Sunday, February 07, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពសំណើឱ្យអ្នកសារព័ត៌មានទាំងអស់ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពតាមសំណើ ឱ្យអ្នកសារព័ត៌មានទាំងអស់ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ដោយសារតែមុខរបរអ្នកសារព័ត៌មាននេះត្រូវជួបប្រទះនឹងមនុស្សច្រើននៅក្នុងវិជ្ជាជីវៈរបស់ខ្លួន។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទ បន្ទាប់ពីពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង (SARS-CoV-2Sinopharm)ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំឱ្យបងប្អូនអ្នកសារព័ត៌មានធ្វើការសហការចុះឈ្មោះជាមួយក្រសួងសុខាភិបាលដើម្បីទទួលបានការចាក់វ៉ាក់សាំងនេះ ហើយលោកក៏ជំរុញឱ្យក្រសួងសុខាភិបាលធ្វើការផ្សព្វផ្សាយនិងសិក្សាអំពីលក្ខខណ្ឌទាំង១៤ចំណុចដែលមនុស្សអាចទទួលបានវ៉ាក់សាំងបាន៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារតែផ្លែផ្កានៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន ទើបយើងទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ពេលនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយសារតែផ្លែផ្កានៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិននោះហើយ ទើបប្រទេសកម្ពុជាយើងមានឱកាសបានទទួលជំនួយវ៉ាក់សាំងកូវីដ១៩ពេលនេះក្នុងពេលដែលប្រទេសជាច្រើនពុំទាន់បានទទួលវ៉ាក់សាំង។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទ បន្ទាប់ពីពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង (SARS-CoV-2Sinopharm)ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ 


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានចំណងមិត្តភាពរឹងមាំរវាងកម្ពុជានិងចិន ថ្ងៃនេះយើងក៏ពុំបានទទួលបានវ៉ាក់សាំងកូវីដ១៩នោះដែរ ដែលចំណុចនេះហើយគឺជាមោទនភាពរបស់កម្ពុជាក្នុងការធ្វើជាដៃគូសហប្រតិបត្តិការ និងជាមិត្តរបស់ចិន។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីចិន ស៊ី ជីនពីង លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង និងរដ្ឋមន្រ្តីក្រសួងការបរទេស និងក្រសួងការពារជាតិចិន និងប្រជាជនចិនទាំងអស់ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកដល់កម្ពុជា៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩របស់ចិន ឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩របស់ចិននាពេលនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ និងជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទ ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង (SARS-CoV-2Sinopharm)ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ 


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពីពាក្យស្លោកមួយថា ស្គាល់មិត្តក្នុងគ្រាក្រដែលនេះបានឆ្លុះបញ្ចាំងពីការជួយគ្នាក្នុងពេលដែលកម្ពុជាកំពុងជួបប្រទះនូវវិបត្តិកូវីដ១៩។ លោកបានបន្តថា វ៉ាក់សាំងកូវីដ១៩នាពេលនេះគឺជាតម្រូវការជាយុទ្ធសាស្រ្តដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សុខភាពសាធារណៈផងដែរ៕