ខេត្តតាកែវ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤
- សូមថ្វាយបង្គំព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា និងរាជរដ្ឋាភិបាល
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
- ក្មួយៗកាយរឹទ្ធិ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយាមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមជាមួយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងក្មួយៗយុវជនទាំងអស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការថ្មីរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ នាពេល នេះ។ ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ខ្ញុំព្រះករុណាខ្ញុំ សូមពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៃខេត្តតាកែវយើង ជាពិសេសក្មួយៗយុវជន។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំនៃសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជនទាំងឡាយ បានធ្វើឱ្យសម្រេចឡើងនូវសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ ក្នុងបុព្វហេតុជាតិនិងមាតុភូមិយើង។ ជាក់ស្តែង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការនៅខេត្តតាកែវនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ដែលមានឯកឧត្តម សុខ ពុទ្ធិវុធ ជាប្រធាន។ ខ្ញុំផ្ទាល់ ក៏ដូចជាប្រជាជនយើងទាំងអស់ មានសេចក្តីរំភើបរីករាយនៅពេលឃើញយុវជនកម្ពុជាយើងបំពេញ សកម្មភាពសង្គមយ៉ាងផុលផុសប្រកបដោយថាមភាព ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសប្រកបដោយមោទនភាពជាតិ ជាមួយនឹងផ្លែផ្កាគួរឱ្យកត់សម្គាល់។
សុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្ដមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានបង្ហាញអំពីសមិទ្ធផលការងារ សំខាន់ៗនាពេលកន្លងមក ដោយភ្ជាប់ជាមួយនឹងចក្ខុវិស័យសម្រាប់អនាគត ជាអាទិ៍ការលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ការជំរុញឱ្យ យុវជនចូលរួមក្នុងការងារសង្គមនិងមនុស្សធម៌ និងការជួយដល់យុវជនក្នុងការអប់រំ បណ្តុះបណ្តាល វិជ្ជាជីវៈ កីឡា និងការទទួលបានព័ត៌មានអំពីទីផ្សារការងារជាដើម។ សកម្មភាពទាំងនេះ ពិតជាមាន សារសំខាន់ណាស់ នៅក្នុងបរិបទនៃការអភិវឌ្ឍជាតិដោយចីរភាព ដែលទាមទារឱ្យមានតួនាទីនិងការចូលរួមយ៉ាងសកម្មរបស់យុវជន ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមនានានៅក្នុងដំណើរ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ដោយឡែក នៅខេត្តតាកែវយើងនេះ សហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពសង្គមជាច្រើនដូចជា៖ ការបរិច្ចាកឈាម ការពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ការចុះជួយសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះ ការជ្រើសរើសសិស្សពូកែ ការផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ការបញ្ចូនសិស្សនិស្សិតទៅចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការតម្រង់ទិសយុវជនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ការរៀបចំការប្រកួតកីឡា ការរៀបចំពិធីដាំកូនឈើ ទស្សនកិច្ចសិក្សាស្វែង យល់ពីសាលាក្តីខ្មែរក្រហមនិងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាដើម។
សមិទ្ធផលធំៗកន្លងមករបស់រាជរដ្ឋាភិបាល តែងតែមានការរួមចំណែកយ៉ាងសំខាន់របស់ក្មួយៗ យុវជនយុវនារី។ ការចូលរួមរបស់ក្មួយៗមិនត្រឹមតែជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុង ការអភិវឌ្ឍប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់ឱកាសដ៏ល្អសម្រាប់ក្មួយៗក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាសរសរទ្រូងរបស់ប្រទេសជាតិ និងសក្តិសមជា «ទំពាំងស្នងឫស្សី» យ៉ាងពិតប្រាកដថែមទៀតផង។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់តួនាទីរបស់យុវជន ឱ្យបានចូលរួមក្នុងការអភិវឌ្ឍសង្គម ការថែរក្សា អភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ និងការការពារជាតិ។
ជាក់ស្តែង យុវជនត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី ដើម្បីវាស់វែងដីធ្លីចែកជូនបងប្អូនប្រជាពលរដ្ឋ។ ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង និង ឆន្ទៈដ៏មោះមុតរបស់ក្មួយៗវីរៈយុវជនស្ម័គ្រចិត្តសម្តេចតេជោ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃ ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ក្មួយៗ ប្រកបដោយលទ្ធផលគួរជាទីមោទនៈ។
ទន្ទឹមនឹងនោះ កាលពីឆ្នាំ២០១៣កន្លងទៅ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៣៧ និងជាប្រធានរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលមាន១៩០រដ្ឋភាគីជាសមាជិក យុវជនក៏មានតួនាទីដ៏សំខាន់នៅក្នុងវិស័យបេតិកភណ្ឌផងដែរ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងទស្សនាទានរួមមួយក្រោមពាក្យស្លោកថា «យុវជននិងបេតិកភណ្ឌ» ឬ «បេតិកភណ្ឌនៅក្នុងដៃយុវជន»។ នៅក្នុងឱកាសនោះ វេទិកាយុវជនបានរំលេចឡើងនូវប្រធានបទ ដ៏សំខាន់មួយគឺ «បេតិកភណ្ឌរស់៖ ប្រាសាទ បរិស្ថាន និងប្រជាជន» ក្នុងគោលដៅសំខាន់ដើម្បីបញ្ជ្រាបការយល់ដឹងអំពីទំនាក់ទំនងប្រកបដោយភាពសុខុដុមរមនានឹងគ្នារវាងវប្បធម៌ បរិស្ថានដែលរួមមានទឹកនិងព្រៃឈើ និងសហគមន៍។ ក្នុងការអនុវត្តកិច្ចការដ៏មានសារសំខាន់នេះ យុវជនកម្ពុជានិងយុវជនអន្តរជាតិ ដែលស្ថិតក្រោមការដឹកនាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចនូវជោគជ័យថ្មីៗថែមទៀត ដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌជាតិនិងបេតិកភណ្ឌពិភពលោក។ អ្វីដែលជាមោទនភាពសម្រាប់យុវជនកម្ពុជាទាំងមូលផងដែរនោះ គឺថា ក្មួយៗយុវជនស្ម័គ្រចិត្តដែលធ្វើជាអ្នកសម្របសម្រួលកិច្ចទំនាក់ទំនងនៅក្នុងឱកាសនោះ ត្រូវបានគណៈប្រតិភូទាំងអស់កោតសរសើរចំពោះប្រសិទ្ធភាពការងារ។
នេះជាលើកទី១ហើយ ដែលប្រទេសមួយមានចំណូលនិងធនធានមានកម្រិត បានទទួលខុសត្រូវនិងមានកិត្តិយស ក្នុងការទទួលស្វាគមន៍គណៈប្រតិភូយ៉ាងច្រើន បានយ៉ាងល្អប្រកបដោយ ជោគជ័យដ៏ធំធេង និងទទួលបាននូវការកោតសរសើរនិងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។ ជាការពិត កិច្ចប្រជុំនោះមិនត្រឹមតែជាសន្និសីទអន្តរជាតិធំបំផុតប្រារព្ធនៅកម្ពុជា ដែលមានប្រតិភូចូលរួមចំនួន ១៤៦៥នាក់ មកពីបណ្តាប្រទេសចំនួន១២៨នៅលើពិភពលោក និងអ្នកសារព័ត៌មាន ចំនួន ៦៧៣នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកិច្ចប្រជុំធំជាងគេបំផុត ប្រៀបធៀបទៅនឹងសម័យប្រជុំផ្សេងៗ ដែលរៀបចំដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយដែលបានប្រព្រឹត្តទៅនៅប្រទេសចំនួន២៥ផ្សេងគ្នាលើពិភពលោកនាពេលកន្លងមក។ ជារួម គណៈប្រតិភូមិនត្រឹមតែសម្តែងការពេញចិត្តចំពោះការរៀបចំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានស្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមផ្នែកបេតិកភណ្ឌ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ហើយថែមទាំងបានយល់ជ្រួតជ្រាបពីវប្បធម៌ អរិយធម៌ និងបេតិកភណ្ឌជាតិខ្មែរ ដែលមានការថែរក្សាអភិរក្សបានយ៉ាងល្អទៀតផង។
ជាងនេះទៅទៀត យើងនៅចាំបានថា ព្រឹត្តិការណ៍ដ៏សំខាន់មួយដែលសហភាពសហព័ន្ធយុវជន កម្ពុជាបានផ្តួចផ្តើមគំនិតនិងបានរៀបចំដោយផ្ទាល់ ប្រកបដោយជោគជ័យយ៉ាងធំធេងនោះ គឺអង្គរសង្រ្កាន្តឆ្នាំ២០១៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ២៥៥៧ ស្របតាមប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរដ៏បវរនៃយើង។ នោះគឺជាព្រឹត្តិការណ៍នៃការប្រារព្ធសង្រ្កាន្តដ៏ធំ និងដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលពុំធ្លាប់មានពីមុនមកនៅតំបន់រមណីយដ្ឋានអង្គរ ហើយក៏ជាឱកាសដ៏ប្រពៃសម្រាប់បើកទំព័រសករាជថ្មី ឱ្យយុវជនបានចូលរួមកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងកិច្ចការវប្បធម៌ សេដ្ឋកិច្ច និងសង្គម ដែលជាបេសកកម្មដ៏ឧត្តុង្គឧត្តម និងជាការងារ បន្តវេនរបស់យុវជនពីជំនាន់មួយទៅជំនាន់មួយ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។ ការជួបជុំគ្នាដ៏ធំបែបនោះ មិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញនូវគំនិតច្នៃប្រឌិតដ៏ឈ្លាសវៃ និងសមិទ្ធផល គួរជាទីមោទនៈជាបន្តបន្ទាប់របស់សហភាពសហព័ន្ធយុវជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ពីស្មារតីរួបរួមសាមគ្គីគ្នាពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម ទាំងស្ថាប័នរដ្ឋ និងសហគ្រាសឯកជន ព្រមទាំងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ អរិយធម៌ និងថែរក្សាកេរដំណែល ទំនៀមទម្លាប់ និងប្រពៃណីជាតិយើងទៀតផង។ នៅឆ្នាំនេះ សហភាពសហព័ន្ធយុវជន កម្ពុជាមានផែនការនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឱ្យកាន់តែធំជាងឆ្នាំមុនទៅទៀត។ ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្តចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានគម្រោងរៀបចំកម្មវិធី អង្គរសង្រ្កាន្ត ឆ្នាំ២០១៤ ដែលនេះគឺជាការចូលរួមចំណែកថ្មីថែមទៀតដល់ការលើកស្ទួយ និងថែរក្សា អភិរក្ស ទំនៀមទម្លាប់ វប្បធម៌របស់ជាតិយើង។ ការរៀបចំកម្មវិធីនេះ មិនត្រឹមតែចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់វប្បធម៌ ប្រពៃណី និងអរិយធម៌ខ្មែរដល់មហាជននិងយុវជន ឱ្យបានជ្រួតជ្រាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌និងបេតិកភណ្ឌនៅកម្ពុជា ដែលជាប្រភពបង្កើតការងារដ៏ចម្បងសម្រាប់ប្រជាជននិងយុវជន និងចូលរួមក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងសមិទ្ធផលធំៗទាំងឡាយនាពេលបច្ចុប្បន្ន ពិតជាមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវគោលនយោបាយបើកចំហរជើងមេឃ។ សំខាន់ជាងនេះទៀត តាមរយៈនយោបាយឈ្នះ- ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបានសុខសន្តិភាពយ៉ាងពេញលេញនៅទូទាំងប្រទេស ដែលពុំធ្លាប់មានក្នុងរយៈកាលប្រមាណ ៥០០ឆ្នាំចុងក្រោយនេះ។ សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ធានាបាននូវការអភិវឌ្ឍលើគ្រប់វិស័យ និង សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែង ចំនួនទេសចរបរទេសចូលមកទស្សនាកម្ពុជា បានកើនឡើងជាលំដាប់ពីប្រមាណ តែ ១២ម៉ឺននាក់ប៉ុណ្ណោះនៅឆ្នាំ១៩៩៣ រហូតដល់ជាង ៤,២លាននាក់ នៅឆ្នាំ២០១៣ ជាមួយនឹងចំណូលហូរចូលក្នុងសសៃឈាមសេដ្ឋកិច្ចជាតិប្រមាណ ២.៥៤៧លានដុល្លារ ដោយផ្តល់ការងារជូនប្រជាជនដោយផ្ទាល់ប្រមាណ ៤០ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់។ បើក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ យើងរំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ប្រមាណ៦,៥លាននាក់ នៅឆ្នាំ២០១៨ ជាមួយនឹងចំណូលក្នុងសសៃឈាមសេដ្ឋកិច្ចជាតិប្រមាណ ៤.១០០ លានដុល្លារ ដោយផ្តល់ការងារជូនប្រជាជនដោយផ្ទាល់ប្រមាណ ៦៥ម៉ឺននាក់ ។
- ព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី
- ក្មួយៗយុវជនជាទីស្រឡាញ់
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន បានយកអស់កម្លាំងកាយចិត្ត និងបញ្ញាញាណ បំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម និង វិសេស វិសាលបំផុត ដោយធ្វើឲ្យមានការផ្សះផ្សានិងបង្រួបបង្រួមជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិតេយ្យ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងបានធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោក។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពមនុស្សធម៌ សុខទុក្ខរបស់ប្រជាជន ដោយស្ថិតនៅជាប់ជាមួយ ប្រជាជន និងជួយប្រជាជនគ្រប់កាលៈទេសៈ រួមទាំងបានជួយឲ្យកុមារនិងយុវជនកម្ពុជាទទួលបាននូវសិទ្ធិគ្រប់បែបយ៉ាង រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទិ្ធទទួលបានការការពារ និងសិទ្ធិទទួលបានការអប់រំ ប្រកបដោយសមធម៌ដើម្បីសម្រេចឱ្យបាននូវចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ និងចេះរស់នៅរួមគ្នាក្នុងស្មារតីសន្តិសហវិជ្ផមាន និងមានវិធានការ ទប់ស្កាត់អំពើ អសកម្មនានា ដូចជា ការសេពគ្រឿងញៀន ការសេពគ្រឿងស្រវឹង ការលេងល្បែងស៊ីសង សកម្មភាព ក្មេងទំនើង ការលួច ឆក់ ប្លន់ ជាដើម។ល។
នៅក្នុងឆ្នាំ២០១១កន្លងទៅ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខបានអនុម័តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ក្នុងគោលបំណងជំរុញឲ្យគ្រប់ ក្រសួង ស្ថាប័នសាធារណៈ ផ្នែកឯកជន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ យកចិត្តទុកដាក់ លើកកម្ពស់ការអភិវឌ្ឍយុវជនដើម្បីឲ្យយុវជនគ្រប់រូប ជាពិសេស យុវជនដែលបាត់បង់ឱកាសទទួលបាននូវការបណ្តុះបណ្តាលសមត្ថភាព និងជំនាញ សម្រាប់រួមចំណែកក្នុងដំណើរការ អភិវឌ្ឍប្រទេសជាតិ។
ទន្ទឹមនឹងនេះ សម្តេចបានឧបត្ថម្ភ និងគាំទ្រជានិច្ចដល់ដំណើរការនៃចលនាយុវជនកម្ពុជា ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការពង្រឹងនិងពង្រីកតួនាទីគំរូរបស់ខ្លួននៅក្នុងសង្គមជាតិ ដោយធ្វើឲ្យមានការប្រែប្រួលឥរិយាបថរបស់យុវជន ឆ្ពោះទៅរកភាពជឿនលឿនប្រកប ដោយភាពក្លាហាន ដើម្បីផ្សាភ្ផាប់ខ្លួនទៅនឹងភារកិច្ចអភិវឌ្ឍខ្លួនឯង ជួយអ្នកដទៃ និងភារកិច្ចចំពោះ ជាតិមាតុភូមិជាទីស្នេហារបស់យើង។
ទោះជាយ៉ាងណា ជោគជ័យនៃសកម្មភាពទាំងឡាយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមគាំទ្រយ៉ាងផុលផុសពីគ្រប់មជ្ឈដ្ឋានទាំងអស់បានឡើយ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណចំពោះការចូលរួមវិភាគទានដ៏ថ្លៃថ្លាពីបណ្តាក្រុមហ៊ុន សហគ្រាស អង្គការ សមាគម ក៏ដូចជា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សហភាពសហព័ន្ធយុវជនកម្ពុជា ហើយខ្ញុំសង្ឃឹមថាសកម្មភាពដ៏សប្បុរសនេះនឹងបន្តជារៀងរហូត ដើម្បីបុព្វហេតុជាតិនិងមាតុភូមិដ៏បវរនៃយើង។
ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នូវពុទ្ធពរទាំងបួនប្រការ និងសូមជូនពរឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ។
ខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការថ្មីរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចាប់ពីពេលនេះតទៅ។
សូមអរគុណ!