឡាយ ដែលបានចូលរួមកសាង។ ការលំបាកសម្រាប់ការសាងសង់នៅក្នុងខេត្តសៀមរាបនេះ គឺខុសគ្នាជាមួយនឹងការសាងសង់នៅក្នុងខេត្តព្រះសីហនុ។ ដោយសារអ្វី? ការធ្វើសុខដុមភាវូបនីយ៍កម្មរវាងហេដ្ឋារចនាសម្ព័ន្ធចាស់ដែលមានស្រាប់ ជាមួយនឹងឧបករណ៍បច្ចេកទេសជំនាន់ថ្មីដែលត្រូវដាក់ បូកជាមួយនឹងផ្នែកធម្មជាតិដែលបានកើត មិនមែនជាការងាយស្រួលទេ។ យើងអភិវឌ្ឍតាមបែបជំនាញថ្មីក៏ដោយ ក៏ប៉ុន្តែយើងគោរពទៅដល់ហេដ្ឋារចនាសម័្ពន្ធសម័យបុរាណមិនឱ្យបាត់បង់។ មួយផ្នែកទៀត ការធ្វើលូដើម្បីបញ្ចេញសម្រាប់ទឹកស្អាត ក៏ដូចជាទឹកស្អុយចេញពីផ្ទះទៅតាមដងផ្លូវ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ទៅដល់ការរំលំដើមឈើ វាមិនមែនជាការងាយស្រួលនោះទេ។ វាលំបាក ក៏ប៉ុន្តែអ្នកបច្ចេកទេស បានដោះស្រាយបញ្ហានេះដោយរលូន។ នោះហើយ ជាស្នាដៃកូនខ្មែរ ហើយយើងនិយាយបានថា ខ្មែរធ្វើបាន នៅគ្រប់ទីកន្លែង។
បន្ថែមលើនោះ យើងបានឃើញថា បណ្ដាផ្លូវនៅក្នុងទីរួមខេត្តសៀមរាប ទាំង ៣៨ ខ្សែ គឺមានឈ្មោះទាំង ៣៨ ដែលប្រមូលផ្ដុំទាំងព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗ ដែលបានឆ្លងកាត់ការវិវឌ្ឍន៍និងការកសាងទីក្រុងនេះ ហើយរួមចំណែកទៅដល់ដំណើរការសន្ដិភាពរបស់ប្រទេស។ ពិតណាស់ យើងមិនបានបញ្ចូលសំរាប់ផ្លូវ(៣៨ ខ្សែ)នេះ ដោយឈ្មោះ លន់ នល់, សិរិមតៈ, ចេងហេង, សឹង ង៉ុកថាញ់, សម សារី ជាដើមនោះទេ។ ចាំដល់ពួកគេមានឱកាសឈ្នះ ពួកគេអាចលុបឈ្មោះ(ទាំងផ្លូវ៣៨ ខ្សែ)នៅទីនេះ ហើយបញ្ចេញឈ្មោះអ្នកក្បត់ជាតិទាំងនោះមក … ប៉ុន្តែការសង្ឃឹមរបស់គេអាចនឹងមិនជោគជ័យនោះទេ។
យើងមានរុក្ខវិថីមួយ ហៅថា រុក្ខវិថី សម្ដេច ព្រះនរោត្តម សីហនុ ដែលបានតភ្ជាប់ពីទីក្រុងសៀមរាប ទៅកាន់ប្រាសាទអង្គរ។ ខ្ញុំពិតជាសប្បាយចិត្ត ដែលឃើញថាផ្លូវនេះ គឺជាផ្លូវដ៏ធំ វែង មួយ ហើយក៏បានតភ្ជាប់ជាមួយនឹងផ្លូវទាំងឡាយ ដែលមានព្រះនាមរបស់ព្រះមហាក្សត្ររបស់យើង ហើយរៀបរាប់ដល់ អាចារ្យស្វា ពោធិ៍កំបោរ ដែលសុទ្ធជាអ្នកបានតស៊ូប្រឆាំងជាមួយនឹងអាណានិគមនិយមបារាំង។ នោះហើយជាការចងចាំរបស់ក្មេងជំនាន់ក្រោយ ចំពោះអ្នកសេ្នហាជាតិជំនាន់មុន។ ខ្ញុំពិតជាមានការកោតសរសើរជាមួយនឹងការគិតឃើញទាំងឡាយរបស់សម្ដេច ឯកឧត្តម លោកជំទាវ ដែលបានធ្វើការនៅទីនេះ។
ខេត្តសៀមរាប ជាទឹកដីចុងក្រោយនៃការបញ្ចប់សង្រ្គាម និងកំពុងមានផ្លែផ្កានៃសន្តិភាព
ហេដ្ឋារចនាសម្ព័ន្ធដែលបានធ្វើនៅក្នុងខេត្តសៀមរាប ពិតជាមិនអាចកាត់ផ្ដាច់បានពីដំណើការសន្ដិភាពរបស់ប្រទេស។ ខ្ញុំបាននិយាយហើយ បើនិយាយពីខេត្តសៀមរាប គឺជាទឹកដីចុងក្រោយ ដែលយើងបញ្ចប់សង្រ្គាម។ មុននេះ យើងហៅថាខេត្តសៀមរាបឧត្តរមានជ័យ ប៉ុន្តែក្រោយមកយើងបានបង្កើតខេត្តឧត្តរមានជ័យ។ ទីតាំងចុងក្រោយនៅអន្លង់វែង កាលពីពេលនោះស្ថិតនៅក្នុងទីតាំងនៃទឹកដីនៃខេត្តសៀមរាប។ ដូច្នេះ ខេត្តសៀមរាប គឺជាទីកន្លែងដែលជាតំបន់បញ្ចប់សង្រ្គាមក្រោយគេ។ (រីឯ)ផ្លូវក្រវាត់ក្រុងរបស់យើង ដែលពេលនេះកំពុងប្រើប្រាស់ជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើទៅដល់ការដឹកជញ្ជូនរបស់ប្រជាជន អ្នកនៅខេត្តសៀមរាបនៅចាំបាន ថាទីនោះ មិនមែនជាផ្លូវទេ គឺជារបងការពារក្រុង ទំនប់ការពារក្រុង ពីការវាយលុក។ មិនមែនការពារទឹកជំនន់ទេ (ការពារ)ការវាយលុករបស់ខ្មែរក្រហម។
ផ្លែផ្កានៃសន្ដិភាពអនុញ្ញាតឱ្យយើងកសាងអ្វីៗបាននៅគ្រប់ទីកន្លែងទៅទូទាំងប្រទេស រាប់ទាំងនៅក្នុងទីក្រុងសៀមរាបនិងនៅស្រុកសូទ្រនិគម សូម្បីតែព្រលានយន្តហោះដ៏ធំ ដែលយើងអាចនិយាយបានថា ជាព្រលានយន្តហោះខ្នាតយក្ស ដែលអាចឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន (និងមានប្រតិសកម្មដល់)ការអភិវឌ្ឍនៅតំបន់ទិសឧត្តររបស់យើង។ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកែលម្អនូវដងស្ទឹងសៀមរាប ក៏មិនអាចកាត់ផ្ដាច់ចេញបានពីការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំសុំយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមសហការក្នុងការដោះស្រាយ(ឧបសគ្គនានា) ពាក់ព័ន្ធនឹងសំណង់នៅតាមផ្លូវ។ ទោះបីជាសំណង់រៀបរយនិងមិនរៀបរយ បើគ្មានកិច្ចសហការពីសំណាក់ប្រជាពលរដ្ឋទេ យើងមិនអាចធ្វើបានទេ។ ប៉ុន្តែពេលវេលាដែលយើងធ្វើនេះ យើងដោះស្រាយបានទាំងផ្លូវផង យើងដោះស្រាយទាំងបញ្ហាជូនប្រជាជនផង។
ប្រជាពលរដ្ឋសំណង់មិនរៀបរយតាមដងស្ទឹងសៀមរាប ស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិអភិវឌ្ឍតេជោរុណតាឯក
ខ្ញុំបានឮឯកឧត្តម ជា សុផារ៉ា ប្រាប់ខ្ញុំ។ នៅពេលដែលគម្រោងចាប់ផ្ដើម អ្នកដែលនៅសំណង់មិនរៀបរយ បានចាកចេញ។ កាលដើមឡើយ យើងគិតថាពួកគាត់ច្បាស់ជាមានដីនៅកន្លែងផ្សេង។ ក្រោយមក បានដឹងថា ពួកគាត់បានរើចេញ ហើយទៅរស់នៅតាមវត្តទៅវិញ។ នេះជាការគួរឱ្យគោរពចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ។ តាមរយៈនៃការដឹងបែបនេះ យើងក៏បានដោះស្រាយគោលនយោបាយដីធ្លីចំពោះពួកគាត់នៅតំបន់(ភូមិអភិវឌ្ឍន៍តេជោ)រុណតាឯក។ បងប្អូនដែលរស់នៅតាមដងស្ទឹងសៀមរាប ហើយពុំមានរបៀបរៀបរយ ឥឡូវនេះ (រាជរដ្ឋាភិបាល)ក៏បានដោះស្រាយ (ឱ្យពួកគាត់)ទៅរស់នៅទីនោះ) ដោយទទួលបាននូវកម្មសិទ្ធិគ្រប់ៗគ្នា។
ខ្ញុំសុំស្នើឱ្យអាជ្ញាធរខេត្តសៀមរាប ក៏ដូចជាការងារដែលចុះមកជួយខេត្តសៀមរាប បន្តយកចិត្តទុកដាក់តាមដាននូវជីវភាពរបស់ប្រជាពលរដ្ឋទាំងនោះ ព្រោះយើងបានបញ្ជូនពួកគាត់(ទៅនៅភូមិអភិវឌ្ឍន៍តេជោរុណតាឯក)។ (ពីមុន)គាត់រស់នៅទីនេះ(តាមដងស្ទឹងសៀមរាប) ប៉ុន្តែបើសិនជាគាត់រស់នៅទីនេះបន្តទៅទៀត ក៏គាត់នៅទាំងមិនស្រួលក្នុងចិត្ត ព្រោះមិនដឹងពេលណា(រដ្ឋយកដីវិញ)។ ដីនេះជាដីរបស់រដ្ឋ ហើយជាតំបន់ដែលហាមឃាត់ការសាងសង់សំណង់តូចធំផ្សេងទៀត។ អញ្ចឹង ពេលដែលពួកគាត់ស្ម័គ្រចិត្តទៅរស់នៅទីនោះ យើងក៏ត្រូវតាមមើល ដើម្បីជួយសម្រួលជីវភាពរបស់ពួកគាត់។ ប្រសិនបើនៅទីនោះ វាមានការខ្វះសាលារៀន យើងក៏ត្រូវកសាងបន្ថែមនូវសាលារៀនជូនពួកគាត់។ កាលពីដើម កូនរបស់ពួកគាត់រៀននៅក្នុងទីក្រុង(សៀមរាប) ប៉ុន្តែឥឡូវ (ទោះបី)វាមិនឆ្ងាយពីទីក្រុងប៉ុន្មានទេ បើសិនជានៅទីនោះ មានការចាំបាច់ យើងក៏ត្រូវកសាងសាលារៀន។ ប៉ុន្មានរយគ្រួសារនេះ ជាមួយនឹងគ្រួសារដែលនៅទីនោះស្រាប់ បង្កើនសមត្ថភាព ដើម្បីឱ្យកូនចៅរបស់ប្រជាពលរដ្ឋរបស់យើងទទួលបាននូវការសិក្សា។
រាជរដ្ឋាភិបាលចេញថវិកាតភ្ជាប់ប្រព័ន្ធលូជូនពលរដ្ឋ ១២ ៩៩៩ គ្រួសារ
ងាកមកប្រជាជននៅក្នុងទីក្រុង(សៀមរាប)វិញ ផ្ទះខ្លះលយទៅមុខ ទៅហួសពីការកំណត់ ហើយមិនមែនជាកម្មសិទ្ធិ គឺបានស្ម័គ្រចិត្តដោះស្រាយ ទាញវាមកក្រោយ ហើយដោះស្រាយដោយខ្លួនឯង។ ខ្ញុំសុំយកឱកាសនេះ អរគុណជាមួយនឹងប្រជាពលរដ្ឋទាំងអស់ដែលបានសហការ។ យើងបានដឹងច្បាស់។ យើងក៏បានចូលរួមដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋ។ មុននេះ យើងបានព្រមព្រៀងថា យើងទទួលបន្ទុកធ្វើតែទៅតាមផ្លូវថ្នល់ទេ ឯចំពោះប្រព័ន្ធលូចេញពីផ្ទះពីបង្គន់ស្អីៗរបស់គាត់មកលូតាមផ្លូវ គឺគាត់ជាអ្នកទទួលបន្ទុក។ ជាអកុសល អ្នកសៀមរាប រងគ្រោះពីការឆ្លងក្នុងដំណាក់កាលកូវីដ-១៩ ដ៏ធ្ងន់ធ្ងរ ប៉ះពាល់ទៅដល់ប្រាក់ចំណូល។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានស្នើមកខ្ញុំ ដើម្បីសុំលុយបន្ថែម។ យើងបានចេញលុយតភ្ជាប់(ប្រព័ន្ធលូ)។
តាមឯកឧត្តម ស៊ុន ចាន់ថុល ថា មាន ២០០០ គ្រួសារដែលបានផ្ដល់លុយឱ្យរាជរដ្ឋាភិបាល(ដើម្បីតភ្ជាប់ប្រព័ន្ធលូ) ប៉ុន្តែយើងក៏បានយកលុយនោះទៅសងគាត់វិញ។ មានទាំងអស់ ១២ ៩៩៩ គ្រួសារ។ នៅសល់ ១០ ០០០ គ្រួសារទៀត(គ្មានលទ្ធផលបង់ប្រាក់តភ្ជាប់ប្រព័ន្ធលូ)។ អញ្ចឹងបើសល់ ១០ ០០០ គ្រួសារ យើងត្រូវតែចេញលុយឱ្យគាត់។ អ្នកដែលយកលុយមកឱ្យយើង ដើម្បីតភ្ជាប់(ប្រព័ន្ធលូ) រួចហើយត្រូវធ្វើម៉េច? វាមានតែវិធីមួយទេ យកលុយទៅសងគាត់វិញដើម្បីឱ្យវាស្មើភាព បើមិនអញ្ចឹងមានអ្នកចេញលុយ មានអ្នកមិនចេញលុយ។ អ្វីដែល(ធ្វើឱ្យ)ខ្ញុំសប្បាយចិត្តថែមទៀត នៅត្រង់ថា ការដោះស្រាយបានសម្រាប់ការបង្ហូរទឹកកង្វក់ តភ្ជាប់ពីផ្ទះនីមួយៗជាង ១២ ០០០ គ្រួសារ ចូលមកកាន់លូទឹកស្អុយរបស់យើងដែលបង្កប់ក្រោមដី។
ផ្លែផ្កានៃសន្តិភាពនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតបាននូវកម្លាំងសម្រាប់ការអភិវឌ្ឍជាតិ
យើងក៏រៀបចំជាចំណតរថយន្តនៅតាមមុខផ្ទះ។ ខ្ញុំបានជិះ(រថយន្ត) ហើយសង្កេតនូវចំណតរថយន្តនៅតាមមុខផ្ទះរបស់ប្រជាពលរដ្ឋនោះ។ ខ្ញុំបានឃើញរថយន្តដែលមានចតនៅទីនោះ ហើយក៏មានគំនូសតាមមុខផ្ទះ។ នៅល្ងាចនោះ គឺយើងបានឃើញរថយន្តមួយចំនួនចតមុខផ្ទះ។ ខ្ញុំនៅនឹកស្រម៉ៃ កាលពីមុននេះ ប្រទេសរបស់យើងមានកង់ចតមុខផ្ទះ។ មានត្រឹមតែកង់ទេ ចតមុខផ្ទះ។ បន្ទាប់ទៅ មានម៉ូតូចតមុខផ្ទះ។ ឥឡូវមិនមែនជំនាន់ដាក់កង់ ដាក់ម៉ូតូមុខផ្ទះទៀតនោះទេ។ មានមិនអត់ទេ ក៏ប៉ុន្តែនៅតំបន់នោះ គឺមានឡានចតមុខផ្ទះ។ អញ្ចឹងស្ថានភាពវាបានប្រែប្រួលដាច់ស្រឡះ ក្នុងរយៈពេលដែលយើងចេញពីរបប ប៉ុល ពត។ នៅក្នុងរយៈពេលដែលយើងកំពុងមានសន្តិភាពផងនិងសង្គ្រាមផង ហើយពេលវេលាដែលយើងសម្រេចបាននូវសន្តិភាព ធ្វើអោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិរបស់យើងមានការរីកចម្រើន ជាមួយជីវភាពប្រជាជនកាន់តែប្រសើរឡើង។
បងប្អូនទាំងឡាយគួរតែត្រូវគិតថា កាលឆ្នាំ ១៩៧៩ យើងមានអ្វីខ្លះ? មកដល់ពេលនេះ យើងមានអ្វីខ្លះ? ដូច្នេះភាសាដែលថា ធ្វើទៅកាន់ក្រទៅៗ តើវាសមស្របពិតប្រាកដនឹងការជាក់ស្តែង(ឬទេ)។ ឆ្នាំ ១៩៧៩ រកតែស្បែកជើងពាក់វាមិនបាន។ បន្ទាប់ទៅនៅក្នុងទសវត្សរ៍ ៨០ មានកង់ជិះ បន្តទៅមានម៉ូតូជិះ ឥឡូវឡើងទៅដល់មានឡាន ដែលត្រូវប្រើប្រាស់នូវថវិកាសម្រាប់យកមកធ្វើជាចំណតរថយន្តនៅតាមមុខផ្ទះអោយទៀត។ នោះជាចំណុចដែលយើងត្រូវមើលឃើញថា នេះបានចេញមកពីផ្លែផ្កានៃសន្តិភាព បានចេញមកពីផ្លែផ្កានៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលយើងមានលទ្ធភាពទាំងរដ្ឋទាំងប្រជាជន បង្កើតបាននូវកម្លាំងខ្លាំងមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ រដ្ឋមានលទ្ធភាពវិនិយោគ ប្រជាជនចូលរួមចំណែក ហើយប្រជាជនមានឡាន ឬមានម៉ូតូចតនៅមុខផ្ទះ រហូតទៅដល់ចំណតរថយន្តនោះក៏ត្រូវការ។ ពីមុនគិតថាប្រជាពលរដ្ឋនឹងរួមចំណែកជាមួយគ្នា ដើម្បីធ្វើកន្លែងហ្នឹងតើ ប៉ុន្មានតែដោយសារប្រាក់ចំណូលធ្លាក់ចុះក្នុងសម័យ កូវីដ-១៩ ហើយដើម្បីពន្លឿននៃការធ្វើផ្លូវនេះ គឺគ្មានជម្រើសណាល្អជាងការដែលផ្តល់ថវិកាអោយគាត់។
ខ្ញុំនៅចាំបាន ពីការពន្យល់របស់សម្តេចពិជ័យសេនា មកកាន់ខ្ញុំ ហើយខ្ញុំក៏បានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន អោយបញ្ចេញថវិកាបន្ទាន់ដើម្បីចាប់ផ្តើមអនុវត្តការត(ភ្ជាប់ប្រព័ន្ធលូ)ទឹកស្អុយពីផ្ទះប្រជាជនទៅកាន់លូ ហើយរៀបចំចំណតរថយន្ត។ ខ្ញុំបានឃើញផ្ទាល់ថា មានរថយន្តចតដោយមានរបៀបរៀបរយនៅមុខផ្ទះរបស់ពួកគាត់ នៅពេលដែលម្សិលម្ង៉ៃ ខ្ញុំបានឃើញនៅទីនោះ។ ខ្ញុំមានការរីករាយជាមួយគ្នានេះដែរ នៅទីនេះក៏មានព្រះរាជដំណាក់ ហើយក៏ត្រូវបានក្រសួងព្រះបរមរាជវាំងកែលម្អនៅតំបន់នេះ ស្របគ្នាជាមួយនឹងពេលដែលយើងកំពុងតែធ្វើហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវតំបន់សួនច្បារនៅមុខព្រះបរមរាជវាំងក៏ត្រូវបានកែលម្អ ដែលស្ថានភាពនេះគឺបានប្រសើរទាំងអស់គ្នា។
ដងស្ទឹងសៀមរាប ជាតំបន់អភិរក្ស ត្រូវតែគោរពលក្ខខណ្ឌផ្នែកបេតិកភណ្ឌវប្បធម៌
ខ្ញុំរីករាយចំពោះការខិតខំទាំងអស់ដែលផ្តល់លទ្ធភាពអោយយើង ហើយក៏សូមបញ្ជាក់ថានៅទីរួមខេត្តសៀមរាប អ្នកដែលប្រព្រឹត្តអនាចារ ឬក៏ចោរលួច ចោរប្លន់ គួរតែត្រូវឈប់ទៅ ព្រោះមានសេវាកាមេរ៉ាសុវត្ថិភាពពេញណែន។ កុំគិតថា ជួនកាលខ្លួនទៅបំផ្លាញកាមេរ៉ាសុវត្ថិភាពមួយដើម្បីធ្វើសកម្មភាព ស្មានតែគេរកមិនឃើញ។ ប្រព័ន្ធនេះបាញ់ភ្ជាប់គ្នារហូត។ អញ្ចឹងទេ សង្ឃឹមថាសុវត្ថិភាពសម្រាប់ប្រជាជននៅក្នុងខេត្តសៀមរាបរបស់យើង ត្រូវបានធានាតាមរយៈនៃឧបករណ៍បច្ចេកទេសកាន់តែទំនើប ដែលធ្វើអោយកម្លាំងមានសមត្ថកិច្ចជាពិសេសនគរបាលជាតិ អាចគ្រប់គ្រងបានសភាពការណ៍គ្រប់ពេល។
ក្នុងឱកាសនេះផងដែរ ខ្ញុំគួរតែថ្លែងអរគុណបន្ថែមទៀតចំពោះក្រុមអ្នកបច្ចេកទេស ដែលរក្សាបានយ៉ាងល្អបំផុតនូវហេដ្ឋារចនាសម័្ពន្ធចាស់ បូកជាមួយការរៀបចំហេដ្ឋារចនាសម័្ពន្ធថ្មី រាប់ទាំងស្ទឹងសៀមរាប។ សូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងឡាយ ជួនកាលអាចដាក់ជាចម្ងល់ បើដោះស្រាយបានអញ្ចឹងហើយ ហេតុអ្វីមិនចាក់បេតុងនៅតាមដងស្ទឹងសៀមរាប? អាចនឹងមានមនុស្សមួយចំនួនលើកជាសំណួរបែបនេះចំពោះយើង។ ហេតុអីបានជាដងស្ទឹងសៀមរាបប៉ុណ្ណឹង មិនអាចចាក់បេតុងធ្វើជាចិញ្ចើមរបស់វា? វាមិនចំណាយប្រាក់អស់ប៉ុន្មានទេ បើសិនជាយើងធ្វើបេតុង។ យើងធ្លាប់ធ្វើបេតុងទន្លេមេគង្គ ទន្លេសាប ថែមទៀតនៅតំបន់ខ្លះ។ គ្រាន់តែដងស្ទឹងសៀមរាបមួយ វាមិនអស់លុយប៉ុន្មានទេ។
សូមបញ្ជាក់ថាទីនេះជាតំបន់អភិរក្ស ដែលត្រូវតែគោរពនូវលក្ខខណ្ឌទាំងឡាយនៃផ្នែកបេតិកភណ្ឌវប្បធម៌។ ដូច្នេះ យើងបានរំដោះមនុស្សចេញ(ពី)ដងស្ទឹងសៀមរាប ដែលយើងអាចដាំដើមឈើ ឬអាចមានកន្លែងអង្គុយលេង ប៉ុន្តែយើងមិនអាចចាក់បេតុងនៅនឹងមាត់ច្រាំងទេ។ ហ្នឹងគឺផ្នែកទាក់ទងជាមួយនឹងបេតិកភណ្ឌ។ មិនអនុញ្ញាតទេ។ ដូច្នេះចម្ងល់នៅកន្លែងនេះ ខ្ញុំគួរតែបកស្រាយប្រាប់ ព្រោះអ្នកខ្លះអាចពេបជ្រាយថា ធ្វើប៉ុណ្ណឹងធ្វើមិនបាន … យើងចាក់បាន ក៏ប៉ុន្តែបច្ចេកទេសផ្នែកអភិរក្សមិនអនុញ្ញាតអោយយើងចាក់តែប៉ុណ្ណោះ។
ដូច្នេះ យើងត្រូវបន្តថែទាំនូវដងស្ទឹងសៀមរាបតាមបែបធម្មជាតិ។ មានទូកសហគមន៍ជុំគ្នា ចំនួន ៩៩ ទូក មកធ្វើនៅទីនោះ។ ខ្ញុំមានមោទនភាព ដោយនេះជាការដោះស្រាយការងារធ្វើ និងបង្កើតនូវរបៀបទេសចរណ៍តាមបែបធម្មជាតិតាមដងស្ទឹង សម្រាប់ការជិះលេងរបស់ប្រជាពលរដ្ឋដែលចង់ជិះទូកលេង។ ខ្ញុំក៏ចង់ចុះដែរល្ងាចនោះ ប៉ុន្តែទូកនោះប្រហែលជាចុះទៅក្រឡាប់ ព្រោះខ្ញុំវាធ្ងន់ជាង ៨០ គីឡូ បូកនឹងម្ចាស់ទូកមើលទៅបើមិន ៨០គីឡូក៏ ៧០គីឡូដែរ អញ្ចឹងទេដាក់ប៉ុណ្ណឹងទៅវាភ្លូក។
កម្ពុជាចុះហត្ថលេខាបន្តការងារ ១០ ឆ្នាំទៀតជាមួយ ICC អង្គរ (បារាំង និងជប៉ុន) និង UNESCO
ខ្ញុំក៏សូមយកឱកាសនេះ បញ្ជាក់ជូនបន្តិច។ យើងគួរអរគុណ ICC អង្គរ ដែលបានចូលរួមនៅក្នុងការអភិរក្សតំបន់ទាំងឡាយក្នុងក្រុងសៀមរាប ក៏ដូចជាអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រ គឺអង្គរវត្ត។ យើងអរគុណចំពោះបារាំង និងជប៉ុន ដែលជាសហប្រធាននៃ ICC រួមជាមួយនឹងអង្គការ UNESCO ដែលអាចថា នៅទីនេះ ជានិច្ចជាកាល យើងប្រើយន្តការត្រីភាគី គឺកម្ពុជាជាម្ចាស់ផ្ទះ បូកជាមួយសហប្រធានទាំងពីរគឺ បារាំង និងជប៉ុន (ដើម្បីធ្វើការងារអភិរក្ស)។ យើងនៅមានដៃគូសំខាន់មួយទៀតគឺ UNESCO។ យើងមានយន្តការសហប្រតិបត្តិការត្រីភាគី និងសហប្រតិបត្តិការចតុភាគី។ ត្រង់ហ្នឹងហើយ ដែលខ្ញុំគួរតែនិយាយទៅកាន់ប្រជាពលរដ្ឋរបស់យើងដែលរស់នៅក្នុងខេត្តសៀមរាប អោយបន្តរក្សានូវរបៀបរៀបរយគោរពទៅតាមគោលការណ៍ ដែលការពារបាននូវបេតិកភណ្ឌប្រវត្តិសាស្ត្រ។
ទឹកដីសៀមរាបមានប្រាង្គប្រាសាទច្រើន ដែលយើងត្រូវតែគោរព។ ទម្រាំរកបានដីសម្រាប់សាងសង់ព្រលានយន្តហោះ គឺត្រូវចៀសឆ្ងាយដើម្បីរកទីតាំង ហើយកុំអោយប៉ះទៅលើតំបន់ដែលមានបេតិកភណ្ឌ។ ឥឡូវនេះ មានរយៈពេល ៣០ ឆ្នាំហើយ។ តាមលោកជំទាវ ភឿង សកុណា អោយខ្ញុំដឹង យើងនឹងចុះហត្ថលេខាដើម្បីនឹងបន្តការងារជាមួយ ICC អង្គរ ដោយមានការចូលរួមរបស់ បារាំង និងជប៉ុន បូកនឹង UNESCO រយៈពេល ១០ ឆ្នាំបន្តទៀត។ វាកម្រមានវត្តមាននៃគណៈកម្មការមួយដែលមានអាយុកាល ៣០ ឆ្នាំរួចមកហើយ រហូតបន្ថែម ១០ ឆ្នាំបន្តទៀត ដើម្បីចូលរួមជាមួយយើងក្នុងការអភិរក្សប្រាង្គប្រាសាទនៅទីនេះ។
ខ្ញុំសូមអរគុណពីចម្ងាយជូនចំពោះដៃគូរបស់យើងគឺ បារាំង និងជប៉ុន និងអង្គការ UNESCO ហើយសង្ឃឹមថានឹងចូលរួមសហប្រតិបត្តិការក្នុងតំបន់នេះ។ ICC អង្គរ ក៏ទទួលបន្ទុកក្នុងការចូលរួមអភិរក្សនិងតាមដានពិនិត្យទៅលើការអភិវឌ្ឍន៍នូវបេតិកភណ្ឌមួយទៀតនៅសំបូរព្រៃគុកនៅឯខេត្តកំពង់ធំ។
ធានាថា សម្បត្តិដូនតាដែលខិតខំរក្សាទុកមក ត្រូវបានគោរព
ខ្ញុំក៏សូមយកឱកាសនេះ និយាយបន្តិចជូនចំពោះ អ្នកវិនិយោគដីធ្លី ផ្នែកអចលនទ្រព្យ ដែលមុននេះបានបញ្ចេញមតិធ្វើអោយមានប្រតិកម្ម។ ខ្ញុំគិតថា ការលើកឡើងនោះ គាត់ក៏បានដឹងថាខុស។ គាត់ប្រើពាក្យថា នៅសៀមរាបមិនអាចអភិវឌ្ឍន៍បាន ដោយសារតែមានការរាំងស្កាត់ដោយអាជ្ញាធរមិនអោយសាងសង់ខ្ពស់។ ខ្ញុំសូមបញ្ជាក់ថា មិនអាចយកតំបន់សៀមរាបប្រៀបធៀបទៅនឹងទីផ្សារអចលនទ្រព្យដូចជាខេត្តដទៃទេ។ បើសិនជាធ្វើដូច្នោះ … អង្គរវត្តរបស់យើងនឹងត្រូវចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ។ អញ្ចឹងសូមអោយអ្នកទីផ្សារខាងផ្នែកទីផ្សារអចលនទ្រព្យមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗ … រឿងនេះ វាមិនទាន់កើតឡើងនៅកម្ពុជាទេ វាកើតឡើងនៅប្រទេសដទៃ។ សូម្បីតែប្រទេសជឿនលឿនដែលកសាងបំពានលើលក្ខខណ្ឌបច្ចេកទេសនៃអង្គការយូណេស្កូ គេបានដកចេញពីបញ្ជីនៃបេតិកភណ្ឌពិភពលោក។ កម្ពុជាក៏ដូចគ្នា បើសិនជាយើងបំពានលក្ខខណ្ឌទាំងឡាយដែលកំណត់ដោយអង្គការយូណេស្កូ យើងនឹងបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ទាំងនៅអង្គវត្ត ទាំងនៅសំបូរព្រៃគុក និងទាំងនៅប្រាសាទព្រះវិហារ។
យើងកំពុងតែរៀបចំសំណុំឯកសារទាំងឡាយដាក់តំបន់មួយចំនួនផ្សេងទៀតជាបញ្ជីបេតិកភណ្ឌពិភពលោក។ អញ្ចឹងបានជាខ្ញុំស្នើថា វាមិនខ្វះទេកន្លែងដែលត្រូវធ្វើទីផ្សារអចលនទ្រព្យ ក៏ប៉ុន្តែកុំឲ្យមកកៀកអង្គរ។ គ្រាន់តែ ក្រុមហ៊ុនមួយបានប្រកាសថានឹងធ្វើស្រះឲ្យធំ។ គ្រាន់តែលឺស្រះឲ្យធំ ខាងយូណេស្កូប្រតិកម្ម … ខ្ញុំបានស្នើឲ្យក្រុមហ៊ុននេះធ្វើការកែតម្រូវភ្លាម … លោកបណ្ឌិតខាងអចលនទ្រព្យ គឹម ហ៊ាង សុំកុំបន្តការលើកឡើងទិតៀនដល់អាជ្ញាធរ ដែលធ្វើការនៅទីនេះ។ ពេលនោះ ប្រតិកម្មដំបូង គឺលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភា បន្ទាប់ទៅ (ហ៊ុន) ម៉ានី គេចេញមក។ បន្ទាប់ទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលតំណាងឲ្យអាជ្ញាធរអប្សរា ព្រោះការគ្រប់គ្រងលើអាជ្ញាធរអប្សរា …។
ខ្ញុំសុំយកការបញ្ជាក់ហេតុផលដែលខ្ញុំនិយាយដល់កន្លែងហ្នឹង ដើម្បីកុំឲ្យដៃគូរបស់យើងជាយូណេស្កូ ជាបារាំង ជាជប៉ុន មានការព្រួយបារម្ភអំពីអ្វីដែលកើតឡើង។ អ្នកដែលប្រកាសថា ជីកស្រះដ៏ធំនិងធ្វើស្អីៗ ក៏ត្រូវតែកែតម្រូវ។ ជាការបញ្ជាក់គឺរាជរដ្ឋាភិបាលមិនអនុញ្ញាតទេ។ ខ្ញុំធ្លាប់បានប្រាប់ហើយ យើងមិនអាចសម្លាប់មេមាន់ គ្រាន់តែដើម្បីឆ្ងាញ់មួយពេលនោះទេ។ យើងត្រូវចិញ្ចឹមមេមាន់ឲ្យបានល្អ ដើម្បីទទួលពងរបស់វាឲ្យបានច្រើន។ យើងមិនអាចទុកឲ្យបេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរនៅទីនេះ រងនូវផលប៉ះពាល់ណាមួយដែលបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក(នោះទេ)។
ខ្ញុំសុំឲ្យអង្គការអន្តរជាតិ ដូចជាយូណេស្កូ ក៏ដូចជាប្រទេសជាដៃគូយល់ព្រមធ្វើជាសហប្រធាន ICC គឺមានជប៉ុននិងបារាំង ដែលឥឡូវត្រៀមចុះហត្ថលេខារយៈពេល ១០ ឆ្នាំបន្ថែមទៀត កុំមានការស្ទាក់ស្ទើរ។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាសម្បត្តិដូនតាដែលយើងខិតខំរក្សាទុកពីពេលមុន ត្រូវបានគោរព។ មិនគ្រាន់តែគោរពទៅដល់ប្រាសាទអង្គរទេ យើងគោរពតាំងពីហេដ្ឋារចនាសម្ព័ន្ធដែលមានតាមផ្លូវទាំងឡាយ។ យើងអត់ធ្វើឲ្យខូចខាតដល់ថ្នាក់ឃើញអ្វីនាំគ្នាឈូសចោល រួចហើយដាក់អាថ្មីចូលនោះទេ។ ធ្វើសុខដុមនីភាវូបនីយ៍កម្មរវាងចាស់និងអាថ្មី បម្រើឲ្យការអភិវឌ្ឍទីរួមខេត្តសៀមរាប។
ខ្ញុំគួរតែបញ្ជាក់ចំណុចនេះ ដើម្បីធានាថា កុំឲ្យមានការបំពានណាមួយទៅលើលក្ខខណ្ឌតម្រូវនៃអង្គការយូណេស្កូ ដូចជាបញ្ហាទិតៀនមកដល់អាជ្ញាធរថាមិនឲ្យអភិវឌ្ឍន៍កើត ថាអាជ្ញាធរមិនឲ្យសាងសង់ខ្ពស់។ បរិវេណហ្នឹងគេអត់ឲ្យខ្ពស់ទេ។ ខ្ពស់នៅតំបន់ណាមួយនោះ ក៏ប៉ុន្តែតំបន់ដែលត្រូវហាមឃាត់ គឺមិនអនុញ្ញាតទេ។ អញ្ចឹងដីនៅកន្លែងនោះ មិនឡើងថ្លៃទេ។ កុំគិតចំណេញមួយពេល អំពីការឡើងថ្លៃដី តែបាត់បង់លក្ខណៈសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រ គឺប្រាង្គប្រាសាទអង្គររបស់យើង។ ខ្ញុំចង់និយាយចំណុចនេះ ជាការដាស់តឿនជាទូទៅឲ្យគោរពនូវលក្ខខណ្ឌទាំងឡាយដែលអង្គការយូណេស្កូតម្រូវ។
៤ មេសា ៥២ ឆ្នាំមុន យកជាថ្ងៃកំណើត និងចូលព្រៃម៉ាគី តាមការអំពាវនាវ សម្តេច ព្រះនរោត្តម សីហនុ
អរគុណណាស់ អម្បាញ់មិញ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការជូនពរខ្ញុំ ហើយខ្ញុំក៏កំពុងទទួលបាននូវការប្រទានពរ និងជូនពរពីសំណាក់ព្រះមហាក្សត្រ ពីសំណាក់ហ្លួងម៉ែ ពីសំណាក់បងប្អូនជនរួមជាតិ ក៏ដូចជាព្រះសង្ឃ មកចំពោះខ្ញុំ។ ថ្ងៃនេះ ជាថ្ងៃកំណើតរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំបានបញ្ជាក់ហើយ ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំ គឺនៅថ្ងៃទី ៥ ខែសីហា ឯណោះទេ។ វាចេញពីថ្ងៃអង្គារ៍ ខែស្រាពណ៍ ឆ្នាំរោង ហើយក៏កើតឆ្នាំ ១៩៥២ ប៉ុន្តែហេតុអីបានជាមកធ្វើបុណ្យកំណើតនៅថ្ងៃទី ៤ ខែមេសា យកឆ្នាំ ១៩៥១។ ខ្ញុំធ្លាប់បានពន្យល់ហើយ។
ថ្ងៃនេះ បើយើងពិនិត្យថយក្រោយ ៥២ ឆ្នាំមុន ព្រឹកនេះឯងដែលខ្ញុំចូលទៅព្រៃដើម្បីចុះឈ្មោះធ្វើកងទ័ពតាមការអំពាវនាវរបស់សម្តេច ព្រះនរោត្តម សីហនុ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩៧០ ដើម្បីឲ្យកូនចៅចូលព្រៃម៉ាគី តស៊ូ។ អញ្ចឹងដោយសារតែមិនអាចយកអ្វីទៅបាន ហើយភ្លេចទាំងថ្ងៃកំណើតទៀត ខ្ញុំយកថ្ងៃទី ៤ ខែមេសា ធ្វើជាថ្ងៃកំណើតតែម្តង។ នេះវាទាក់ទងតាំងពី ៥២ ឆ្នាំមុន គឺនៅថ្ងៃទី ៤ ខែមេសានេះហើយ ដែលប្រទេសយើងបានធ្លាក់ចូលទៅក្នុងការចាប់ផ្តើមនៃសង្គ្រាមក្នុងប្រទេស បន្ទាប់ពីរដ្ឋប្រហារ ១៨ មីនា ១៩៧០។
ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានជូនពរចំពោះខ្ញុំ។ ការជូនពរមានច្រើនជាងអ្នកដាក់បណ្តាសារ ប៉ុន្តែអ្នកដាក់បណ្តាសារមិនប្រាកដថាអាចត្រូវ ហ៊ុន សែន នោះទេ។ បើរាសីតិចជាង អាចនឹងស្លាប់មុន ហ៊ុន សែន ឬក៏កើតរឿង។ រឿងហ្នឹងត្រូវជឿខ្លះផង។
បារមីក្រុងសៀមរាប ប្រាង្គប្រាសាទនានា ជួយការពារអាយុជីវិតពីការបាញ់នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ ១៩៩៨
ខ្ញុំធ្លាប់ត្រូវគេបាញ់នៅសៀមរាប B40 ៤ គ្រាប់ វាផ្ទុះតែ ១ គ្រាប់។ ៣ គ្រាប់ទៀតអត់ផ្ទុះ។ អរគុណចំពោះបារមីទាំងឡាយនៅទីក្រុងសៀមរាប ក៏ដូចជាប្រាង្គប្រាសាទនានា ដែលបានជួយការពារអាយុជីវិតរបស់ខ្ញុំ នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ ១៩៩៨ ដែលទុកពេលឲ្យខ្ញុំសម្រេចនូវបេសកកម្មជាប្រវត្តិសាស្ត្រ គឺការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពទឹកដី ឯកភាពជាតិ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ ហើយក៏ជាការផ្តល់ឱកាសឲ្យខ្ញុំដឹកនាំព្រះរាជាណាចក្រកម្ពុជាអភិវឌ្ឍឈានឡើងពីដំណាក់កាលមួយ មកកាន់ដំណាក់កាលមួយ ដែលមកដល់ពេលនេះ ជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានធានា។
អ្វីដែលខ្ញុំត្រូវតែខិតខំបន្តជាមួយនឹងបងប្អូនជនរួមជាតិបន្តទៀតនោះ គឺការខំថែរក្សាសន្តិភាពឲ្យខាងតែបាន។ ពេលមានសន្តិភាពហើយ ត្រូវការពារសន្តិភាព។ សន្តិភាពពិបាករកណាស់។ សង្គ្រាមបង្កើតត្រឹមតែ ១៥ នាទី គឺបង្កើតសង្គ្រាមបានហើយ ក្រោយការចេញបញ្ជា។ ប៉ុន្តែការបញ្ចប់សង្គ្រាម គឺវាជាការលំបាកណាស់។ នៅក្នុងតំបន់អាស៊ាន មានប្រទេសមួយចំនួន នៅមានកម្លាំងប្រដាប់អាវុធតស៊ូនៅក្នុងប្រទេសនៅឡើយទេ។ កម្ពុជាដែលធ្លាប់តែបែងចែកតំបន់ត្រួតត្រាផ្សេងគ្នា កម្លាំងប្រដាប់អាវុធផ្សេងគ្នា ត្រូវបានឯកភាព។ ខ្ញុំធ្លាប់និយាយហើយ មុនឆ្នាំ ១៩៧០ យើងមានកម្លាំងប្រដាប់អាវុធរហូតទៅដល់ ៤ ក្រុមផ្សេងគ្នា ខ្មែរក្រហម ខ្មែរខៀវ ខ្មែរស ខ្មែរទាំង ៣ ហ្នឹងគឺមានប្រដាប់អាវុធ។
ខ្មែរក្រហមនៅរាយប៉ាយពេញប្រទេស ខ្មែរសនៅតាមព្រំដែនកម្ពុជា-វៀតណាម ខ្មែរខៀវនៅតាមព្រំដែនកម្ពុជា-ថៃ ហើយនិងខ្មែររដ្ឋាភិបាល គឺរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ប្រទេសរបស់យើងបែងចែកជា ២ រវាងម្ខាងគឺតំបន់ លន់ នល់ គ្រប់គ្រង និងម្ខាងទៀតតំបន់រំដោះនៃរណសិរ្សរួបរួមជាតិកម្ពុជា មានសម្តេចព្រះនរោត្តម សីហនុ ដឹកនាំ … ប្រទេសកម្ពុជាមួយ មានតំបន់គ្រប់គ្រងពីរ។ ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ គឺយើងធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបី ប៉ុល ពត ខ្លាំងប៉ុណ្ណឹង ក៏នៅមិនអាចគ្រប់គ្រងទឹកដីបានទាំងស្រុងនោះទេ នៅមានចលនាប្រដាប់អាវុធផ្សេងៗ ងើបឡើងតស៊ូ។
នយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យមានឯកភាពជាតិ/ទឹកដី និងរកបានសន្តិភាព
ករណីដូចជាតំបន់កោះកុងបានកើតឡើង(នូវចលនាតស៊ូ) នៅតំបន់ឦសានបានកើតឡើង នៅតំបន់បូព៌ាទិស បានបះបោរកើតឡើង ហើយកម្លាំងរបស់ខ្ញុំផ្ទាល់ក៏បានកើតឡើង។ អញ្ចឹង បើទោះបីសាហាវព្រៃផ្សៃយ៉ាងណាក៏ដោយ ក៏ ប៉ុល ពត មិនអាចត្រួតត្រាទឹកដីទាំងស្រុងបាននោះទេ។ យើងបញ្ចប់ ដោយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែបន្ទាប់ទៅប្រទេសរបស់យើង ក្លាយទៅជាប្រទេសមួយតំបន់ត្រួតត្រា ៤ ទៅទៀត។ តំបន់ទី ១ ត្រួតត្រាដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមកដូរឈ្មោះទៅជារដ្ឋកម្ពុជា។ តំបន់មួយទៀត គ្រប់គ្រងដោយត្រីភាគី ប៉ុន្តែត្រីភាគី គឺមានកម្លាំងប្រដាប់អាវុធផ្សេងៗគ្នា ត្រួតត្រាដាច់ដោយឡែកៗពីគ្នា។ តំបន់ខ្មែរក្រហម តំបន់ហ៊្វុនស៊ិនប៉ិច តំបន់រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ។ ពីឆ្នាំ ១៩៧៩ ដល់ ១៩៩៣ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រា ៤។
ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៨ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២ គឺរវាងអ្នកដែលអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស គ្រប់គ្រងទឹកដីភាគច្រើន ក៏ប៉ុន្តែខ្មែរក្រហមនៅតែមានរដ្ឋាភិបាល នៅតែមានតំបន់គ្រប់គ្រងតាមព្រំដែនកម្ពុជា-ថៃ និងនៅតំបន់ផ្ទៃក្នុងមួយចំនួន ដូចជាតំបន់តាកែនកោះស្លា នៅខេត្តកំពត និងតាកែវ តំបន់ឱរ៉ាល់នៅកំពង់ស្ពឺ ហើយនៅតាមតំបន់ទន្លេសាបមួយចំនួនទៀតផង។ ប៉ុន្តែក្រោមនយោបាយឈ្នះ-ឈ្នះ យើងបានធ្វើឲ្យប្រទេសជាតិរបស់យើងឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន យើងរកសន្តិភាពនេះលំបាកណាស់។ (ការប្តូរ)ជីវិតទៅរកសន្តិភាពនេះ គឺផុយស្រួយណាស់ ប្រសិនបើគ្មានការចូលរួមដោយស្មោះត្រង់ពីក្រុមប្រដាប់អាវុធខុសៗគ្នានោះ។ ដូច្នេះហើយបានជាយើងនៅតែបន្តនិយាយថា យើងរកសន្តិភាពនេះដោយការលំបាក។
រក្សាសន្តិភាពពេលកំពុងមានសន្តិភាព កុំចាំដល់មានសង្គ្រាមទើបស្រែករកសន្តិភាព
អ្នកបញ្ឆេះសង្គ្រាម គឺ លន់ នល់ ដែលសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ប្រើពេលតែប៉ុន្មាននាទី គឺរឿងរ៉ាវចេញបានហើយ។ យើងបានបញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៩៨។ សម្រាប់ប្រទេសជាតិ ស្លាប់អស់មនុស្សរាប់លាននាក់។ អញ្ចឹងបានជានៅពេលដែលមានសន្តិភាព គឺត្រូវតែការពារសន្តិភាព កុំដល់ពេលចាប់ផ្ដើមមានសង្រ្គាម ទើបស្រែករកសន្តិភាព។ វាដូចជាករណីអ៊ុយក្រែនជាដើម កាលពីពេលមុន ប្រធានាធិបតី អ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនប៉ុន្មាននាក់ទៅ ដែលស្រែកហៅរកការការពារសន្តិភាព? ឥឡូវនេះ ទាំងប្រធានាធិបតី ទាំងប្រជាជនអ៊ុយក្រែន សុទ្ធតែអំពាវនាវ សុទ្ធតែស្វះស្វែងរកសន្តិភាព។
ការគំរាមកំហែងដោយសង្រ្គាមនៅអ៊ុយក្រែន (ធ្វើអោយ)តំបន់អឺរ៉ុបកំពុងតែកើតឡើងនូវការព្រួយបារម្ភអំពីសន្តិភាពនិងស្ថេរភាព (ដែលមានសម្ពាធ)ជនភៀសខ្លួនរាប់លាននាក់។ កាលពីសម័យដែលយើងមានសង្រ្គាម យើងក៏មានបងប្អូនប្រជាជនកម្ពុជាយើងភៀសខ្លួនចេញទៅក្រៅប្រទេស តាមថៃក្ដី វៀតណាមក្ដី ឡាវក្ដី ហើយក្រៅពីនោះ នៅមានបងប្អូនក្នុងប្រទេសធ្វើការភៀសសឹក។ សូម្បីតែក្នុងដំណាក់កាលសង្រ្គាមផងសន្តិភាពផង ក៏មានប្រជាពលរដ្ឋភៀសសឹកចេញពីកន្លែងមួយទៅកាន់កន្លែងមួយ ចេញពីតំបន់ដែលមានការប្រយុទ្ធ។
ឥឡូវប្រទេសជាតិរបស់យើងមានសន្តិភាពហើយ។ ត្រូវបន្តការពារឲ្យជាប់។ បើគ្មានសន្តិភាពទេ គឺមិនអាចនិយាយដល់ការអភិវឌ្ឍ ហើយក៏មិនអាចនឹងនិយាយដល់ប្រជាធិបតេយ្យនិងសិទ្ធមនុស្សផងដែរ។ ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា អរព្រះគុណចំពោះអតីតព្រះមហាក្សត្រ សម្ដេចឪ អរព្រះគុណចំពោះព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលព្រះអង្គតែងតែបានគាំទ្រ និងបងប្អូនទាំងឡាយដែលបានគាំទ្រខ្ញុំក្នុងការដឹកនាំដើម្បីនាំប្រទេសចេញពីសង្រ្គាមមកកាន់សន្តិភាព។ តាមរយៈសន្តិភាពនោះ បានផ្ដល់លទ្ធភាពឲ្យយើងកសាងផ្លូវ និងអ្វីៗដែលជាតម្រូវការរបស់យើងតាមដំណាក់កាលមួយៗ។
ប្រជាពលរដ្ឋរបស់យើងដែលចាប់ផ្ដើមពីភាពស្គមស្គាំងកាលពីសម័យ ប៉ុល ពត ឬកើតនៅក្នុងសម័យសង្រ្គាមបន្ត ឥឡូវនេះមានលទ្ធភាពកាន់តែច្រើនក្លាយទៅជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ។ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ជាមួយអ្វីដែលបានធ្វើនៅក្នុងប្រទេស សម្រាប់ពេលខាងមុខនេះ បងប្អូនជនរួមជាតិ បើទោះបីចេញពីបក្សណាក៏ដោយគឺត្រូវការពារសន្តិភាព។ អ្នកដែលបំផ្លាញសន្តិភាពមិនត្រូវទទួលបាននូវការអត់ឱនទេ ព្រោះថា តែពេលណាសន្តិភាពត្រូវបានបំផ្លាញហើយ មនុស្សច្រើនណាស់ត្រូវស្លាប់។ ដូច្នេះ យើងកុំញញើតនឹងការបំផ្លាញចោលក្រុមបំផ្លាញសន្តិភាព ដើម្បីការពារជីវិតប្រជាជនរាប់លាននាក់ … នេះមិនមែនជាការព្រមានចំពោះអ្នកណាទេ ក៏ប៉ុន្តែដើម្បីសេចក្ដីត្រូវការនៃសន្តិភាពសម្រាប់ប្រទេស …។
នេះគឺជាការប្ដូរផ្ដាច់។ ខ្ញុំមិនងាយស្លាប់ទេ កុំឆ្ងល់ បើទោះបីថា ខ្លះជូនពរ ៦៩ ចូល ៧០ ខ្លះថា ៧០ ចូល ៧១ ខ្លះថា ៧១ ចូល ៧២, ៧០ ប៉ុន្មានមិនសំខាន់ នៅវាយកូនហ្គោលបាន។ ម្សិលមិញខ្ញុំបង្ហោះលេងថា ឆ្លៀតវាយកូនហ្គោលនៅខេត្តសៀមរាប កម្លាំងដូចជាមនុស្សអាយុជាង ៣០ គ្រាន់តែទំងន់រាងឡើងបន្តិច។ តាមពិតវាអញ្ចឹងមែន ព្រោះលីដំបងហ្នឹង មិនមែន(ស្រាល)ឯណា បើមនុស្សជរាទៅមិនរួចទេ។ ដំបងនោះធំណាស់ ហើយវាយមួយភូសៗ ទៅមិនមែន(ងាយ)ឯណា។ ពីមុនគ្រោងថា នឹងបន្តស្នាក់នៅសៀមរាបមួយយប់ទៀត ដើម្បីល្ងាចនេះវាយកូនហ្គោលបន្តទៀត។ ប៉ុន្តែមិននឹកស្មានថា ទឹកភ្លៀងដែលវាធ្លាក់ប៉ុន្មានថ្ងៃមុននេះ ម្សិលម្ង៉ៃ ក្នុងពេលធ្វើដំណើរមក ខ្ញុំមើលទឹកដីខេត្តសៀមរាបដូចខែវស្សា។ ម្សិលម្ង៉ៃ រកតែពន្លឺព្រះអាទិត្យមិនឃើញផង។ ម្សិលមិញទៅវាយ(កូនហ្គោល) ដីនៅជ្រាយ វាយមិនកើត។
ខ្ញុំត្រូវត្រឡប់ទៅវិញដើម្បីស្អែកចូលឲ្យគេថតដៃ។ គេឲ្យសម្រាក ៣ ខែ វាយកូនហ្គោលទៅវាឈឺអាដៃហ្នឹង។ ពេទ្យគេឲ្យសម្រាក ៣ ខែ ឯងសម្រាក ៣ អាទិត្យមកវាយហ្នឹង។ អញ្ចឹងបំពានលើការហាមឃាត់របស់ក្រុមគ្រូពេទ្យ។ អញ្ចឹងស្អែកហ្នឹងសុំចូលឲ្យគេថតដៃហ្នឹងបន្តិច រលាកឬអីយ៉ាងម៉េច បានជាវាឈឺម៉េះ? … យើងស្ដាប់គ្រូពេទ្យល្អជាង។
កំពុងពិភាក្សាពីបង្គោលចរនៃប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជា
ខ្ញុំពិតជាអរគុណជាមួយនឹងការផ្ដល់ឱកាសក្នុងរយៈពេលជាង ៤០ ឆ្នាំ ដែលខ្ញុំចូលរួមជាមួយនិងតួអង្គថ្នាក់ដឹកនាំនៃគណបក្សប្រជាជននិងចូលរួមជាមួយនឹងបណ្ដាបក្សនយោបាយដទៃទៀតសម្រាប់ការអភិវឌ្ឍ ការនាំមកនូវសន្តិភាពនិងការបង្រួបបង្រួមជាតិ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ពិតហើយ ការងារនៅមានច្រើនទៀត។ យើងមិនមែនធ្វើតែត្រឹមប៉ុណ្ណឹងទេ។ ឥឡូវកំពុងតែពិភាក្សាគ្នាជាមួយនឹងបញ្ហាទាក់ទិនជាមួយនឹងការកំណត់នៃបង្គោលចររវាងឆ្នាំ ២០១១ និង ២០១៤។ (សំរាប់)ការកែតម្រូវនៅកន្លែងនេះ គេបានរកឃើញថា ប្រាក់ចំណូលជាមធ្យមសម្រាប់ប្រជាពលរដ្ឋឡើងលើស ២០០០(ដុល្លារ) ជាមធ្យម (នៅឆ្នាំ ២០១៤)។ ប៉ុន្តែបើយកបង្គោលនៅឯឆ្នាំ ២០១១ គឺប្រាក់ជាមធ្យមរបស់ប្រជាពលរដ្ឋមានត្រឹមតែ ១៧០០ ដុល្លារជាង។
ពិតហើយនៅពេលដែលយើងយកបង្គោលថ្មីនេះ វានឹងអាចធ្វើឲ្យយើងបាត់បង់ឱកាសខ្លះសម្រាប់ការទាញទុនពីបរទេស (ដោយសារតែ)កម្ចី(មាន)អត្រាការប្រាក់ខ្ពស់ជាង ព្រោះវាបានជិតឈានទៅដល់ដំណាក់កាលនៃប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលជាប្រទេសមានការអភិវឌ្ឍន៍ទាប ហើយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលនៅទទួលបានលក្ខខណ្ឌអនុគ្រោះនៃការខ្ចីបុលពីបរទេសតាមរយៈអត្រាការប្រាក់សម្បទាន។ បើឡើងកាន់តែខ្លាំង យើងនឹងបាត់បង់ឱកាសទទួលបានការប្រាក់សម្បទាន (ហើយនឹងឈាន)ទៅ(ទទួលកម្ចីគិត)ជាការប្រាក់ពាណិជ្ជកម្ម។ យើងកំពុងពិចារណាអំពីបញ្ហានេះ។ បើទោះបីយ៉ាងណាក៏ដោយ យើងយកការជាក់ស្ដែងពិតប្រាកដដើម្បីឆ្លុះបញ្ចាំងពីកំណើនរបស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋទើបជាការត្រឹមត្រូវជាង។
ពិចារណាពីផ្លូវរថភ្លើងល្បឿនលឿន និងផ្លូវពីសៀមរាបទៅបាត់ដំបង
យើងកំពុងពិចារណាផងដែរ អំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក តើគួរឬមិនគួរ ជំនួសប្រព័ន្ធផ្លូវដែកដែលមានស្រាប់ តែជាប្រព័ន្ធហួសសម័យ ដែលធ្វើដំណើរក្នុងមួយម៉ោងបានត្រឹមតែ ២០ ឬ ៣០ គីឡូម៉ែត្រ ដោយផ្លូវដែកល្បឿនលឿននៅទាំងពីរទិស។ ជាមួយនឹងការរៀបចំបន្ថែមទៀត ជាខ្សែរថភ្លើងសម្រាប់ការដឹកជញ្ជូននៅក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាង។ ឥឡូវយើងមានខ្សែរថភ្លើងទាំង ២ ទិស ពីប៉ោយប៉ែត រហូតទីក្រុងភ្នំពេញ និងពីទីក្រុងភ្នំពេញ ទៅខេត្តព្រះសីហនុ។ យើងកំពុងពិចារណាអំពីបញ្ហានេះ ហើយរកដៃគូដើម្បីធ្វើផ្លូវរថភ្លើងល្បឿនលឿនលើផ្លូវរថភ្លើងចាស់ដដែលហ្នឹង។ អញ្ចឹងបានដាក់ឲ្យឯកឧត្ដម ស៊ុន ចាន់ថុល ធ្វើការពិចារណា និងលើកគម្រោងរកដៃគូ ព្រោះបើសិនជាទុកដំណើរការរបៀបនេះ គឺនៅតែខឹកៗអញ្ចឹង វាតាមមិនទាន់នៃសភាពការណ៍។ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត យើងត្រូវរៀបចំផ្លូវដែលតភ្ជាប់រវាងខេត្តសៀមរាប ជាមួយនឹងខេត្តបាត់ដំបង ដោយឆ្លងកាត់ទន្លេសាប គឺពីខេត្តសៀមរាបចេញពីសសរស្តម្ភ ទៅកាន់ខេត្តបាត់ដំបងនៅចំតំបន់អូរតាគី ប្រវែងជាង ៧០ គីឡូម៉ែត្រ កំពុងសិក្សា ហើយរកថវិកាសាងសង់។ នៅមានកិច្ចការច្រើនណាស់ ដែលយើងត្រូវធ្វើ តាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ប្រឹងប្រែងអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ និងជម្រុញការចាក់វ៉ាក់សាំង
សង្ឃឹមថា សន្តិភាពមួយត្រូវបានធានាជាមួយនឹងការអភិវឌ្ឍឈានឡើងតាមរយៈការបើកប្រទេសឡើងវិញ។ សុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងបន្តនូវកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវវិធានការសុខាភិបាលបន្តទៀតតាមរយៈ ៣ ការពារ និង ៣ កុំ និងតាមរយៈការជម្រុញនៃការចាក់វ៉ាក់សាំង។ ប្រហែលជាគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង អាចទៅចាក់វ៉ាក់សាំងនៅតំបន់កម្សាន្តមួយចំនួន ព្រោះអាចប្រើប្រាស់គ្រូពេទ្យចាក់វ៉ាក់សាំងជូន។ ម្សិលមិញ ខ្ញុំដើរជាមួយនឹងក្មួយស្រីម្នាក់ ដែលធ្វើជា Caddie សួរថា ក្នុងភូមិហ្នឹងចាក់ដល់ដូសទីប៉ុន្មានហើយ? បាន ៣ ដូស ហើយ។ អញ្ចឹងវាល្អណាស់។ ធ្វើម៉េចឲ្យមានដូសជម្រុញជាបន្តបន្ទាប់។ វ៉ាក់សាំងមិនខ្វះទេសម្រាប់យើង។ ឥឡូវយ៉ាងហោចណាស់យើងមានជាង ១១ លានដូស នៅក្នុងឃ្លាំង ដែលយើងនឹងបន្តប្រើប្រាស់ចាក់ដូសជម្រុញជាដូសទី ៣ ហើយសុំបងប្អូនរបស់យើងដែលបានចាក់ដូសទី ២ គេហៅថាដូសពេញលេញគឺដូសទី ២ មកទទួលដូសទី ៣ ដើម្បីធានាភាពស៊ាំសហគមន៍របស់យើង។ ខ្ញុំនៅតែអះអាងថាចូលឆ្នាំនេះ សុំដើរលេងឲ្យសប្បាយ ហើយឲ្យរាំលេង។
នឹងសាកល្បងបញ្ឈប់ការប្រើម៉ាសនៅខេត្តមួយ ឬខេត្តពីរ
ខ្ញុំមិនមែនយកប្រជាជនទៅធ្វើតេស្តទេ តែខ្ញុំចង់ដឹង តើពេលដែលយើងបើកឱកាសសម្រាប់ការធ្វើដំណើរលេងពីតំបន់មួយទៅកាន់តំបន់មួយ រហូតដល់ការបង្កើតស្ថានភាពរាំកម្សាន្ត មានការឆ្លងទៀតឬអត់? តែនេះមិនមែនជាការដែលខ្ញុំយកប្រជាជនធ្វើតេស្តទេ។ បើទោះបីយើងរារាំងក៏វាពិបាកដែរ។ ខារ៉ាអូខេនៅភ្នំពេញ ខ្ញុំបានឲ្យភ្នាក់ងារចូលទៅហើយ។ អត់មានពាក់ម៉ាសអីទេ ហើយគេអនឡាញចេញពីហ្នឹងឲ្យខ្ញុំមើលម៉ោង ១ … អត់មានពាក់ម៉ាសពាក់អីទេ។ ផឹកស្រាទៅ នាំគ្នាលោតពេញហ្នឹង តែវាអត់ឃើញឆ្លង។
ខ្ញុំកំពុងគិតថា នៅពេលណាមួយនឹងអាចប្រើប្រាស់វិធីសាស្រ្តបញ្ឈប់ការប្រើម៉ាសនៅក្នុងខេត្តណាមួយ ឬខេត្តពីរ ដើម្បីសាកល្បង … ឧបមាថាយកខេត្តមួយ ថាយកព្រះវិហារចុះ យើងឲ្យដើរនៅក្នុងខេត្តហ្នឹងដោយមិនចាំបាច់ពាក់ម៉ាស ប៉ុន្តែ បើចេញពីខេត្តហ្នឹងចូលមកទឹកដីខេត្តសៀមរាប ឬឧត្តរមានជ័យ ត្រូវតែពាក់ម៉ាស់។ បើសិនជាថាយើងលើកលែងទាំងខេត្តឧត្តរមានជ័យ ទាំងព្រះវិហារ ពេលឆ្លងពីព្រះវិហារ មកឧត្តរមានជ័យមិនបាច់ពាក់ម៉ាសទេ អ្នកឧត្តរមានជ័យទៅព្រះវិហារមិនបាច់ពាក់ម៉ាស់ ប៉ុន្តែ បើឆ្លងចូលដីសៀមរាបត្រូវតែពាក់ម៉ាស់។ ប្រទេសមួយចំនួនបានលើកលែងបំរាមពាក់ម៉ាស់តាមទីធ្លាសាធារណៈរួចស្រេចទៅហើយ នៅក្នុងពេលដែលគេមានជំងឺយ៉ាងធ្ងន់។
ថ្ងៃនេះ យើងមានអ្នកឆ្លងត្រឹមជាង ៣០ នាក់ ហើយភាគច្រើននៅទីក្រុងភ្នំពេញ។ និយាយយ៉ាងដូច្នេះ កុំអាលដោះម៉ាស់អី ចាំដល់ខ្ញុំប្រកាស។ ខ្ញុំកំពុងតាមដាន … យើងយកស្ថានភាពនោះ ដើម្បីយើងសាកល្បង … យើងកំពុងគិត។ ប៉ុន្តែពេលចូលឆ្នាំនេះ សុំបន្តពាក់ម៉ាស់។ នៅពេលណាដែលការប្រកាសមិនទាន់បានធ្វើ។ យ៉ាងណាសៀមរាបក៏នៅតែបន្តពាក់ដដែល នៅទីក្រុង(សៀមរាប) ព្រោះជាតំបន់ទេសចរណ៍មួយមិនត្រូវឲ្យផ្ទុះឡើងទេ។ ពេលដែលផ្ទុះខ្លាំង គឺមានតែ ៣ កន្លែងទេ ដែលផ្ទុះខ្លាំង៖ ផ្ទុះទី ១ គឺផ្ទុះនៅទីក្រុងភ្នំពេញ ផ្ទុះទី ២ នៅខេត្តព្រះសីហនុ ផ្ទុះទី ៣ នៅខេត្តសៀមរាប។
Lockdown នៅទីនេះ ក៏មិនតិចដែរទេ រហូតទៅដល់ឯកឧត្តម ម៉ម ប៊ុនហេង ត្រូវមកដេកប្រចាំការនៅទីនេះ។ កាលហ្នឹងត្រូវប្រើថ្នាំ ៧ លានគ្រាប់ គ្រាន់តែទីរួមខេត្តនេះ … ឥឡូវសៀមរាបក៏ធូរស្រាលដែរ។ ថ្ងៃនេះមានឆ្លងទេ ? … យើងបន្តសប្បាយរីករាយនៅពេលចូលឆ្នាំ ក៏យើងត្រូវបន្តរក្សានូវវិធានការ ៣ ការពារ និង ៣ កុំ ដដែល ចាំមើលបន្ទាប់ពីចូលឆ្នាំហើយតើចំនួនកើនឡើង ឬក៏ចំនួននៅថេរនៃការឆ្លង?
វ៉ាក់សាំងបានជួយជីវិតប្រជាជនកម្ពុជា
ខ្ញុំអរគុណណាស់ចំពោះប្រជាពលរដ្ឋ ចំពោះវិធានការទាំងឡាយដែលយើងសម្រេចបាននេះ ព្រោះបើសិនទោះបីមានវ៉ាក់សាំងក៏ដោយ បើប្រជាពលរដ្ឋមិនព្រមទៅទទួលវ៉ាក់សាំងទេ គឺនៅតែមិនជោគជ័យ។ ប៉ុន្តែប្រជាពលរដ្ឋរបស់យើង ទទួលយកនូវការចាក់វ៉ាក់សាំង ទោះមានការបំភ័យពីមនុស្សមួយចំនួន ពីក្រុមមួយចំនួនថាវ៉ាក់សាំងនេះចាក់ទៅវាស្លាប់ អញ្ចេះអញ្ចុះ ប៉ុន្តែទីចុងបំផុតវ៉ាក់សាំងនេះបានជួយជីវិតប្រជាជនកម្ពុជា។ យើងបាត់បង់ប្រជាជនយើងជាង ៣ ០០០ នាក់ ដែលស្លាប់នៅក្នុងពេលកូវីដ-១៩ កើតឡើង ក្នុងពេលដែលយើងអត់ទាន់មានវ៉ាក់សាំងចាក់។ ប៉ុន្តែ ប៉ុន្មានខែរួចហើយ យើងមានថ្ងៃខ្លះអត់មាន និងថ្ងៃខ្លះមាន ១ ឬ ២ តែប៉ុណ្ណឹង។ ការឆ្លងនៅសល់តិចតួច ប៉ុន្តែ អាចនឹងចំនួនតួលេខនេះខុសក៏ថាបាន ព្រោះអ្នកខ្លះគាត់អត់ទៅធ្វើតេស្តនៅមន្ទីរពេទ្យឲ្យយើងដឹង គាត់ធ្វើតេស្តតាមផ្ទះដល់ឃើញថាសង្ស័យ ២ ឆ្នូត … គេអត់ចាំបាច់ទៅណា គេព្យាបាលនៅផ្ទះរបស់គេ។ យើងអត់ដឹង។
អរគុណម្តងទៀត សម្រាប់ការផ្តល់ឱកាស និងការជូនពរ ហើយពរជ័យនេះ ខ្ញុំក៏សុំទទួលយកដោយការពេញចិត្តជាមួយនឹងការជូនពរត្រឡប់ទៅវិញសូមឲ្យប្រជាជាតិខ្មែរទាំងមូលទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន។ ថ្ងៃនេះ ខ្ញុំបាននាំមកនូវថវិកាសម្រាប់សាលាក្រុងសៀមរាបចំនួន ២ លានរៀល សម្រាប់គ្រូពេទ្យប្រចាំការក្នុងអង្គពិធីនេះ ៣ លានរៀល និងជូនក្រុមតន្រ្តីសម័យចំនួន ៥ លានរៀល។ ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ និងសមិទ្ធផលនៃការស្តារកែលម្អដងស្ទឹងសៀមរាបនៅក្នុងក្រុងសៀមរាបរបស់យើងនេះ។ ខ្ញុំសុំជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិទាំងអស់នៅក្នុងក្របខណ្ឌទូទាំងប្រទេស និងបងប្អូនខ្មែរយើងដែលរស់នៅបរទេស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងនៅស៊ូដង់ខាងត្បូង នៅលីបង់ នៅម៉ាលី នៅអាហ្វ្រិកកណ្តាល សូមទទួលបាននូវជោគជ័យក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ដែលនឹងមកដល់ប្រមាណជា ១០ ថ្ងៃខាងមុខនេះ សូមប្រកបបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕