Sunday, May 14, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារ​ជាមួយលោក​នាយករដ្ឋមន្រ្តីម៉ុងហ្គោលី

បន្ទាប់ពីអញ្ជើញចូលរួមពិធីបើក វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ រួចហើយ នៅព្រឹកថ្ងៃដដែលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ លោក អ៊ីដិនេបាត ចាហ្គាធុលហ្គា (Erdenebat Jargaltulga) នាយករដ្ឋមន្រ្តីនៃប្រទេសម៉ុងហ្គោលី នៅសណ្ឍាគារ China World Hotel ទីក្រុងប៉េងកាំង ប្រទេសចិន ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៌ថា លោកធ្លាប់បានអញ្ជើញទៅប្រទេសម៉ុងហ្គោលីនៅឆ្នាំ១៩៨១ និងនៅ ឆ្នាំ២០១៦កន្លងទៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ។
លោកនាយករដ្ឋមន្រ្តី ប្រទេសម៉ុងហ្គោលីបានមានប្រសាសន៌ថា ប្រទេសកម្ពុជា និងម៉ុងហ្គោលីបានបង្កើតទំនាក់ទំនងកាទូតនឹងគ្នានៅឆ្នាំ១៩៥០ ហើយនេះជាឱកាសដែលប្រទេសទាំងពីរត្រូវពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអោយបានល្អរឹងមាំ។ ក្នុងន័យនេះលោកនាយករដ្ឋមន្រ្តី បានស្នើសុំអោយមានការផ្លាស់ប្តូរទស្សនៈកិច្ចពីគ្នាទៅវិញទៅមក រួមទាំងវិស័យឯកជនដូចជា សហគ្រាសធនតូចនិងមធ្យម កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៌ និងវិស័យអប់រំជាដើម។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តីម៉ុងហ្គោលី បានស្នើសុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចែករំលែកនូវបទពិសោធន៌ដែលកម្ពុជាមាននៅក្នុងការ រៀបចំទីផ្សារសេរី និងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មពិសេសដែលមានកន្លងមកជាមួយដៃគូប្រទេសចិន។ ភាគីម៉ុងហ្គោលីមានបំណងចាត់តាំងក្រុមការងារពិសេសមករៀនសូត្រនៅកម្ពុជាតែម្តង។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីម៉ុងហ្គោលី ក៏បានស្នើសុំការគាំទ្រពីកម្ពុជាដើម្បីចូលជាមាជិកនៃកិច្ចប្រជុំអាស៊ីបូព៌ា និងជាសមាជិកកិច្ចសន្ទនាភាពជាដៃគូរនៃអាស៊ាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រីករាយស្វាគមន៏ និងអរគុណដល់លោកនាយករដ្ឋមន្រ្តីម៉ុងហ្គោលីដែលមានបំណងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំអោយភាគីពីរពិភាក្សា គ្នាបង្កើត “គណៈកម្មការចំរុះ” ដើម្បីធ្វើកិច្ចការងារនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មុននឹងបង្កើតគណៈកម្មការចម្រុះនេះ គឺត្រូវមានការចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីការពារអ្នកវិនិយោគ (Investment Protection Agreement) ជាមុនសិន។
ដោយសារទំហំពាណិជ្ជកម្មប្រទេសទាំងពីរនៅមានទំហំតូចនៅឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើអោយប្រទេសម៉ុងហ្គោលីជួយទិញអង្ករកម្ពុជា ហើយត្រូវសិក្សាមើលថា តើប្រទេសម៉ុងហ្កោលីមានផលិតផលអ្វីដែលអាចនាំចូលកម្ពុជាបាន ដើម្បីស្វែងរកទីផ្សារទៅវិញទៅមក។ ទាក់ទងនឹងការស្នើសុំចែករំលែកបទពិសោធន៏ទីផ្សារសេរីកម្ពុជាចិននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៏ថា កម្ពុជាពិតជាមានការរីករាយនឹងចែករំលែកបទពិសោធន៏ រីឯការស្នើសុំរបស់ម៉ុងហ្គោលីសុំការគាំទ្រពីកម្ពុជាជាមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា រឺចូលសមាជិកកិច្ចសន្ទនាភាពជាដៃគូរនៃអាស៊ាននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៏ថា លោកនឹងពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានសិន។ យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា អាស៊ានតែងតែលើកទឹកចិត្ត និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការណ៏នៃភាពជាដៃគូរ។
នាចុងក្រោយនៃជំនូបនេះ លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ុងហ្គោលីបានកោតសរសើពីការដឹកនាំប្រទេសរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើអោយកម្ពុជារីកចម្រើន ដោយលោកនាយករដ្ឋមន្ត្រីម៉ុងហ្គាលីបានចាត់ទុកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាថ្នាក់ដឹកនាំពូកែមួយរួបដែលបានតស៊ូរំដោះប្រទេសនាំមកនូវសុខសន្តិភាព និងសេរីភាពសម្រាប់ប្រជាពលរដ្ឋ។
រូបលោកផ្ទាល់ និងប្រជាជនម៉ុងហ្គោលី បានដឹងច្បាស់អំពីឈ្មោះដ៏ល្បីល្បាញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលសំណើមកទស្សនៈកិច្ច នៅម៉ុងហ្គលី នៅពេលវេលាដ៏សមស្របមួយនៅពេលខាងមុខ ៕






លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមពិធីបើក វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហ​ប្រតិបត្តិការអន្តរជាតិ

នៅព្រឹកថ្ងៃទី ១៤ ឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាកិត្តិយសចូលរួមពិធីបើក “វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” នៅ Auditorium Hall នៃមជ្ឍមណ្ឌលសន្និសីទជាតិចិន ទីក្រុងប៉េកាំង ប្រទេសចិន។ វេទិកានេះមានការចូលរួមពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល មកពី២៨ប្រទេស ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ប្រមុខអង្គការសហប្រជាជាតិ ប្រធានធនាគារពិភពលោក ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងប្រតិភូថ្នាក់រដ្ឋមន្រ្តី សហគ្រិន អ្នកជំនាញខាងកិច្ចការហិរញ្ញវត្ថុចំនួន ១,២០០ រួមទាំងអ្នកសារព័ត៌មានអន្តរជាតិមកពី១១០ប្រទេសលើពិភពលោក។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសដែលបានចូលរួមទាំងអស់ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី លោក ស៊ី ជីនពីង ប្រធា នាធិបតីចិន។
នៅក្នុងពិធីបើកវេទិកាព្រឹកមិញនេះ លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន បានធ្វើការកត់សំគាល់ដោយសេចក្តីសោមនស្សរីករាយ ចំពោះវត្តមាននៃបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រមុខអង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងគណះប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីបើកវេទិកានាពេលនេះ។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ថា ការរៀបចំវេទិកានេះឡើងគឺសំដៅស្វែងរកសម្លេងជាឯកច្ឆ័ន្ទ កំណត់ទិសដៅធ្វើកិច្ចសហប្រតិបត្តិការ និងជំរុញឲ្យមានការអនុវត្តគម្រោងទាំងឡាយ ឲ្យកាន់តែប្រសើរឡើងថែមទៀត ហើយនិងលើកម្ពស់ការគាំទ្រយន្តការនៃប្រព័ន្ធការងារនានា។ លោកប្រធានាធិបតីបញ្ជាក់ថា ប្រទេសចិននិងប្រើប្រាស់វេទិកានេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែចំហរ និងមានប្រសិទ្ធភាពដើម្បីកសាងបណ្តាញដៃគូឲ្យកាន់តែជិតស្និទ្ធ និងខ្លាំងក្លាជាងមុន ពិសេសជំរុញឲ្យមានភាពត្រឹមត្រូវ សមហេតុផល និងតុល្យភាពកាន់តែច្រើននៅក្នុងប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ។ នៅក្នុងសុន្ទរកថាគន្លឹះរបស់លោកប្រធានាធិបតីចិន គឺបានគូសបញ្ជាក់ដែរថា វេទិកានេះមានបំណងស្វែងរកវិធីដោះស្រាយទាំងបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងទាំងបញ្ហាសេដ្ឋកិច្ចលើសកលលោក ដើម្បីបង្កើតឲ្យមានថាមពលថ្មីដែលអាចជួយជំរុញ ឲ្យមានការអភិវឌ្ឍដែលមានអន្តរទំនាក់ទំនងពីប្រទេសមួយទៅប្រទេសមួយ និងសំដៅធានាឲ្យបានថា គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ពិតជានឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងជូនទៅប្រជាជន របស់ប្រទេសដែលបានចូលរួមក្នុងកិច្ចផ្តួចផ្តើមនេះ។ លោកប្រធានាធិបតីក៏បានគូសបញ្ជាក់ពីការជំរុញការតភ្ជាប់រវាងទ្វីបអាស៊ី អឺរ៉ុប និងអាហ្រ្វីក ជាមួយនិងបណ្តាប្រទេសដែលនៅលើខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ពិសេសបង្កើតបណ្តាញតភ្ជាប់លើគ្រប់វិស័យ គ្រប់ស្រទាប់ និងគ្រប់ទម្រង់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការបើកច្រក ទីផ្សារ ជំរុញការវិនិយោគ និងបង្កើតឱកាសការងារ។ ការពង្រឹងការតភ្ជាប់ប្រជាជន និងប្រជាជន ឈរលើមូលដ្ឋានយោគយល់គ្នា ជឿជាក់គ្នា គោរពគ្នាទៅវិញទៅមក និងរស់នៅជាមួយគ្នាប្រកបដោយវិបុលភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល។
ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ គឺជាឱកាសបើកចំហដល់កិច្ចសហប្រតិបត្តិការផ្តោតជាសំខាន់លើមហិច្ឆិតាសេដ្ឋកិច្ច និងស្វែងរកសន្តិភាព មិត្តភាព រវាងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក អង្គការតំបន់ និងអន្តរជាតិ ឈរលើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួមគ្នា ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក និងសន្តិសហវិជ្ជមាន៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគទុនធំៗចំនួន៣ របស់ប្រទេសចិន ចូលជួបសំដែងការគួរសម

ក្រុមហ៊ុនធំៗចំនួន៣ របស់ប្រទេសចិន សុទ្ធតែបានគូសបញ្ជាក់ជំរាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបដាច់ឡែកពីគ្នា ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ថា ដោយសាកម្ពុជាមានសុខសន្តិភាព និងស្ថេរភាពយ៉ាងល្អប្រសើរ និងមានភាពជឿជាក់ខ្ពស់ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រុមហ៊ុនរបស់អស់លោក នឹងបន្តបណ្តាក់ទុនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
លោក ឆាវ ផីស៊ី ប្រធានក្រុមហ៊ុន China Huanneng Group ប្រទេសចិន មានប្រសាសន៍ថា ក្រុមហ៊ុនរបស់ លោកបច្ចុប្បន្នបានបណ្តាក់ទុនវិនិយោគវារីអគ្គីសនីសេសាន្តពីរ ខេត្តស្ទឹងត្រែង ដែលសហការវិនិយោគជាមួយនិងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង។ លោកប្រធានមានប្រសាសន៍បន្តថា ដោយមានការសហការល្អជាមួយអ្នកឧកញ៉ា គិត ម៉េង ដំណើរការនៃការសាងសង់វារីអគ្គីសនីសេសាន្តពីរកំពុងដំណើរការទៅយ៉ាងរលួនហើយនៅក្នុងអំឡុងខែកញ្ញាខាងមុខ ក្រុមហ៊ុននឹងធ្វើការបិទទំនប់ទឹក ដោយសូមគោរពអញ្ជើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមក្នុងពិធីបិទទំនប់តាមពេលវេលាដ៏សមស្របរបស់លោក ។
លោកប្រធានមានប្រសាសន៍បន្តថា ការវិនិយោគរបស់ក្រុមហ៊ុនផ្តល់ផលប្រយោជន៍ខ្លាំងណាស់ សម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ លោកប្រធាន មានប្រសាសន៍បន្តថា គំរោងវារីអគ្គីសនីសេសាន្តពីរនេះនឹងធ្វើការបិទទឹកនៅក្នុងឆ្នាំ២០១៧ ដើម្បីតភ្ជាប់បណ្តាញ អគ្គីសនី។ លោកប្រធានមានប្រសាសន៍ដែរថា គំរោងវារីអគ្គីសនីសេសាន្តគឺជាគំរោងដ៏ធំទី១ របស់ក្រុមហ៊ុនលោកក្នុង ប្រទេសកម្ពុជា ហើយគំរោងនេះនឹងផ្តល់ថាមពលអគ្គីសនីឱ្យដល់តាមបណ្តាភូមិតបទៅនឹងអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី។ លោកប្រធានក៏បានគូសបញ្ជាក់នៅចំពោះមុខលោកនាយករដ្ឋមន្រ្តីដែរថា ក្រុមហ៊ុនរបស់លោកដែលចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងមិនធ្វើឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានការខកចិត្តនោះទេ ពោលគឺគំរោងរបស់លោកបានចូលរួមយ៉ាងសកម្ម ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
លោកនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់ក្រុមហ៊ុនលោក នៅកម្ពុជាដោយសារនៅពេលខាងមុខ កម្ពុជាត្រូវការនូវប្រព័ន្ធអគ្គីសនីកាន់តែច្រើនឡើងក្នុងការប្រើប្រាស់និង ការវិនិយោគរបស់ផ្នែកឯកជន។ លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះគំរោងវិនិយោគវារីអគ្គីសនី សេសាន្តពីរ ដោយលោកបានធ្វើការគូសបញ្ជាក់ថា លោកធ្លាប់បានអញ្ជើញធ្វើដំណើរទៅខេត្តស្ទឹងត្រែងចំនួន៣ លើកក្នុងនោះបានទៅកាន់ទំបន់វារីអគ្គីសនីសេសាន្តពីរ និងបានឃើញដោយផ្ទាល់ពីការគិតគូរដោះស្រាយនូវបញ្ហាជាច្រើនជូនប្រជាជននៅនឹងកន្លែង។ លោកនាយករដ្ឋមន្រ្តីបានសន្យាថា នឹងអញ្ជើញទៅចូលរួមក្នុងពិធីបិទទំនប់នៅក្នុងអំឡុងខែកញ្ញាខាងមុខ។
លោក លូ វិនជុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China National Heavy Machinery Company ប្រទេសចិន មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមវិនិយោគក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ មកម៉្លេះ ពោលគឺក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី និងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ក្រុមហ៊ុនរបស់លោកបានបន្តបណ្តាក់ទុនបន្ថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍសមិទ្ធផលសង្គម ក្នុងប្រទេសកម្ពុជា។ លោកប្រធានបន្តថា កន្លងមកក្រុមហ៊ុនរបស់លោកមានភាពជោគជ័យ ក្នុងការបណ្តាក់ទុនកសាងវារីអគ្គីសនីស្ទឹងតាតៃតាមរូបភាព B.O.T ដែលបានដំណើរការយ៉ាងរលូន ពិសេសការកសាងខ្សែបណ្តាញបញ្ជូនអគ្គីសនីទៅតាមតំបន់ជនបទ ពោលគឺកន្លងមកក្រុមហ៊ុនរបស់លោកបានបោះទុនវិនិយោគ ដែលមានទឹកប្រាក់ ចំនួន១ពាន់៤៧០លានដុល្លាអាមេរិករួចមក។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានចូលរួមចំណែកកសាងបណ្តាញខ្សែបញ្ជូនប្រមាណ៣០% ក្នុងប្រទេសកម្ពុជា ពោលទិសដៅរបស់ក្រុមហ៊ុនធ្វើការគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតភ្ជាប់បណ្តាញ រហូតដល់ភូមិដ្ឋានរបស់ប្រជាជន ដែលអាចមានភ្លើងប្រើប្រាស់។ ជាមួយគ្នានេះក្រៅពីការចូលរួមចំណែកលើការកសាងវារីអគ្គីសនី ក្រុមហ៊ុនរបស់លោកក៏បានចូលរួមចំណែកលើការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ពិសេសការការងារបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គីសនី។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនរបស់លោកគ្រោងនឹងសហការជាមួយអគ្គីសនីកម្ពុជា ក្នុងការផ្តល់អាហារូបករណ៍ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សដល់យុវជនកម្ពុជា និងការកសាងសមត្ថភាពជំនាញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា កន្លងមកក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគក្នុងប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ក៏បានចាត់ទុកថា ក្រុមហ៊ុននេះបានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងប្រទេស កម្ពុជា។ លោកបន្តថា ធ្វើឡានគឺត្រូវតែធ្វើផ្លូវ យ៉ាងណាមិញវិនិយោគវារីអគ្គីសនីគឺត្រូវតែវិនិយោគបណ្តាញតភ្ជាប់ តាមរយះនេះការតភ្ជាប់បណ្តាញគឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការវិនិយោគលើការកសាងវារីអគ្គីសនីដែល ត្រូវទាញអគ្គីសនីឱ្យបានដល់តំបន់ជនបទ ពិសេសការកាត់បន្ថយគម្លាតរវាងតម្លៃអគ្គីសនីនៅទីក្រុង និងនៅជនបទ។ លោកបន្តថា ចាប់ពីខែឧសភានេះតទៅតម្លៃអគ្គីសនីមានការធ្លាក់ចុះ តាមរយះនេះទាមទារឱ្យមានការសិក្សាឱ្យបាន ដិតដល់ ព្រោះថាកម្ពុជាកំពុងតម្រូវការអគ្គីសនីដែលចេះតែកើនឡើងជាលំដាប់នោះ។
លោកប្រធានក្រុមហ៊ុន China Communications Construction Company ប្រទេសចិន មានប្រសាសន៍ជំរាបជូនលោកនាយករដ្ឋមន្រ្តី ពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ពោលគឺក្រុមហ៊ុនរបស់លោកបានធ្វើការវិនិយោគកសាងផ្លូវ ថ្នល់ ចំនួន១៦គំរោងរួចមកហើយក្នុងប្រទេសកម្ពុជា ដែលមានតម្លៃ១ពាន់៦០០លានដុល្លាអាមេរិក ហើយសម្រាប់ទិសដៅខាងមុខ ក្រុមហ៊ុននឹងបណ្តាក់ទុនវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុមានប្រវែង១៩០គីឡូម៉ែត្រ ដែលគ្រោងវិនិយោគទឹកប្រាក់ជាច្រើន ដោយគ្រោងនិងធ្វើការសាងសង់នៅមុនបំណាច់ឆ្នាំ២០១៧នេះ និងគំរោងសាងសង់ផ្លូវដែក និងកំពង់ផែន ក្នុងប្រទេសប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វាយយតម្លៃខ្ពស់ ចំពោះគំរោងវិនិយោគនានាក្នុងប្រទេសកម្ពុជា ដែលបានសំរេចប្រកបដោយភាពជោគជ័យក្នុងពេលកន្លងមក។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើដល់ក្រុមហ៊ុនបន្តពិនិត្យពិភាក្សា និងការសិក្សាឱ្យបានស៊ីជំរៅ ពីការវិនិយោគកំពង់ផែដើម្បីឱ្យការវិនិយោគរបស់ក្រុម ហ៊ុនកាន់តែទទួលបាននូវភាពជោគជ័យ៕






កងទ័ពមួក​ខៀវរបស់កម្ពុជា បូជាជីវិត​ដើម្បីប្រជាជន​អាហ្រ្វិកកណ្តាលទ​ទួលសុខសន្តិភាព​

លោក​ទេស​រដ្ឋមន្រ្តី ​ប្រាក់ ​សុ​ខុន ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិ​ការអន្តរជាតិ ​បាន​ថ្លែង​ថា ​នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ​ចំពោះ​ការ​ពលីកម្ម​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំង ​៤នាក់ ​ដែល​បាន​ពលី​ជីវិត​លើទឹក​ដី​អាហ្រ្វិក​កណ្តាល​។ ​លោក​ទេស​រដ្ឋមន្រ្តី​ថា ​ការ​ពលី​របស់​ពួកគេ ​ក៏​ព្រោះតែ​ដើម្បី​នាំមក​នូវ​សុខ​សន្តិភាព​សម្រាប់​ប្រជាជន​អាហ្រ្វិក​កណ្តាល​។
នេះ​ជា​សារ​ដែល​លោក ​ប្រាក់ ​សុ​ខុន ​បាន​ចារ​នៅ​លើ​សៀវភៅ​រំលែកទុក្ខ​ក្នុង​ពេល​រូបលោក​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​ទាំង៤នាក់​នៅ​រសៀល​ថ្ងៃទី១២ ​ខែឧសភា ​ឆ្នាំ២០១៧នេះ​។
លោក​ទេស​រដ្ឋមន្រ្តី ​បាន​ចារ​លើ​សៀវភៅ​រំលែកទុក្ខ​នោះ​ថា ​«​នៅពេល​ចេញ​ដំ​ណើរ​ម្តង​ៗ ​យើង​ទាំងអស់គ្នា​តែង​បន់ស្រន់​សុំ​ឲ្យ​យុទ្ធជន​មួក​ខៀវ​របស់​យើង​ទទួល​បាន​ជោគជ័យ ​និង​មាន​សុវត្ថិភាព ​វិល​មក​ជួបជុំ​គ្រួសារ​វិញ​ពេល​ចប់​បេ​សកម្ម​។​ ជាអកុសល​នៅ​យប់​ថ្ងៃទី៨ ​ឧសភា ​ទាហាន​យើង ​៤នាក់ ​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ស្ទាប់​បាញ់សម្លាប់​នៅពេល​ក្រុម​របស់​យើង​វិលត្រឡប់​ពី​បេសកកម្ម​»​។
លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បាន​បន្ត​ថា ​«​អ្នក​ទាំង៤ ​ត្រូវ​គេ​សម្លាប់​ក្នុង​ខណៈ​ដែល​ពួកគេ​បំពេញបេសកកម្ម​អន្តរជាតិ ​ដើម្បី​សន្តិភាព ​និង ​មនុស្ស​ធម៌​ធ្ងាយ​ពី​ផ្ទះសំបែង ​ធ្ងាយ​ពី​ក្រុម​គ្រួសារ​។ ​ក្នុង​ខណៈ​ដែល​ពួកគេ​ខិតខំ​រួមចំណែក​នាំ​សន្តិភាព​ដល់​ប្រទេស​មួយ ​ដល់​ប្រជាជន​មួយ​ដែលគេ​មិនទាំង​ស្គាល់​ផង ​តែ​ដោយសារ​កាតព្វកិច្ច​អន្តរជាតិ ​និង​បុព្វហេតុ​សន្តិភាព​តែប៉ុណ្ណោះ​។ ​ពួកគេ​បាន​បូជាជីវិត​របស់​ពួកគេ ​ដើម្បីឲ្យ​ជីវិត​របស់​ប្រជាជន ​នៃ​សាធារណ​រដ្ឋ​អាហ្វ្រិ​កណ្តាល​បាន​ទទួល​សន្តិភាព​។ ​យើង​និង​មិន​បំភ្លេច​ពលិកម្ម​នេះ ​សេចក្តី​ក្លាហាន​នេះ​ឡើយ​»​។
សូម​បញ្ជាក់​ថា ​កាលពី​វេលា​ម៉ោង​ប្រមាណ១រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី០៩ ​ខែឧសភា ​ឆ្នាំ២០១៧ ​ម៉ោង​នៅក្នុង​​ប្រទេស​កម្ពុជា ​កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា​បម្រើការ​ងារ​នៅ​ប្រទេស​អាហ្រ្វិក​កណ្តាល ​បាន​រង​ការវាយប្រហារ​ដោយក្រុម​ឧទ្ទាម ​បណ្តាល​ឲ្យកម្លាំង​កម្ពុជា ​៤នាក់​ស្លាប់ ​និង​ម្នាក់ទៀត​រង​របួស​។ ​កងទ័ព​មួក​ខៀវ​កម្ពុជា ​ដែល​បាន​ពលី​ជីវិត​នោះ​រួមមាន៖ ​អនុសេនីយ៍ទោ ​អ៉ឹម ​សំ ​អាយុ ​៣៧ឆ្នាំ ​មាន​ស្រុកកំណើត​នៅ​ស្រុក​ពួក ​ខេត្តសៀមរាប​, ​អនុសេនីយ៍ឯក ​ម៉ៅ ​អេង ​អាយុ ​៣៧ឆ្នាំ ​មាន​លំនៅឋាន​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​, ​ព្រិន្ទ​បាល​ទោ ​ស៊ាង ​នរិន្ទ ​អាយុ ​៣៥ឆ្នាំ ​មាន​លំនៅឋាន​ក្នុង​​ខេត្ត​កំ​ពង ​និង​លោ​ក​ព្រិន្ទ​បាល​ទោ ​មុំ ​តុលា ​មាន​ស្រុកកំណើត​នៅ​ស្រុក​ក​ណ្តៀង ​ខេត្តពោធិ៍សាត់​៕





តើប្រជាពលរដ្ឋក្នុងឃុំកុមាររាជា ទទួលបានអ្វីខ្លះពីគណបក្សប្រជាជនកម្ពុជារហូតមកដល់ឆ្នាំ២០១៧នេះ?