Saturday, July 10, 2021

វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៤លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិន បានដឹកមកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃទី  ១០ ខែ កក្កដា ឆ្នាំ២០២១  វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ប្រទេសកម្ពុជា។ 

កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១នេះ បូកទាំងវ៉ាក់សាំងចំនួន ៤លានដូសដែលនឹងមកនៅព្រឹកស្អែក កម្ពុជានឹងមានវ៉ាក់សាំងចំនួន ១៦,០២៤,០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ

១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូស

២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស

៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ១០,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ៣,០០០,០០០ ដូស។

ហើយវ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

សូមបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ៦លានដូស ជាបន្តបន្ទាប់មានដូចខាងក្រោម

*នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១

- វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូហ្វាម មកដល់ចំនួន ១,០០០,០០០ដូស

*ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ 

- វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូស(សុីណូហ្វាម)ចំនួន ១,០០០,០០០ដូស និង(សុីណូវ៉ាក់) ចំនួន ៣,០០០,០០០ដូស

*ចុងខែ ខែកក្កដា ឆ្នាំ ២០២១

- វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សុីណូហ្វាម) មកដល់ចំនួន ១,០០០,០០០ដូស

សូមជម្រាបថា យោងតាមចំណារយល់ព្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងមកដល់ចំនួន ៦,០០០,០០០ដូសនេះ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបណ្តាខេត្តនានានៅទូទាំងប្រទេសតាមផែនការដែលបានគ្រោងទុក។

គិតត្រឹមថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២១ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសរុបទូទាំងប្រទេសបានចំនួន ៤,៧៩៣,១៩៧នាក់ ស្មើនឹង ៤៧.៩៣%។

ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា









១០ កក្កដា ទិវាជាតិចងចាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(FN-ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០១៨កន្លងទៅ បានប្រកាសយកថ្ងៃទី១០ ខែកក្កដា ជាថ្ងៃប្រារព្ធទិវាជាតិចងចាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

បើទោះបីថាត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមុន និងក្រោយគ្នារយៈពេលច្រើនឆ្នាំ តែប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងខែកក្កដា ដូចគ្នា។ ពោលប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ រីឯប្រាសាសំបូរព្រៃគុកដាក់បញ្ចូលនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

ព្រោះតែហេតុនេះហើយទើបនៅឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន សម្រេចយកថ្ងៃទី១០ កក្កដា ជាទិវាជាតិចងចាំចំពោះព្រឹត្តិការណ៍ពោរពេញដោយអំណរសាទរ និងរីករាយជាពន់ពេករបស់ជាតិខ្មែរនេះ។ កាលណោះសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការរៀបចំកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរការដាក់បញ្ចូលប្រាសាទទាំងពីរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១០ ខែកក្កដា ជារៀងរាល់ឆ្នាំ។

តែសម្រាប់ឆ្នាំ២០២១នេះ មិនមានការរៀបចំកម្មវិធីជួបជុំអ្វីធំដុំនោះទេ ដោយសារតែបញ្ហាជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ការកំណត់យកថ្ងៃ១០ កក្កដា ជាទិវាជាតិចងចាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និង ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គឺជាការរំលឹក និងជាការដឹងគុណដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកស្នាដៃដ៏មហស្ចារ្យសម្រាប់ជាតិខ្មែរ។ មួយវិញទៀតជាការបង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំ និងកុលបុត្រ កុលធីតាខ្មែរនាសម័យបច្ចុប្បន្នមិនបានព្រងើយកន្តើយចំពោះស្នាដៃបុព្វបុរសខ្មែរនោះឡើយ ហើយបន្តប្រឹងប្រែងពង្រីកភាពល្បាញល្បី នៃស្នាដៃបុព្វបុរសខ្មែរទៅកាន់ពិភពលោកឱ្យកាន់តែខ្ទរខ្ទារថែមទៀត។

ទម្រាំនឹងបានដាក់បញ្ចូលប្រាសាទទាំងពីរនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានប្រឹងប្រែងរៀបចំរៀបចំឯកសារ រួមនិងបែបបទជាច្រើនទៀតបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។ ជាពិសេស បានបេសកជនពិសេសដូចជាសម្តេចវិបុលបញ្ញា សុខ អាន និងលោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម ទៅធ្វើបទបង្ហាញ និងអះអាងនៅចំពោះមុខគណៈកម្មការបេតិកភណ្ឌពិភពលោក។

* ប្រវត្តិសាវតារ និងការតស៊ូដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សូមបញ្ជាក់ថា ប្រាសាព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ។

ប្រាសាទនេះត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។

ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតទៅអង្គការយូណេស្កូ ឆ្នាំ២០០១ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការដាក់ប្រសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាព នៃគោលនយោបាយបរទេសរបស់កម្ពុជា។

មួយឆ្នាំក្រោយមកអង្គការយូណេស្កូ បានឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយរៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ នៅឆ្នាំ២០០៦ គណៈកម្មការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើរបស់កម្ពុជា ហើយបានបញ្ជូនក្រុមការងារជំនាញបានមកឃើញស្ថានភាពប្រាសាទក្នុងឆ្នាំ២០០៧។

ការដែលអង្គការយូណេស្កូសម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

ជោគជ័យជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវក្តីអំណរសាទរ និងក្តីរំភើបរីករាយឥតឧបមា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង បាននាំគ្នាស្រែកជ័យឃោស ដុតទៀនទូងស្គ ប្រគំតន្ត្រីជាដើម។

ទម្រាំនឹងបានដាក់បញ្ចូលប្រាសាទប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានប្រឹងប្រែងតស៊ូមតិជាខ្លាំង ដ្បិតថាការស្នើដាក់ព្រះសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានការរារាំងពីភាគីថៃ ដែលមានមហិច្ឆតាចង់លេបយកប្រាសាទព្រះវិហារ ដែលគេធ្លាប់គ្រប់គ្រងពីអតីតកាលអស់ជាច្រើនឆ្នាំនោះ។

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ដែលមានបេសកជនពិសេសដូចជាសម្តេចវិបុលបញ្ញា សុខ អាន បានខិតខំរៀបចំឯកសារ រួមនិងបែបបទជាច្រើនទៀតបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។

ជោគជ័យរបស់កម្ពុជា បាននាំមកនូវភាពឈឺចាប់ជាពន់ពេកសម្រាប់ជនជាតិថៃ។ បន្ទាប់ពីប្រាសាទត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាខេមរបុត្រដែលមានចិត្តមុះមុតក្នុងការការពារជាតិ និងទឹកដីនោះ បានប្រឹងប្រែងតស៊ូទប់ទល់គ្រប់មធ្យោបាយទាំងមធ្យោបាយកម្លាំងប្រដាប់អាវុធ និងមធ្យោបាយច្បាប់អន្តរជាតិ រហូតការពារសម្បត្តិដ៏មានតម្លៃរបស់កម្ពុជានេះមិនឲ្យបាត់បង់នោះឡើយ។

ជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាលើការតស៊ូមតិលើឆាកអន្តរជាតិនោះ គឺការទាមទារឱ្យតុលាការអន្តរជាតិទីក្រុងឡាអេបកស្រាយឡើងវិញនូវសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ជាលទ្ធផលនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិបានយល់ស្របតាមសំណើរបស់កម្ពុជា ដោយបានដាក់ចេញនូវវិធានការបន្ទាន់ ដែលតម្រូវឱ្យភាគីទាំងពីរដកទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្នទំហំ ១៧,៣គីឡូម៉ែត្រក្រឡា ព្រមទាំងបានឯកភាពទទួលពិនិត្យលើសំណើរបស់កម្ពុជាសូមឲ្យបកស្រាសាលដីកា ឆ្នាំ១៩៦២នេះ។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡាអេ បានសម្រេចរក្សាសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលប្តឹងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដោយបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជារបស់សម្បត្តិរបស់កម្ពុជា។ ការសម្រេចនេះ គឺជោគជ័យដ៏ធំរបស់ជាតិកម្ពុជាទាំងមូល ក្នុងការប្រឹងប្រែងរក្សាឲ្យបាននូវទ្រព្យសម្បត្តិរបស់កម្ពុជាដែលបន្សល់ទុកដោយដូនតា ដូចដែលសម្តេចតេជោ ហ៊ុន សែន តែងតែបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ថា មិនអនុញ្ញាតឱ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជាសូម្បីតែមួយមិល្លីម៉ែត្រនោះឡើយ។

* ប្រវត្តិសាវតារ និងការតស៊ូដាក់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីគូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែន។ តំបន់ប្រាសាទសំបូរព្រៃគុក មានទំហំធំទូលាយ ហើយក្នុងតំបន់នោះមានភូមិចំនួន៧។ រមណីយដ្ឋានសំបូរព្រៃគុកចែកជាតំបន់ធំៗគឺ៖ តំបន់អតីតរាជធានីនៅផ្នែកខាងលិច និងតំបន់ប្រាសាទនៅផ្នែកខាងកើត ខណ្ឌគ្នាដោយអូរមួយឈ្មោះគ្រូកែ។

តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡា ក្នុងចន្លោះចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ដែលជាស្នាព្រះហស្ថរបស់ព្រះបាទឦសានវរ្ម័ន្មទី១។ សំណង់ប្រាសាទសាងអំពីឥដ្ឋ ទួលបុរាណ សិលាចារិក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាផ្សេងដទៃទៀត។

សំណង់បុរាណទាំងនោះបានឆ្លុះបញ្ចាំងពីការរីកលូតលាស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ សំណង់ស្ថាបត្យកម្ម និងសិស្បៈនៅសំបូរព្រៃគុក បានបង្ហាញពីការទទួលឥទ្ធិពលអារ្យធម៌ឥណ្ឌា និងអារ្យធម៌ប្រទេសដទៃទៀត គួបផ្សំជាមួយវប្បធម៌ក្នុងស្រុក បង្កើតបានជាលក្ខណៈពិសេសនៃវប្បធម៌មួយដោយឡែករបស់ខ្មែរ។ ស្ថាបត្យកម្ម និងចម្លាក់ ក្បូរក្បាច់រចនានៅលើប្រាសាទប្រាំបីជ្រុង ដែលអ្នកស្រាវជ្រាវឲ្យឈ្មោះថាប្រាសាទអណ្តែត និងក្បាច់លម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ ក្នុងប្រវត្តិនៃសិល្បៈខ្មែរ។

ទោះបីមានការផ្លាស់ប្តូររាជធានីទៅតំបន់អង្គរនៅសតវត្សរ៍ទី៩ក្តី ក៏តំបន់សំបូរព្រៃគុក នៅតែជាមជ្ឈមណ្ឌលប្រតិបត្តិសាសនាដ៏សំខាន់នាសម័យអង្គរ ដោយមានសំណង់សាសនាបន្ថែម និងជួសជុលសំណង់ដែលមានស្រាប់នៅទីនោះសម្រាប់គោរពបូជាជាបន្តបន្ទាប់។ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានស្ថាបនាឡើងជាហូរហែរអស់រយៈពេលជាច្រើនសម័យកាល ដែលរំលេចឲ្យឃើញតួប្រាសាទ ព្រះបដិមារស្នាដៃសិល្បៈជាច្រើនទៀត ហើយបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលសព្វថ្ងៃនេះ។

បច្ចុប្បន្ន រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក កំពុងបើកទ្វារទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកឯកទេសនានា ចូលទស្សនា និងសិក្សាស្រាវជ្រាវទាំងបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿសាសានា។

ជាលទ្ធផលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោក សម្រេចដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកស្ថាពរតាមសំណើររបស់កម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នាម័យប្រជុំកំពូលលើកទី៤១ ដែលប្រព្រឹត្តទៅពីថ្ងៃទី០២ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នាទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ដែលមាន១៩៣ប្រទេសជាសមាជិក និងមាន២១ប្រទេសគណៈកម្មការអចិន្ត្រៃយ៍ក្នុងវាយតម្លៃ។

ការដាក់សម្រេចបាននូវការដាក់បញ្ចូលប្រាសាទដ៏ចំណាស់មួយនេះចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាប់ផ្តើមរៀបចំឯកសារដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២។

ឯកសារស្នើសុំនោះ បានផ្ញើជូនទៅអង្គការយូណេស្កូ ដែលមានស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង នាដើមឆ្នាំ២០១៦។ រយៈពេល៩ខែ បន្ទាប់ពីបញ្ជូនឯកសាររួច អ្នកឯកទេសរបស់អង្គការ ICOMOS បានចុះមកពិនិត្យ និងវាយតម្លៃពីស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានសំបូរព្រៃគុក និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឲ្យឯកសារស្នើមានទិន្នន័យគ្រប់គ្រាន់ស្របតាមលក្ខណៈវិនិច្ឆ័យ របស់អង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក។

ក្រោយពេលអនុម័តបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបេតិកភណ្ឌពិភពលោក និងដើម្បីអបអរនូវជោគជ័យមហាប្រសើររបស់ជាតិ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានធ្វើពិធីយ៉ាងអធឹកអធមមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងសាកលលោកទាំងមូលឲ្យបានដឹងពីតម្លៃមិនអាចកាត់ថ្លៃបាននៃកេរមតរកវប្បធម៌ ហើយក៏ជាឱកាសបង្ហាញឱ្យពិភពលោកបានស្គាល់កម្ពុជា កាន់តែច្រើន ជាពិសេសគឺ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកផ្ទាល់តែម្តង៕

ប្រភពៈ Fresh News