Friday, August 25, 2023

វិភាគអន្តរជាតិ៖ វាសនារបស់លោក Prigozhin ត្រូវបានកំណត់រួចទៅហើយ នៅពេលដឹកនាំការបះបោរ?

(វ៉ាស៊ីនតោន)៖ លោក Yevgeny Prigozhin ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលរុស្ស៉ី ត្រូវបានរាយការណ៍ថាមានឈ្មោះក្នុងបញ្ជីឈ្មោះនៃអ្នកដំណើរដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះឯកជនមួយនៅឯតំបន់ Tver នៃប្រទេសរុស្ស៉ី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។ ប្រសិនបើដំណឹងមរណភាពនេះ គឺជាការពិតមែន នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ អនាគតរបស់ Wagner និងគោលនយោបាយការបរទេសរុស្ស៉ី តួយ៉ាងនៅក្នុងតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។

* តើគេដឹងអ្វីខ្លះពីហេតុការណ៍ធ្លាក់យន្ដហោះ និងអ្នកដំណើរ?

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី បានអះអាងថាលោក Prigozhin និងមេបញ្ជាការរបស់ Wagner ម្នាក់គឺលោក Dmitry Utkin បានបាត់ជីវិត នៅពេលដែល យន្ដហោះ Embraer Legacy 600 មួយគ្រឿងដែលចុះឈ្មោះលោក Prigozhin ជាម្ចាស់កម្មសិទ្ធិបានធ្លាក់នៅក្បែរភូមិ Kuzhenkino នៃតំបន់ Tver របស់រុស្ស៉ី។ ជាមួយគ្នានោះដែរ បើតាមក្រសួងសេវាសង្រ្គោះបន្ទាន់របស់រុស្ស៉ី បញ្ជីឈ្មោះអ្នកដំណើរទាំង ៧នាក់ដែលក្នុងនោះមានទាំងឈ្មោះលោក Prigozhin និងលោក Utkin ផងនោះ រួមទាំងសមាជិកពីឡុតបើកយន្ដហោះចំនួន ៣នាក់ ត្រូវបានសន្មត់ថាគ្មាននរណាម្នាក់នៅរស់រានមានជីវិត នោះទេ។ ប៉ុន្តែការបញ្ជាក់នេះមិនទាន់អាចត្រូវបានផ្ទៀងផ្ទាត់ ឬមានការទទួលស្គាល់ជាផ្លូវការដោយឯករាជ្យថាលោក Prigozhin និងលោក Utkin ពិតជាជិះនៅលើយន្ដហោះដែលបានធ្លាក់ ដែរឬក៏យ៉ាងណានោះទេ?

កាន់តែស្មុគស្មាញជាងនេះទៅទៀតនោះ មានសេចក្ដីរាយការណ៍ និងការអះអាងផ្សេងៗពីគ្នា ដោយមានឆាណែលអនឡាញមួយចំនួនបានចេញផ្សាយនូវ ទិន្នន័យហោះហើរដែលបញ្ជាក់ថាយន្ដហោះទី២ ដែលចុះឈ្មោះលោក Prigozhin ជាម្ចាស់កម្មសិទ្ធិដែរនោះ បានហោះហើរជាធម្មតាក្នុងពេលតែមួយ និងនៅទីតាំងតែមួយ។ ចំណែក ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីវិញបានរាយការណ៍ថាសាកសពមនុស្ស ៧ ឬ ៨នាក់ ត្រូវបានរកឃើញ និងទាញចេញពីកម្ទេចកម្ទី យន្ដហោះ ហើយឆាណែល Telegram គាំទ្រទាហានស៊ីឈ្នួល Wagner បានអះអាងថាសាកសពរបស់លោក Prigozhin និងលោក Utkin ត្រូវបាន បញ្ជាក់អត្តសញ្ញាណរួចរាល់ហើយ។ ការអះអាងចុងក្រោយគេនេះមិនទាន់មានការទទួលស្គាល់ទេ ហើយមិនទំនងទាល់តែសោះ ពីព្រោះថាសាកសពដែល ត្រូវបានគេរកឃើញនោះត្រូវបានភ្លើងឆេះមើលលែងស្គាល់ទៅហើយ ដែលនេះត្រូវការចំណាយពេលយូរដើម្បីបញ្ជាក់អត្តសញ្ញាណ។

* តើបុគ្គលិករបស់ Wagner បញ្ចេញប្រតិកម្មដូចម្ដេច ចំពោះព័ត៌មានមរណភាពនៃថៅកែរបស់ខ្លួន?

ឆាណែលបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន ដែលមានទំនាក់ទំនងជាមួយ Wagner បានចោទប្រកាន់ត្រង់ៗថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីគឺជា អ្នកបាញ់ទម្លាក់យន្ដហោះរបស់លោក Prigozhin។ ក្នុងចំណោមឆាណែលបណ្ដាញទំនាក់ទំនងសង្គមទាំងនេះទៀតសោត មានភាគច្រើនបានទម្លាក់ កំហុសលើលោក ពូទីន និងមន្ត្រីរុស្ស៉ីមួយចំនួនថាជាអ្នករៀបចំគម្រោងសម្លាប់លោក Prigozhin និងថែមទាំងបានគំរាមសងសឹកប្រឆាំងនឹងទីក្រុងមូស្គូ វិញទៀតផង។ នៅចំពោះមុខស្ថានការណ៍បែបនេះ កងកម្លាំងសន្តិសុខរុស្ស៉ីជាច្រើនត្រូវបានដាក់ពង្រាយក្នុងទីក្រុង Rostov ជាទីដែលទាហានស៊ីឈ្នួល Wagner ចូលកាន់កាប់ អំឡុងការបះបោរមិនបានសម្រេចរយៈពេលខ្លី កាលពីខែមិថុនាកន្លងទៅ។

នៅត្រង់ចំណុចនេះ រឿងដែលគេត្រូវស្វែងយល់ នោះគឺប្រសិនបើលោក ពូទីន មានបំណងលើកបន្តុបមេដឹកនាំថ្មីឱ្យគ្រប់គ្រងទាហាន Wagner ជំនួស លោក Prigozhin និងលោក Utkin នោះគឺការចោទប្រកាន់ថាលោក ពូទីន និងក្រុមមន្ត្រីរុស្ស៉ីជាអ្នកសម្លាប់ថ្នាក់ដឹកនាំ Wagner ទាំង២នាក់នេះអាចនឹង បង្កការលំបាកក្នុងការធានាឱ្យបាននូវ «ភក្ដីភាពពីទាហានស៊ីឈ្នួល Wagner ដែលមានស្រាប់» ហើយក៏នឹងមិនមានការផ្ទេរអំណាចដោយរលូននៅក្នុង ក្រុមហ៊ុនយោធាឯកជនមួយនេះនោះដែរ។

* តើលោក Prigozhin និង Wagner ផ្ដល់ផលចំណេញអ្វីដល់រុស្ស៉ី?

ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដែលដឹកនាំដោយលោក Prigozhin បានក្លាយជាឧបករណ៍មួយដ៏សំខាន់សម្រាប់រុស្ស៉ី ដើម្បីសម្រេចគោលដៅរបស់ ខ្លួននៅឯក្រៅប្រទេស ជាពិសេសការពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយ សម្រេចនូវគោលដៅយោធា និងស្វែងរកប្រាក់ចំណេញ។ Wagner ត្រូវបាន ក្រុមប្រទេសលោកខាងលិចចាត់ទុកជាអង្គការសង្គមងងឹតមួយដែលបានបង្កើតបណ្ដាញហិរញ្ញវត្ថុ និងក្រុមហ៊ុនជាច្រើនដែលមានជាប់ពាក់ព័ន្ធនឹងការទាញ យកធនធានធម្មជាតិ ជាពិសេសគឺរ៉ែមាស ការរត់ពន្ធ ការធ្វើប្រតិបត្តិការព័ត៌មាន ភស្តុភារ និងសកម្មភាពជាច្រើនទៀតនៅក្រៅប្រទេស ហើយដែល សកម្មភាពទាំងអស់នេះបានផ្ដល់ភាពងាយស្រួលក្នុងការជំរុញគោលដៅរបស់ទីក្រុងមូស្គូ។

សកម្មភាពភាគច្រើនរបស់ Wagner គឺប្រមូលផ្តុំនៅក្នុងតំបន់អាហ្វ្រិក ដូចជាសាធារណរដ្ឋអាហ្វ្រិកកណ្ដាល លីប៊ី ម៉ាលី និងស៊ូដង់។ វត្តមានរបស់ Wagner ក្នុងតំបន់អាហ្វ្រិកនេះឯង បានផ្ដល់ផលចំណេញយ៉ាងសម្បើមដល់រុស្ស៉ី ទាំងឥទ្ធិពលភូមិសាស្ត្រនយោបាយ និងការទាញយកធនធានធម្មជាតិយ៉ាងសម្បូរ បែបក្នុងតំបន់ ដែលរុស្ស៉ីកំពុងត្រូវការជាចាំបាច់ដើម្បីទប់ទល់នឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកខាងលិចជុំវិញសង្រ្គាមឈ្លានពានប្រឆាំង អ៊ុយក្រែន។

* តើនឹងមានអ្វីកើតឡើង ហើយថាតើ Wagner អាចនឹងមានការផ្លាស់ប្ដូរដូចម្ដេច?

ប្រសិនបើមរណភាពរបស់លោក Prigozhin ត្រូវបានទទួលស្គាល់ថាជាការពិតមែន វាអាចនឹងក្លាយជាការបោះជំហានយ៉ាងធំជាលើកដំបូងឆ្ពោះទៅរក ការគិតពិចារណាឡើងវិញពីប្រតិបត្តិការរបស់ Wagner បន្ទាប់ពីការបះបោរមិនបានសម្រេចកាលពីខែមិថុនាកន្លងទៅនេះ។ ពេលវេលានៃការធ្លាក់យន្ដហោះ គឺកើតឡើងគាប់ជួន លោក Sergei Surovikin ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ Wagner ត្រូវបានដកតំណែងជាផ្លូវការ ក្នុងនាមជាមេបញ្ជាការកងទ័ព អាកាសរុស្ស៉ី។ កងកម្លាំងសន្តិសុខរុស្ស៉ីបានឃុំខ្លួនលោក Surovikin ដែលត្រូវបានចោទប្រកាន់ថាបានដឹងពីផែនការបះបោររបស់ទាហាន Wagner។

ទោះបីជាអនាគតរបស់ Wagner និងលោក Prigozhin ស្ថិតក្នុងភាពស្រពិចស្រពិលក៏ពិតមែន ប៉ុន្តែវាដូចជាមិនទំនងឡើយដែលថារុស្ស៉ីអាចនឹងបោះបង់ចោល ក្រុមហ៊ុនយោធាឯកជនទាំងស្រុង ដោយសារតែគំរូក្រុមហ៊ុនយោធាឯកជនដូចជា Wagner នេះផ្ដល់ផលចំណេញយ៉ាងសំខាន់ទាំងហិរញ្ញវត្ថុ និងនយោបាយ។ ម្យ៉ាងវិញទៀត ទោះមិនទាន់មានអ្នកបន្តវេនច្បាស់លាស់ ក៏ទីក្រុងមូស្គូមិនទំនងជានឹងបិទបញ្ចប់ ឬបំផ្លាញប្រតិបត្តិការរបស់ Wagner នៅតាមប្រទេសដែល ទទួលឱ្យទាហានស៊ីឈ្នួលនេះឈរជើងនោះដែរ ដ្បិតវាជារឿងមួយដ៏ពិបាកក្នុងការកសាងឡើងវិញឱ្យដូចគ្នាទៅនឹងទំនាក់ទំនង ចំណេះដឹង និងប្រព័ន្ធដែល បុគ្គលិក Wagner បានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ មានភស្តុតាងជាច្រើនបានបង្ហាញថា Wagner នៅតែបន្តពង្រីកសកម្មភាពនៅតាមបណ្ដា ប្រទេសដូចជានៅម៉ាលី ចាប់តាំងពីការបះបោរមិនបានសម្រេចនៅរុស្ស៉ី ហើយទីក្រុងមូស្គូក៏នៅតែបន្តធ្វើការធានាចំពោះដៃគូក្នុងតំបន់ខ្លួន តាមរយៈកិច្ចប្រជុំកំពូល រុស្ស៉ី-អាហ្វ្រិកថាការផ្ដល់ជំនួយនៅតែបន្តដោយមិនមានការអាក់ខានឡើយ។

ជំនួសឱ្យការរំលាយចោល ឬបង្កើតអង្គការណាមួយដើម្បីជំនួស Wagner រុស្ស៉ីទំនងជានឹងតែងតាំងមេដឹកនាំថ្មីម្នាក់របស់ក្រុមហ៊ុនទាហានស៊ីឈ្នួលមួយនេះ និងជា មនុស្សដែលមានភក្ដីភាពជាមួយវិមានក្រឹមឡាំង ហើយនឹងធ្វើការតាមដានយ៉ាងហ្មត់ចត់ជាងលោក Prigozhin។ ក្នុងដំណើរការនេះ វាប្រហែលជាអាចនឹងមាន ការប្ដូរឈ្មោះ និមិត្តសញ្ញា ឬស្លាកយីហោ រីឯក្រុមហ៊ុនជាសាខារបស់ Wagner អាចនឹងត្រូវបំបែកជាអង្គភាពដាច់ដោយឡែកពីគ្នាដោយផ្អែកទៅលើតំបន់ដែលខ្លួន កំពុងធ្វើប្រតិបត្តិការដែលអាចនឹងត្រូវឆ្លងកាត់ការធ្វើជាតិតូបនីយកម្ម ឬរក្សាឱ្យនៅជាអង្គភាពពាក់កណ្ដាលស្វ័យភាព។

យ៉ាងណាក៏ដោយ ប្រសិនបើលោក ពូទីន មានបំណងរក្សាប្រតិបត្តិការរបស់ Wagner នៅក្រោមមេដឹកនាំថ្មី នោះភាពស្មោះត្រង់នៅក្នុងចំណោមបុគ្គលិក Wagner ថ្នាក់ខ្ពស់ និងកម្រិតមធ្យម អាចនឹងក្លាយជាកត្តាមួយដ៏សំខាន់នៅក្នុងការកំណត់និរន្តរភាពរបស់ក្រុមហ៊ុន Wagner ដោយមិនមានលោក Prigozhin។ លើសពីនេះទៅទៀត មេរៀនមួយដែលលោក ពូទីនទំនងជាបានរៀនពីការបះបោរមិនបានសម្រេចកាលពីខែមិថុនា នោះគឺការអនុញ្ញាត ឬការប្រគល់អំណាច និងការទទួលខុសត្រូវដ៏ច្រើនលើសលប់ ដូចជាប្រគល់បណ្ដាញទាំងមូលរបស់ Wagner និងប្រយោជន៍ភូមិសាស្ត្រនយោបាយទៅក្រោមការគ្រប់គ្រងរបស់មនុស្ស តែម្នាក់ គឺជារឿងគ្រោះថ្នាក់បំផុត។ ដូច្នេះបើទោះជារុស្ស៉ីទំនងជានឹងបន្តរក្សាទុកនូវគំរូក្រុមហ៊ុនយោធាឯកជនរបស់ខ្លួន ដើម្បីគោលនយោបាយការបរទេស និងជំនួយសន្តិសុខក៏ដោយ ក៏ទីផ្សាររបស់ក្រុមហ៊ុនយោធាឯកជននឹងត្រូវធ្វើពិពិធកម្មចេញឱ្យឆ្ងាយពីលំនាំសិទ្ធិផ្ដាច់មុខរបស់ទាហានស៊ីឈ្នួល Wagner ដើម្បីបង្ការកុំឱ្យមានការបះបោរណាមួយប្រឆាំងនឹងរដ្ឋអំណាចរុស្ស៉ីដូចជាលោក Prigozhin បានធ្វើកន្លងមក៕


វីដេអូផលិតដោយ អង្គភាពព័ត៏មាន និងប្រតិកម្មរហ័ស «រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ចេញដំណើរដោយភាពជឿជាក់និងជាក្តីសង្ឃឹមយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋ»