ឯកឧត្តម បាន គីមមូន
អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការធ្វើទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ
និងព្រះរាជាណាចក្រកម្ពុជា បញ្ហាតំបន់ និងអន្តរជាតិ
ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ក្នុងជំនួបដែលធ្វើឡើង កាលពីព្រលប់ថ្ងៃទី៦កញ្ញា
នៅទីក្រុងវៀងច័ន្ទ ជាទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩
និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់អាស៊ាន
ឯកឧត្តម បាន គីមមូន
មានប្រសាសន៍ដោយសេចក្តីសោមនស្សរីករាយ ដោយបានជួបសាជាថ្មីម្តងទៀត
ជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបពិភាក្សាជាច្រើនលើកច្រើនសាររួចមកនោះ។
ក្នុងជំនួបពិភាក្សាគ្នានេះមេដឹកនាំទាំងពីរ បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅនិងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម
ក្នុងនោះឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ
បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបន្តការគាំទ្រដល់ការចំណាយ
លើប្រតិបត្តិការ របស់សាលាក្តីនោះជាបន្តទៅទៀត។
ជាមួយគ្នា នេះ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ
ចំពោះកងទ័ពមួកខៀវកម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌
និងសកម្មភាពបោសសំអាតគ្រាប់មីន និងយុទ្ធមិនទាន់ផ្ទុះក្រោម
ឆ័ក្ររបស់អង្គការសហប្រជាជាតិ។
ក្នុងជំនួបពិភាក្សាគ្នានេះដែរ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ
បានស្នើដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី
ពីការគាំទ្រដល់អង្គការសហប្រជាជាតិ លើអនុសញ្ញានៃការបម្រែបម្រួលអាកាសធាតុ
ដើម្បីឲ្យអនុសញ្ញានោះចូលជាធរមាន។ សម្តេចតេជោនាយករដ្ឋមន្រ្តី
បានគាំទ្រទៅ និងការស្នើឲ្យកម្ពុជាធ្វើការគាំទ្រដល់អនុសញ្ញានៃការបម្រែបម្រួលអាកាសធាតុ
របស់អង្គការសហប្រជាជាតិ ដោយបានគូសបញ្ជាក់ថា
នៅពេលដែលរដ្ឋសភាកម្ពុជា ចូលរួមបើកសម័យកាលនៃកិច្ចប្រជុំជាថ្មី
បន្ទាប់ពីការឈប់សម្រាក់នោះ
រាជរដ្ឋាភិបាលកម្ពុជា និងដាក់សំណើរនោះទៅសម័យពេញអង្គសភា
ធ្វើការពិភាក្សាអនុម័ត ដើម្បីកម្ពុជាផ្តល់សច្ចាប័នលើអនុសញ្ញាប័ននោះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា
សម្តេចនិងចាត់ឲ្យ
ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន
ទៅធ្វើសេចក្តីថ្លែងការណ៍តំណាងសម្តេច ក្នុងសម័យប្រជុំរបស់អង្គការសហប្រជាជាតិ
នាបំណាច់ខែកញ្ញានេះ ក្នុងការប្រកាសគាំទ្រដល់អនុសញ្ញា
ដ៏មានសារៈសំខាន់នោះ ឲ្យបានហើយរួចរាល់
នៅមុនបំណាច់ឆ្នាំ២០១៦នេះ។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ
បានថ្លែងនូវអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី
ដែលបានខិតខំសហការយ៉ាងពេញទំហឹង ក្នុងការធ្វើឲ្យសម្រេចបាននូវអនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុ
ដែលជាបំណងប្រាថ្នារួមរបស់ពិភពលោកទាំងមូល។
បន្ទាប់មកនៅរាត្រីថ្ងៃទី៦កញ្ញា ឯកឧត្តមបណ្ឌិត
ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិប
តេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩
និងលោកជំទាវ បានប្រារព្ធរៀបចំពិធីលាងសាយភោជន៍
ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយនិងជូនព្រះករុណាស៊ុលតង
សម្តេច ឯកឧត្តម លោកជំទាវ
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស
រួមទាំងអគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩
និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។
ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់
នៃបណ្តាប្រទេសជាសមាជិកអាស៊ានជាច្រើនរូប។
ថ្លែងសុន្ទរកថា ក្នុងពិធីលាងសាយភោជន៍នោះ
ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត
នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩
មានប្រសាសន៍ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវថា
ឯកឧត្តមពិតជាមានកិត្តិយសខ្លាំងណាស់ ក្នុងការជួបប្រាស្រ័យទាក់ទងដោយជិតស្និតបំផុត
ជាមួយបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដើម្បីធ្វើការពិភាក្សាទៅលើបញ្ហាជាច្រើនសម្រាប់បម្រើឲ្យផលប្រយោជន៍របស់តំបន់នៃយើងទាំងមូល។
ឯកឧត្តមមានប្រសាសន៍ដែរថា នៅក្នុងរយៈពេល៤ថ្ងៃ
នៃកិច្ចប្រជុំកំពូលរបស់យើង យើងនឹងបន្តធ្វើការពិភាក្សាកាន់តែមានជិតស្និតជាមួយដៃគូតំបន់
និងក្រៅតំបន់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ
និងការជួយគ្នាទៅវិញទៅមក៕